ខ្មែរប៉ុស្ដិ៍ Close

    នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 975
    នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយ លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០២២)។

    លោក ង្វៀន ភូជុង បានធ្វើការទូរសព្ទដោយផ្ទាល់ មកកាន់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ ជូនចំពោះសម្តេចតេជោ នូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក ង្វៀន ភូជុង បានសំដែងនូវអំណរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសំដែង នូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏លើសលុប ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ ។

    នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ លោក ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានប្រារព្វខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត​(២០មិថុនា១៩៧៧-២០មិថុនា២០២២) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ដំណើរការនៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។

    ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះលោក ង្វៀន ភូជុង ដែលបានទូរស័ព្ទទំនាក់ទំនងដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួមអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ លោក ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ។

    សម្តេចតេជោក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដែលធ្វើឲ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវគំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់៕

    អត្ថបទទាក់ទង