ខ្មែរប៉ុស្ដិ៍ Close

ខ្លឹមសារសំខាន់ៗនៃការថ្លែងសន្ទរកថាជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 370
ខ្លឹមសារសំខាន់ៗនៃការថ្លែងសន្ទរកថាជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ខ្លឹមសារសំខាន់ៗនៃការថ្លែងសន្ទរកថាជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.

យើងកំពុងរស់នៅក្នុងគ្រាដ៏លំបាកដែលបង្កឡើងដោយកម្លាំងដែលហួសពីការគ្រប់គ្រងរបស់យើង ក៏ប៉ុន្តែយើងនឹងបន្តស្វែងរកដំណោះស្រាយ។ ទាក់ទងនឹងសេដ្ឋកិច្ច យើងនឹងអនុវត្តវិធានការគ្រប់គ្រងសារពើពន្ធដ៏ត្រឹមត្រូវ។ កំណែទម្រង់រដ្ឋបាលសារពើពន្ធនឹងត្រូវបានធ្វើឡើងដើម្បីបង្កើនការប្រមូលចំណូល។

អាទិភាពនៃការចំណាយនឹងទទួលបាននូវការកែសម្រួលឡើងវិញ ហើយប្រសិទ្ធភាពនៃការចំណាយនឹងត្រូវបានពង្រឹងដើម្បីដោះស្រាយភ្លាមៗនូវបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសកូវីដ-១៩ និងដើម្បីត្រៀមរៀបចំសម្រាប់ភាពជាប់គាំងនៅពេលអនាគត។

ការវិនិយោគដែលផ្តោតលើការបង្កើនផលិតភាពនឹងត្រូវបានពង្រឹង។ ប្រទេសរបស់យើងត្រូវតែក្លាយជាគោលដៅវិនិយោគដែលផ្តោតលើការស្ដារសាជីវកម្ម និងការផ្តល់ការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាស ឬការ បង្កើតច្បាប់សេរីភាវូបនីយកម្មសេដ្ឋកិច្ច ដូចជាច្បាប់សេវាសាធារណៈ (Public Service Act) និងច្បាប់វិនិយោគបរទេស (Foreign Investments Act) ជាដើម។

Ecozones នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដើម្បីទាក់ទាញនូវឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជាឧស្សាហកម្មដែលមានជាប់ទាក់ទងនឹងផលិតកម្មដោយប្រើបច្ចេកវិទ្យាទំនើបៗ, ការថែទាំសុខភាព និងវេជ្ជសាស្ត្រ ក៏ដូចជាបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ប្រព័ន្ធពន្ធរបស់យើងនឹងត្រូវបានកែសម្រួលដើម្បីតាមឱ្យទាន់ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល ហើយវាក៏នឹងរួមបញ្ចូលទាំងការដាក់ពន្ធលើតម្លៃបន្ថែមលើអ្នកផ្តល់សេវាឌីជីថលផងដែរ។ នីតិវិធីនៃការអនុលោមតាមច្បាប់ពន្ធនឹងមានលក្ខណៈសាមញ្ញដើម្បីលើកកម្ពស់ភាពងាយស្រួលនៃការបង់ពន្ធ។

ការចំណាយប្រាក់ (Disbursements) សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ នឹងត្រូវរក្សាឱ្យលើស ២០% នៃ GDP ដើម្បីធានាឱ្យបាននូវការអនុវត្តជាបន្តបន្ទាប់នៃកម្មវិធីអាទិភាព។ ការចំណាយប្រាក់ (Disbursements) នឹងកើនឡើងបន្ថែមទៀតសម្រាប់រយៈពេលមធ្យម ពីចំនួន Php ៥,៤០២ ទ្រីលាន (ឬ  ២០,៧% នៃ GDP) ក្នុងឆ្នាំ ២០២៤ ដល់ Php ៧,៧១២ ទ្រីលាន (ឬ ២០,៦% នៃ GDP) ក្នុងឆ្នាំ ២០២៨។

យុទ្ធសាស្ត្រសារពើពន្ធរយៈពេលមធ្យម គឺការរក្សាស្ថិរភាពម៉ាក្រូសារពើពន្ធរយៈពេលខ្លី ទន្ទឹមនឹងការផ្តល់ការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស និងការលើកកម្ពស់និរន្តរភាពសារពើពន្ធរយៈពេលមធ្យម។ កាន់តែសំខាន់ជាងនេះទៅទៀតគឺ «គោលនយោបាយសារពើពន្ធ នឹងប្រមូលផ្តុំធនធានរបស់រដ្ឋាភិបាលយកមកប្រើប្រាស់ដើម្បីបង្កើតជាអត្ថប្រយោជន៍អតិបរមាសម្រាប់សេដ្ឋកិច្ចរបស់យើង»។

គោលដៅម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធរយៈពេលមធ្យម រួមមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ៦,៥% ទៅ ៧,៥% ក្នុងឆ្នាំ ២០២២, កំណើន GDP ពិតប្រាកដពី ៦,៥% ទៅ ៨% ក្នុងមួយឆ្នាំចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨, អត្រាភាពក្រីក្រ ៩% ឬនៅត្រឹមមួយខ្ទង់គិតត្រឹមឆ្នាំ ២០២៨, ឱនភាពរដ្ឋាភិបាលជាតិ ៣% ធៀបនឹងសមាមាត្រ GDP នៅឆ្នាំ ២០២៨, សមាមាត្របំណុលរបស់រដ្ឋាភិបាលជាតិធៀបនឹង GDP តិចជាង ៦០% នៅត្រឹមឆ្នាំ ២០២៥ និងប្រាក់ចំណូលយ៉ាងហោចណាស់ ៤ ២៥៦ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ និងការសម្រេចឱ្យបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៤។

គោលដៅដូចដែលបានរៀបរាប់ខាងលើ គឺជាការសង្ខេបចេញពីគោលបំណងនៃយុទ្ធសាស្រ្តសារពើពន្ធរយៈពេលមធ្យម (MTFF) ដែលត្រូវបានដាក់ជូនសភាសម្រាប់ការអនុម័ត តាមរយៈសេចក្តីសម្រេចរួមដោយព្រឹទ្ធសភានិងសភាតំណាងរាស្រ្ត។ នៅពេលត្រូវបានអនុម័ត យុទ្ធសាស្រ្ត MTFF នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ផែនការចំណាយ និងផែនការហិរញ្ញប្បទានប្រចាំឆ្នាំរបស់រដ្ឋាភិបាលនិងសភា នៅពេលរៀបចំផែនការថវិកាប្រចាំឆ្នាំ និងផែនការសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀត។

យុទ្ធសាស្រ្ត MTFF ក៏នឹងលើកកម្ពស់តម្លាភាព និងការប្តេជ្ញាចិត្តដែលអាចជឿទុកចិត្តបានផងដែរដើម្បីបន្តគោលដៅម៉ាក្រូសេដ្ឋកិច្ចសង្គម ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពថវិការបស់រដ្ឋាភិបាល។ អតីតកាលកន្លងមក និងវីរុសកូវីដ-១៩ នៅពេលថ្មីៗនេះ បានធ្វើឱ្យបរិយាកាសម៉ាក្រូសេដ្ឋកិច្ចជួបប្រទះនឹងបញ្ហាប្រឈម និងការប៉ះទង្គិចពីខាងក្រៅជាបន្តបន្ទាប់។

អតិផរណាបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃតម្លៃប្រេងអន្តរជាតិ និងមុខទំនិញសំខាន់ៗផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះកំណើនសេដ្ឋកិច្ចនៅតែរឹងមាំ ដោយក្នុងនោះ កំណើន GDP ប្រចាំត្រីមាសទី១ នៃ ឆ្នាំ ២០២២ គឺមានចំនួនរហូតដល់ ៨,៣%។

ប៉ុន្តែ ដំណើរការងើបឡើងវិញពីផលប៉ះពាល់នៃវីរុសកូវីដ-១៩ នៅមិនទាន់ចប់នៅឡើយទេ ខណៈដែលភាពមិនច្បាស់លាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចអន្តរជាតិក៏កំពុងមានការកើនឡើង។ សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី ៦,៥% ទៅ ៧,៥% នៅឆ្នាំនេះ។ នៅក្នុងត្រីមាសទី១ GDP បានជួបប្រទះនឹងការកើនឡើងនៃការប្រើប្រាស់នៅក្នុងគ្រួសារ និងការវិនិយោគឯកជន រួមជាមួយនឹងឧស្សាហកម្មផលិតកម្មដ៏រឹងមាំ, អត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់, ការពង្រឹងសមត្ថភាពថែទាំសុខភាព និងនិន្នាការកើនឡើងនៅក្នុងវិស័យទេសចរណ៍ និងការងារ។

កំណើនសេដ្ឋកិច្ចដ៏រឹងមាំត្រូវបានព្យាករថានឹងមាននិរន្តរភាព និងអាចកើនឡើងដល់ ៦,៥% ទៅ ៨% ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ ។ អតិផរណាជាមធ្យមសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករថានឹងមានចំនួនចន្លោះពី ៤,៥% ទៅ ៥,៥% បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ ដែលបណ្តាលមកពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

វាត្រូវបានទម្លាក់បន្តិចមកនៅចន្លោះពី ២,៥% ទៅ ៤,៥% នៅឆ្នាំ ២០២៣ ហើយអាចនឹងត្រឡប់មករកកម្រិតគោលដៅចន្លោះពី ២% ទៅ ៤% នៅឆ្នាំ ២០២៤ រហូត ដល់ឆ្នាំ ២០២៨។ តម្លៃប្រេងឆៅនៅឌូបៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់រង្វង់ ៩០ ទៅ ១១០ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ ២០២២, ៨០ ទៅ ១០០ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ ២០២៣ និង ៧០ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែលចាប់ពីឆ្នាំ ២០២៤ តទៅ ដោយសារការផ្គត់ផ្គង់ប្រេងនឹងមានការកើនឡើង ហើយនឹងមានស្ថិរភាពសម្រាប់រយៈពេលមធ្យម។

ប្រាក់ប៉េសូហ្វីលីពីនត្រូវបានព្យាករថានឹងមានចំនួនជាមធ្យមចន្លោះពី ៥១ ទៅ ៥៣ PhP ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ និង ៥១ ទៅ ៥៥ PhP ក្នុងមួយដុល្លារអាមេរិកចាប់ពីឆ្នាំ ២០២៣ តទៅ ដោយសារតែការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្តាលអាមេរិក, វិបត្តិទីផ្សារនៅចំពេលកើតមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការកើនឡើងតម្លៃប្រេងពិភពលោក។

ជាចុងក្រោយ ការនាំចេញទំនិញត្រូវបានគេរំពឹងថានឹងកើនឡើង ៧% នៅឆ្នាំ ២០២២ និង ៦% នៅចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។ ម្យ៉ាងវិញទៀត ការនាំចូលទំនិញត្រូវបានព្យាករថានឹងកើនឡើង ១៨% នៅឆ្នាំ ២០២២, ៦% នៅឆ្នាំ ២០២៣ និង ៨% នៅចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ។

ខ្ញុំបានណែនាំឱ្យ NEDA ឱ្យធ្វើការសម្របសម្រួលជាមួយភ្នាក់ងារផ្សេងទៀត និងធ្វើការលើផែនការអភិវឌ្ឍហ្វីលីពីន (Philippine Development Plan) សម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ និងឱ្យដាក់មកអោយខ្ញុំនូវប្លង់មេពេញលេញ បូករួមនឹងវឌ្ឍនភាពនៃការអនុវត្តរបស់ខ្លួនឱ្យបាននៅត្រឹមចុងឆ្នាំនេះ។

កត្តាជំរុញដ៏សំខាន់មួយនៃការជំរុញកំណើន គឺមានពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ទាក់ទងនឹងការផ្គត់ផ្គង់ស្បៀង យើងកំពុងប្រឈមមុខនឹងបញ្ហា ២ ដែលនឹងបង្កផលប៉ះពាល់ដល់យើងទាំងក្នុងរយៈពេលខ្លី និងវែង។ កំណែទម្រង់វិស័យកសិកម្មនឹងរួមបញ្ចូលនូវសេវាគាំទ្រ និងការចែកចាយ។ ដើម្បីជួយសម្រួលដល់បញ្ហានេះ ខ្ញុំមានបំណងដាក់ចេញនូវបទបញ្ជាប្រតិបត្តិមួយដើម្បីផ្អាកការទូទាត់លើការរំលោះដីធ្លី និងការបង់ការ ប្រាក់សម្រាប់រយៈពេលមួយឆ្នាំ។

វាត្រូវបានរួម បញ្ចូលនៅក្នុងច្បាប់សាធារណៈលេខ «១១៤៦៩» ឬ «Bayanihan to Heal as One Act»។ ការផ្អាកនេះនឹងផ្តល់ឱ្យកសិករនូវសមត្ថភាពក្នុងការប្រើប្រាស់ធនធានរបស់ពួកគេដើម្បីអភិវឌ្ឍកសិដ្ឋាន, ដើម្បីបង្កើនសមត្ថភាពផលិត និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ អង្គការ​សង្គម​ស៊ីវិល​ក៏​បានផ្តល់ការគាំទ្រ​ចំពោះ​រឿង​នេះ​ដែរ។

សភាក៏ត្រូវតែអនុម័តច្បាប់មួយ ដើម្បីជួយរំដោះអ្នកទទួលផលពីកំណែទម្រង់កសិកម្មចេញពីបន្ទុកបំណុល តាមរយៈការធ្វើវិសោធនកម្មផ្នែកទី ២៦ នៃច្បាប់សាធារណ:លេខ ៦៦៥៧ ។ អ្នកទទួលផលពីកំណែទម្រង់កសិកម្ម ដែលត្រូវទទួលបានដីនៅក្រោមកម្មវិធីកំណែទម្រង់កសិកម្មគ្រប់ជ្រុងជ្រោយនឹងអាចទទួលវាដោយមិនជាប់កាតព្វកិច្ចបង់រំលោះណាមួយនោះឡើយ។

