ខ្មែរប៉ុស្ដិ៍ Close

    ហេតុអ្វីអត្រាអតិផរណារបស់ចិនមានកម្រិតទាប បើធៀបនឹងសហរដ្ឋអាមេរិក, អឺរ៉ុប និង អង់គ្លេស?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1361
    ហេតុអ្វីអត្រាអតិផរណារបស់ចិនមានកម្រិតទាប បើធៀបនឹងសហរដ្ឋអាមេរិក, អឺរ៉ុប និង អង់គ្លេស?ហេតុអ្វីអត្រាអតិផរណារបស់ចិនមានកម្រិតទាប បើធៀបនឹងសហរដ្ឋអាមេរិក, អឺរ៉ុប និង អង់គ្លេស?

    តួរលេខអតិផរណាដ៏ទាបរបស់ប្រទេសចិនដែលមានភាពផ្ទុយគ្នាខ្លាំងពីតួរលេខរបស់បណ្តាប្រទេសអភិវឌ្ឍជាច្រើន បានផ្តល់ឱកាសឱ្យប្រទេសចិនអាចបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ខណៈពេលដែលសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងអង់គ្លេសកំពុងតែដំឡើងអត្រាការប្រាក់។

    សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index-CPI) បានកើនឡើងចំនួន ២,១% បើធៀបនឹងខែឧសភាឆ្នាំមុនដែលនៅតែជាតួរលេខដ៏ខ្ពស់ បើធៀបនឹងរយៈពេល ៦ ខែ ចុងក្រោយដែលនេះក៏ដោយសារតែការកើនឡើងនៃតម្លៃប្រេងឆៅ, ផលិតផលកសិកម្មនិងការនាំចូលវត្ថុធាតុដើម។

    អត្រាអតិផរណានៅអាមេរិកបានកើន ឡើងដល់ ៨,៦% ដែលនេះគឺជាតួរលេខខ្ពស់បំផុតក្នុងរយៈ ពេល ៤ ទសវត្សរ៍ចុងក្រោយនេះនៅសហរដ្ឋអាមេរិក។ នៅតំបន់ដែលចាយប្រាក់អឺរ៉ូ អត្រាអតិផរណាក៏បានកើន ឡើងផងដែរដល់ ៨,១% កាលពីខែមុន ខណៈកាលពីខែមេសា នៅអង់គ្លេស អត្រាអតិផរណាបានកើនឡើងដល់ ៩% ។

    សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន ដែលមិនរាប់បញ្ចូលតម្លៃស្បៀងអាហារ និងថាមពលបានកើនឡើងត្រឹមតែ ០,៩% ប៉ុណ្ណោះកាលពីខែមុន។ អត្រាអតិផរណាសម្រាប់ ៥ ខែដំបូងបានកើនត្រឹមតែ ១,៥% តែប៉ុណ្ណោះ។ សន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index – PPI) បានកើនឡើងត្រឹម ៦,៤% នៅក្នុងខែឧសភាដែលនេះគឺជាតួរលេខដែលបានធ្លាក់ចុះមកវិញក្រោយពីបានឡើងដល់ ១៣,៥% នៅក្នុងខែតុលា ឆ្នាំ ២០២១ ។

    មន្ត្រី និងអ្នកសិក្សាស្រាវជ្រាវចិនបានសន្មត់ថា «អ្វីដែលជាចំណុចខុសគ្នានោះគឺវិធានការបញ្ចេញកញ្ចប់សង្គ្រោះរបស់លោកខាងលិចជាពិសេសគឺការបោះពុម្ភក្រដាសប្រាក់ដើម្បីយកទៅសង្គ្រោះសេដ្ឋកិច្ចដែលកំពុងតែជួបប្រទះនឹងផលលំបាក ដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩»។

    តារាងតុល្យការរបស់ធនាគារកណ្តាលអាមេរិកបានកើនឡើងទ្វេដងនៅក្នុងរយៈ ពេល ២ ឆ្នាំកន្លងមក នេះ រហូតដល់ទៅចំនួន ៨,៩ ទ្រីលានដុល្លារ ខណៈចិនដែលតែងតែមានភាពប្រុងប្រយ័ត្នលើការបញ្ចេញកញ្ចប់សង្គ្រោះ និងមិនបានធ្វើការបន្ធូរបន្ថយជ្រុលហួសហេតុនោះឡើយ។

    ខណៈពេលដែលប្រទេសចិនបានផ្តោតបន្ថែមទៅលើវិស័យសម្លៀកបំពាក់ និងស្បៀងអាហារដើម្បីឱ្យស័ក្តិសមនឹងឋានៈខ្លួន ក្នុងនាមជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សហរដ្ឋអាមេរិកបានផ្តោតខ្លាំងទៅលើវិស័យលំនៅដ្ឋាន និងការដឹកជញ្ជូនដែលវិស័យទាំង២នេះ គឺងាយរងផលប៉ះពាល់បំផុត ដោយសារតែតម្លៃថាមពលពិភពលោក និងស្ថានភាពរូបិយវត្ថុក្នុងស្រុក។

    អាជ្ញាធរមិនបានបង្ហាញអំពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិនដែលបានផ្លាស់ប្តូរនៅក្នុងឆ្នាំ ២០២១ នោះទេ។ ទោះជាបែបនេះក៏ដោយ ក៏អ្នកវិភាគនៅធនាគារ «China Securities Co» លោក Huang Wentao បានព្យាករណ៍ថា «បរិមាណស្បៀងអាហារបានកើនដល់ ១៨,៤% ដែលផ្ទុយពីអាមេរិកដែលមានត្រឹមតែ ៧,៨%»។

    លោក Huang បានបន្តថា «សម្រាប់ផ្នែកសម្លៀកបំពាក់វិញ បរិមាណរបស់ចិនគឺមានចំនួនរហូតដល់ទៅ ៦,២% ទល់នឹង ២,៨% នៅអាមេរិក ខណៈដែលបរិមាណ នៃការជួលផ្ទះនៅក្នុងប្រទេសចិនមានតែចំនួន ១៦,២% ប៉ុណ្ណោះ គឺស្មើនឹងពាក់កណ្តាល នៃបរិមាណរបស់សហរដ្ឋអាមេរិកដែល មានចំនួនរហូតដល់ ៣២% ហើយបរិមាណដឹកជញ្ជូនរបស់ប្រទេសចិនមានចំនួនតែ ១០,១% ប៉ុណ្ណោះនៅចិន គឺទាបជាងអាមេរិកដែលមានចំនួន ១៥,១%»។

    ជាងនេះទៅទៀត សេដ្ឋកិច្ចអាមេរិកបានពឹងផ្អែកខ្លាំងទៅលើការនាំចូលទំនិញប្រើប្រាស់ ខណៈដែលប្រទេសចិនមានសមត្ថភាពឧស្សាហកម្មដ៏ធំដែលអាចឱ្យពួកគេទប់ទល់បានជាមួយនឹងការកើនឡើងតម្លៃនៃមុខទំនិញនៅក្នុងពិភពលោក។ សន្ទស្សន៍តម្លៃអ្នកផលិតនិងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ធ្លាប់មានចំណងទាក់ទំនងគ្នាយ៉ាងស្អិតរមួត ពោលគឺតម្លៃទំនិញប្រើប្រាស់នឹងកើនឡើង ប្រសិនបើតម្លៃរបស់សម្ភាៈផលិតកម្មកើនឡើង ឬធ្លាក់ចុះ។

    ទោះជាយ៉ាងណាក៏ដោយ សម្រាប់ករណីប្រទេសចិន ទំនាក់ទំនងខាងលើ នេះកំពុងតែចុះខ្សោយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែវដ្ដនៃកំណើនតម្រូវការ។ សន្ទស្សន៍តម្លៃអ្នកផលិតរបស់ចិនបានធ្លាក់ចុះ ៣,៧% នៅខែឧសភា ឆ្នាំ ២០២០ ក៏ប៉ុន្តែបានកើនឡើង ១៣,៦% នៅក្នុងខែតុលាឆ្នាំមុន ខណៈសន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ក្នុងស្រុកនៅតែមានស្ថិរភាពគួរសម។

    ធនាគារ «China Securities Co» បានលើកឡើងនៅក្នុងកំណត់ហេតុមួយកាលពីខែមករាថា «វដ្តនៃកំណើនតម្រូវការរបស់ចិនបានធ្វើឱ្យតម្លៃម្ហូបអាហារនិងតម្លៃផលិតផលឧស្សាហកម្មដើរផ្ទុយគ្នា ហើយមូលហេតុផ្សេងទៀតរួមមានការធ្លាក់ចុះនៃតម្រូវការ និងការកើនឡើងនៃការប្រកួតប្រជែង»។

    អ្នកខ្លះអះអាងថា «អត្រាអតិផរណាទាបរបស់ប្រទេសចិន អាចកើតមានមួយផ្នែកដោយសារតែការដាំក្បាលចុះនៃតម្រូវការក្នុងស្រុកដែល បង្កឡើងដោយគោល នយោបាយ Zero Covid របស់ចិន ដែលត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសទម្រង់ Omicron ចាប់តាំងពីខែមីនាមក»។

    តម្លៃលក់រាយនៅ បន្តធ្លាក់ចុះ ៦,៧% នៅខែក្នុងឧសភាក៏ប៉ុន្តែវាមានចំនួនតិចជាងការធ្លាក់ចុះចំនួន ១១,១% កាលពីខែមេសា។ តម្លៃសាច់ជ្រូកបាន ដើរតួនាទីដ៏ធំធេងនៅក្នុងវដ្តអតិផរណានៃទំនិញប្រើប្រាស់ជាមួយនឹងទំហំប្រមាណ ២,៤% នៅ ក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់។ តម្លៃសាច់ជ្រូកដែលជាម្ហូបចាំបាច់សម្រាប់ពលរដ្ឋចិន បានធ្លាក់ចុះ ៣៧% នៅក្នុងរយៈពេល ៥ ខែ នៃឆ្នាំ ២០២២។

