ខ្មែរប៉ុស្ដិ៍ Close

អ្វីដែលគេរំពឹងទុកនាពេលបន្ទាប់ នៅក្នុងសង្គ្រាមអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 444
អ្វីដែលគេរំពឹងទុកនាពេលបន្ទាប់ នៅក្នុងសង្គ្រាមអ៊ុយក្រែន ទាហានអ៊ុយក្រែន

អ្នក​ជំនាញ​មួយចំនួនមើល​ឃើញ​ថា រុស្ស៊ី​កំពុងយកឈ្នះយ៉ាង​យឺតៗ​នៅ​អ៊ុយក្រែន។ ចំណែកឯអ្នកផ្សេងទៀត ដូចជាប្រធានផ្នែកបុគ្គលិកការពារជាតិនិងកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស លោក Tony Radakin បានអះអាងថា រុស្ស៊ីបានចាញ់សង្គ្រាមនេះរួចទៅហើយ ហើយកំពុងបន្តតស៊ូនឹងការប្រយុទ្ធតាមផ្លូវគោក។

ទោះជាយ៉ាងណា រុស្ស៊ីកំពុងពង្រឹងទីតាំងរបស់ខ្លួននៅក្នុងតំបន់ Donbas ហើយកំពុងផ្អាកកិច្ចខិតខំប្រឹងប្រែងចម្បងរបស់ខ្លួន ដើម្បីសម្រាក, ប្រមូលផ្តុំកម្លាំងទ័ព និងដើម្បីពង្រឹងកម្លាំងទ័ពជើងគោករបស់ខ្លួន។ នៅពេលដែលកងកម្លាំងរបស់រុស្ស៊ីចាប់ផ្តើមបើកការប្រយុទ្ធឡើងវិញ មានហេតុផលជាច្រើនដែលថា រុស្ស៊ីនឹងកាត់យកផ្នែកធំៗនៃភាគខាងកើត និងខាងត្បូងអ៊ុយក្រែន ព្រមទាំងធ្វើការគំរាមកំហែងដល់ទីក្រុងគៀវទៀតផង។

ការ​ព្យាករណ៍អំពីអនាគត គឺពិបាក​ណាស់ (Reading the tea leaves) ព្រោះ​អាវុធ​ខ្លះ​ដែល​អាមេរិកបាន​ផ្តល់​ឲ្យអ៊ុយក្រែន ​បាន​ជួយប្រទេសនេះ​ឲ្យ​រួច​ផុត​ពី​បរាជ័យ។

មានរបាយការណ៍ជាច្រើនដែលថា មីស៊ីលប្រភេទ HIMARS (High Mobility Artillery Rocket System) របស់អាមេរិកដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងកងកម្លាំងរុស្ស៊ី បានបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនរួចហើយ ដែលបើយោងតាមមន្ទីរបញ្ចកោណ រហូតមកទល់ពេលនេះមានចំនួនដល់ទៅ ៨ គ្រឿងឯណោះ។

របាយការណ៍នានាបានបង្ហាញថា ប្រព័ន្ធមីស៊ីលនេះបានកម្ទេចទីបញ្ជាការកណ្ដាល នៃកងទ័ពរុស្ស៊ីយ៉ាងហោចណាស់ចំនួនមួយ ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ីអស់ជាច្រើនរូប និងបានបំផ្លាញឃ្លាំងផ្ទុកគ្រាប់រំសេវសំខាន់ៗចំនួន ២ កន្លែង ព្រមទាំងបានបំផ្លាញប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរបស់រុស្ស៊ីទៀតផង។

ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីបានពង្រីកទីតាំងវាយប្រហាររបស់ពួកគេ ដោយបានប្រើប្រាស់មីស៊ីលប្រភេទ Kalibr 3M-54 ដែលបាញ់ចេញពីនាវាមុជទឹក។ មីស៊ីលប្រភេទ Kalibr របស់រុស្ស៊ីចំនួន ៥ គ្រាប់ បានធ្លាក់ចូលទៅក្នុងទីប្រជុំជននៃទីក្រុង Vinnytsia ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលអស់យ៉ាងហោចណាស់ ២៣ នាក់ និងរបួសជាង ១០០ នាក់ផ្សេងទៀត។

បើយោងតាមសមភាគីរុស្ស៊ី ការវាយប្រហារនេះគឺដើម្បីប្រឆាំងនឹងការប្រមូលផ្តុំកងទ័ពអាកាសអ៊ុយក្រែន និងអ្នកផ្គត់ផ្គង់អាវុធបរទេស ហើយមីស៊ីលប្រភេទ Kalibr ទាំងនេះត្រូវបានគេរាយការណ៍មកថា ត្រូវបានបាញ់ចេញពីនាវាមុជទឹករបស់រុស្ស៊ីនៅឯសមុទ្រខ្មៅ។ គេនៅមិនទាន់ឃើញមានរបាយការណ៍ណាមួយដែលបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសអ៊ុយក្រែន ឬក៏ភ្នាក់ងារបរទេសណាម្នាក់បានស្លាប់ពីការវាប្រហារនេះនៅឡើយទេ។

នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីសប្តាហ៍មុន ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគៀវ ដែលបានបើកឡើងវិញកាលពីខែឧសភា បានប្រាប់ជនជាតិអាមេរិកទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញពីប្រទេសនេះដោយប្រើប្រាស់ «មធ្យោបាយដឹកជញ្ជូនជាលក្ខណៈឯកជនតាមផ្លូវគោក» ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយពួកគេត្រូវធ្វើវាដោយខ្លួនឯង ព្រោះស្ថានទូតមិនអាចផ្តល់ជំនួយដល់ពួកគេបានទេ។ ស្ថានទូតនេះក៏បានព្រមានជនជាតិអាមេរិកទាំងអស់ កុំឱ្យធ្វើការប្រមូលផ្តុំគ្នាជាក្រុមធំៗ ឬនៅកន្លែងណាមួយដែលគេអាចកំណត់គោលដៅវាយប្រហារបាន។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគៀវ
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគៀវ

ការជូនដំណឹងរបស់ស្ថានទូតអាមេរិកនេះ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន និងបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងដែលថា រុស្ស៊ីនឹងកំណត់គោលដៅវាយប្រហារលើពលរដ្ឋអាមេរិក ឬម៉្យាងទៀត ស្ថានទូតអាមេរិកជឿថា សង្រ្គាមកំពុងដើរខុសផ្លូវ ដូច្នេះការបន្តមានវត្តមាននៅក្នុងផ្នែកណាមួយនៃប្រទេសអ៊ុយក្រែន គឺជាការគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមបើកសម័យប្រជុំបន្ទាន់វិសាមញ្ញមួយនៃសភាឌូម៉ា។ រហូត​មក​ដល់​ពេល​នេះ សម័យ​ប្រជុំ​សភានោះនៅ​មិន​ទាន់​បង្ហាញ​អ្វី​ច្បាស់លាស់​អំពី​ចេតនាពិតប្រាកដ​របស់​រុស្ស៊ី​នៅក្នុង​សង្គ្រាម​អ៊ុយក្រែននោះ​ទេ ប៉ុន្តែ​វា​អាច​នឹងបង្ហាញឡើងក្នុងពេលឆាប់ៗនេះ។

ប្រធានសភាឌូម៉ា លោក Vyacheslav Volodin បានព្រមានថា ប្រទេសអ៊ុយក្រែនអាចនឹងបាត់បង់អធិបតេយ្យភាពរបស់ខ្លួន ប្រសិនបើសង្រ្គាមនៅតែបន្ត។

លោក Volodin បានប្រកាសថា «ការបដិសេធពីសំណាក់របបទីក្រុងគៀវ និងចៅហ្វាយនាយលោកខាងលិចរបស់ពួកគេ ពីការចរចាដោយសន្តិវិធី គឺមិនប៉ះពាល់ដល់ផែនការ និងសកម្មភាពរបស់ប្រទេសយើងនោះឡើយ។ ប៉ុន្តែ​ការ​បដិសេធ​នេះ​បានប៉ះពាល់ដោយ​ផ្ទាល់​ទៅដល់​ការ​រក្សា​ភាព​ជា​រដ្ឋ​អធិបតេយ្យមួយរបស់អ៊ុយក្រែន។ តាមពិត តាមរយៈសកម្មភាពទាំងនេះ របបទីក្រុង Kiev បានបង្កើតលក្ខខណ្ឌនានាសម្រាប់ឱ្យអ៊ុយក្រែនបាត់បង់ភាពជារដ្ឋអធិបតេយ្យនាពេលអនាគត»។

