ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈកូនខ្មែរ៖ លោក សម រង្ស៊ី ច្រឡំយកគណិតវិទ្យាម៉ៅការមកទូទាត់ក្នុងនយោបាយ ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 986

    នៅក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសដែលមានប្រជាធិបតេយ្យចាស់ទុំ ឬក្មេងខ្ចីទេ គ្មានប្រទេសណាមួយដែលមានអ្នកចេញទៅបោះឆ្នោត ១០០%ឡើយ រាប់ទាំងប្រទេសដែល មានច្បាប់ចាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតដូចជាអូស្ត្រាលីជាដើមផង។ ជាទូទៅ អត្រាអ្នកបោះឆ្នោតមានចន្លោះពី ៥០% ទៅ ៩០% ឬមានប្រទេសខ្លះអត្រាអ្នកទៅបោះឆ្នោតទាបជាង ៥០% ក៏មាន។ នេះជាដំណើរការធម្មតានៃការប្រើប្រាស់សេរីភាពរបស់ពលរដ្ឋក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត។ ហេតុដូច្នេះហើយបានជានៅលើលោកនេះ គេមិនដែលយកអត្រាអ្នកបោះឆ្នោតដើម្បីទៅឆ្លុះបញ្ចាំងពីលទ្ធផលនៃការបោះឆ្នោតឡើយ។

    នៅកម្ពុជាក៏មិនខុសពីបណ្តាប្រទេសប្រជាធិបតេយ្យលើលោកដែរ អត្រាអ្នកមិនទៅបោះឆ្នោតក៏មានច្រើនគួរសម។ ជាក់ស្តែង ការបោះឆ្នោតឆ្នាំ១៩៩៨ មានអ្នកទៅបោះឆ្នោតជាង ៩៣% តែក្រោយមកអត្រាអ្នកទៅបោះឆ្នោតធ្លាក់ចុះជាបន្តបន្ទាប់។ ឆ្នាំ ២០០៣ មានជាង ៨៣% ឆ្នាំ ២០០៨ មានជាង ៧៥%, ឆ្នាំ ២០១៣ មានជាង ៦៩% ឆ្នាំ ២០០៧ មានត្រឹម ជាង ៦៧% ឆ្នាំ២០១២ មានត្រឹមជាង ៦៥% និងឆ្នាំ ២០១៧ ឡើងវិញបន្តិចដល់ជាង ៩០%។ ដូច្នេះ បើគិតជាមធ្យម មានអ្នកមិនទៅបោះឆ្នោតចន្លោះពី ២០% ទៅ ២៥% នៅរៀងរាល់ការបោះឆ្នោតម្តងៗ។ ដោយរម្លេចតែឆ្នាំ ២០១៣ ដែលមានអតីតគណបក្សសង្គ្រោះជាតិចូលរួម អត្រាអ្នកមិនទៅបោះឆ្នោតមានរហូតដល់ជាង ៣០% ឯណោះទោះបីជាលោក សម រង្ស៊ី កាលណោះដើរកៀរគរអ្នកគាំទ្រគ្មានសល់អំបាតមួយក៏ដោយ។មិនទៅបោះឆ្នោតដោយសារមូលហេតុផ្សេងៗជាច្រើន អាចមកពីពួកគេគ្មានគណបក្សដែលត្រូវជ្រើសរើស, មកពីពួកគេមិនចាប់អារម្មណ៍រឿងនយោបាយ ឬមកពីមូលហេតុផ្សេងៗទៀត។

