ខ្មែរប៉ុស្ដិ៍ Close

ប្រទេសឡាវកំពុងស្ថិតនៅមាត់ជ្រោះនៃការដួលរលំអធិបតេយ្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1039
ប្រទេសឡាវកំពុងស្ថិតនៅមាត់ជ្រោះនៃការដួលរលំអធិបតេយ្យប្រទេសឡាវកំពុងស្ថិតនៅមាត់ជ្រោះនៃការដួលរលំអធិបតេយ្យ

រយៈពេល ១ ទសវត្សរ៍នៃបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ បូករួមនឹងការគ្រប់គ្រងយ៉ាងខុសឆ្គងលើសេដ្ឋកិច្ច ដោយអាជ្ញាធរកុម្មុយនីស្តនៅក្នុងប្រទេសឡាវ នៅទីបំផុតប្រទេសនេះបាននិងកំពុងឈានទៅរកការដួលរលំ ដោយសារទុនបម្រុងបរទេសរបស់ប្រទេសឡាវ មិនអាចបំពេញកាតព្វកិច្ចប្រាក់កម្ចីបាន ប្រសិនបើគ្មានជំនួយពីខាងក្រៅ។

កង្វះខាតប្រេងឥន្ធនៈ ការកើនឡើងនៃតម្លៃម្ហូបអាហារយ៉ាងឆាប់រហ័ស និងបញ្ហាអសមត្ថភាពរបស់គ្រួសារនានាក្នុងការទូទាត់វិក្កយបត្រប្រចាំខែ បានបង្កឱ្យមានការរិះគន់ជាសាធារណៈនៅពាសពេញប្រទេសឡាវ។

វាអាចជារឿងឆាប់រហ័សពេកក្នុងការស្តីបន្ទោសប្រទេសចិន ដែលមានចំណែកប្រហែល ៤៧% នៃបំណុលសរុបរបស់ឡាវ ដែលភាគច្រើនបានប្រមូលផ្ដុំនៅពីក្រោយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បូករួមនឹង «អន្ទាក់បំណុល» របស់ចិន ដូចអ្វីដែលបានកើតឡើងលើប្រទេសមួយចំនួនដូចជា ប៉ាគីស្ថាន, ស្រីលង្កា និងហ្វីជី។

សង្គ្រាមនៅអ៊ុយក្រែន ឬផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូវីដ-១៩ ក៏មិនមែនជាហេតុផលនោះដែរ។ មូលហេតុចម្បងនៅពីក្រោយការដួលរលំនៃសេដ្ឋកិច្ចរបស់ប្រទេសឡាវគឺ «អំពើពុករលួយ»

លោកនាយករដ្ឋមន្រ្ដី Phankham Viphavanh បានទទួលស្គាល់នូវរឿងនេះ ដោយក្នុងនោះលោកប្រាប់រដ្ឋសភានៅក្នុងសប្តាហ៍នេះថា «ការកេងបន្លំដែលប្រព្រឹត្តិឡើងដោយនាយកប្រតិបត្តិ និងបុគ្គលិក បូករួមនឹងការគ្រប់គ្រងមិនត្រឹមត្រូវ គឺជាមូលហេតុចម្បងនៃការខាតបង់ដ៏រ៉ាំរ៉ៃនៅក្នុងសហគ្រាសរដ្ឋចំនួន ១៧៨»

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានលើកឡើងថា «ការគ្រប់គ្រងសហគ្រាសទាំងនេះជាធម្មតាមិនបានអនុវត្តតាមផែនការអាជីវកម្មដ៏ត្រឹមត្រូវនោះទេ។ បន្ថែមពីលើនេះ ការជ្រើសរើសនាយកប្រតិបត្តិ និងបុគ្គលិក បានពឹងផ្អែកច្រើនលើបក្ខពួកនិយម ហើយកត្តាទាំងនេះគឺជាហេតុផលចម្បង ដែលនាំមកនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការគ្រប់គ្រង»។

បញ្ហាមួយទៀតគឺបំណុលដ៏ក្តៅគគុករបស់ប្រទេសឡាវ ដែលមានអាយុកាល ១០ ឆ្នាំ និងដែលបាននាំមកនូវការខូចខាតយ៉ាងខ្លាំង។ បញ្ហាប្រឈមធំបំផុតគឺជីវភាពរស់នៅរបស់ប្រជាជនឡាវចំនួន ៧,៣ លាននាក់ ត្រូវបានចាត់ចំណាត់ថ្នាក់នៅក្នុងចំណោមប្រជាជនក្រីក្របំផុតនៅលើភពផែនដី ហើយគម្លាតទ្រព្យសម្បត្តិក៏បានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ ដែលជាហេតុជំរុញឱ្យមានការព្រមានបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍អាស៊ី។

សព្វថ្ងៃនេះ សេវាបំណុលបរទេសប្រចាំឆ្នាំបានកើនឡើងដល់ ១,៤ ពាន់លានដុល្លារ ពីចំនួន ១,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ខណៈដែលវាមានចំនួនត្រឹមតែ ១៦០ លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១០ នៅពេលដែលសេវាបំណុលខាងក្រៅនៅអាចទូទាត់បានដោយចំណូលក្នុងស្រុក។

នៅចុងឆ្នាំមុន យោងតាមតួរលេខរបស់ World Bank «បំណុលសាធារណៈរបស់ប្រទេសឡាវមានចំនួន ៨៨% នៃ GDP ខណៈដែលបំណុលបរទេសមានចំនួន ១៤,៥ ពាន់លានដុល្លារ»។

ប្រទេសឡាវនឹងត្រូវការប្រាក់ ១,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួនរហូត ដល់ឆ្នាំ ២០២៥ ខណៈដែលប្រទេសនេះមានទុនបម្រុងបរទេសត្រឹមតែ ១,២ ពាន់លានដុល្លារប៉ុណ្ណោះ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់សង្ឃឹមក្នុងការជំរុញសេដ្ឋកិច្ច រដ្ឋាភិបាលឡាវកំពុងផ្តល់នូវមូលបត្របំណុល (Bond) ប្រមាណ ៣៤០ លានដុល្លារ ក្នុងអត្រាការប្រាក់ ២០% ក្នុងរយៈពេល ៦ ខែ។ ប្រភពមួយចំនួនបានឱ្យដឹងថា «ការបោះផ្សាយមូលបត្របំណុលគឺសម្រាប់គ្រប់គ្នា លើកលែងតែធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះ»។

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលជឿថា «រដ្ឋាភិបាលនឹងអាចសម្រេចបាននូវអត្រាដូចដែលបានផ្តល់ជូននេះ» ខណៈដែលវាត្រូវបានរៀបចំឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណាចំនួន ១២,៨%។

លោក Phankham បានកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីខែមីនាឆ្នាំមុន។ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីគឺជាតួអង្គដ៏សំខាន់ តែក៏ជាមនុស្សដែលតែងតែមិនបានស្តាប់តាមសញ្ញាព្រមាននៅពេលបង្កើតកិច្ចព្រមព្រៀង និងគោលនយោបាយសេដ្ឋកិច្ច ដែលជាហេតុរុញច្រានប្រទេសឡាវអោយឈានមកដល់ចំណុចនៃការដួលរលំអធិបតេយ្យ។

ដោយសារតែទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដែលស្ថិតនៅផ្នែកខាងត្បូងរបស់ប្រទេសចិន ទីក្រុងប៉េកាំងអាចនឹងផ្លាស់ប្តូរការអនុវត្តកាលពីអតីតកាល ហើយអាចយល់ព្រមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។

ជម្រើសផ្សេងទៀត គឺការចុះកិច្ចសន្យាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដូចជាប្រទេសប៉ាគីស្ថាន និងស្រីលង្កា ហើយបន្ទាប់មកស្នើសុំថវិកាសង្គ្រោះ។ ការអន្តរាគមន៍របស់ IMF អាចមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌជាច្រើន។

គោលនយោបាយចំណាយសន្សំសំចៃនឹងត្រូវបានអនុវត្ត ហើយនៅក្នុងកម្រិតជាក់លាក់ណាមួយ អធិបតេយ្យភាព និងសេដ្ឋកិច្ចរបស់ឡាវនឹងរងនូវផលប៉ះពាល់។ វិធីមួយផ្សេងទៀត ក្នុងការជួយសង្គ្រោះប្រជាជនឡាវពីរដ្ឋាភិបាលអសមត្ថភាព គឺ «ការប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុរបស់អាមេរិក និងលោកខាងលិច ឱ្យជួយសងបំណុលចិន»៕ The Diplomat

អត្ថបទទាក់ទង