ខ្មែរប៉ុស្ដិ៍ Close

ទំព័រហ្វេសប៊ុកសេនាជំនិត ៖ «គ្មានពលរដ្ឋណាអាចទាមទារដីចំណីផ្លូវ យកមកធ្វើជាកម្មសិទ្ធិបានទេ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 1333
ទំព័រហ្វេសប៊ុកសេនាជំនិត ៖ «គ្មានពលរដ្ឋណាអាចទាមទារដីចំណីផ្លូវ យកមកធ្វើជាកម្មសិទ្ធិបានទេ»ទំព័រហ្វេសប៊ុកសេនាជំនិត ៖ «គ្មានពលរដ្ឋណាអាចទាមទារដីចំណីផ្លូវ យកមកធ្វើជាកម្មសិទ្ធិបានទេ»

ប៉ុន្មានថ្ងៃនេះ មានផ្ទុះការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋមួយក្រុមដែលរស់នៅលើដីចំណីផ្លូវលេខ ១៥១​ ដើ​​ម្បី​ទាមទារឲ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ។ ពលរដ្ឋទាំងនោះបានអះអាងថា ពួកគេមានការព្រួ​យ​បារ​ម្ភខ្លាចអាជ្ញាធរបណ្តេញចេញ ហើយក៏នាំគ្នាតវ៉ាឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដល់ពួកគេ។ រឿងនេះបើស្តាប់តែមួយភ្លែតទៅ ហាក់ដូចជាមានអារម្ម​ណ៍​ថា ពលរដ្ឋទាំងនោះជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លី។

បើតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថាពួកគាត់សុទ្ធតែមានដីធ្លីមានកម្មសិទ្ធិ (ប្លង់រឹ​ង​) ឬប្លង់ទន់ ដែលរដ្ឋបានចែកជូន ប៉ុន្តែពួកគាត់បានលក់ដូរ ក្រោមហេតុផលផ្សេងៗ ហើយមកចាប់ដីចំណីផ្លូវមកតាំងទីលំនៅទៅវិញ។

ប៉ុន្តែ បើសិនជាគេតាមដានសាវតារឿងឲ្យបានច្បាស់លាស់បន្តិច និងស្វែងយល់ពីទិដ្ឋភាពច្បាប់ គេនឹងយល់ភ្លាមថាការទាមទារចង់បានកម្មសិទ្ធិរបស់ពលរដ្ឋមួយក្រុមនេះមិនត្រឹមត្រូវនោះទេ ពីព្រោះពួកគេមិនអា​ចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះបានឡើយ ដោយសារមូលហេតុពីរយ៉ាង ៖

ទី១៖ ប្រជាពលរដ្ឋទាំងនោះ រស់នៅលើដីចំណីផ្លូវលេខ ១៥១ ​ដែលជាដីសាធារណៈ។ ដីចំណីផ្លូវ​នេះ ត្រូវបានរក្សាទុកសម្រាប់បម្រើឱ្យការពង្រីក​ផ្លូវលេខ ១៥១, រៀបចំប្រព័ន្ធលូបង្ហូរទឹក ទៅថ្ងៃមុខ ស្របតាមការរីកចម្រើនរបស់ទីក្រុ​ង កំណើនប្រជាជន និងកំណើនមធ្យោបាយដឹកជញ្ជូន ។ល។ និងមិនអាច​ក្លាយជាកម្មសិទ្ធិរបស់ជនណាបានឡើយ។ ជាក់ស្តែង កាលពីឆ្នាំ ២០២១ កន្លងទៅ ផ្លូវលេខ ១៥១ នេះ ក៏ត្រូវបានអាជ្ញាធរធ្វើការស្ថាបនាពង្រីកឱ្យមានទំហំធំជាងមុនផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញនានា។

