ខ្មែរប៉ុស្ដិ៍ Close

រុស្ស៊ីកំពុងដណ្តើមបានទីតាំងឈរជើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈប្រទេសមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 362
រុស្ស៊ីកំពុងដណ្តើមបានទីតាំងឈរជើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈប្រទេសមីយ៉ាន់ម៉ា រុស្ស៊ីកំពុងដណ្តើមបានទីតាំងឈរជើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈប្រទេសមីយ៉ាន់ម៉ា

នៅដើមខែនេះ មេដឹកនាំរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាគឺនាយឧត្តមសេនីយ៍ Min Aung Hlaing បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពលជាមួយទីក្រុងម៉ូស្គូ។ ទំនាក់ទំនងរវាងប្រទេសទាំង២ ហាក់មានការធ្លាក់ចុះជាខ្លាំង ហើយទីក្រុងម៉ូស្គូមិនទាន់មានឆន្ទៈដើម្បីទទួលយករបបរបស់លោក Min Aung Hlaing ជាសាធារណៈនៅឡើយនោះទេ។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍មុនឧត្តមសេនីយ៍រូបនេះ មិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នោះឡើយ ហើយប្រទេសរុស្ស៊ីបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជា «ដំណើរទស្សនកិច្ចឯកជន»។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក ប្រទេសរុស្ស៊ីបានប្រើប្រាស់កម្លាំងយោធារបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការផ្តល់ការឧបត្ថម្ភ ដល់ការធ្វើប្រតិបត្តិការរបស់របបយោធា។ អ្នកជំនាញអង្គការសហប្រជាជាតិម្នាក់បានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកយន្តហោះចម្បាំង និងរថពាសដែកដល់របបយោធា។

ជាងនេះទៅទៀត ប្រទេសរុស្ស៊ីក៏បានធ្វើសកម្មភាពរារាំងការចេញសេចក្តីថ្លែងការណ៍ស្តីអំពីវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ហើយឥឡូវនេះរដ្ឋាភិបាលទាំង២ កំពុងតែបង្រួបបង្រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយពួកគេក៏កំពុងតែស្វះស្វែងដើម្បីពង្រីកគោលបំណងរួមរបស់ពួកគេទៀតផង។

ការគាំទ្ររបស់ប្រទេសរុស្ស៊ីគឺពិតជាមានសារៈសំខាន់ណាស់ចំពោះរបបយោធាមីយ៉ាន់ម៉ា ដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមផ្សេងៗនៅក្នុងទឹកដីរបស់ខ្លួន។ មកទល់ពេលនេះ របបនេះបានសម្លាប់ជនស៊ីវិលជាង ២០០០ នាក់ហើយ នេះបើយោងតាមការឱ្យដឹងពីសំណាក់ មន្ត្រីអង្គការសហប្រជាជាតិ។

ក្រោយការប្រឈមមុខនឹងសង្រ្គាមជាមួយទ័ពព្រៃអស់រយៈពេលយ៉ាងយូររួចមកក្រុមទាហានយោធាកំពុងតែប្រឈមមុខ នឹងបញ្ហាក្នុងការបង្កើនការគ្រប់គ្រងរបស់ខ្លួននៅតំបន់ក្រៅទីប្រជុំជននៅតាមបណ្តាខេត្តមួយចំនួន។

ចរន្តនៃការផ្តល់អាវុធឥតឈប់ឈរពីទីក្រុងម៉ូស្គូគឺជាគន្លឹះដ៏សំខាន់នៃផែនការរបស់របបយោធា ហើយអ្នកជំនាញមួយចំនួនបានជឿជាក់ថារបបនេះបានបញ្ជូនវត្ថុធាតុដើមត្រលប់ទៅឱ្យប្រទេសរុស្ស៊ីវិញជាថ្នូរនឹងការគេចចេញពីការដាក់ទណ្ឌកម្ម។ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយនេះ លោក Min Aung Hlaing ថែមទាំងបានស្វះស្វែងរកការគាំទ្រក្នុងការបង្កើតថាមពលនុយក្លេអ៊ែរ ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងតែរងការខូចខាតដោយសារសង្រ្គាមរបស់គាត់ទៀតផង។

សម្រាប់ប្រទេសរុស្ស៊ី ទីតាំងភូមិសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ាបានផ្តល់នូវអត្ថប្រយោជន៍ផ្នែកយុទ្ធសាស្ត្រជាច្រើន។ ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅចន្លោះប្រទេសឥណ្ឌានិងចិន ហើយមានតំបន់ឆ្នេរទល់មុខនឹងឈូងសមុទ្រ Bengal ដែលជាហេតុធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាអាចឆ្លងចូលទៅកាន់មហាសមុទ្រឥណ្ឌា និងចូលទៅកាន់ផ្លូវពាណិជ្ជកម្មសមុទ្រឆ្ពោះទៅក្នុងសមុទ្រចិនខាងត្បូងបាន។

ភាពឯកោរបស់របបយោធាមីយ៉ាន់ម៉ាក្រោយការធ្វើរដ្ឋប្រហារ ក៏បានធ្វើឱ្យប្រទេសនេះក្លាយទៅជាគោលដៅដ៏ទន់ខ្សោយមួយសម្រាប់ទីក្រុងម៉ូស្គូ។

ចាប់តាំងពីរដ្ឋប្រហារមករដ្ឋាភិបាលយោធាក៏បានធ្វើការពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន។ នៅក្រោមការគ្រប់គ្រងរបស់លោកស្រី Aung San Suu Kyi ប្រទេសមីយ៉ាន់ម៉ាបានកាត់បន្ថយវិសាលភាពនៃគម្រោងជាច្រើនរបស់ចិនក្រោមគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)។ ប៉ុន្តែបន្ទាប់ពីក្រុមយោធាបានឡើងកាន់កាប់ របបនេះបានដាក់ឱ្យបន្ត និងពន្លឿនគម្រោងមួយចំនួននៅក្នុង ចំណោមគម្រោងដែលត្រូវបានកាត់បន្ថយនោះឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ របបយោធានៅតែមានការប្រុងប្រយ័ត្នក្នុងការពឹងផ្អែកលើទីក្រុងប៉េកាំងតែមួយ។ ផ្ទុយពីរុស្ស៊ីដែលបានធ្វើការរក្សាទំនាក់ទំនងតែជាមួយរបបយោធា ប្រទេសចិនក៏បានផ្តល់នូវអាវុធ និងចូលរួមជាមួយកងជីវពលឧទ្ទាមផងដែរ។

សម្រាប់របបយោធាការធ្វើពិពិធកម្មទំនាក់ទំនងខិតចូលកាន់តែជិតជាមួយទីក្រុងម៉ូស្គូគឺជាទស្សនវិស័យដ៏ប្រពៃ ហើយប្រទេសរុស្ស៊ីក៏បានចាប់ផ្តើមធ្វើការឆ្លើយតបគួរជាទីគាប់ចិត្ត។

ទន្ទឹមគ្នានេះដែរ យុទ្ធជនប្រឆាំងមានការខកចិត្តជាខ្លាំងដោយសារកង្វះការគាំទ្រពីសំណាក់អន្តរជាតិចំពោះបុព្វហេតុរបស់ពួកគេ បើទោះបីជា មានការដាក់ទណ្ឌកម្ម និងវោហាសាស្ត្រផ្សេងៗពីសំណាក់ ប្រទេសលោកខាងលិចក៏ដោយ។

កងកម្លាំងការពារប្រជាជនរបស់ក្រុមប្រឆាំង និងកងជីវពលឧទ្ទាមផ្សេងទៀតបានទទួលជោគជ័យក្នុងការប្រមែប្រមូលយុទ្ធជនរបស់ខ្លួនបានប្រហែល ១០ម៉ឺន នាក់កាលពីពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មានតែយុទ្ធជនប្រហែល ៤០% ប៉ុណ្ណោះដែលមានអាវុធធុនតូចដើម្បីប្រយុទ្ធ។ ដោយសារគ្មានការគាំទ្រច្រើនពីសំណាក់ប្រទេសលោកខាងលិចក្រុមអ្នកតស៊ូត្រូវបង្ខំចិត្តពឹងផ្អែកទៅលើការបរិច្ចាគពីសំណាក់សាធារណជន។

ឆន្ទៈរបស់អាមេរិកចំពោះកងកម្លាំងឧទ្ទាមរបស់ប្រទេសមីយ៉ាន់ម៉ាហាក់មានភាពផ្ទុយគ្នាបើធៀបនឹងឆន្ទៈរបស់អាមេរិកចំពោះប្រទេសអ៊ុយក្រែន។ ចាប់តាំងពីការលុកលុយរបស់របស់រុស្ស៊ីកាលពីខែកុម្ភៈមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង ៧,៣ ពាន់លានដុល្លារ ហើយកាលពីពេលថ្មីៗនេះ ពួកគេថែមទាំងបានផ្តល់នូវកាំជ្រួចរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំដើម្បីជួយកម្ទេចកងទ័ពរុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែនទៀតផង។

តាមការប្រៀបធៀប អ្នកវិភាគជាច្រើនជឿជាក់ថា គ្រាន់តែមួយផ្នែកនៃការផ្តល់ការគាំទ្របែបនេះ គឺពិតជាគ្រប់គ្រាន់ដើម្បីធ្វើការទម្លាក់របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបាត់ទៅហើយ។

អ្នកវិភាគម្នាក់ គឺលោក Michael Martin ដែលមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិបានសរសេរថា «ការផ្គត់ផ្គង់កាំជ្រួច 50-100 Stinger និងកាំភ្លើងស្វ័យប្រវត្តិ M4 គឺពិតជាគ្រប់គ្រាន់ដើម្បីឱ្យក្រុមប្រឆាំងអាចផ្តួលរំលំរបបយោធាបានហើយ»។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរក្នុងការចូលទៅដោះស្រាយនៅក្នុងជម្លោះនេះ។

អវត្តមានរបស់ទីក្រុងវ៉ាស៊ីនតោន បានទុកឱកាសជាយុទ្ធសាស្ត្រឱ្យប្រទេសរុស្សីអាចធ្វើការបង្រួបបង្រួមសម្ព័ន្ធមិត្តនិងកូនជីងរបស់ខ្លួន។ ភ្លាមៗក្រោយមានការឈ្លានពានមកលើអ៊ុយក្រែនរបបយោធាមីយ៉ាន់ម៉ាក៏ស្ថិតនៅក្នុងចំណោម ប្រទេសដែលគាំទ្រលោក Putin បំផុត ដោយអ្នកនាំពាក្យរបស់របបនេះបាននិយាយនៅពេលនោះថា «រុស្ស៊ីបានធ្វើការដើម្បីបង្រួបបង្រួមអធិបតេយ្យភាពរបស់ខ្លួន។ ខ្ញុំគិតថានេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។

ប្រសិនបើរបបយោធាអាចក្តោបក្តាប់ប្រទេសមីយ៉ាន់ម៉ាបានទាំងស្រុងដោយមានការគាំទ្រពីប្រទេសរុស្ស៊ីនោះ វាប្រៀបដូចជាលោក Putin អាចពង្រឹងអំណាចរបស់ខ្លួននៅក្នុងតំបន់នេះរួចខ្លះទៅហើយ។ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បណ្តាប្រទេសមួយចំនួនដូចជាឥណ្ឌា និងឥណ្ឌូណេស៊ីក៏បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ បើទោះបីជារុស្ស៊ីកំពុងទទួលរងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចក៏ដោយ។

ប្រសិនបើរដ្ឋការលោក Biden ពិតជាមានភាពហ្មត់ចត់ក្នុងការសម្រេចឱ្យបាននូវគោលបំណងរបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះពួកគេចាំបាច់ត្រូវទប់ទល់នឹងការវាតទីអំណាចដ៏លាក់លៀមរបស់រុស្ស៊ីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត។ ហើយអ្វីដែលជាចំណុចចាប់ផ្តើមដ៏ល្អនោះ គឺអាមេរិកត្រូវចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឆាំង និងជួយបំពេញនូវរាល់តម្រូវការរបស់ពួកគេ៕

The Diplomat

អត្ថបទទាក់ទង