បទបញ្ជាប្រតិបត្តិលេខ ៧៥ ស៊េរីឆ្នាំ ២០១៩ តម្រូវឱ្យភ្នាក់ងាររដ្ឋាភិបាល, ការិយាល័យ, នាយកដ្ឋាននិងយន្តការរដ្ឋាភិបាលទាំងអស់ប្រគល់ដីកសិកម្មទៅឱ្យអ្នកទទួលផលពីកំណែទម្រង់កសិកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ បច្ចុប្បន្ននេះ យើងមានដីកសិកម្មមិនទាន់ប្រើប្រាស់សរុបចំនួន ៥២ ០០០ ហិកតាដែលជារបស់រដ្ឋាភិបាលដែលនឹងត្រូវប្រើប្រាស់សម្រាប់ចែកចាយទៅឱ្យក្រុមមនុស្សដូចជាអតីតយុទ្ធជនគ្មានដី, ប្តីប្រពន្ធដែលនៅរស់រានមានជីវិតពីសង្គ្រាម និងកុមារកំព្រារបស់អតីតយុទ្ធជនសង្គ្រាមដែលគ្មានដី, កងកម្លាំងប្រដាប់អាវុធហ្វីលីពីននិងប៉ូលីសជាតិហ្វីលីពីនចូលនិវត្តន៍ដែលគ្មានដី។

ដីកសិកម្មដែលទទួលបានក្រោមកម្មវិធីនេះ ក៏នឹងត្រូវផ្តល់ជូនផងដែរដល់និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្មដែលគ្មានដី។ យើងត្រូវការកសិករជំនាន់ថ្មីដែលបំពាក់ដោយបច្ចេកវិជ្ជាកសិកម្មទំនើប ដែលអាចចូលរួមក្នុងការធ្វើកសិកម្មតាមបែបវិទ្យាសាស្ត្រប្រកបដោយនិរន្តរភាព ដែលនឹងមិនត្រឹមតែបង្កើនទិន្នផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។

វិស័យទេសចរណ៍ បានដើរតួនាទីដ៏មានតម្លៃក្នុងការផ្សព្វផ្សាយអំពីប្រទេសហ្វីលីពីន។ វិស័យទេសចរណ៍ មិនត្រឹមតែជាឧបករណ៍អភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះក៏បានបង្កើតឱកាសជាច្រើនផងដែរ។ ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍របស់យើងជាដំបូងនិងសំខាន់បំផុត យើងនឹងបង្កើតការអភិវឌ្ឍជាមូលដ្ឋាន ដូចជាការកែលម្អផ្លូវថ្នល់ដើម្បីងាយស្រួលចូលទៅកាន់តំបន់ទេសចរណ៍។

យើងនឹងពង្រឹងអាកាសយានដ្ឋានរបស់យើង ហើយនឹងបង្កើតអាកាសយានដ្ឋានអន្តរជាតិបន្ថែមទៀតដើម្បីជួយកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានម៉ានីល។ យើងក៏នឹងជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញប្រទេស សូម្បីតែទៅកាន់តំបន់ដាច់ស្រយាល ដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចរណ៍។

វាដល់ពេលហើយដែលយើងត្រូវស្វាគមន៍ពិភពលោកទាំងមូលជាមួយនឹងម៉ាកយីហោហ្វីលីពីនដែលត្រូវបានកែលម្អដែលមានលក្ខណៈប្លែក, ទាក់ទាញ និងមានការច្នៃប្រឌិត។ ភាពច្នៃប្រឌិតរបស់ជនជាតិហ្វីលីពីនគឺស្ថិតនៅកម្រិតលំដាប់ពិភពលោក។ យើងពូកែខាងផ្នែកសិល្បៈ និងវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលអាចជួយបង្កើតការងារសម្រាប់ជនរួមជាតិរបស់យើង។

ឧស្សាហកម្មច្នៃប្រឌិតក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ បូករួមទាំងទីតាំងធ្វើការងារ, ម៉ោងធ្វើការ, កម្មសិទ្ធិបញ្ញា និងសុខុមាលភាព របស់អ្នកធ្វើការក្រៅក្របខណ្ឌ (Freelancer) ដែលត្រូវបានទុកចោលឱ្យរងគ្រោះនៅក្នុងអំឡុងពេលរាតត្បាតនៃវីរុស។ យើងត្រូវការឱ្យមានឧស្សាហកម្មច្នៃប្រឌិតដែលមានលក្ខណៈជាស្ថាប័ន ដែលនឹងជំរុញផលប្រយោជន៍របស់អ្នកពាក់ព័ន្ធទាំងអស់។ ក្រសួងសុខុមាលភាពសង្គមនិងអភិវឌ្ឍ នឹងដើរតួនាទីសំខាន់នៅក្នុងកិច្ចការទាំងអស់នេះ។

វីរុសរាតត្បាតបាននាំមកតម្រូវការសម្រាប់ប្រព័ន្ធថែទាំសុខភាពដែលមានភាពរឹងមាំជាងនេះ ហើយយើង​ត្រូវ​តែ​នាំ​យក​សេវា​វេជ្ជសាស្រ្ដ​ទៅកាន់​ប្រជាពលរដ្ឋដោយយើង​មិន​ត្រូវ​រង់ចាំ​ពួកគេ​មកកាន់​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​របស់​យើង​ឡើយ។ មូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះនៃប្រព័ន្ធថែទាំសុខភាពដ៏រឹងមាំគឺ «ការផ្តល់អ្នកជំនាញវេជ្ជសាស្រ្តដែលមានសមត្ថភាព និងប្រសិទ្ធភាព»។

យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីពង្រឹងសុខុមាលភាពរបស់វេជ្ជបណ្ឌិត, គិលានុបដ្ឋាយិកានិងបុគ្គលិកពេទ្យជួរមុខផ្សេងទៀត។ នេះគឺជាមេរៀនដ៏ជូរចត់មួយដែលយើងបានរៀននៅពេលកើតមានវីរុសរាតត្បាត។ ហេតុដូច្នេះហើយ យើងត្រូវតែកែសម្រួលចំណុចខ្វះខាតទាំងនេះ។

នៅក្នុង​វិស័យ​អប់រំ ខ្ញុំ​ជឿ​ថា «​វា​ដល់​ពេល​ហើយ​ដែល​កូន​ៗ​របស់​យើង​ត្រូវ​ត្រឡប់​មក​កាន់ថ្នាក់​រៀនវិញ»។ ក្រសួងអប់រំដែលដឹកនាំដោយអនុប្រធានាធិបតីដ៏ពូកែរបស់យើង គឺអ្នកស្រី Sara Duterte កំពុងរៀបចំសម្រាប់ឆ្នាំសិក្សាខាងមុខនេះ ដោយផ្តោតការគិតគូរជាទីបំផុតចំពោះសុវត្ថិភាពរបស់សិស្ស ដោយសារយើងកំពុងស្ថិតក្នុងស្ថានភាពនៃការរាតត្បាតនៃវីរុស។

