ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមនៅអ៊ុយក្រែន៖ ជំហរដ៏ម៉ឺងម៉ាត់មិននឹកស្មានដល់របស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1008
សង្គ្រាមនៅអ៊ុយក្រែន៖ ជំហរដ៏ម៉ឺងម៉ាត់មិននឹកស្មានដល់របស់កម្ពុជាសង្គ្រាមនៅអ៊ុយក្រែន៖ ជំហរដ៏ម៉ឺងម៉ាត់មិននឹកស្មានដល់របស់កម្ពុជា

ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ត្រូវបានគេព្យាករណ៍ថានឹងទទួលបាននូវការឆ្លើយតបពីសំណាក់បណ្តារដ្ឋសមាជិកអាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ ជំហររបស់កម្ពុជាបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។

នៅពេលជម្លោះបានផ្ទុះឡើង អ្នកសង្កេតការណ៍ភាគច្រើនបានលើកឡើងនូវការសន្និដ្ឋានថា «កម្ពុជានឹងប្រកាន់យកជំហរអព្យាក្រឹត»។ ជារួម «ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងរុស្ស៊ីមានភាពល្អូកល្អើនគួរសម» ដោយក្នុងនោះ វិមានក្រឹមឡាំងធ្លាប់បានផ្តល់មេដាយមិត្តភាពដល់លោក ហ៊ុន សែន កាលពីចុងឆ្នាំមុន។

ជាងនេះទៅទៀត នៅពេលដែលនិន្នាការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់លោកហ៊ុន សែន បាននិងកំពុងកើនឡើង ការរាប់អានមិត្តជាមួយមេដឹកនាំផ្តាច់ការ ដូចជាប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីចិន Xi Jinping ក៏ត្រូវបានពង្រឹងកាន់តែខ្លាំងផងដែរ។

ការឆ្លើយតបដំបូងរបស់លោក ហ៊ុន សែន ចំពោះការឈ្លានពានរបស់រុស្ស៊ីគឺ «លោកគ្រាន់តែសម្តែងនូវក្តីសង្ឃឹមចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ» ហើយនៅមួយសប្តាហ៍ក្រោយមក លោកបានលើកឡើងថា «កម្ពុជានឹងមិនកាន់ជើងភាគីណាមួយឡើយ»។

ជាក់ស្តែង លោក ហ៊ុន សែន ហាក់បានសម្រេចចិត្តតាំងពីដំបូងរួចទៅហើយក្នុងការរក្សាជំហរអព្យាក្រឹត។ ប្រភពដ៏គួរទុកចិត្តមួយបានឱ្យដឹងថា «ក្រសួងការបរទេសកម្ពុជាចង់ធ្វើតាមវៀតណាមនិងឡាវ ក្នុងការបោះឆ្នោតអនុប្បវាទនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន ផ្ទាល់បានបញ្ជាឱ្យអ្នកការទូតរបស់លោកនៅទីក្រុង New York បោះឆ្នោតគាំទ្រសេចក្តីសម្រេច និងថែមទាំងឱ្យចូលរួមធ្វើជាសហប្រធានទៀតផង»។

ការបោះឆ្នោតរបស់កម្ពុជានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ និងទស្សនៈយល់ឃើញ របស់លោកនាយករដ្ឋមន្ត្រី បានដើរស្របគ្នាជាមួយនឹងទស្សនៈរបស់អ្នករិះគន់រូបលោកនៅឯលោកខាងលិច ហើយលោក ហ៊ុន សែនក៏បានសារភាពផងដែរអំពីការមិនខ្វល់ខ្វាយចំពោះសំណើររបស់ប្រទេសជាមិត្ត (អាចជារុស្ស៊ី ឬចិន) ដែលជំរុញឱ្យកម្ពុជាបោះឆ្នោតអនុប្បវាទ។

នៅពេលដែលជម្លោះផ្ទុះឡើងកាន់តែខ្លាំង ជំហររបស់លោក ហ៊ុន សែន មានលក្ខណៈកាន់តែម៉ឺងម៉ាត់។ នៅក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅថ្ងៃទី ២១ ខែមីនា មេដឹកនាំទាំងពីរបានហៅការឈ្លានពានរបស់រុស្ស៊ីថាជា «ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ» និងបានលើកឡើងថា «អាកប្បកិរិយារបស់រុស្ស៊ីបានបង្កការខូចខាតដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ»។

បើទោះជាពួកគេមិនបានលើកឡើងចំឈ្មោះរុស្ស៊ីក៏ដោយ ក៏សេចក្តីថ្លែងការណ៍នោះបានបង្ហាញឱ្យឃើញនូវជំហរកាន់តែម៉ឺងម៉ាត់ បើប្រៀបធៀបនឹងសេចក្តីថ្លែងការណ៍រួមរបស់លោក Kishida និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីប៉ុន្មានថ្ងៃមុន។ នៅចុងខែមីនា លោក ហ៊ុន សែន បានហៅប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា «សកម្មភាពឈ្លានពាន ហើយកម្ពុជានឹងមិនអាចបន្តរក្សាជំហរអព្យាក្រឹតបានទេ»។

លោកថែមទាំងបានលើកឡើងនូវមន្ទិលសង្ស័យលើសមត្ថភាពរបស់រុស្ស៊ីក្នុងការអាចយកឈ្នះលើអ៊ុយក្រែន និងបាននិយាយទៀតថា «លោកនឹងបើកចំហទទួលយកជនភៀសខ្លួនអ៊ុយក្រែន»។

មានមូលហេតុធំៗចំនួន២ ដែលធ្វើឱ្យលោកហ៊ុន សែន ប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ជាមួយនឹងការប្រឆាំងនឹងការឈ្លានពាននេះ លោកនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវគោលការណ៍ និងបញ្ហាប្រវត្តិសាស្ត្រ។

លោកបាននិយាយថា «កម្ពុជាប្រឆាំងនឹងសង្គ្រាមនេះដោយសារតែយើងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសដោយផ្អែកលើច្បាប់ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យើងមិនប្រកាន់យកនូវគោលនយោបាយការបរទេសដោយប្រើកម្លាំងឡើយ»។

លោក ហ៊ុន សែន ក៏បានលើកឡើងផង ដែរនូវបទពិសោធន៍កាលពីអតីតកាលរបស់កម្ពុជា ជាមួយនឹងការកត់សម្គាល់ថា «ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន» ដោយក្នុងនោះ លោកមិនបាននិយាយចំឈ្មោះប្រទេសមួយណានោះទេ ក៏ប៉ុន្តែអ្នកសង្កេតការជាច្រើនបានសន្និដ្ឋានថា «លោកទំនងជាសំដៅទៅលើការឈ្លានពានរបស់វៀតណាមនៅឆ្នាំ ១៩៧៨»។

ក៏ប៉ុន្តែជាក់ស្តែង វាមិនមែនជាការឈ្លានពានរបស់វៀតណាមទេ។ សម្រាប់លោក ហ៊ុន សែន ក្នុងនាមជាអតីតទាហានខ្មែរក្រហមដែលបានចុះចូលជាមួយវៀតណាមនៅឆ្នាំ ១៩៧៧ ការកាន់កាប់របស់វៀតណាមនៅកម្ពុជា មិនមែនជាការឈ្លានពាននោះទេ ក៏ប៉ុន្តែវាគឺជាសកម្មភាពរំដោះ។

អ្វីដែលលោក ហ៊ុន សែន ចង់សំដៅទៅរកនោះ អាចជា «ការកាន់កាប់របស់ថៃលើទឹកដីដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារនៅឆ្នាំ ២០០៧ និង ២០០៨ ដែលជាសកម្មភាពមួយដែលលោកមិនអាចអត់ឱនឱ្យបានឡើយ»។ លោក ហ៊ុន សែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ក៏ដោយសារតែផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយសង្គ្រាមនេះ។

ដូចគ្នានឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ កម្ពុជាមានការព្រួយបារម្ភថា «ការឡើងថ្លៃស្បៀងអាហារនិងថាមពល បូករួមទាំងផលប៉ះពាល់នៃសង្គ្រាមនេះទៅលើវិស័យទេសចរណ៍ដែលជាវិស័យដែលអាចរកចំណូលបានច្រើន (ប្រហែល ១២% នៃ GDP របស់កម្ពុជានៅឆ្នាំ ២០១៩) នឹងបង្កការរំខានយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩»។

ខណៈពេលដែលអ្នកទេសចរចិនកំពុងជាប់នៅក្នុងប្រទេស ដោយសារតែគោលនយោបាយ «Zero Covid» ដ៏តឹងរ៉ឹងរបស់ចិន ការឡើងថ្លៃប្រេងឥន្ទនៈសម្រាប់ចាក់យន្តហោះ បូករួមនឹងការបិទដែនអាកាសរបស់អ៊ុយក្រែន និងរុស្ស៊ី នឹងធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជាបន្តជួបប្រទះនូវផលលំបាកកាន់តែយូរ។

បើទោះបីជាឯកអគ្គរដ្ឋទូតរុស្ស៊ីបានរំលឹកកម្ពុជាពីការដែលរុស្ស៊ីបានផ្តល់ការជួយដល់កម្ពុជានៅក្នុងអំឡុងសង្គ្រាមត្រជាក់ក៏ដោយ ក៏លោក ហ៊ុន សែន បានលើកឡើងថា «លោកមិនខ្លាចនឹងការធ្វើឱ្យរុស្ស៊ីខឹងសម្បារនោះទេ»។

