ខ្មែរប៉ុស្ដិ៍ Close

    ទំនាក់ទំនង អាស៊ាន-អាមេរិក ៖ វោហាសាស្ត្រធៀបនឹងការពិត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1374
    ទំនាក់ទំនង អាស៊ាន-អាមេរិក ៖ វោហាសាស្ត្រធៀបនឹងការពិតទំនាក់ទំនង អាស៊ាន-អាមេរិក ៖ វោហាសាស្ត្រធៀបនឹងការពិត

    នៅក្នុងដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ថ្ងៃទី ១២-១៣ ឧសភា នៅទីក្រុងវ៉ាស៊ីនតោន ភាគីទាំង២ មានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអ្វីដែលអាចនឹងសម្រេចបាន។ ក៏ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេបានស្ថិតនៅឆ្ងាយពីការពិតណាស់។

    សម្រាប់សហរដ្ឋអាមេរិក កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើតឱ្យមានរណសិរ្សរួបរួមមួយដើម្បីប្រឆាំងនឹងប្រទេសចិននៅក្នុងការប្រកួតប្រជែងរវាងពួកគេដើម្បីដណ្តើយយកការត្រួតត្រានៅក្នុងតំបន់។

    អាស៊ានចង់បានការប្តេជ្ញាចិត្តដ៏រឹងមាំពីសហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាននៅក្នុងកិច្ចការនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាការប្តេជ្ញាចិត្តចំពោះសកម្មភាពដែលអាចបញ្ជាក់ថា «ចំណាប់អារម្មណ៍របស់អាមេរិកចំពោះតំបន់នឹងមិនរងនូវការថយចុះ ដោយសារបញ្ហានៅអឺរ៉ុបឡើយ»។

    មនុស្សមួយចំនួនថែមទាំងសង្ឃឹមទៀតថា «សហរដ្ឋអាមេរិកនឹងទាក់ទាញអាស៊ាន ដោយផ្អែកលើសារៈសំខាន់របស់តំបន់ ជាជាងការចាត់ទុកអាស៊ានជាកូនអុកនៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងអាមេរិកនិងចិន»។ ព្រឹត្តិការណ៍សំខាន់នៃកិច្ចប្រជុំនេះគឺ «ការព្រមព្រៀងគ្នាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងអាស៊ាន»។

    ប៉ុន្តែ ឋានៈនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយអាស៊ាន ស្ថិតនៅកម្រិតដូចគ្នាជាមួយនិងទំនាក់ទំនងរវាងអាស៊ានជាមួយនិងប្រទេសចិន ហើយវាអាចនឹងនាំមកនូវការប្រកួតប្រជែងកាន់តែតានតឹងរវាងពួកគេ ដើម្បីដណ្តើមយកបេះដូងរបស់អាស៊ាន ហើយវាក៏បានបង្ហាញឱ្យឃើញផងដែរថា «អាមេរិកបានស្ថិតនៅក្រោយចិនឆ្ងាយ»។

    កន្លងមក សហរដ្ឋអាមេរិកបានបង្ហាញអំពីចេតនារបស់ខ្លួនយ៉ាងច្បាស់ ដោយក្នុងនោះអាមេរិកបានចាត់ទុកការប្រកួតប្រជែងរបស់ខ្លួនជាមួយចិនជា «ការប្រកួតប្រជែងរវាងលទ្ធិប្រជាធិបតេយ្យ (ល្អ) ជាមួយនិងលទ្ធិផ្តាច់ការ (អាក្រក់)»។

    គោលដៅនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក (IPS) របស់អាមេរិក គឺការការពារប្រឆាំងនឹងអនុត្តរភាពក្នុងតំបន់របស់ចិន តាមរយៈការពង្រឹងបណ្តាញសម្របសម្រួលឱ្យបានកាន់តែរឹងមាំជាមួយបណ្តាសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ។

    នេះមានន័យថា «ភាពជោគជ័យរបស់យុទ្ធសាស្ត្រនេះនឹងអាស្រ័យលើបណ្តាញសម្ព័ន្ធមិត្ត និងដៃគូសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិក និងឆន្ទៈរបស់ពួកគេក្នុងការប្រឈមមុខជាមួយនឹងប្រទេសចិន»។ កិច្ចប្រជុំកំពូលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការកសាងរណសិរ្សរួបរួមប្រឆាំងនឹងប្រទេសចិន។