យើងត្រូវតែធានាថា «ថ្នាក់រៀនរបស់យើងមានសុវត្ថិភាពសម្រាប់គ្រូ, សម្រាប់សិស្ស និងសហគមន៍សិក្សាទាំងមូល នៅពេលពួកគេត្រឡប់មកកាន់ថ្នាក់រៀនវិញ» ហើយយើងនឹងបន្តលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យទទួលវ៉ាក់សាំងបង្ការ។ យើងកំពុងផ្តល់ការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្ន ហើយធាតុចូលនិងទស្សនៈចាំបាច់ទាំងអស់កំពុងត្រូវបានពិចារណា។

សម្រាប់រយៈពេលវែងជាងនេះ យើងកំពុងបង្កើតកម្មវិធីសិក្សាថ្មី និងការបណ្តុះបណ្តាលឡើងវិញសម្រាប់គ្រូបង្រៀនរបស់យើង។ ដូច្នេះពួកគេអាចរក្សាបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងពិភពលោកក្រោយការរាតត្បាតនៃវីរុសកូវីដ-១៩។ ចាប់ពីពេលនេះកូនៗរបស់យើងនឹងទទួលបាននូវការបំពាក់នូវឧបករណ៍ល្អៗបំផុតដែលយើងអាចផ្តល់ឱ្យ។

ឥឡូវនេះ កុមារត្រូវការការតភ្ជាប់អ៊ីនធឺណិត ហើយពួកគេត្រូវការឧបករណ៍ដើម្បីប្រើវាដែលរួមមានដូចជាកុំព្យូទ័រជាដើម ដើម្បីអាចឱ្យពួកគេចូលរួមបានយ៉ាងពេញលេញនៅក្នុងសហគមន៍ឌីជីថលទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ យើងត្រូវតែធ្វើឱ្យបានល្អជាងនេះនៅលើឆាកអន្តរជាតិ ជាពិសេសនៅពេលនិយាយដល់មុខវិជ្ជា STEM : វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា។

ជំនាញ និងចំណេះដឹងនេះគឺចាំបាច់ណាស់សម្រាប់យុវជនរបស់យើងដើម្បីអាចប្រកួតប្រជែងនៅក្នុងពិភពលោកដែលពោរពេញទៅដោយបច្ចេកវិទ្យា និងការប្រកួតប្រជែង។ ទេពកោសល្យ​គឺ​មាន​នៅ​ក្នុង​ចំណោម យុវជន​យើង ហើយវានឹងអាស្រ័យលើប្រព័ន្ធអប់រំរបស់យើងក្នុងការអភិវឌ្ឍ និងពង្រឹងក្រុមអ្នកមានទេពកោសល្យដ៏អស្ចារ្យទាំងនេះ។

និយោជកបរទេសមានការពេញចិត្តចំពោះបុគ្គលិកហ្វីលីពីន ដោយសារតែសមត្ថភាពភាសាអង់គ្លេស ហើយនេះ​ជា​អត្ថប្រយោជន៍​មួយ​ដែល​យើង​ត្រូវ​តែបន្ត​ពង្រឹង។ អ៊ីនធឺណិតឥឡូវនេះបានក្លាយជាទីផ្សារពិភពលោក ហើយភាសាដែលប្រើលើប្រព័ន្ធអ៊ីនធឺណិតគឺជាភាសាអង់គ្លេស។ ដូច្នេះហើយដើម្បីរក្សាបាននូវអត្ថប្រយោជន៍របស់យើង គឺការបន្តអភិវឌ្ឍមនុស្សដែលនិយាយភាសាអង់គ្លេស។

យើងកំពុងឈានចូលដល់យុគសម័យនៃការទទួលយកបច្ចេកវិទ្យា។ វាគឺជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដោយក្នុងនោះ បច្ចេកវិទ្យាត្រូវបានបញ្ចូលទៅក្នុងស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចេកវិទ្យាឈានមុខគេរួមមានបញ្ញាសិប្បនិមិត្ត, បច្ចេកវិទ្យាណាណូ, មនុស្សយន្ត, យានជំនិះដែលបើកបរដោយខ្លួនឯង, ការបោះពុម្ព 3D បូករួមនឹងរបស់ជាច្រើនទៀតដែលនឹងនាំមកនូវការផ្លាស់ប្តូររបៀបរបបក្នុងការធ្វើអាជីវកម្ម។

បេសកកម្មរបស់ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់យើងគឺ «ការកំណត់ និងការប្រើប្រាស់ការច្នៃប្រឌិតទាំងនេះ ដើម្បីកែលម្អអភិបាលកិច្ច»។ ឥឡូវនេះ វាបានក្លាយជាភារកិច្ចដ៏ចាំបាច់ក្នុងការប្រែក្លាយរដ្ឋាភិបាលរបស់យើងឱ្យទៅជា «ការិយាធិបតេយ្យដ៏រហ័សរហួនដែលនឹងឆ្លើយតបទៅនឹងរាល់តម្រូវការរបស់សាធារណៈជន, ផ្តល់ទិន្នន័យល្អៗនិង រឹងមាំដើម្បីធានាឱ្យបាននូវការសម្រេចចិត្តដ៏ត្រឹមត្រូវ បូករួមនឹងការផ្តល់សេវាសាធារណៈប្រកបដោយសុវត្ថិភាព និងសមភាព»។

កំណត់ត្រាដ៏អស្ចារ្យដែលត្រូវបានរក្សាទុកក្នុងឃ្លាំងនិងបណ្ណសាររបស់រដ្ឋាភិបាលត្រូវតែមានលក្ខណៈឌីជីថល។ អត្តសញ្ញាណបណ្ណជាតិនឹងដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនេះ។ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើប្រតិបត្តិការជាមួយរដ្ឋាភិបាលបានយ៉ាងរលូន អត្តសញ្ញាណរបស់ពួកគេត្រូវតែអាចផ្ទៀងផ្ទាត់បានយ៉ាងងាយស្រួល។

យើងរំពឹងថានឹងអាចចេញអត្តសញ្ញាណបណ្ណចំនួន ៣០ លាន និងអត្តសញ្ញាណបណ្ណឌីជីថល ២០ លាននៅត្រឹមចុងឆ្នាំនេះ ហើយគោលដៅរបស់យើងគឺ «ការសម្រេចបាននូវការចេញអត្តសញ្ញាណបណ្ណប្រហែល ៩២ លាន នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ»។

នៅពេលដែលពិភពលោកឈានចូលទៅក្នុងសម័យឌីជីថលភាវូបនីយកម្ម គំលាតឌីជីថលនឹងកើតមានកាន់តែច្បាស់។ វានឹងនាំមកនូវឱកាសថ្មីៗសម្រាប់ការបង្កើនទ្រព្យសម្បត្តិ ក៏ប៉ុន្តែវាក៏នឹងបង្កើតឱ្យមានវិសមភាពផងដែរ។ ដូច្នេះ ការតភ្ជាប់ជាសកលនឹងក្លាយជាធាតុផ្សំដ៏សំខាន់ដើម្បីធានាថា «គ្មានពលរដ្ឋណាម្នាក់នឹងត្រូវបានគេទុកចោលដោយមិនអើពើឡើយ»។