    សម្រាប់ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខ លោក សម រង្ស៊ី បានធ្វើយុទ្ធនាការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយគាត់និយាយបែបម៉ៅការថា អ្នកមិនទៅបោះឆ្នោតមានន័យថា ជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ។ ការអះអាងបែបនេះមកពីគាត់បូកលេខច្រឡំ ឬអាចថាវង្វេងចូលក៏ថាបាន។ លោក សម រង្ស៊ី ប្រហែលភ្លេចគិតថា មានអ្នកបោះឆ្នោតជាច្រើនដែលមិនទៅបោះឆ្នោតដោយមូលហេតុផ្សេងៗដូចបានលើកឡើងខាងដើមទោះជាមានគណបក្សរបស់គាត់ ចូលរួមក៏ដោយ។ សូម្បីអ្នកម៉ៅការសំណង់ ក៏គេចេះផាត់ថ្លៃវត្ថុធាតុដើម ថ្លៃកម្លាំងពលកម្ម និង ថ្លៃចំណាយផ្សេងៗទៀត ចេញដែរ ទើបគេរកឃើញ ប្រាក់ចំណេញ។ តែលោក សម រង្ស៊ី ខ្សោយគណិតវិទ្យាជាងអ្នកម៉ៅការសំណង់ឆ្ងាយណាស់។ សម្រាប់ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខ គេជឿថា ក៏នឹងមាន ពលរដ្ឋមួយចំនួនមិនចេញទៅបោះឆ្នោត ដោយសារ មូលហេតុដូចបានលើកឡើងខាងដើម។ ដោយហេតុថា ជាមធ្យមមានអ្នកមិនទៅបោះឆ្នោត ២៥% ដូច្នេះ លោក សម រង្ស៊ី ត្រូវយកចំនួនអ្នកមិនទៅបោះឆ្នោតទាំងអស់ មកដក ២៥% ចេញសិនទើបគេអាចប្រហែលរកឃើញចំនួនអ្នកគាំទ្របក្សសង្គ្រោះជាតិ ពិតប្រាកដ នេះមិនទាន់គិតគូរដកចំនួនអ្នកដែលខកចិត្តនិងឈឺចាប់ដោយសារការចាញ់បោក រឺ ចិត្តនឹងអំពើក្បត់ជាតិផ្សេងៗដូចជាការចុះហត្ថលេខាកាត់ខេត្ត4អោជនជាតិភាគតិចដេហ្កាយួន ។ល។

    ដូច្នេះ គណិតវិទ្យាម៉ៅការតាមរូបមន្តសម រង្ស៊ី «ដេកផ្ទះឈ្នះឯង» គឺពិតជាការយល់ច្រឡំថា «បាយបិណ្ឌជាបាយបាតហើយ»

    លោកពិតជាត្រូវរៀនគណិតវិទ្យាឡើងវិញហើយៗក៍ត្រូវរៀនផ្នែកវិទ្យាសាស្ត្រសង្គមផងដែរព្រោះការបោះឆ្នោតគឺជារឿងចិត្តសាស្រ្ត «Mathematics and Politics are two different things. Election is a Psychological subject»។ ដោយសារតែខ្សោយគណិតវិទ្យាបែបនេះហើយបានជាគាត់បូកលេខខុសពីលទ្ធផលជាក់ស្តែងរហូត ហើយបានក្លាយជាជើងឯកខាងភូតលំដាប់អន្តរជាតិ។

    សុភាសិតបូរាណខ្មែរពោលថា ភូតច្រើនចាញ់អាត្មា ពោលគឺ លោក សម រង្ស៊ី ភូតច្រើនពេក ហើយ គឺភូតរហូតដល់អស់អ្នកជឿ។ ពីដំបូងគាត់រំពឹងថា បើតុលាការហ៊ានរំលាយបក្សសង្គ្រោះជាតិ ប្រជាជនជិតកន្លះនគរនឹងងើបតវ៉ា។ តែដល់ពេលតុលាការរំលាយគណបក្សនេះមែន បែរជាស្ងាត់ឈឹង គ្មានអ្នក ងើបតវ៉ាដូចគាត់រំពឹងទុកឡើយ។ ស្ថានភាពនេះបានធ្វើឲ្យអតីតមេដឹកនាំគណបក្សមួយនេះស្រឡាំងកាំង។ ទោះយ៉ាងណា ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រ លោក សម រង្ស៊ី បន្តភូតថា សហគមន៍អន្តរជាតិនឹងអន្តរាគមន៍ឲ្យអតីតគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតខែកក្កដាបាន។ តែទីបំផុតគ្មានឡើយកិច្ចអន្តរាគមន៍ក្រៅពីការនិយាយរបស់បុគ្គលនេះ បុគ្គលនោះ ឬរដ្ឋាភិបាលបរទេសខ្លះបានធ្វើជាស្រែកបន្តិចបន្តួចឲ្យមានសំឡេងដើម្បីឲ្យលោក សម រង្ស៊ី អស់ចិត្តតែប៉ុណ្ណោះ។