    ប៉ុន្តែអាស៊ាននិងអាមេរិកមានចក្ខុវិស័យខុសគ្នាខ្លាំងសម្រាប់តំបន់។ ចក្ខុវិស័យរបស់អាមេរិកស្តីអំពីការប្រឆាំងនឹងចិនដោយប្រយោល និងយទ្ធសាស្ត្រសន្តិសុខ ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ មានលក្ខណៈផ្ទុយគ្នាពីទស្សនវិស័យស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន ដែលមានលក្ខណៈរួមបញ្ចូល (រួមទាំងប្រទេសចិន) និងដែលផ្តោតលើវិស័យសេដ្ឋកិច្ចច្រើនជាងវិស័យយោធា។

    អាស៊ានសង្ឃឹមថា «សហរដ្ឋអាមេរិកនិងចិនអាចរួមរស់ជាមួយគ្នាបាន និងអាចជៀសវាងពីភាពតានតឹងកាន់តែខ្លាំងដែលអាចបង្កផលប៉ះពាល់ដល់គ្រប់ភាគីទាំងអស់»។ អាស៊ានចង់ឱ្យអាមេរិកចាត់វិធានការ ស្របតាមវោហាសាស្ត្ររបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការគាំទ្រមជ្ឈភាពអាស៊ាននៅក្នុងកិច្ចការសន្តិសុខក្នុងតំបន់។

    មជ្ឈភាពនេះ សំដៅទៅលើ «តួនាទីរបស់អាស៊ានក្នុងនាមជាអ្នកដឹកនាំ, ជាអ្នកសម្របសម្រួល, ជាមជ្ឈមណ្ឌល ឬស្ថាប័នដ៏សំខាន់របស់តំបន់»។ ក្នុងអំឡុងកិច្ចប្រជុំនេះ ប្រធានាធិបតី Joe Biden បានប្រកាសថា «ការពង្រឹងទំនាក់ ទំនងរវាងអាមេរិកជាមួយនឹងអាស៊ានគឺជាបេះដូងនៃយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់អាមេរិក»។

    ប៉ុន្តែគោលដៅនៃយុទ្ធសាស្ត្ររបស់អាមេរិកបានផ្តោតជាសំខាន់លើការរារាំង និងទប់ស្កាត់ចិនហើយវាមិនបានផ្តោតលើផលប្រយោជន៍របស់អាស៊ាន ឬរបស់សមាជិកអាស៊ានណាមួយនោះទេ។

    ជាក់ស្តែង អាស៊ាននិងសមាជិករបស់ខ្លួនតែងមានការប្រុងប្រយ័ត្នចំពោះវិធានការយុទ្ធសាស្ត្រនយោបាយដែលជំរុញដោយអាមេរិក ដូចជាកិច្ចព្រមព្រៀងរវាងអាមេរិកនិងអង់គ្លេស ដើម្បីចែករំលែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាទំនើបផ្សេងទៀតជាមួយអូស្ត្រាលី (AUKUS) និងកិច្ចសន្ទនាសន្តិសុខ ពិសេសរវាងឥណ្ឌា, ជប៉ុន អូស្ត្រាលី និងអាមេរិក (Quad)។

    សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានផ្តួចផ្តើមក្រុមទាំងនេះឡើងដើម្បីប្រឆាំងនឹងអ្វីដែលអាមេរិកបានចាត់ទុកជា «ការគំរាមកំហែងរបស់ចិន» ចំពោះអនុត្តរភាពរបស់ខ្លួន នៅក្នុងតំបន់អាស៊ី។ ជាលទ្ធផល អាស៊ានបានរងនូវការប្រេះឆារ ហើយមជ្ឈភាពអាស៊ានក៏បានរងនូវការបំផ្លាញ។

    បន្ថែមពីលើនេះ សហរដ្ឋអាមេរិកបានបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមនូវការព្រួយបារម្ភរបស់ខ្លួន ជាមួយនឹងការធានានូវសេរីភាពនៃការធ្វើនាវាចរ, ការហោះហើរ និងការប្រើប្រាស់ដែនសមុទ្រដោយស្របច្បាប់ ខណៈដែលចេតនាពិតប្រាកដរបស់អាមេរិកគឺ «ការទទួលបានសិទ្ធិក្នុងការអនុវត្តការស៊ើបការណ៍ដែលមានលក្ខណៈបង្កហេតុ, ការឃ្លាំមើល និងការស៊ើបអង្កេតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសចិនក៏ដូចជារបស់បណ្តារដ្ឋអាស៊ានផងដែរ»។

    សេចក្តីថ្លែងការណ៍រួមបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីភាពផ្ទុយគ្នាទាំងនេះ។ ភាគីទាំង២ បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការសមស្របទាំងនៅកិច្ចការអន្តរជាតិនិងតំបន់ ក៏ប៉ុន្តែ «តើកិច្ចសហប្រតិបត្តិការអ្វីដែលត្រូវបានចាត់ទុកថាមិនសមស្រប?»