គេមិនច្បាស់ទេថា តើលោក Volodin គ្រាន់តែឃោសនាសម្រាប់ប្រជាជនរុស្ស៊ី ឬក៏លោកចង់ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់វិមានក្រឹមឡាំងក្នុងការបញ្ចប់ជីវិតប្រទេសអ៊ុយក្រែន។ លោក Volodin មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Putin ហើយគេល្បីថា លោកបានជួយរៀបចំឱ្យលោក Putin បានឈ្នះឆ្នោតជាប្រធានាធិបតីលើកទី៣ និងបានធ្វើឱ្យមុខតំណែងរបស់ខ្លួនកាន់តែមានភាពអភិរក្សនិយម និងបានបង្កើតនូវគោលនយោបាយដែលកាន់តែមានភាពជាតិនិយម។

នៅភាគខាងត្បូងអ៊ុយក្រែន លោក Evgeny Balitsky ប្រធានរដ្ឋបាលផ្នែកលំនៅដ្ឋាននៃទីក្រុង Zaporizhzhia បានប្រកាសថា នៅដើមរដូវស្លឹកឈើជ្រុះខាងមុខ ការបោះឆ្នោតប្រជាមតិមួយនឹងត្រូវធ្វើឡើងដើម្បីសម្រេចថា តើតំបន់នេះនឹងក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីឬយ៉ាងណា។ លោក Balitsky មិនបានកំណត់និយមន័យនៃពាក្យ «តំបន់» នេះទេ ប៉ុន្តែការកត់សម្គាល់របស់លោករបៀបនេះ វាហាក់បានសំដៅទៅលើតំបន់ភាគខាងត្បូងដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី។

បច្ចុប្បន្ននេះ ភាគច្រើននៃតំបន់ភាគខាងត្បូងតាមបណ្តោយសមុទ្រ Azov និងសមុទ្រខ្មៅ ត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី។ ប្រសិនបើតំបន់នេះត្រូវកាត់យកដោយរុស្ស៊ី នោះតំបន់នេះនឹងតភ្ជាប់ទីក្រុងនានាដែលលាតសន្ធឹងពីទីក្រុង Kherson នៅភាគខាងលិចទៅកាន់ទីក្រុង Mariupol និងឆ្លងកាត់ព្រំដែនទៅកាន់ទីក្រុង Rostov-on-Don របស់រុស្ស៊ីដែលទីក្រុងទាំងអស់នេះ ត្រូវបានតភ្ជាប់គ្នាដោយមហាវិថីមួយឈ្មោះថា M-14 ។

រហូតមកដល់ពេលនេះ ទីក្រុងដ៏សំខាន់មួយដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ប៉ុន្តែជាទីចាប់អារម្មណ៍របស់រុស្ស៊ីយ៉ាងពិតប្រាកដនោះ គឺទីក្រុង Odesa ។ ខណៈ​ពេល​ដែល​មាន​ការ​បាញ់​ផ្លោង​ម្តងម្កាលមក​លើ​ទឹកដី​ជុំវិញ​ទីក្រុង​នេះ គេនៅពុំ​ទាន់ឃើញ​មាន​ការ​ប្រយុទ្ធ​គ្នាធំដុំ​ណាមួយ​នៅទីនេះនៅ​ឡើយទេ​។

ទាហានអ៊ុយក្រែននៅរដ្ឋធានី Odesa
ទាហានអ៊ុយក្រែននៅរដ្ឋធានី Odesa

ក្នុងអំឡុងពេលនៃប្រតិបត្តិការនៅតំបន់ Luhansk និង Donbas និងបន្ទាប់ពីបានដណ្ដើមយកទីក្រុង Mariupol រួចមក កងកម្លាំងរុស្ស៊ីបានត្រឹមតែព្យាយាមធ្វើប្រតិបត្តិការវាយទប់ទល់នៅភាគខាងត្បូងតែប៉ុណ្ណោះ ពោលគឺផ្ដោតលើភាគខាងជើងនៃទីក្រុង Kherson ។ ប៉ុន្តែដើម្បីឱ្យ​រុស្ស៊ី​អាចកាត់យក​តំបន់​នេះបាន រុស្ស៊ីត្រូវវាយ​រុញច្រាន​បន្ថែម​ទៀត ពោលគឺត្រូវដណ្តើម​យកទីក្រុង Zaporizhzhia និង​បង្ខំ​ឱ្យកម្លាំងថ្មើរជើងអ៊ុយក្រែន នៅ​ឱ្យឆ្ងាយ​ពីទីក្រុង Kherson ដើម្បី​បើក​លទ្ធភាពឱ្យខ្លួនអាចបើកការ​វាយ​ប្រហារ​តាមផ្លូវគោកទៅលើ​ទីក្រុង Odessa បាន។