    ទន្ទឹមនឹងនេះ ដោយសារតែប្រទេសចិនគឺជាចំណុចស្នូលនៃឧស្សាហកម្មពិភពលោក ជាពិសេសនៅក្រោយសមត្ថភាពផលិតកម្មនៅបរទេសត្រូវរងផលប៉ះពាល់ដោយសារតែវីរុសកូវីដ-១៩ នៅឆ្នាំ ២០២០ ការកើនឡើងនៃតម្លៃផលិតភាគច្រើនបានជះឥទ្ធិពលទៅលើអ្នកទិញ ឬអ្នកផលិតនៅឯបរទេស។

    ទីក្រុងប៉េកាំងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអតិផរណាដោយសារតែវាបានក្លាយជាកត្តាមួយដែលធ្វើឱ្យមានអស្ថិរភាពសង្គមកាលពីអតីតកាល។ ប្រធានធនាគារកណ្តាល លោក Yi Gang បាននិយាយនៅខែមេសាថា «កម្មវត្ថុចំបងនៃគោល នយោបាយរូបិយវត្ថុចិនគឺការផ្តល់ស្ថិរភាពដល់តម្លៃទំនិញ និងការងារ»។

    អតិផរណាមានឥទ្ធិពលទៅលើគម្លាតនៃប្រាក់បំណុលរបស់ពលរដ្ឋចិនបើធៀបនឹង GDP ដែលបានហក់ឡើងពី ១៧,៩% កាល ពីឆ្នាំ ២០០៨ ដល់ ៦១,៦% កាលពីឆ្នាំមុន។ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈចិន ដោយសារតែការកើនឡើងចំនួន ៦៨% នៃតម្លៃប្រេងឆៅអន្តរជាតិ បានកំពុងបង្ខំឱ្យគ្រួសារជាច្រើនងាកទៅរកមធ្យោបាយដឹកជញ្ជូនសារធារណៈ ឬរថយន្តអគ្គិសនី។

    ទិន្នន័យរដ្ឋាភិបាលបានបង្ហាញថា «តម្លៃគ្រាប់ធញ្ញជាតិនៅចន្លោះខែមករា ដល់ខែឧសភាបានកើន ឡើង ២,២% ពីចំនួនកាលពីឆ្នាំមុន ខណៈតម្លៃស៊ុតបានកើនឡើង ៦,៨%។ តម្លៃប្រេងឆាបានកើនឡើង ៣,៧% ខណៈដែលបន្លែកើនឡើង ៨,៧% ហើយការធានាបាននូវការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនិងថាមពលក្នុងស្រុកគឺជាកិច្ចការដ៏សំខាន់សម្រាប់រដ្ឋាភិបាល»។

    អ្នកវិភាគខ្លះមានការព្រួយបារម្ភថា «សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់នៅចិនអាចឡើងថ្លៃដោយសារតែការហក់ឡើងនៃតម្លៃគ្រាប់ធញ្ញជាតិ និងប្រេងឆៅ»។ ធនាគារពិភពលោកបានព្យាករណ៍ថា «តម្លៃប្រេងឆៅ និងស្រូវសាលីនឹងកើន ឡើងប្រមាណ ៤០% នៅឆ្នាំនេះ»។

    ធនាគារ «China International Capital Corporation» បានលើកឡើងនៅក្នុងកំណត់ហេតុមួយកាលពីថ្ងៃអង្គារថា «អត្រាអតិផរណានៅចិននឹងរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការកើនឡើងតម្លៃដែលបណ្តាលមកពីសង្គ្រាម នៅអ៊ុយក្រែន, តម្រូវការពីខាងក្រៅទាប និងការហក់ឡើងនៃ ប្រាក់យ័ន»។

    ធនាគារវិនិយោគ នេះបានបញ្ជាក់ថា «នៅក្នុងស្រុកការកើនឡើងនៃតម្លៃសាច់ជ្រូក និងការងើបឡើងនៃសេដ្ឋកិច្ចនឹងធ្វើឱ្យតម្លៃទំនិញ ប្រើប្រាស់កើនឡើងក៏ប៉ុន្តែគេរំពឹងថា វានឹងកើនឡើងប្រមាណ ២,១% តែប៉ុណ្ណោះនៅពេញមួយឆ្នាំនេះដែលតួរលេខនេះនៅតែ ស្ថិតនៅក្នុងកម្រិតមួយដែលរដ្ឋាភិបាលអាចគ្រប់គ្រងបាន»៕ South China Morning Post