    ពួកគេបានប្រកាសថា «ពួកគេចង់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត បូករួមទាំងតាមរយៈគំនិតផ្តួចផ្តើម ឬក្របខណ្ឌពាក់ព័ន្ធរបស់អាមេរិក ឬអាស៊ាន» ក៏ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពខុសគ្នា ឬភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហាថា «តើភាគីណាគួរចាប់ផ្តើមគំនិតផ្តួចផ្តើម និងគួរផ្តោតលើបញ្ហាអ្វី»។ ជាឧទាហរណ៍ អាមេរិកហាក់ដូចជាចង់បញ្ចូលអាស៊ានទៅក្នុងក្រុម «Quad»

    ប៉ុន្តែ អាស៊ានចង់ឱ្យអាមេរិកបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងអាស៊ាន។ រឿងដ៏សំខាន់បំផុតតែមួយគត់ដែលអាមេរិកអាចធ្វើបាន ដើម្បីទាក់ទាញសមាជិកអាស៊ានគឺ «ការដឹកនាំនិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងពហុជាតិក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចក្នុងលក្ខណៈយុទ្ធសាស្រ្ត ដោយផ្តោតលើតម្រូវការដែលត្រូវបានកំណត់ដោយប្រទេសដែលជាអ្នកទទួលជំនួយ»។

    អាមេរិកបានខកខានឱកាសក្នុងការប្រកាសអំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក «Indo-Pacific Economic Framework / IPEF) ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ។ ក្របខណ្ឌសេដ្ឋកិច្ច IPEF ក៏មិនត្រូវបានលើកឡើងដែរនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ។ ផ្ទុយទៅវិញ វានឹងត្រូវបានប្រកាសដោយលោក Biden នៅទីក្រុងតូក្យូនៅក្នុងសប្តាហ៍នេះ នៅឯកិច្ចប្រជុំរបស់ក្រុម Quad។

    បញ្ហានេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា «អាស៊ានមិនមែនតួអង្គសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទេ»។ ផលប្រយោជន៍សម្រាប់អាស៊ានគឺមិនច្បាស់លាស់ទេ ហើយក្របខណ្ឌសេដ្ឋកិច្ច IPEF ក៏មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រពៃណីនោះដែរ ហើយវាទំនងជាមិនអាចផ្តល់នូវសិទ្ធិក្នុងការចូលទៅទីផ្សារទៅវិញទៅមកបានច្រើននោះទេ។

    ផ្ទុយទៅវិញ ក្របខណ្ឌសេដ្ឋកិច្ច IPEF បានផ្តោតជាចម្បងលើច្បាប់និងស្តង់ដារនៅក្នុងវិស័យចំនួន៤ ដែលរួមមាន «ការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌, ភាពរឹងមាំនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ហេដ្ឋារចនាសម្ព័ន្ធ និងការកាត់ បន្ថយកាប៊ូន និងការប្រឆាំងនឹងអំពើពុករលួយ»។

    រដ្ឋមួយចំនួនប្រហែលជាមិនអាចបំពេញតាមស្តង់ដារទាំងអស់បានទេ តួយ៉ាងដូចជាស្តង់ដាការងារ, ពន្ធគយ, ឯកជនភាពទិន្នន័យ ឬការប្រឆាំងអំពើពុករលួយ។ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ប្រទេសសិង្ហបុរី និងហ្វីលីពីនអាចនឹងចូលរួមនៅក្នុងការចរចាក្របខណ្ឌសេដ្ឋកិច្ច IPEF ។

    ជាងនេះទៅទៀត មនុស្សមួយចំនួនបានលើកឡើងនូវការព្រួយបារម្ភថា «ក្របខណ្ឌសេដ្ឋកិច្ច IPEF នឹងផ្តោតខ្លាំងលើបញ្ហាសំខាន់ៗសម្រាប់អាមេរិក និងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការទប់ស្កាត់ប្រទេសចិន ជាជាងការផ្តោតលើតម្រូវការបន្ទាន់របស់សមាជិកអាស៊ាន»។

    ដោយបានឃើញការប្តេជ្ញាចិត្តពីមុន របស់អាមេរិកចំពោះតំបន់អាស៊ី ដូចជា «ផែនការងាកមករកអាស៊ី» «Asia Pivot» មានការលើកឡើងនូវការសង្ស័យថា «ក្របខណ្ឌ IPEF នឹងមិនអាចមានដំណើរការនោះទេក្រោយចប់អាណត្តិរបស់លោក Biden»។ ជាពិសេសបន្ទាប់ពីមានការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការប្តេជ្ញាផ្តល់ជំនួយចំនួន ១៥០ លានដុល្លារ ធៀបទៅនឹងការប្តេជ្ញាចំនួន ១,៥ ពាន់លានដុល្លាររបស់ប្រទេសចិន។

    បន្ថែមពីលើនេះ ជិតពាក់កណ្តាលនៃការប្តេជ្ញាចំនួន ១៥០ លានដុល្លារ គឺរាប់បញ្ចូលទាំងជំនួយឆ្មាំឆ្នេរសមុទ្ររបស់អាមេរិកដែលកំពុងដំណើរការនៅក្នុងពេលបច្ចុប្បន្ន ដែលរួមមានទាំងការផ្តល់ការបណ្តុះបណ្តាលនិងសម្ភារៈទៅកាន់ប្រទេសអាស៊ាន។

    ជំនួយបែបនេះនឹងជួយពង្រឹងការគ្រប់គ្រងដែនសមុទ្រ ដែលនឹងបម្រើដល់ផលប្រយោជន៍របស់អាមេរិកនៅក្នុងការប្រកួតប្រជែងរយៈពេលវែងជាមួយនឹងប្រទេសចិន ហើយវាក៏បានបង្ហាញឱ្យឃើញផងដែរអំពីការ យល់ព្រមទទួលយករបស់អាស៊ានចំពោះវត្តមានសន្តិសុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

    សហរដ្ឋ​អាមេរិក​កំពុង​ចាញ់ប្រៀបប្រទេសចិននៅក្នុងផ្នែក​សេដ្ឋកិច្ច។ បើទោះបីជាអាមេរិកបាននាំមុខគេនៅក្នុងការវិនិយោគនៅក្នុងតំបន់ក៏ដោយ ក៏តម្លៃពាណិជ្ជកម្មរបស់ចិនជាមួយអាស៊ានគឺមានចំនួនច្រើនជាងសហរដ្ឋអាមេរិករហូតដល់ទ្វេរដង ហើយសហរដ្ឋអាមេរិកនៅមានកិច្ចការចាំបាច់ជាច្រើនណាស់ដែលត្រូវធ្វើដើម្បីបញ្ច្រាសនិន្នាការនេះ។

    នៅក្នុងកម្រិតអន្តរបុគ្គល លោក Biden បានបដិសេធកិច្ចប្រជុំទ្វេភាគីជាមួយ មេដឹកនាំភាគច្រើន ហើយរដ្ឋបាលរបស់លោកបានអះអាងហើយថា «នៅក្នុងកិច្ចប្រជុំកំពូល លោកគឺជួបប្រជុំជាមួយអាស៊ានក្នុងនាមជា
    ស្ថាប័នមួយ»។ នេះគឺជាការខកខានឱកាសក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមេដឹកនាំមួយចំនួនដែលមានសារៈសំខាន់ខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

    គុណវិបត្តិចម្បងនៃវិធីសាស្រ្តនេះគឺថា «អាស៊ានមិនមានការរួបរួមគ្នានោះទេលើបញ្ហានយោបាយ» ហើយរឿងនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឆ្លើយតបរបស់សមាជិកអាស៊ានចំពោះវិបត្តិនៅមីយ៉ាន់ម៉ានិងសង្គ្រាម នៅអ៊ុយក្រែន ក៏ដូចជាចំពោះអាកប្បកិរិយារបស់ចិននៅសមុទ្រចិនខាងត្បូង។

    ពួកគេមិនចង់ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងចិននិងអាមេរិកនោះទេ ហើយពួកគេក៏មិនចង់ក្លាយជាអាយ៉ង ឬជាកូនអុកនោះដែរ ដែលនេះគឺជាអ្វីដែលបានកើតឡើងនៅក្នុងអំឡុងសង្គ្រាមត្រជាក់រវាងអាមេរិកនិងសហភាពសូវៀត ដែលបាននាំមកនូវលទ្ធផលដ៏មហន្តរាយសម្រាប់ប្រទេសមួយចំនួនដូចជាវៀតណាមជាដើម។ ប៉ុន្តែកិច្ចប្រជុំកំពូលនេះមិនបានបញ្ជាក់ឱ្យបានច្បាស់ទេថា «តើអាមេរិកនឹងអាចជួយពួកគេឱ្យជៀសផុតពីជោគវាសនាបែបនេះបានដែរឬទេ»៕ East Asia Forum

    អត្ថបទទាក់ទង