ទី២៖ ដីដែលប្រជាពលរដ្ឋទាំងនោះរស់នៅ ជាដីសាធារណៈ លើកលែងតែដីនោះ លែងមានមុខងារបម្រើឱ្យប្រយោជន៍សាធារណៈរបស់រដ្ឋ។​

កន្លងទៅនេះ អាជ្ញាធរបានជំរាបជូនដំណឹងដល់បងប្អូនទាំងអស់នោះជាហូរហែមកហើយថា ដីនោះពួកគាត់មិនអាចទទួលបានកម្មសិទ្ធិទេ ពីព្រោះជាដីសាធារណៈរបស់រដ្ឋ ដែលរក្សាទុកប្រើប្រាស់ជាប្រយោជ​ន៍សាធារណៈ ហើ​យការតាំងទីលំនៅលើដីនោះទៀតសោត គឺជាការតាំងទីលំនៅដោយខុសច្បាប់។ នេះហើយជាហេតុផល ដែលពួកគេគ្មានប័ណ្ណកម្មសិទ្ធិ និងគ្មានទាំងសៀវភៅគ្រួសារថែមទៀតផង ។

ទោះជាយ៉ាងនេះក្តី ចំពោះករណីប្រជាពលរដ្ឋដែលរស់នៅលើដីចំណីផ្លូវ១៥១ ក៏អាជ្ញាធរមិនបានព្រងើយកន្តើយចំពោះបងប្អូនប្រជាពលរដ្ឋទាំងនោះដែរ ពោលគឺអាជ្ញាធរ​បានខិតខំស្វែងរកដំណោះស្រាយជូនពួកគាត់ក្នុងនោះ​បាន​ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋទាំងនោះ និងរៀបចំផ្តល់ជូនដីឡូតិ៍សម្រាប់សង់លំនៅដ្ឋាននិងផ្តល់កម្មសិទ្ធិស្របច្បា​ប់ជូន ហើយដីដែលអាជ្ញាធរដោះស្រាយជូនទៀតសោត ក៏នៅមិនឆ្ងាយប៉ុន្មានពីទីនោះឡើយ គឺត្រឹមតែជាង២គីឡូម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេបែរជាមិនទទួ​ល​យកដំណោះស្រា​យដ៏សមស្របនេះ ហើយបែរជានាំគ្នាចេញតវ៉ាទាមទារកម្មសិទ្ធិលើដីចំណីផ្លូវនេះទៅវិញ។ ម៉្យាងវិ​ញ​ទៀ​ត តាមការពិនិត្យមើលលើរបៀបនៃការតវ៉ានេះ ក៏ហា​ក់បីដូចជាការរៀបចំសេណារីយ៉ូដែលមានអ្នកជួយនៅពីក្រោ​យ តាមរបៀបធ្វើសកម្មភាពបែបនយោបាយ ដោយហៅបណ្តាញ​ផ្សព្វផ្សាយព័ត៌មាន រួមមានវិទ្យុ ឬសារព័ត៌មានមួយចំនួន ដែលមា​ននិន្នាការប្រឆាំង ជាអាទិ៍ មកផ្សព្វផ្សា​យ​ព័ត៌មាន ឬ (Live) ដើម្បីចោទប្រកាន់លើអាជ្ញាធរ និងធ្វើឱ្យសាធារណមតិមានការភ័ន្តច្រឡំទៅវិញ ។

​ក្នុងនាមអ្នកតាមដានបញ្ហាសង្គមមួយរូប ខ្ញុំយល់ឃើញថា ការតវ៉ាទាមទារយកដីចំណីផ្លូវ​ មកធ្វើជាកម្មសិ​​ទ្ធិ​ផ្ទាល់ខ្លួន គឺមិនត្រឹមត្រូវនោះឡើយ ហើយប្រសិនបើរាល់ការទាមទារខុសច្បាប់ ចេះតែបាននោះ ដីចំណីបឹង ចំណីទន្លេ បឹងបួរ ចំណីផ្លូវ សួនច្បារសាធារណៈ ដីវត្តអារាម ដីសាលារៀន…។ល។ នឹងត្រូវបានគេទាមទារគ្រប់ៗគ្នាដែរហើយ ។ ចំណែកអង្គការសង្គមស៊ីវិល ឬអ្នកតាមដានបញ្ហាសង្គមទាំងឡាយ ក៏មិនគួរគប្បីលើកទឹកចិត្តការទាមទារបែបនេះនោះឡើយ ពីព្រោះវាបង្កើតជាទម្លាប់អាក្រក់សម្រាប់សង្គមយើង។

អ្វីដែលគេគួរស្វែងរកដំណោះស្រាយក្នុងបញ្ហា​នេះ គឺការស្នើឲ្យអាជ្ញាធររកដីកន្លែងណាមួយសមស្របដើម្បីឲ្យពួកគេសង់លំនៅដ្ឋាននិងមានប្លង់កម្មសិទ្ធិពិតប្រាកដ ហើយពួកគាត់ត្រូវសន្យាថាមិនលក់ដូរដីនោះទៀតទេ មិនមែន​រដ្ឋចែកដីជូនហើយ ចេះតែលក់ក្រោមហេតុផលផ្សេងៗ រួច​តាំងមកដាក់បន្ទុកលើ​អាជ្ញាធរឱ្យដោះស្រាយជូ​នទៀតឡើយ​។​ នេះគឺជាអ្វីដែលអាជ្ញាធរតែងតែគិតគូរដោះស្រាយជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរ​មូលដ្ឋានមិនដែលប្រើប្រាស់នូវវិធានការបណ្តេញចេញឡើយ មានតែខិតខំស្វែងរកដំណោះស្រាយជូន តួយ៉ាងការស្នើសុំដីសម្បទានសង្គមកិច្ច ជាដើម។

អង្គការសង្គមស៊ីវិល គួរធ្វើជាគំរូនៃការគោរពច្បាប់ និងអប់រំពលរដ្ឋឲ្យចេះគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃ ហើយការលើកទឹកចិត្តឲ្យពលរដ្ឋទាមទារខុសច្បាប់ខុសទំនងមិនមែនជាគំរូល្អសម្រា​ប់​សង្គ​មឡើយ។ ផ្ទុយទៅវិញ វាជា​សកម្មភាព ញុះញង់ បង្កឲ្យមានភាពវឹកវរ និងឈានដល់ការប្រព្រឹត្តខុសច្បាប់កាន់តែធ្ងន់ធ្ង​​រនិងនាំឱ្យពួកគាត់ជាប់ទោសទណ្ឌថែមទៀតផង។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ និងទទួលយកដំណោះស្រាយពីអាជ្ញាធរ​ដែលដោះស្រាយជូនយ៉ា​ងសមស្របបំផុត តាមរយៈការផ្តល់ដីលំនៅដ្ឋានស្របច្បាប់និងចេញប្លង់កម្មសិទ្ធិជូនថែមទៀត។ តាមរយៈដំណោះស្រា​យ​នេះ បងប្អូននឹងមានដីជាកម្មសិទ្ធិរបស់ខ្លួន ពិតប្រាកដដោយមិនរស់នៅបែបខុសច្បាប់ គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី និងគ្មានសៀវភៅគ្រួសារទៀតនោះឡើយ។ ផ្ទុយទៅវិញ ទោះបីជាបងប្អូនតវ៉ាយ៉ាងណាក៏អាជ្ញាធរពិតជាមិនអាចចេញប័ណ្ណកម្មសិទ្ធិជូនបានដែរ ពីព្រោះច្បាប់ភូមិបាល និងលិខិតបទដ្ឋានពាក់ព័ន្ធ មិនអនុញ្ញាតឲ្យជនណាម្នាក់ មានកម្មសិទ្ធិលើដីចំណីផ្លូវបាននោះឡើយ៕

ដោយ: អតីតមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស