ខ្មែរប៉ុស្ដិ៍ Close

កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់ បានបញ្ចប់ការជួសជុលហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 345
កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់ បានបញ្ចប់ការជួសជុលហើយ កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់ បានបញ្ចប់ការជួសជុលហើយ

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។

លោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលមានប្រសាសន៍ថា ការងារជួសជុលស្ពានហាលរបស់កំពង់ទឹកនេះ គឺដើម្បីពង្រឹងរចនាសម្ពន្ធរបស់កំពង់ទឹកស្ពានហាលឱ្យមានរូបរាងដើម និងរឹងមាំឡើងវិញ។ លោក ក្រឹម គ្រួន បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់ ផ្នែកខាងត្បូងរងនូវការខូចខាត ដោយសារអាយុកាលនៃសំណង់ ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ឫសឈើចាក់ជ្រែកទៅក្នុងថ្មធ្វើឱ្យថ្មរំកិលខុសពីទីតាំងដើម។

លោក ក្រឹម គ្រួន បន្តទៀតថា ការងារជំហានដំបូងក្រុមការងារធ្វើសម្រង់ប្លង់ និងការរើថ្ម លាងសម្អាត ចុះបញ្ជីថ្ម និងជួសជុលថ្ម ព្រមទាំងធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សាពីស្ថានភាពគ្រឹះ។ ក្រោយពីពង្រឹងគ្រឹះដោយប្រើវិធីសាស្រ្តបុរាណឡើងវិញរួចរាល់ អ្នកជំនាញបានរៀបចំផ្គុំថ្មបាយក្រៀម និងថ្មភក់ទៅតាមលំនាំដើម ដោយបន្ថែមថ្មថ្មីក្នុងចំនួនតិចបំផុត ហើយក្រុមការងារបានបិទភ្ជិតមុខដំណរថ្មដើម្បីការពារជម្រាបទឹក ជៀសវាងការខូចខាតគ្រឹះបន្តទៀត។ លោក ក្រឹម គ្រួន បញ្ជាក់ថា កំពង់ទឹកនេះ ធ្លាប់បានជួសជុលកាលពីសម័យបារាំងរួចម្តងមកហើយ ដោយការរៀបថ្ម ចាក់បេតុង ចាក់ល្បាយដីពង្រឹងគ្រឹះឡើងវិញ ប៉ុន្តែដោយកត្តាអាយុកាល និងធម្មជាតិ ទឹកភ្លៀងបានហូរច្រោះគ្រឹះបណ្តាលបាក់ស្រុតតាមកន្លែងផ្សេងៗជាអន្លើរ។
ក្រោយពីអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកំពង់ទឹកផ្នែកខាងត្បូងនេះរួចរាល់ រក្សាបាននូវភាពរឹងមាំស្ថិតនៅគង់វង្សយូរអង្វែង បានដល់កូនចៅខ្មែរជំនាន់ក្រោយជាបន្តទៀត និងលើកកម្ពស់សោភ័ណភាពរបស់ស្ពានហាលនេះ កាន់តែមានភាពស្រស់ស្អាតទ្វេឡើង៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា

អត្ថបទទាក់ទង