ដូច្នេះហើយ ខ្ញុំបានប្រគល់ភារកិច្ចទៅឱ្យក្រសួង DICT ដើម្បីដាក់ពង្រាយការតភ្ជាប់ឌីជីថលនៅទូទាំងកោះនានា របស់យើងដែលនឹងត្រូវធ្វើឡើងតាមរយៈការអនុវត្តផែនការជាតិ «Broadband» ដែលជាកម្មវិធីតភ្ជាប់តំបន់ដាច់ស្រយាល និងតំបន់ខ្វះខាត (GIDA) តាមរយៈគម្រោង «Broad Band ng Masa»។

ដោយសារច្បាប់សេវាកម្មសាធារណៈរបស់យើងបានបើកទ្វារ និងបានដកចេញនូវការរឹតបន្តឹងលើការវិនិយោគបរទេស យើងរំពឹងថានឹងមានការកើនឡើងនៃការវិនិយោគផ្ទាល់ពីក្រៅប្រទេសដែលអាចជួយបង្កើនគុណភាពនៃសេវាកម្មទូរគមនាគមន៍នៅទូទាំងប្រទេស ជាមួយនឹងតម្លៃសមរម្យ។

ឆ្អឹងខ្នងនៃសេដ្ឋកិច្ច គឺហេដ្ឋារចនាសម្ព័ន្ធ។ កម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាល Duterte ត្រូវតែបន្តអនុវត្ត និងពង្រីកបន្ថែម។ យើងត្រូវបន្តរក្សាសន្ទុះ ហើយនឹងបន្តការ​សាង​សង់ឱ្យបាន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងនៅតែជាចំណុចអាទិភាពខ្ពស់។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​នឹង​មិន​ផ្អាក​គម្រោង​ដែល​កំពុង​បន្ត​នោះ​ទេ ពីព្រោះ​គម្រោង​ទាំង​នោះមាន​ប្រយោជន៍ចំពោះសាធារណជន​ ហើយយើង​នឹង​បន្ត​សិក្សា​លើ​សំណើ​ដែល​បាន​ស្នើឡើង។

ការ​ចំណាយ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​មាន​និរន្តរភាព​ក្នុង​កម្រិត ៥% ទៅ ៦% នៃ GDP។ ខ្ញុំជឿថា «ការពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុក នឹងអាចធ្វើទៅបានប្រសិនបើយើងបន្តលើកទឹកចិត្តឱ្យមាន ការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍកម្មវិធីរបស់យើង»។ ភាពជាដៃគូឯកជន សាធារណៈ (Public Private Partnerships) ឬ PPPs មានសក្តានុពលដ៏អស្ចារ្យសម្រាប់ការពង្រីក, សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ការច្នៃប្រឌិត។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ជាចម្បង ព្រោះវាគឺជាធាតុដ៏ចាំបាច់ដើម្បីកែលម្អវិស័យជាច្រើនទៀតដែលរួមមានទាំងកសិកម្ម, ទេសចរណ៍, សកម្មភាពសេដ្ឋកិច្ចទូទៅ និងសូម្បីតែអភិបាលកិច្ច។ យើងបានខកខានឱកាសដ៏អស្ចារ្យមួយចំនួនក្នុងការអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក។ ផ្លូវរថភ្លើងផ្តល់នូវសក្តានុពលដ៏អស្ចារ្យ ព្រោះវានៅតែជាមធ្យោបាយដឹកជញ្ជូនទំនិញនិងអ្នកដំណើរដែលមានតម្លៃថោកបំផុត។

យើងអាចសាងសង់លើខ្សែដែលមានស្រាប់ដោយធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកចាស់ៗ។ យើងមានគម្រោងផ្លូវដែករាប់សិប ទាំងនៅលើដីនិងក្រោមដី និងមិនត្រឹមតែនៅទីក្រុងម៉ានីលប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងតំបន់ផ្សេងទៀតផងដែរ ដែលការចំណាយរួមគ្នាមានចំនួនរហូតដល់ ១,៩ ទ្រីលានប៉េសូ។

យើងក៏នឹងបន្តពង្រឹងផ្លូវថ្នល់និងប្រព័ន្ធដឹកជញ្ជូនរបស់យើងនៅក្នុងទីក្រុងសំខាន់ៗនៅទូទាំងប្រទេសតាមរយៈគម្រោងផ្សេងៗ ដូចជា Cebu Bus Rapid Transit, Davao High Priority Bus System, Ilocos Norte Transportation Hub, និង El Nido Transport Terminal។ ការកែលម្អប្រព័ន្ធផ្លូវដែករបស់យើង រួមជាមួយនឹងការធ្វើទំនើបកម្មអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រដែលមានស្រាប់ នឹងពង្រីកទីតាំងយុទ្ធសាស្ត្ររបស់យើងនៅតំបន់ប៉ាស៊ីហ្វិក ហើយនឹងតភ្ជាប់កោះជាច្រើនរបស់យើង។

វិស័យសំខាន់មួយនៅក្នុងផែនការផ្លាស់ប្តូររបស់យើងគឺថាមពល។ តម្រូវការជាមូលដ្ឋានមួយទៀត សម្រាប់កំណើននិងការកើនឡើងនៃការងារ គឺការមានថាមពលដែលមានតម្លៃថោក និងដែលអាចទុកចិត្តបាន។ បច្ចុប្បន្ននេះ តម្រូវការថាមពលរបស់យើងបានកើនលើសពីការផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។ ដូច្នេះ យើងត្រូវបង្កើនកម្រិតនៃការផលិតថាមពល។ យើងត្រូវសាងសង់រោងចក្រថាមពលថ្មី ហើយយើងត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដ៏ល្អបំផុតទាំងអស់ដែលមាន ជាពិសេសនៅក្នុងផ្នែកថាមពលកកើតឡើងវិញ។

បច្ចេកវិទ្យាថាមពលកកើតឡើងវិញកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយ​បច្ចេកវិទ្យា​ទាំងនេះ​ភាគច្រើន​គឺ​មានលក្ខណៈសមស្រប​សម្រាប់ប្រទេស​ហ្វីលីពីន។ យើង​បាន​ចាប់​ផ្ដើម​ថាមពល​ដើរដោយ​ខ្យល់​រួច​ហើយ។ ឥឡូវនេះយើងកំពុងពង្រីកផលិតកម្មថាមពលដើរដោយពន្លឺព្រះអាទិត្យ។

ខ្ញុំជឿថា «វាដល់ពេលហើយ ក្នុងការត្រួតពិនិត្យមើលឡើងវិញនូវយុទ្ធសាស្រ្តរបស់យើងឆ្ពោះទៅរកការកសាងរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសហ្វីលីពីន»។ យើងនឹងគោរពតាមបទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ។

