ខ្មែរប៉ុស្ដិ៍ Close

វិបត្តិនៅស្រីលង្កា ៖ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ភាពចលាចលខាងនយោបាយអាចនឹងបង្កផលប៉ះពាល់ដ៏ធំលើទំនាក់ទំនងជាមួយប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 925
វិបត្តិនៅស្រីលង្កា ៖ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ភាពចលាចលខាងនយោបាយអាចនឹងបង្កផលប៉ះពាល់ដ៏ធំលើទំនាក់ទំនងជាមួយប្រទេសចិនវិបត្តិនៅស្រីលង្កា ៖ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ភាពចលាចលខាងនយោបាយអាចនឹងបង្កផលប៉ះពាល់ដ៏ធំលើទំនាក់ទំនងជាមួយប្រទេសចិន

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ភាពចលាចលផ្នែកសេដ្ឋកិច្ចនិងនយោបាយដែលកំពុងតែកើតឡើងនៅក្នុងប្រទេសស្រីលង្កា នឹងជះឥទ្ធិពលដ៍ធំមកលើទំនាក់ទំនងជាមួយប្រទេសចិនក្នុងរយៈពេលខ្លី ហើយវាក៏ជាការដាស់តឿនមួយសម្រាប់អ្នក វិនិយោគចិនផងដែរ។

កាលពីនៅថ្ងៃចន្ទសប្ដាហ៍មុន មួយថ្ងៃបន្ទាប់ពីក្រុមបាតុកររាប់ម៉ឺននាក់បានសម្រុកចូលទៅក្នុងលំនៅដ្ឋានរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៅទីក្រុង Colombo ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានបញ្ជាក់ថា រូបគាត់នឹងធ្វើការលាលែងចេញពីតំណែង។

លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលកាលពី ២ សប្តាហ៍មុន បានប្រកាសថា «ប្រទេសស្រីលង្កាកំពុងតែក្ស័យធន» ក៏បានលើកឡើងផងដែរថា លោកនឹងចុះចេញពីតំណែងដូចគ្នា។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កាលពីថ្ងៃចន្ទ គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះបានឯកភាពថា ពួកគេនឹងយល់ព្រមប្រគល់ការទទួលខុសត្រូវរបស់ពួកគេនៅពេលដែលមានកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នដែលមានការចូលរួមពីគ្រប់ភាគី។

លោក Lin Minwang អ្នកជំនាញតំបន់អាស៊ីខាងត្បូងនៃសាកលវិទ្យាល័យ Fudan នៅក្នុងទីក្រុងសៀងហៃបានបញ្ជាក់ថា ភាពចលាចលផ្នែកនយោបាយនៅពេលចុងក្រោយនេះបានកើតឡើង បន្ទាប់ពីមានការតវ៉ាអស់រយៈពេលជាច្រើនខែជុំវិញវិបត្តិហិរញ្ញវត្ថុ ហើយសកម្មភាពនេះនឹងបង្កឱ្យមានការប៉ះទង្គិចដល់ទំនាក់ទំនងរវាងប្រទេសចិនជាមួយប្រទេសកោះមួយនេះ ។

គ្រួសារ Rajapaksa ដែលបានគ្រប់គ្រងមកលើនយោបាយរបស់ប្រទេសស្រីលង្កាអស់រយៈពេលជិត ២ ទសវត្សរ៍ ត្រូវបានគេចាត់ទុកថាជាមិត្តរបស់ទីក្រុងប៉េកាំង។ នៅពេលលោក Mahinda Rajapaksa ដែលត្រូវជាបងប្រុសរបស់លោក Gotabaya ឡើងកាន់អំណាចកាលពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ ទីក្រុង Colombo បានយល់ព្រមលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនមួយចំនួនដែលរួមមានទាំងការជួលកំពង់ផែនៅទីក្រុង Hambantota ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ចិនក្រោមកិច្ចព្រមព្រៀងរយៈពេល ៩៩ ឆ្នាំ ដែលនេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរបំណុលសម្រាប់ភាគហ៊ុនដ៏ចម្រូងចម្រាស។

លោក Lin បាន និយាយថា «សម្រាប់រយៈពេលខ្លីខាងមុខ វានឹងបង្កផលប៉ះពាល់យ៉ាងធំទៅលើទំនាក់ទំនងរវាងប្រទេសចិននិងស្រីលង្កា ពីព្រោះឥទ្ធិពលរបស់គ្រួសារ Rajapaksa នៅក្នុងរង្វង់នយោបាយរបស់ប្រទេសស្រីលង្កានឹងត្រូវបានបំផ្លាញ ហើយការវិលត្រឡប់មកកាន់កាប់នយោបាយវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ទំនងជាមិនអាចទៅរួចនោះទេ»។

លោក Lin បានលើកឡើងទៀតថា វិបត្តិដែលកំពុងជំរុញឱ្យអត្រាអតិផរណាកើនឡើង បូកផ្សំនឹងបំណុលដ៏ខ្ពស់និងការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ក៏ជាការក្រើនរំលឹកមួយសម្រាប់អ្នក វិនិយោគចិនដែលតែងតែស្វែងរកប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយ រងគ្រោះដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ កង្វះអាហារ និងការកើនឡើងនៃអត្រាការប្រាក់របស់អាមេរិក។

លោក Lin បាន និយាយថា «ខ្ញុំមិនហៅវាថាជាមេរៀននោះទេ ប៉ុន្តែវាជាការក្រើនរំលឹកមួយថា មុននឹងធ្វើការវិនិយោគនៅបរទេស ពួកគេគួរតែពិចារណាទៅលើសមត្ថភាពអភិបាលកិច្ចជាមូលដ្ឋាន ជាពិសេសនៅពេលដែលបរិយាកាសអន្តរជាតិទាំងមូលមានសភាពមិនល្អ ហើយជាក់ស្តែងសមាមាត្របំណុលរបស់ប្រទេសនៅតំបន់អាស៊ីខាងត្បូងជាទូទៅ គឺមានកម្រិតខ្ពស់ខ្លាំង»។ លោកបានបន្ថែមទៀតថា «ការវិនិយោគរបស់ជនជាតិចិននៅក្នុងប្រទេសស្រីលង្កានឹងរងការខាតបង់ខ្លះ»។

មតិមួយចំនួនបានរំពឹងទុកថា មេដឹកនាំរបស់គណបក្សប្រឆាំងលោក Sajith Premadasa អាចនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើគាត់អាចក្តោបក្តាប់បានសំឡេងភាគ ច្រើននៅក្នុងសភាស្រីលង្កា។ ការឡើងកាន់តំណែងរបស់លោក Sajith Premadasa នឹងបន្ថែមភាពមិនច្បាស់លាស់បន្ថែមទៀតសម្រាប់ប្រទេសចិន ខណៈគេជឿជាក់ថា រូបគាត់ចង់បង្កើនទំនាក់ទំនងឱ្យបានជិតស្និទ្ធជាមួយប្រទេសឥណ្ឌា និងជប៉ុនដែលសុទ្ធតែជាប្រទេសដៃគូប្រជែងនៅក្នុងតំបន់របស់ប្រទេសចិន។

ប៉ុន្តែលោក Liu Zongyi ដែលអ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Shanghai សម្រាប់ការសិក្សាអន្តរជាតិបាននិយាយថា «ទីក្រុងប៉េកាំងបានរក្សាទំនាក់ទំនងមិត្តភាពល្អមិនត្រឹមតែជាមួយគ្រួសារ Rajapaksa ប៉ុណ្ណោះទេ តែក៏មានទំនាក់ទំនងល្អជាមួយគ្រប់គណបក្សនយោបាយនៅក្នុងប្រទេសស្រីលង្កាផងដែរ» ។

លោក Liu បាននិយាយថា «ប្រទេសចិនមិនបានពឹងលើបក្ខពួកតែមួយនោះទេ។ នេះហើយជាមូលហេតុ ដែលរដ្ឋាភិបាលស្រីលង្កាមុនៗទាំងអស់តែងតែចង់រក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនឱ្យបានល្អ»។

លោក Lin មកពីសាកលវិទ្យាល័យ Fudan ក៏បានលើកឡើងផងដែរថា «សម្រាប់រយៈពេលវែងខាងមុខ ប្រទេសស្រីលង្កាទំនងជាមិនអាចឃ្លាតឆ្ងាយពីប្រទេសចិនដែលជាម្ចាស់បំណុលដ៏ធំ និងជាអ្នកវិនិយោគបរទេសដ៏សំខាន់បំផុតរបស់ខ្លួនបានឡើយ»។

ចាប់តាំងពីកើតមានវិបត្តិសេដ្ឋកិច្ចប្រទេសស្រីលង្កាបានធ្វើការពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសឥណ្ឌាសម្រាប់សម្ភារៈសំខាន់ៗមួយចំនួនដូចជា ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ហើយប្រទេសនេះក៏បានពង្រីកកម្ចីឥណទាន (Credit Lines) និងការផ្លាស់ប្តូររូបិយប័ណ្ណរបស់ប្រទេសស្រីលង្កា ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិកផងដែរ។ លោក Lin ក៏បានលើកឡើងផងដែរថា ការកើតមានការសង្ស័យចំពោះប្រទេសជិតខាងភាគខាងជើងដ៏មានឥទ្ធិពលរបស់ប្រទេសនេះពិតជា មានភាពជ្រាលជ្រៅ។

លោក Lin បាន និយាយថា «គេមិនចាំបាច់មានទុទិដ្ឋិនិយមពេកអំពីទំនាក់ទំនងរវាងចិន-ស្រីលង្កានោះទេ ពីព្រោះទំនាក់ទំនងរវាងស្រីលង្កាជាមួយឥណ្ឌាមានភាពផ្ទុយគ្នាច្រើននៅក្នុងរចនាសម្ព័ន្ធ ហើយប្រទេសស្រីលង្កាពិតជាត្រូវការប្រទេសមួយដូចជាប្រទេសចិនដើម្បីទប់ទល់ជាមួយនឹងប្រទេសឥណ្ឌា»។

ប្រទេសស្រីលង្កាមានទីតាំងនៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ប្រទេសនេះបាននិងកំពុងព្យាយាមកសាងប្រទេសរបស់ខ្លួនឡើងវិញ ក្រោយបានជួបប្រទះនឹងសង្គ្រាមស៊ីវិល និងការដួលរលំសេដ្ឋកិច្ចដែលបណ្តាលមកពីការវាយប្រហារភេរវកម្មកាលពីឆ្នាំ ២០១៩ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារមកលើឧស្សាហកម្មទេសចរណ៍របស់ខ្លួន។ វិស័យទេសចរណ៍ បានផ្តល់ការគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងចន្លោះពី ១០% ទៅ ១៥%។

ការឈ្លានពានរបស់រុស្សីកាលពីខែកុម្ភៈបានធ្វើឱ្យវិបត្តិនេះកាន់តែមានភាពធ្ងន់ធ្ងរបន្ថែមទៀត ព្រោះប្រទេសរុស្ស៊ីគឺជាទីផ្សារធំទី៣ សម្រាប់ការនាំចេញតែរបស់ប្រទេសស្រីលង្កា ហើយពេលនេះពួកគេមិនអាចធ្វើការទូទាត់ប្រាក់បានទេ ក្រោយពេលប្រទេសរុស្សីត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់សកល Swift ។

ទីក្រុង Colombo បានស្នើសុំជំនួយពីទីក្រុងប៉េកាំងដែលរួមមានទាំងប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញការទូទាត់សងបំណុល និងឥណទានថ្មី (Credit Line) ចំនួន ១,៥ ពាន់លានដុល្លារអាមេរិកដើម្បីទិញទំនិញរបស់ចិន។ ប៉ុន្តែក្រោយការចរចាអស់រយៈពេលជាច្រើនខែ គេនៅមិនទាន់ឃើញមានការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ណាមួយនោះទេ ។

ទាំងប្រទេសចិននិងជប៉ុន សុទ្ធតែជាម្ចាស់បំណុលខាងក្រៅ (External Debt) របស់ប្រទេសស្រីលង្កាប្រមាណ ១០% ឬតិចជាងនេះ ហើយភាគច្រើននៃបំណុលរបស់ប្រទេសនេះគឺជំពាក់ម្ចាស់បណ្ណបំណុលអន្តរជាតិ៕

South China Morning Post