អ៊ុយក្រែន​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ ដើម្បី​បញ្ឈប់​ចលនារុលទៅមុខ​របស់​រុស្ស៊ី​នៅ​តំបន់​ភាគ​ខាង​ត្បូង។ កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារលើទីបញ្ជាការកណ្ដាល និងឃ្លាំងអាវុធនានារបស់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីលប្រភេទ HIMARS (ក្នុងចំណោមអាវុធផ្សេងៗទៀត) ។

តំបន់នៅខាងក្នុង និងនៅជុំវិញទីក្រុង Kherson ត្រូវបានជ្រៀតចូលដោយកងទ័ពប្រជាជនរបស់អ៊ុយក្រែន ដែលខ្លះប្រដាប់ដោយអាវុធធុនធ្ងន់ទៀតផង។ ប្រជាជនទាំងឡាយណាដែលគេលឺនិយាយភាសារុស្ស៊ីនៅក្នុងតំបន់ទាំងនេះ ត្រូវបានគេវាយដំ ហើយខ្លះត្រូវបានគេសម្លាប់ចោលទៀតផង។ ប្រសិនបើ​រុស្ស៊ី​វាយយកតំបន់នេះបាន កងទ័ព​អ៊ុយក្រែនទាំងនោះ​នឹង​ប្រឈម​មុខ​នឹង​ការ​លំបាកជាក់ជាមិនខាន។

បើយោងតាមរបាយការណ៍ពីសមភាគីអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមក មានយុទ្ធជនជួរមុខរបស់ខ្លួនប្រហែល ៨០% ហើយដែលត្រូវបានសម្លាប់ រងរបួស ឬរត់ចោលជួរ។ របាយការណ៍សារព័ត៌មាននានាបានលើកឡើងថា យុវជនអ៊ុយក្រែនមានទឹកចិត្តតិចតួចប៉ុណ្ណោះក្នុងការចូលធ្វើជាទាហាន។

យុវជនអ៊ុយក្រែនជាច្រើនបានចាកចេញពីប្រទេស។ ទាហានថ្មីៗនឹងមិនមានការហ្វឹកហ្វឺន និងជំនាញដូចទាហានចាស់ៗឡើយ។ ដូចគ្នានេះដែរ រុស្សីក៏មានបញ្ហាធ្ងន់ធ្ងរជាមួយនឹងទាហានថ្មីៗ ដែលមិនបានទទួលការបណ្តុះបណ្តាលដើម្បីជំនួសទាហានរុស្ស៊ីមួយចំនួនធំ (រហូតដល់ទៅ ៣០០០០ នាក់) ដែលបានស្លាប់នៅក្នុងសង្រ្គាម។

សន្មត់ថា សហរដ្ឋអាមេរិក និងអង្គការ NATO បន្តលើកទឹកចិត្តឱ្យប្រធានាធិបតី Volodymyr Zelensky បន្តធ្វើសង្រ្គាម និងមិនចរចាជាមួយទីក្រុងម៉ូស្គូ នោះរុស្ស៊ីអាចនឹងឆ្លើយតបវិញតាមវិធីមួយចំនួនដូចខាងក្រោម។

រុស្សីអាចបន្តបង្រួបបង្រួមតំបន់ Luhansk និង Donbas បាន ដោយទទួលស្គាល់ឯករាជ្យនៃតំបន់ទាំងនេះ ហើយបន្ទាប់មកធ្វើការកាត់បញ្ចូលទៅក្នុងដែនដីរុស្ស៊ី។ មានសូចនាករចំនួន ២ ដែលគាំទ្រដល់អំណះអំណាងនេះ។

សូចនាករទី១ គឺការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងតំបន់ទាំងនេះ ដូចជាការធ្វើឱ្យប្រតិបត្តិការរបស់រដ្ឋាភិបាលទៅជារបៀបរុស្ស៊ី «Russifying» ដែលមានដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សានៅតាមសាលារៀន, ការណែនាំឱ្យប្រើប្រាស់រូបិយបណ្ណរុស្ស៊ី និងការយកភាសារុស្ស៊ីជាភាសាគោលជាដើម។ ចំណែកឯសូចនាករទី២ វិញ គឺ​រដ្ឋាភិបាលរុស្ស៊ី​បាននិងកំពុង​ចេញ​លិខិតឆ្លងដែន​រុស្ស៊ី​ដល់​ពលរដ្ឋទាំងឡាយណានៅក្នុង​តំបន់​ទាំង ២ នេះ​ ដែល​និយាយ​ភាសា​រុស្ស៊ី​។

គំរូស្រដៀងគ្នានេះត្រូវបានគេរកឃើញនៅក្នុងតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន ពោលគឺពីទីក្រុង Kherson ឆ្លងកាត់ទៅទីក្រុង Mariupol និងបន្តទៅទីក្រុងផ្សេងៗ ទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។

បញ្ហានោះ បើតាមទស្សនៈរបស់រុស្ស៊ីគឺថា ការអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ នៅពេលដែលមានការកាត់បញ្ចូលដែនដីទៅក្នុងរុស្ស៊ី នឹងមិនអាចបញ្ចប់សង្រ្គាមនោះទេ។ ការដែលអាចបិទបញ្ចប់សង្គ្រាមទៅបាន គឺការដក NATO ចេញពីអ៊ុយក្រែន (ដូចអ្វីដែលរុស្ស៊ីបានទាមទារ) ឬរារាំងកុំអោយមានអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែននាពេលអនាគត ដែលជាអ្វីដែលរុស្ស៊ីមានការព្រួយបារម្ភ។

ការ​បញ្ចប់​សង្គ្រាម​នឹង​ទាមទារ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​ក្នុង​ចំណោម​ភាគី​នានា។ បើទោះបីជាមានសម្ពាធពីសំណាក់បារាំងនិងអាល្លឺម៉ង់ក្ដី ក៏រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន នៅតែ​បដិសេធ​មិន​ចរចា​ជាមួយ​រុស្ស៊ីដែរ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងថ្លែងនៅសភាអាមេរិក តាមរយៈប្រព័ន្ធវីដេអូ
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងថ្លែងនៅសភាអាមេរិក តាមរយៈប្រព័ន្ធវីដេអូ

ជាការពិត ការពិភាក្សានៅទីក្រុងអ៊ីស្តាន់ប៊ុល ដែលទទួលបានជោគជ័យនាពេលថ្មីៗនេះ ត្រូវបានរៀបចំដោយរដ្ឋាភិបាលទួរគី ដែលបានធ្វើជាអាជ្ញាកណ្តាលក្នុងការចែកចាយគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែនសម្រាប់ធ្វើការដឹកជញ្ជូនចេញពីកំពង់ផែសមុទ្រខ្មៅ គឺជាការចាត់ចែងតាមលក្ខណៈយោធា មិនមែនជាកិច្ចប្រជុំខាងនយោបាយនោះទេ។

ម្ចាស់ផ្ទះទួរគីបានបញ្ជាក់អំពីចំណុចនេះ ដោយបានបង្ហាញខ្លួនក្នុងឯកសណ្ឋានយោធាយ៉ាងពេញលេញនៅឯកិច្ចប្រជុំនោះ ខណៈពេលដែលអ្នកតំណាងមកពីរុស្ស៊ីនិងអ៊ុយក្រែន បានមកចូលរួមក្នុងសម្លៀកបំពាក់ស៊ីវិល។

ស្របពេលដែលតម្រូវការប្រេងនិងឧស្ម័នរបស់រុស្ស៊ីនៅអឺរ៉ុបនឹងកើនឡើង ព្រមជាមួយនឹងការប្រែប្រួលអាកាសធាតុនៅចុងរដូវក្តៅនេះ ប្រជាជនអឺរ៉ុបប្រហែលជាមិនអាចរក្សាសាមគ្គីភាពជាមួយអាមេរិក លើអនាគតរបស់អ៊ុយក្រែនបានទេ។

