ខ្មែរប៉ុស្ដិ៍ Close

លោក កឹម សុខា ត្រូវព្រមាន ស្នើសុំការចាប់ឃុំខ្លួន ដោយសារតែការអនុវត្តបំពានបំរាមតុលាការ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1201
លោក កឹម សុខា ត្រូវព្រមាន ស្នើសុំការចាប់ឃុំខ្លួន ដោយសារតែការអនុវត្តបំពានបំរាមតុលាការលោក កឹម សុខា ត្រូវព្រមាន ស្នើសុំការចាប់ឃុំខ្លួន ដោយសារតែការអនុវត្តបំពានបំរាមតុលាការ

លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានរងការព្រមានពីចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអនុវត្តផ្ទុយនឹងបម្រាមតុលាការ ពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយ ប៉ុន្តែមិនត្រូវបានចាប់ឃុំខ្លួននោះឡើយ នេះបើយោងតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការសម្រេចព្រមានរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ អំឡុងសវនាការជំនុំជម្រះលើសំណុំរឿង លោក កឹម សុខា បន្ទាប់ពីមានសំណើពីព្រះរាជអាជ្ញា ស្នើឱ្យមានការចាប់ខ្លួន លោក កឹម សុខា យកទៅឃុំឡើងវិញ បន្ទាប់ពីលោក កឹម សុខា ត្រូវបានមើលឃើញថា បានធ្វើសកម្មភាពនយោបាយមួយចំនួន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្រមានលោក កឹម សុខា ត្រូវបានធ្វើឡើងនៅក្នុងពេលសវនាការតែម្តង និងចុះក្នុងកំណត់ហេតុសវនាការផងដែរ និងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពបែបនេះតទៅទៀតទេ ប្រសិនបើនៅតែបន្តនឹងអនុវត្តតាមផ្លូវច្បាប់»។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងជំនួបជាមួយអ្នកគាំទ្រនៅខេត្តសៀមរាប លោក កឹម សុខា បានប្រកាសប្រាប់ពួកគេថា លោក និងលោក សម រង្ស៉ី បានបញ្ចប់សម្ព័ន្ធភាពជាមួយគ្នាហើយ ដោយលោក សម រង្ស៉ី បានចាកចេញទៅចូលរួមគណបក្សភ្លើងទៀន ហើយបានវាយប្រហារមកលើរូបលោកថែមទៀត។ សំឡេងរបស់ លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី (RFA) នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ សកម្មភាពរបស់លោក កឹម សុខា នៅខេត្តសៀមរាប ជាសកម្មភាពបំពានលើបំរាមរបស់តុលាការ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាមួយនឹងលក្ខខណ្ឌចំនួន៣ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

អត្ថបទទាក់ទង