កម្លាំងរុញច្រានទាំងអស់សម្រាប់ការអភិវឌ្ឍនិងកំណើន កំពុងកើតមានឡើងនៅក្នុងបរិបទនៃការពន្លឿនការប្រែប្រួលអាកាសធាតុ។ បើទោះបីជាយើងជាអ្នករួមចំណែកតិចតួចចំពោះការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោកក៏ដោយ ក៏យើងបាននិងកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ដើម្បីសុខុមាលភាពរបស់ប្រជាជន វាគឺជាបន្ទុករបស់យើងក្នុងការកាត់បន្ថយភាពងាយរងគ្រោះនេះ។ ការប្រើប្រាស់ថាមពលកកើតឡើងវិញគឺស្ថិតនៅចំណុចកំពូលនៃរបៀបវារៈអាកាសធាតុរបស់យើង។ យើង​នឹង​បង្កើន​ការ​ប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ ដូចជា​វារីអគ្គិសនី, ថាមពល​កំដៅ​ក្នុង​ផែនដី, ថាមពល​ព្រះអាទិត្យ និង​ខ្យល់។

ផ្អែកលើភូមិសាស្ត្រ យើងគឺជាប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។ ដូច្នេះ ការកសាងសមត្ថភាពសម្រាប់ភាពធន់នឹងគ្រោះធម្មជាតិរបស់យើងគឺជារឿងដ៏ចាំបាច់។ ការវិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាការចាំបាច់ដើម្បីឱ្យយើងអាចព្យាករណ៍ អំពីអាកាសធាតុបានត្រឹមត្រូវ និងអាចជូនដំណឹងអំពីគ្រោះមហន្តរាយបានទាន់ពេលវេលា។

ការសិក្សាបានបង្ហាញថា «ឥឡូវនេះ តំបន់ជាច្រើននៅក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ពីការកើនឡើងនៃកម្រិតទឹកសមុទ្រដែលបណ្តាលមកពីការកើនឡើងនៃសីតុណ្ហភាពពិភពលោក»។ យើងត្រូវតែសម្របខ្លួនទៅនឹងបាតុភូត នេះជាមួយនឹងផែនការការពារគ្រោះមហន្តរាយ។ យើងក៏នឹងពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ទឹកសាប ដែលមិនច្បាស់លាស់នៅក្នុងប្រទេស ជាពិសេសនៅក្នុងតំបន់ទីក្រុងរបស់យើង។

ប្រព័ន្ធផ្គត់ផ្គង់ទឹកជាច្រើនរបស់ យើងមានវត្តមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ហើយឥឡូវនេះវាត្រូវការការស្តារឡើងវិញ។ ខ្ញុំបានណែនាំ DENR ឱ្យសហការគ្នាជាមួយ DPWH ដើម្បីស្វែងរកភាពជាដៃគូដែលអាចធ្វើទៅបានជាមួយវិស័យឯកជនដើម្បី ដោះស្រាយស្ថានភាពដ៏សំខាន់នេះ។

ប្រទេសហ្វីលីពីនមានច្បាប់ដ៏ល្អឥតខ្ចោះស្តីអំពីបរិស្ថាន ក៏ប៉ុន្តែយើងត្រូវតែធានាថា «ច្បាប់ទាំងនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ» ហើយវានឹងតម្រូវឱ្យមានការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ យ៉ាងច្រើនរវាងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនិងរបស់ឯកជន។ ក្រុមហ៊ុនដែលកេងប្រវ័ញ្ចធនធានធម្មជាតិត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់។

យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការថែរក្សាផែនដីនេះ ដើម្បីមនុស្សជំនាន់ក្រោយ។ ការ​ថែរក្សា​បរិស្ថាន​គឺ​ជា​ការ​ថែរក្សា​អាយុជីវិត។ ប្រសិនបើយើងមិនអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបានទេ ផែនការ ទាំងអស់របស់យើងសម្រាប់សេដ្ឋកិច្ច, ផែនការទាំងអស់របស់យើងសម្រាប់អនាគតនឹងក្លាយជាអសារបង់។

ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស ខ្ញុំនឹងមិនចូលរួមនៅក្នុងដំណើរការណាមួយ ដែលនឹងនាំមកនូវការបាត់បង់សូម្បីតែមួយអ៊ីងការ៉េនៃទឹកដី នៃសាធារណរដ្ឋហ្វីលីពីនទៅឱ្យមហាអំណាចបរទេសណាមួយ នោះឡើយ។ ប្រទេសហ្វីលីពីននឹងបន្តធ្វើជាមិត្តជាមួយអ្នកទាំងអស់គ្នា ហើយនឹងមិនធ្វើជាសត្រូវជាមួយអ្នកណានោះឡើយ។

ប្រទេសហ្វីលីពីនតែងតែបើកចំហ និងស្វាគមន៍ចំពោះមិត្តភក្តិនិងភ្ញៀវបរទេសទាំងអស់។ នេះគឺជាទស្សនៈរបស់យើង និងជាវប្បធម៌របស់យើង។ យើងនឹងធ្វើជាអ្នកជិតខាងដ៏ល្អដែលតែងតែស្វែងរកមធ្យោបាយដើម្បីសហការដែលនឹងផ្តល់ជាផលប្រយោជន៍ទៅវិញទៅមក។ ប្រសិនបើ​យើង​យល់​ស្របគ្នា យើង​នឹង​សហការគ្នាហើយ​យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នា។ ប៉ុន្តែ​បើ​យើង​យល់ខុស​គ្នា យើង​នឹងបន្តពិភាក្សាគ្នា​បន្ថែម​ទៀត​រហូត​ដល់​យើងអាច​បង្កើត​ការ​ឯកភាពគ្នា។

យើងនឹងប្រកាន់ជំហរយ៉ាងរឹងមាំនៅក្នុងគោលនយោបាយការបរទេសឯករាជ្យរបស់យើង ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់យើង។ យើងប្តេជ្ញារក្សាទំនាក់ទំនងល្អជាមួយពិភពលោកទាំងមូល ជាពិសេសនៅក្នុងគ្រាដ៏អាក្រក់បំផុត ដូចជានៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត។ ភាពជាដៃគូនិងសម្ព័ន្ធភាពដែលយើងបានបង្កើតជាមួយទាំងអស់គ្នា នឹងផ្តល់នូវស្ថិរភាពដែលប្រជាជាតិទាំងអស់ត្រូវការនៅក្នុងសេដ្ឋកិច្ចពិភពលោកថ្មី។ ហ្វីលីពីននឹងបន្តលើកកម្ពស់ទំនាក់ទំនងឱ្យបានកាន់តែរឹងមាំជាមួយដៃគូទាំងអស់របស់យើង នៅជុំវិញពិភពលោក។

ដោយសារខ្ញុំមកថ្ងៃនេះដើម្បីនិយាយទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិ សូមអនុញ្ញាតឱ្យខ្ញុំស្នើច្បាប់ដែលយើងចង់ឱ្យអ្នកអនុម័តពាក់ព័ន្ធនឹងកម្មវិធីទាំងនេះ។ «កម្មវិធីពង្រឹងប្រសិទ្ធភាពរបស់រដ្ឋាភិបាលជាតិ (NGRP)» : យន្តការកំណែទម្រង់ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពស្ថាប័នរបស់រដ្ឋាភិបាលក្នុងការអនុវត្តអាណត្តិរបស់ខ្លួនដើម្បីផ្តល់សេវាកម្មឱ្យបានកាន់តែប្រសើរឡើង ទន្ទឹមនឹងការធានានូវការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