ប្រសិនបើអាមេរិកបន្តគាំទ្រអ៊ុយក្រែន និងគាំទ្រការប្រឆាំងរបស់រដ្ឋាភិបាលរបស់លោក Zelensky ចំពោះការចរចានោះ យ៉ាងហោចណាស់បណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនអាចនឹងបែកចេញពីសហរដ្ឋអាមេរិក ហើយនិងដកទណ្ឌកម្មចេញពីរុស្ស៊ីវិញ។

នៅក្នុងការអនុវត្តជាក់ស្ដែង ការនេះមានន័យថា ប្រទេសធំៗនៅអឺរ៉ុប ដូចជាបារាំងនិងអាល្លឺម៉ង់ជាដើម នឹងធ្វើឱ្យខូចដល់គោលការណ៍កុងសង់ស៊ីសរបស់ NATO។ មិនថាអង់គ្លេស ឬប៉ូឡូញដែលជាតួអង្គសំខាន់ ២ ផ្សេងទៀតរបស់ NATO នៅរក្សាសាមគ្គីភាពជាមួយអ៊ុយក្រែននោះទេ វាគឺជាសំណួរបើកចំហមួយដែលថា តើព្រឹត្តិការណ៍ទាំងនេះនឹងត្រូវបានលាតត្រដាងឡើងឬយ៉ាងណា។

គេគ្មានការងឿងឆ្ងល់ទេដែលថា បណ្តាប្រទេសនៅអឺរ៉ុបភាគច្រើនកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ព្រមទាំងភាពចលាចលទៀតផងប្រសិនបើប្រេងឥន្ធនៈនិងថាមពលត្រូវបានកាត់ផ្តាច់ ឬត្រូវបានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរនៅក្នុងរដូវរងារខាងមុខ។ ការបិទទ្វារ ឬការកាត់បន្ថយបុគ្គលិកពីសំណាក់ឧស្សាហកម្មធំៗ គឺជាការខូចខាតយ៉ាងដំណំមួយ។

ប្រសិនបើអាល្លឺម៉ង់និងបារាំងចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីរក្សាលំហូរប្រេង និងឧស្ម័នធម្មជាតិ នោះសហរដ្ឋអាមេរិកនឹងចេញមុខគាំទ្រអ៊ុក្រែនដោយខ្លួនឯង។ ប្រទេសទួរគីបានបញ្ឈប់ការបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រភេទ TB-2 Bayraktar ដែលមានប្រសិទ្ធភាពខ្ពស់របស់ខ្លួនទៅឱ្យទីក្រុងគៀវរួចទៅហើយ។

ប្រទេសហុងគ្រីមិនគាំទ្រគំនិតផ្តួចផ្តើមបង្កសង្គ្រាមរបស់ NATO នោះទេ។ មានសញ្ញាច្បាស់ៗដែលថា កុងសង់ស៊ីសរបស់ NATO កំពុងតែបែកបាក់ហើយ។

សូម្បីតែនៅពេលដែលសហភាពអឺរ៉ុបដែល មិនអាចធ្វើអ្វីបានខាងផ្នែកនយោបាយបាននិងកំពុងតែព្យាយាមរឹតបន្តឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី គឺវាហាក់ដូចជាជំរុញឱ្យរុស្ស៊ីកាន់តែបង្កើនអរិភាព និងបង្កហានិភ័យផ្នែកសន្តិសុខសេដ្ឋកិច្ចរបស់អឺរ៉ុប នៅក្នុងរដូវរងានេះកាន់តែខ្លាំងអ៊ីចឹង។

ប្រសិនបើសមភាគីរុស្ស៊ីទទួលបានការបន្ធូរបន្ថយទណ្ឌកម្មពីសំណាក់អឺរ៉ុបដែលយ៉ាងហោចណាស់ក៏ពីចំណោមប្រទេសធំៗនៅអឺរ៉ុប នោះទីក្រុងមូស្គូប្រហែលជាគិតថា វាគឺជាពេលវេលាដ៏សមស្របមួយក្នុងការបើកការវាយប្រហារទៅលើទីក្រុងគៀវហើយ៕

Asia Times

អត្ថបទទាក់ទង