    ក្រោយពីបរាជ័យលើសមរភូមិការទូត លោក សម រង្ស៊ី ក៏បែរមកព្យាយាមរារាំងមិនឲ្យគណបក្សផ្សេងៗចូលរួមបោះឆ្នោតដោយទុកឲ្យគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឯកបក្សដើម្បីងាយស្រួលគាត់មានលេសបង្ខូច បង្កាច់។ ប៉ុន្តែ មានដូចគាត់និយាយឯណា គណបក្សដល់ទៅ ២០ បានចុះឈ្មោះប្រកួតក្នុងនោះមានទាំងបក្សបំបែកខ្លួនពីសង្គ្រោះជាតិ មួយចំនួនផងដែរ។ ស្ថានភាព នេះបានធ្វើឲ្យលោក សម រង្ស៊ី ស្រឡាំងកាំង ឡើងភាន់ភាំងស្មារតីជាថ្មីម្តងទៀត។

    ឥឡូវនេះ ទោះជាអង្ករក្លាយជាបាយទៅហើយក្តី ក៏លោក សម រង្ស៊ី នៅតែបន្តបោកអ្នកគាំទ្ររបស់គាត់ថា កុំទៅបោះឆ្នោតគឺឈ្នះ។ ឈ្នះយ៉ាងម៉េចទៅបើគ្មានច្បាប់ណាចែងអំពីអត្រាអ្នកបោះឆ្នោតផងហ្នឹង។ ពេលទ័លច្រកមែនទែនលោក សម រង្ស៊ី អះអាងបែបវង្វេង ច្រឡំបល់ថា អ្នកមិនទៅបោះឆ្នោតជាអ្នកគាំទ្របក្សសង្គ្រោះជាតិ។ គាត់ស្មានតែពលរដ្ឋខ្មែរល្ងង់ តែពលរដ្ឋដូចខ្ញុំ និងពលរដ្ឋខ្មែរជាច្រើនទៀតសម័យនេះមានល្ងង់ឯណា។ គេបានបូកលេខឃើញលើគោកអស់ទៅហើយពោលគឺយកចំនួនអ្នកមិនទៅបោះឆ្នោត ដកចេញ យ៉ាងតិច២៥% គេនឹងឃើញចំនួនអ្នកគាំទ្រលោក សម រង្ស៊ី ដែលមិនទៅបោះឆ្នោតនោះហើយៗក្នុងនោះក៍កំភ្លេចរាប់បញ្ចូលផងដែរនូវចំនួនអតីតអ្នកគាំទ្រដែលខកចិត្ត ហួសចិត្តនិងចាញចិត្តមិនគួរឆោតល្ងង់ចាញ់បោកអតីតបក្សប្រឆាំង។

    នេះជាមេរៀនគណិតវិទ្យាសាមញ្ញ សាមញ្ញ បែបកូនក្មេងដែលលោក សម រង្ស៊ី និងបក្ខពួកគេត្រូវរៀនបន្ថែម បើមិនដូច្នេះទេ ទីបំផុត លោកនឹងនៅសល់តែសំបកខ្លួន និងមនុស្សជុំវិញខ្លួនមួយដំបរស្វារប៉ុណ្ណោះដែលបន្តគាំទ្រ។

    តិចលោក្រុមរបស់លោកច្រឡំម៉ៅការបូកទាំងអ្នកស្លាប់ទៅហើយថា ជាអ្នកបោះឆ្នោតឲ្យគាត់ដែរទៅ???

    ដោយ៖ សាស្ត្រាចារ្យ
    វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម