ខ្មែរប៉ុស្ដិ៍ Close

    វិបត្តិបំណុលរបស់ប្រទេសចិនអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1253
    វិបត្តិបំណុលរបស់ប្រទេសចិនអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗវិបត្តិបំណុលរបស់ប្រទេសចិនអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗ

    ទំនុកចិត្តលើសុវត្ថិភាពរបស់បណ្តាធនាគារចិន បានរងនូវការរង្គោះរង្គើយ៉ាងខ្លាំងដោយសារការបរាជ័យរបស់បណ្តាធនាគារតូចៗមួយចំនួននៅខេត្ត Henan ដែលបានកើតឡើងកាលពីខែមេសាកន្លងទៅនេះ។ ជាមួយនឹងចំនួនទ្រព្យសម្បត្តិប្រមាណ ៦ ពាន់លានដុល្លារ និងអតិថិជនប្រមាណ ៤ សែននាក់ ធនាគារនៅតាមជនបទដែលបានបិទទ្វារទាំងនេះគឺជាផ្នែកដ៏តូចមួយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន។

    ការដួលរលំនៃស្ថាប័នហិរញ្ញវត្ថុដែលមានការគ្រប់គ្រងយ៉ាងអន់ និងដែលពោរពេញទៅដោយអំពើពុករលួយ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែអ្វីដែលកំពុងបង្កការភ្ញាក់ផ្អើលគឺ «របៀបដែលអាជ្ញាធរក្នុងតំបន់ដោះស្រាយវិបត្តិបច្ចុប្បន្ន»។

    ជំនួសឱ្យការបង់សងជំងឺចិត្តដល់អ្នកផ្ញើប្រាក់នៅធនាគារ ដែលគួរទទួលបានមកវិញរហូតដល់ ៥ សែនយ័ន (យោងតាមបទបញ្ញត្តិច្បាប់របស់រដ្ឋាភិបាល) មន្ត្រីនៅខេត្ត Henan បែរជាបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបំបិទមាត់ពួកគេ។

    មុនដំបូង ពួកគេបានរឹតត្បិតលើការបម្លាស់ទីរបស់អ្នកផ្ញើប្រាក់នៅធនាគារ តាមរយៈការដាក់កូដធ្វើតេស្តរកវីរុស Covid-19 នៅលើទូរសព្ទដៃរបស់ពួកគេជា «ពណ៌ក្រហម» ដើម្បីរារាំងពួកគេពីការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ឬពីការបើកបររថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។ ការរិះគន់ដ៏ខ្លាំងក្លាជាសាធារណៈបានបង្ខំឱ្យរដ្ឋបាលខេត្ត Henan បោះបង់ចោលនូវកលយុទ្ធរំលោភបំពាននេះ។

    ប៉ុន្តែនៅពេលអ្នកផ្ញើប្រាក់នៅធនាគាររាប់រយនាក់ ដែលមិនអាចទៅប្រើប្រាស់ប្រាក់សន្សំរបស់ពួកគេបាននៅក្នុងបណ្តាធនាគារទាំងនោះ បានប្រមូលផ្តុំគ្នានៅថ្ងៃទី ១០ ខែកក្កដា ដើម្បីតវ៉ានៅមុខសាខាធនាគារប្រជាជនចិននៅទីរួមខេត្ត Henan អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមឧក្រិដ្ឋជនក្នុងចំនួនដ៏ច្រើនឱ្យមកវាយប្រហារយ៉ាងឃោរឃៅលើអ្នកដាក់ប្រាក់សន្សំនៅធនាគារទាំងនោះ ខណៈដែលមន្ត្រីប៉ូលីសក្នុងឯកសណ្ឋានបានឈរឱបដៃមើល។

    រឿងអាស្រូវនេះអាចនឹងបង្កការស្លន់ស្លោរដល់វិនិយោគិន។ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមបង្កើនបំណុលដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០០៩ មនុស្សជាច្រើនបានលើកឡើងនូវមន្ទិលសង្ស័យថា «តើគណបក្សនេះអាចបន្តដំណើរទៅមុខបានយូរដល់កម្រិតណា?» បច្ចុប្បន្ន ប្រព័ន្ធធនាគារចិននៅតែបន្តឈរជើងដដែល បើទោះបីជាផលធៀបរវាងបំណុល និង GDP មានចំនួនរហូតដល់ ២៦៤% ក៏ដោយ។