លោកអាចមានភាពក្លាហានបែបនេះ ក៏ដោយសារតែទំហំពាណិជ្ជកម្មទេ្វភាគីដ៏តូចរវាងកម្ពុជានិងរុស្ស៊ី (ត្រឹមតែ ៩៥ លានដុល្លារក្នុងឆ្នាំ ២០២១) ហើយកម្ពុជាក៏មិនបានពឹងផ្អែកលើរុស្ស៊ីសម្រាប់សម្ភារៈយោធានោះដែរដែលខុសគ្នាពីប្រទេសវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមនេះអាចបង្កផលប៉ះពាល់ដល់តំណែងជាប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២២ ។ រុស្ស៊ីគឺជាដៃគូចរចារបស់អាស៊ាន និងធ្លាប់បានចូលរួមនៅក្នុងកិច្ចប្រជុំពហុភាគីជាច្រើនដែលដឹកនាំដោយអាស៊ាន ដែលរួមមានដូចជាវេទិការតំបន់អាស៊ាន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

កម្ពុជាមានកាតព្វកិច្ចក្នុងការអញ្ជើញរុស្ស៊ីឱ្យមកចូលរួមនៅក្នុងកិច្ចប្រជុំទាំងអស់នេះ ក៏ប៉ុន្តែដៃគូចរចាលោកខាងលិចភាគច្រើនបូករួមទាំងជប៉ុនផងដែរបានបង្ហាញសញ្ញាថា «ពួកគេអាចធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំទាំងអស់នេះ ប្រសិនបើរុស្ស៊ីចូលរួម»។

ប្រទេសថៃ និងឥណ្ឌូណេស៊ី ក៏កំពុងប្រឈមមុខនឹងបញ្ហាដូចគ្នានេះផងដែរ ខណៈដែលថៃកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ហើយឥណ្ឌូណេស៊ីកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូល G-20។

បើទោះបីជាបញ្ហានេះកំពុងបង្កការឈឺក្បាលផ្នែកការទូត ដល់បណ្តាប្រទេសពាក់ព័ន្ធជាច្រើនក៏ដោយ ក៏វាអាចនឹងមិនបង្កការគំរាមធំដុំណាមួយដល់គោលនយោបាយពហុភាគីនិយមនោះទេ។ បណ្តាដៃគូចរចា ដែលប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នឹងមិនចង់ធ្វើឱ្យបាក់មុខដល់ម្ចាស់ផ្ទះ ដែលរៀបចំកិច្ចប្រជុំកំពូលនោះទេ ហើយពួកគេក៏មិនចង់ឱ្យចិន និងរុស្ស៊ីកេងចំណេញពីវេទិកាទាំងនេះដែរ នៅពេលអវត្តមានរបស់ពួកគេ។

អ្វីដែលទំនងនឹងកើតឡើងបំផុតនោះគឺ «ពួកគេនឹងចូលរួម ក៏ប៉ុន្តែពួកគេនឹងមិនរាក់ទាក់ជាមួយគណៈប្រតិភូរុស្ស៊ីនោះទេ ហើយពួកគេក៏អាចនឹងដើរចេញផងដែរ នៅពេលដែលគណៈប្រតិភូរុស្ស៊ីឡើងថ្លែង ដែលនេះគឺជាអ្វីដែលបានកើតឡើងរួចហើយនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G-20 និង APEC»។

សម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាវិញ លោក Putin ធ្លាប់បានមកចូលរួមដោយផ្ទាល់តែម្តងគត់ហើយនៅឆ្នាំនេះ លោកអាចនឹងមិនធ្វើដំណើរមកចូលរួមទេ ដោយសារការភ័យខ្លាចអំពីការធ្វើបក្សប្រហារនៅពេលដែលលោកស្ថិតនៅក្រៅប្រទេស។

លោកអាចនឹងលេចមុខតាមប្រព័ន្ធអនឡាញ ឬអាចបញ្ជូននាយករដ្ឋមន្ត្រី Mikhail Mishustin ឱ្យមកចូលរួម។ «បណ្តាដៃគូសន្ទនារបស់អាស៊ានអាចនឹងបង្ខំចិត្តទទួលយកស្ថានភាពដ៏គ្រោតគ្រាតនេះ ហើយលោក ហ៊ុន សែនក៏ទំនងជានឹងធ្វើបែបនេះដែរ បើទោះបីជារុស្ស៊ីអាចឱ្យលោក ហ៊ុន សែន សងមេដាយមិត្តភាពត្រឡប់ទៅឱ្យរុស្ស៊ីវិញក៏ដោយ»៕ Fulcrum

អត្ថបទទាក់ទង