NGRP នឹងផ្តល់នូវការពិនិត្យឡើង វិញជាយុទ្ធសាស្រ្តដ៏ទូលំទូលាយនៃមុខងារប្រតិបត្តិការ, ការរៀបចំប្រព័ន្ធ និងដំណើរការរបស់ទីភ្នាក់ងារផ្សេងៗគ្នា និងការផ្តួចផ្តើមគំនិតផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងទីភ្នាក់ងារពាក់ព័ន្ធ ដូចជាការរួមបញ្ចូលគ្នា, ការបង្រួបបង្រួម, ការបំបែក, ការផ្ទេរ និងសូម្បីតែការលុបបំបាត់ការិយាល័យមួយ ចំនួន។ កិច្ចខិតខំប្រឹងប្រែងពង្រឹងប្រសិទ្ធភាព ក៏នឹងរួមបញ្ចូលផងដែរនូវការត្រួតពិនិត្យជាយុទ្ធសាស្រ្តដ៏ទូលំទូលាយលើមុខងាររបស់កម្មវិធី និងគម្រោងនានា។

«សេចក្តីព្រាងច្បាប់ទំនើបកម្មថវិកា» មានគោល បំណងរៀបចំ «ប្រព័ន្ធថវិកាដោយផ្អែកលើសាច់ប្រាក់» «CBS» ក្រោមបទបញ្ជាប្រតិបត្តិលេខ ៩១ ស៊េរីឆ្នាំ ២០១៩ ដើម្បីពង្រឹងវិន័យសារពើពន្ធក្នុងការបែងចែក និងការប្រើប្រាស់ធនធានថវិកាដើម្បីធានាថា «រាល់ថវិកា ដែលផ្តល់ដោយរដ្ឋាភិបាលនឹងនាំមក នូវកម្មវិធីនិងគម្រោងជាក់ស្តែង»។ ការអនុវត្តយ៉ាងពេញលេញនៃច្បាប់ CBS គឺមានសារៈសំខាន់ណាស់នៅពេលដែលរដ្ឋាភិបាលអនុវត្តផែនការឆ្លើយតប និងវិធានការស្តារឡើងវិញក្រោយវីរុសរាតត្បាត។

«កញ្ចប់ពន្ធទី៣» សេចក្តីព្រាងច្បាប់កំណែទម្រង់តម្លៃ»  ច្បាប់នេះនឹងផ្តល់ជូនសម្រាប់ ៖

(ក) ការបង្កើតតម្លៃអចលនទ្រព្យជាក់ ស្តែង និងស្តង់ដារវាយតម្លៃនៅទូទាំងប្រទេស និង
(ខ) ការអភិវឌ្ឍប្រព័ន្ធព័ត៌មានអចលនទ្រព្យដែលនឹងផ្តល់ជាមូលដ្ឋានទិន្នន័យសម្រាប់រាល់ប្រតិបត្តិការនិងការប្រកាសអចលនទ្រព្យទាំងអស់នៅ ក្នុងប្រទេស។

«សេចក្តីព្រាងច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលអកម្ម និងការបង់ពន្ធអន្តរការី (PIFITA)»  មានគោលបំណងកែទម្រង់ការយកពន្ធលើប្រាក់ចំណូលមូលធននិងសេវាកម្មហិរញ្ញវត្ថុ តាមរយៈការរៀបចំឡើងវិញនូវការយកពន្ធលើវិស័យហិរញ្ញវត្ថឱ្យមានលក្ខណៈសាមញ្ញ, យុត្តិធម៌ និងមានប្រសិទ្ធភាពជាងមុន។

«ច្បាប់រដ្ឋាភិបាលឌីជីថល» សម្រាប់ការបង្កើតផែនការមេរបស់រដ្ឋាភិបាលឌីជីថល ដែលនឹងគ្របដណ្តប់លើសេវាកម្ម និងដំណើរការទាំងអស់របស់រដ្ឋាភិបាលឌីជីថល។

«ច្បាប់ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណេត ឬច្បាប់ពាណិជ្ជកម្មឌីជីថល» មានគោលបំណងបង្កើតបទប្បញ្ញត្តិប្រកប ដោយប្រសិទ្ធភាពពាក់ព័ន្ធនឹងសកម្មភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត ឬមធ្យោបាយអេឡិចត្រូនិកដើម្បីធានាថា «សិទ្ធិអ្នកប្រើប្រាស់ និងឯកជនភាពនៃទិន្នន័យនឹងត្រូវបានការពារ, ការច្នៃ ប្រឌិតនឹងត្រូវបានលើកទឹកចិត្ត, ការអនុវត្តការផ្សាយពាណិជ្ជកម្មនិងការ ប្រកួតប្រជែងដោយយុត្តិធម៌នឹងត្រូវបាន ពង្រឹង, ប្រតិបត្តិការតាមប្រព័ន្ធអនឡាញ នឹងមានសុវត្ថិភាព, កម្មសិទ្ធិបញ្ញានឹងត្រូវបានការពារ ហើយ ស្តង់ដារផលិតផល និងសុវត្ថិភាពនឹងត្រូវបានត្រួតពិនិត្យ»។

«គំនិតផ្តួចផ្តើមរួមរបស់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សហគ្រាសដែលរងទុក្ខ ដើម្បីការស្តារ សេដ្ឋកិច្ចឡើងវិញ (GUIDE)» មានគោលបំណងផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រាសដែលរងទុក្ខលំបាក តាមរយៈកម្មវិធីនិងគំនិតផ្តួចផ្តើមដែលត្រូវបានអនុវត្តដោយ Land Bank of Philippines, Development Bank of Philippines និង Philippine Guarantee Corporation ក្នុងគោលបំណងដោះស្រាយបញ្ហាសាច់ប្រាក់របស់ MSMEs និងបណ្តាឧស្សាហកម្មសំខាន់ៗជា យុទ្ធសាស្ត្រដើម្បីលើកទឹកចិត្តដល់ការបន្តប្រតិបត្តិការរបស់ពួកគេ និងដើម្បីរក្សាការងារ។

«ការបង្កើតអង្គភាពបម្រុងផ្នែកវេជ្ជសាស្រ្ត» នឹងបង្កើតអង្គភាពបម្រុងផ្នែកវេជ្ជសាស្រ្ត (Medical Reserve Corp – MRC) ក្រោមការិយាល័យគ្រប់គ្រងសុខភាព និងសង្គ្រោះបន្ទាន់ (HEMB) នៃក្រសួងសុខាភិបាល។ MRC នឹងរួមមានគ្រូពេទ្យដែលមានអាជ្ញាបណ្ណ, និស្សិតពេទ្យដែលបានបញ្ចប់វគ្គសិក្សាវេជ្ជសាស្រ្តរយៈពេល ៤ ឆ្នាំ, និស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ, គិលានុបដ្ឋាយិកា និងអ្នកជំនាញផ្នែកសុខភាព។

«អាជ្ញាធរជាតិគ្រប់គ្រងនិងបង្ការជំងឺ» សេចក្តីព្រាងច្បាប់នេះនឹងបង្កើតមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺ (CDC) ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល។

«ការបង្កើតវិទ្យាស្ថានវីរុសសាស្ត្រហ្វីលីពីន» នឹងបង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវីរុសសាស្ត្រហ្វីលីពីន (VIP) ដែលជាភ្នាក់ងាររបស់ DOST ។ ការិយាល័យនិងអង្គភាពទាំងអស់ ដែលស្ថិតនៅក្រោម DOST ដែលមានភារកិច្ចទាក់ទងនឹងវីរុស នឹងត្រូវផ្ទេរទៅកាន់វិទ្យាស្ថានវីរុសសាស្ត្រហ្វីលីពីន។

«ក្រសួងធនធានទឹក» មានគោលបំណងបង្កើតក្រសួងធនធានទឹក និងអនុម័តវិធានការគ្រប់គ្រងធនធានទឹក ដែលមានលក្ខណៈរួមបញ្ចូលគ្នា (Integrated Water Resource Management-IWRM) ជាក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងទឹក, ការធ្វើគោលនយោបាយ និងផែនការជាតិ។

«ប្រព័ន្ធរួមនៃការចូលនិវត្តន៍ និងប្រាក់សោធននិវត្តន៍» វានឹងផ្តល់ប្រាក់សោធនប្រចាំខែដល់ជនមានពិការភាព ជំនួសឱ្យអត្ថប្រយោជន៍ពិការភាពដែលបានផ្តល់នៅក្រោមច្បាប់ដែលមានស្រាប់ សម្រាប់បុគ្គលិកយោធាដែលចូលនិវត្តន៍ដោយហេតុផលពិការ។

«ច្បាប់​អភិបាលកិច្ចឌីជីថល» វានឹងលើកកម្ពស់ការប្រើប្រាស់អ៊ីនធឺណិត, អ៊ីនត្រាណិត និង ICT ផ្សេងទៀត ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ។

«ច្បាប់ប្រើប្រាស់ដីជាតិ»  វានឹងផ្តល់នូវការគ្រប់គ្រងប្រកបដោយភាពសមហេតុផល និងការអភិវឌ្ឍធនធានទឹកនិងដីរបស់ប្រទេសយើង និងការធ្វើឱ្យម្ចាស់ដី មានតម្លាភាពក្នុងការប្រើប្រាស់ដីរបស់ពួកគេដើម្បីធានាផលិតភាព និងនិរន្តរភាព។

«ច្បាប់ការពារជាតិ»  នឹងធ្វើវិសោធនកម្មច្បាប់ការពារជាតិចាស់ឆ្នាំ ១៩៣៥ ដើម្បីជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធយោធានៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីនដើម្បីឆ្លើយតបឱ្យបានកាន់តែល្អទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខនៅពេលបច្ចុប្បន្ន និងអនាគតចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ប្រទេស។

«អង្គភាពបណ្តុះបណ្តាលមន្រ្តីបម្រុង (ROTC) និងកម្មវិធីបណ្តុះបណ្តាលសេវាកម្មជាតិ (NSTP)» វានឹងរៀបចំឱ្យមានកម្មវិធី ROTC ឡើងវិញនៅក្នុងកម្មវិធីវិទ្យាល័យ (ថ្នាក់ទី ១១ និង ១២) ទាំងនៅក្នុងស្ថាប័នអប់រំសាសាធារណៈ និងឯកជនទាំងអស់ ដើម្បីលើកទឹកចិត្ត, បណ្តុះបណ្តាល, រៀបចំនិងប្រមូលផ្តុំសិស្សានុសិស្ស សម្រាប់ការត្រៀមលក្ខណៈការពារជាតិ បូករួមទាំងការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងការកសាងសមត្ថភាពសម្រាប់ពេលកើត មានហានិភ័យ។

«ការអនុម័តច្បាប់ដែលនឹងផ្តល់ការអនុញ្ញាតដល់ឧស្សាហកម្មឧស្ម័នធម្មជាតិ» វានឹងជំរុញការអភិវឌ្ឍឧស្សាហកម្មឧស្ម័នធម្មជាតិដើម្បីពង្រឹងសន្តិសុខថាមពលរបស់ហ្វីលីពីនតាមរយៈការធ្វើពិពិធកម្មប្រភពថាមពលចម្បងរបស់ប្រទេស និងការលើកកម្ពស់តួនាទីរបស់ឧស្ម័នធម្មជាតិឱ្យក្លាយទៅជាជម្រើសឥន្ធនៈ។

«វិសោធនកម្មច្បាប់កំណែទម្រង់ឧស្សាហកម្មថាមពលអគ្គិសនី ឬ EPIRA (ច្បាប់លេខ ៩១៣៦)» វានឹងពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងបង្កើនប្រសិទ្ធភាពនៃច្បាប់នេះក្នុងការដោះស្រាយបញ្ហាថ្លៃអគ្គិសនីខ្ពស់, ការឃុបឃិតគ្នានៅក្នុងទីផ្សារនិងការផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់។ សេចក្តីព្រាងច្បាប់នេះនឹងរៀបចំឡើងវិញនូវគណៈកម្មការបទប្បញ្ញត្តិថាមពល (ERC) ដើម្បីជំរុញគណនេយ្យភាព និងដើម្បីពង្រឹងប្រព័ន្ធរដ្ឋាភិបាលរបស់គណៈកម្មការដើម្បីធានាឱ្យបាននូវការការពារអ្នកប្រើប្រាស់ និងការលើកកម្ពស់ប្រតិបត្តិការប្រកួតប្រជែងនៃទីផ្សារអគ្គិសនី។

«វិសោធនកម្ម ច្បាប់កសាង-ប្រតិបត្តិ-ផ្ទេរ (Build-Operate-Transfer/BOT)» វានឹងពង្រឹងការអនុវត្តកម្មវិធីភាពជាដៃគូឯកជនសាធារណៈ (PPP) ដើម្បីអាចនាំមកនូវលទ្ធផលដូចដែលចង់បាន ស្របតាមគោលដៅអភិវឌ្ឍជាយុទ្ធសាស្ត្ររបស់ប្រទេស «ជាពិសេស វិសោធនកម្មនេះនឹងដោះស្រាយភាពមិនច្បាស់លាស់នៅក្នុងច្បាប់ដែលមានស្រាប់, ដោះស្រាយបញ្ហារាំងស្ទះ និងបញ្ហាប្រឈមដែលអាចបង្កផលប៉ះពាល់ដល់ការអនុវត្តកម្មវិធី PPP» និងជំរុញបរិយាកាសប្រកួតប្រជែង និងផ្តល់លទ្ធភាពឱ្យបានកាន់តែច្រើនដល់កម្មវិធី PPPs ។

យើងបានប្រមូលផ្តុំនូវគំនិតល្អៗបំផុតរបស់ហ្វីលីពីន ដើម្បីជួយឱ្យយើងគ្រប់គ្នាអាចឆ្លងកាត់គ្រានៃវិបត្តិពិភពលោកដែលយើងកំពុងប្រឈមមុខនៅ ពេលនេះ។ យើងនឹងស៊ូទ្រាំ។ សូមឱ្យស្មារតីហ្វីលីពីនរបស់យើង នៅតែស្ថិតស្ថេររឹងមាំ៕

Rappler

អត្ថបទទាក់ទង