    សព្វថ្ងៃនេះ មនុស្សជាច្រើនមាន ការព្រួយបារម្ភថា «បំណុលដែលកំពុងរីកកាន់តែធំរបស់ចិន អាចបង្កឱ្យមានវិបត្តិជាប្រព័ន្ធ» ហើយវាមានសញ្ញាព្រមានជាច្រើនដែលបានគូសបញ្ជាក់ថា «ប្រទេសចិនអាចប្រឈមមុខ នឹងវិបត្តិបំណុលនៅពេលឆាប់ៗខាងមុខនេះ»

    ការគ្រប់គ្រងដ៏ទន់ខ្សោយ, ការគ្រប់គ្រងហានិភ័យដ៏អន់ បូករួមនឹងអំពើពុករលួយដែលអាចជាមូលហេតុជំរុញឱ្យធានាគារតូចៗនៅខេត្ត Henan ធ្លាក់ចូលទៅក្នុងភាពក្ស័យធនគឺសុទ្ធតែជាបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ ដែលបាននិងកំពុងកើតមាននៅក្នុងចំណោមធនាគារខ្នាតតូច និងមធ្យមជិត ៤០០០ របស់ប្រទេសចិនដែលមានទ្រព្យសកម្មរហូតដល់ជិត ១៤ ទ្រីលានដុល្លារ។

    វាអាចទៅរួចដែលថា «បណ្តាធនាគារស្រដៀងគ្នាផ្សេងៗទៀតអាចនឹងទទួលរងនូវការបរាជ័យនៅក្នុងពេលឆាប់ៗនេះ»។ ខណៈពេលដែលអាជ្ញាធរខេត្ត Henan កំពុងបង្ក្រាបលើជនរងគ្រោះដោយសារភាពបរាជ័យរបស់ធនាគារ អាជ្ញាធរនៅទីក្រុងសៀងហៃក៏បានកាត់ទោសជាសម្ងាត់លើអតីតមហាសេដ្ឋីមួយរូបផងដែរ ជាមួយនឹងការចោទប្រកាន់ថា បានគ្រប់គ្រងធនាគារខ្នាតមធ្យមមួយនៅ «Inner Mongolia» ដោយបានប្រើប្រាស់វាដើម្បីផ្តល់មូលនិធិដល់គម្រោងខុសច្បាប់ជាច្រើន។

    ប្រសិនបើធនាគារតូចៗក្នុងចំនួនដ៏ច្រើនបរាជ័យព្រមៗគ្នាព្រឹត្តិការណ៍នេះអាចបង្កើតឱ្យមានប្រតិកម្មតៗគ្នាដែលនឹងបង្កការគំរាមកំហែងដល់ស្ថិរភាពរបស់វិស័យហិរញ្ញវត្ថុ។ ដៃគូវិនិយោគនិងអ្នកផ្តល់ឥណទាន ជាពិសេសបណ្តាធនាគារធំៗ អាចរងការខាតបង់យ៉ាងខ្លាំង ហើយទំនុកចិត្តលើប្រព័ន្ធធនាគារស្រមោលរបស់ចិន ដែលបានទទួលអត្រាការប្រាក់ដ៏ខ្ពស់តាមរយៈធនាគារតូចៗក៏អាចនឹងរងនូវផលប៉ះពាល់ផងដែរ។

    ឱកាសនៃការដួលរលំផ្នែកហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ននេះ មានកម្រិតខ្ពស់ខ្លាំងជាងកាលពីពេលមុន។ មូលហេតុមួយដែលប្រទេសចិនអាចចៀសវាងវិបត្តិហិរញ្ញវត្ថុនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះគឺ «ដោយសារសេដ្ឋកិច្ចរបស់ចិនបានរីកលូតលាស់ក្នុងអត្រាខ្ពស់គួរសម» ដែលជាមធ្យមមានចំនួន ៦,៨% ដោយគិតចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០។ ជាមួយសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់យ៉ាងលឿនបំផុត ប្រទេសចិអាចលាក់បាំងបន្ទុកបំណុលបានយ៉ាងងាយស្រួល។

    ប៉ុន្តែ នៅពេលដែលសេដ្ឋកិច្ចចិនបាននិងកំពុងធ្លាក់ចុះយ៉ាងលឿនដូចពេលនេះ ដែលមួយផ្នែកដោយសារតែគោលនយោបាយ Zero Covid វិបត្តិបំណុលក៏បានលេចរូបរាងឡើងកាន់តែច្បាស់។ សញ្ញាព្រមានដ៏ច្បាស់លាស់បំផុតបានបង្ហាញខ្លួនឡើងនៅក្នុង «វិស័យអចលនទ្រព្យរបស់ចិនដែលពោរពេញទៅដោយបំណុល»។

    ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរស់ចិន «China Evergrande Group» ដែលបានខ្ចីប្រាក់ជាង ៣០០ ពាន់លានដុល្លារ បានស្ថិតក្នុងភាពក្ស័យធនរួចទៅហើយ។ ការគ្មានប្រាក់បង់សងបំណុលកាន់តែច្រើន ទំនងជានឹងកើតមានឡើង ដោយសារតែក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ចិនកំពុងជាប់ជំពាក់ប្រាក់ចំនួន ១៣ ពាន់លានដុល្លារនៅក្នុងការទូទាត់មូលប័ត្រជាប្រាក់ដុល្លារនៅឆមាសទី ២ នៃឆ្នាំនេះ។

    រដ្ឋាភិបាលតំបន់របស់ប្រទេសចិន ដែលមានជាប់បំណុលយ៉ាងច្រើន ក៏កំពុងប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរផងដែរ។ ការធ្លាក់ចុះនៃប្រាក់ ចំណូលពីការលក់ដីធ្លី ដោយសារតែវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ អាចធ្វើឱ្យរដ្ឋាភិបាលតំបន់បាត់បង់ប្រាក់ ចំណូលប្រមាណ ៩០០ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។ យន្តការហិរញ្ញប្បទានរដ្ឋាភិបាលតំបន់ ដែលបានខ្ចីប្រាក់យ៉ាងខ្លាំងពីបណ្តាធនាគារ ឬតាមរយៈការចេញមូលបត្រ អាចប្រឈមមុខនឹងការលំបាកខ្លាំងក្នុងការបង់សងបំណុលរបស់ពួកគេ។

    ធនាគារធំៗនៅចិនក៏កំពុងជួបប្រទះនូវបញ្ហាផងដែរ។ ពួកគេបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់បណ្តាប្រទេសក្រីក្រ ក្រោមផែនការខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិន។ ចំណែកធំគួរសមនៃឥណទានរបស់ពួកគេ អាចនឹងក្លាយទៅជាប្រាក់កម្ចី ដែលអ្នកខ្ចីប្រាក់មិនអាចបង់សងវិញបាន ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

    វិបត្តិសេដ្ឋកិច្ចនៅពេលថ្មីៗបំផុត និងការដួលរលំនៃរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា អាចបង្ខំឱ្យចិនលុបចោលប្រាក់កម្ចីជាច្រើនរបស់ពួកគេ។ ប្រសិនបើបណ្តាធនាគារធំៗរបស់ចិន ប្រឈមនឹងការគ្មានប្រាក់សងបំណុលពីសំណាក់បណ្តាអ្នកខ្ចីប្រាក់នៅបរទេស នោះពួកគេនឹងមិនអាចមានប្រាក់គ្រប់គ្រាន់ដើម្បីជួយសង្គ្រោះដល់ការក្ស័យធនរបស់បណ្តាធនាគារខ្នាតតូច ឬមធ្យមនៅក្នុងស្រុកបាននោះទេ។

    ទោះជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែលថា «ចិនអាចនឹងចៀសផុតពីការដួលរលំផ្នែកហិរញ្ញវត្ថុជាថ្មីម្តងទៀតនៅពេលនេះ»។ ប៉ុន្តែ ប្រសិនបើមន្ត្រីថ្នាក់តំបន់នៅតែបន្តជួលពួកឧក្រិដ្ឋជន ស៊ីឈ្នួលឱ្យទៅវាយប្រហារលើអតិថិជនធនាគារដែលព្យាយាមដកប្រាក់របស់គេត្រឡប់ទៅវិញ នោះវិនិយោគិនគួរតែត្រៀមខ្លួនទទួលយកនូវពេលវេលាដែលកាន់តែអាក្រក់ជាងនេះសម្រាប់វិស័យធនាគាររបស់ចិន៕

    Nikkei Asia

    អត្ថបទទាក់ទង