ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន ៖ អតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើនមកទទួលយកសំណងតាមច្បាប់ការងារ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 805
    លិខិតមិត្តអ្នកអាន ៖ អតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើនមកទទួលយកសំណងតាមច្បាប់ការងារលិខិតមិត្តអ្នកអាន ៖ អតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើនមកទទួលយកសំណងតាមច្បាប់ការងារ

    បន្ទាប់ពីបានស្វែងយល់អំពីច្បាប់ការងារ ក៏ដូចជាយល់អំពីល្បិចកលរបស់សកម្មជននយោបាយជ្រកក្រោមស្លាកសហជីព អតីតបុគ្គលិកណាហ្គាវើលដ៏បានសុខចិត្តដាក់ពាក្យសុំទទួលយកសំណងដើម្បីបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនហើយទៅរកការងារថ្មី។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ គិតត្រឹមថ្ងៃទី ២៨ កក្កដាឆ្នាំ ២០២២ នេះ មានអតីតបុគ្គលិកណាហ្គាវើលដ៏ចំនួន ៥នាក់ទៀតបានចេញមកទទួលយកសំណងតាមច្បាប់ការងារ។ ដូច្នេះ ចំនួនអតីតបុគ្គលិកណាហ្គាវើលសរុប ២២០ នាក់ហើយដែលយល់ព្រមទទួលយកដំណោះស្រាយស្របច្បាប់ក្នុងចំណោមអតីតបុគ្គលិកសរុប ៣៧៣ នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ការងាររួមដោយមូលហេតុនៃរោគរាត្បាតកូវីដ ១៩។

    មានមូលហេតុសំខាន់ៗមួយចំនួនដែលអាចជំរុញអោយពួកគេយល់ព្រមមកទទួលយកសំណងតាមច្បាប់ការងារដើម្បីបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន ដូចខាងក្រោម៖

    ទី១៖ បញ្ហាកូវីដ-១៩ ជាបញ្ហាសកលដែលបង្កផលបះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលដោយគ្មានប្រទេសណាមួយចៀសផុតនោះឡើយ។ មានបុគ្គលិករាប់សិបលាននាក់នៅទូទាំងពិភពលោក មិនថាប្រទេសទាំងនោះ តូច ធំ មាន រឺក្រនោះទេ បានបាត់បង់ការងារដោយសារតែ វិបត្តិកូវីដ ១៩។ ដូច្នេះ វាមិនមែនជា រឿងដែលត្រូវតវ៉ាមិនព្រមឈប់ពី ការងារឡើយ តែជារឿងដែលយើងទាំងអស់គ្នាត្រូវទទួលយកការពិត ហើយខិតខំដោះស្រាយទាំងអស់គ្នាតាមរយៈការស្វះស្វែងរកការងារថ្មី។

    ទី២៖ ការធ្វើបាតុកម្មតវ៉ាបង្ខំឲ្យថៅកែយកខ្លួនចូលធ្វើការវិញ ដោយមិនព្រមឈប់ គឺជាការតវ៉ាដែលគ្មានមូលដ្ឋានច្បាប់ និងមិនសមហេតុផលឡើយពីព្រោះបុគ្គលិកមានសិទ្ធិឈប់ពីការងារ ចំណែកថៅកែក៏មានសិទ្ធិបញ្ឈប់បុគ្គលិកពីការងារដែរឲ្យតែពួកគេគោរពតាមច្បាប់។ ដូច្នេះ បើសិនជាថៅកែអនុវត្តតាមច្បាប់ត្រឹមត្រូវហើយ បុគ្គលិកគ្មានហេតុផលអ្វីដែលត្រូវតវ៉ាទេ។

    ទី៣៖ ក្រសួងការងារបានដើរតួនាទីសម្របសម្រួលនិងជួយការពារផលប្រយោជន៍កម្មករ និយោជិតតាមរយៈការពិនិត្យផ្ទៀងផ្ទាត់ដើម្បីធានាថា ថៅកែពិតជាគោរពតាមច្បាប់ការងារដោយផ្តល់សំណងគ្រប់បែបយ៉ាងតាមលក្ខខណ្ឌតម្រូវ។ លើសពីនេះ ក្រសួងក៍បានសន្យាថានឹងជួយសម្របសម្រួលដើម្បីរកការងារ ថ្មីឲ្យពួកគេធ្វើថែមទៀត។ ដូច្នេះ គ្មានជម្រើសណាល្អជាងការទទួលយកសំណងពីក្រុមហ៊ុនហើយទៅរកការងារថ្មីនោះឡើយ។

    ទី៤៖ អ្នកដឹកនាំចលនាតវ៉ានេះមិនមែនដើម្បីការពារផលប្រយោជន៍កម្មករ និយោជិត នោះទេ តែការពារផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង ពីព្រោះពួកគេ ចង់បន្តធ្វើមេសហជីពក្នុងក្រុមហ៊ុននេះដើម្បីអុកឡុកក្រុមហ៊ុនមិនឲ្យដំណើរការដោយរលូនបាន។ ដូច្នេះ ទោះជាការតវ៉ានោះអូសដល់ពេលណា ក៏គ្មានលទ្ធផលដែរ ហើយមិនត្រឹមតែគ្មានលទ្ធផលប៉ុណ្ណោះទេ តែការតវ៉ានេះក៏គ្មានហេតុផលផ្លូវច្បាប់ត្រឹមត្រូវឡើយ ពីព្រោះនិយោជកមានសិទ្ធិយកឬមិនយកបុគ្គលិកចូលធ្វើការនៅកន្លែងរបស់គេ។ ជាទូទៅ នៅទីណាក៏ដោយ គេពេញចិត្តនឹងទទួលយកបុគ្គលិកដែលស្រឡាញ់ការងារនិងបំពេញការងារបានល្អ តែមិនមែនបុគ្គលិកដែលបង្កបញ្ហាដល់ក្រុមហ៊ុនរបស់គេឡើយ។

    ទី៥៖ អតីតបុគ្គលិកទាំងនោះយល់ច្បាស់ថា មេដឹកនាំសហជីពដែលពួកគេខំដើរតាម មានលាក់ល្បិចពីក្រោយខ្នង ពោលគឺពួកគេធ្វើសកម្មភាពដើម្បីបម្រើរបៀបវារៈនយោបាយនិងចៅហ្វាយបរទេសក្នុងគោលបំណងបង្កសភាពការណ៍ដើម្បីបង្កាច់បង្ខូចរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្រី ហ៊ុន សែនតែប៉ុណ្ណោះ។

    ហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យអតីតបុគ្គលិកណាហ្គាវើលដ៏ភាគច្រើនបានចាកចេញពីគំនាបរបស់ឈឹម ស៊ីថរ ហើយសុខចិត្តទទួលយកការទូរទាត់ប្រាក់បំណាច់ការងារដើម្បីបញ្ចប់កិច្ចសន្យាហើយទៅរកការងារថ្មី។

    សរុបមកវិញ បងប្អូនអតីតបុគ្គលិកណាហ្គាវើលដ៏ណាដែលយល់ថាខ្លួនចាញ់បោកឈឹម ស៊ីថរ គួរតែ ប្រញាប់ស្នើសុំការទូរទាត់ប្រាក់បំណាច់ការងារហើយទៅរកការងារថ្មីដើម្បីកុំឲ្យខាតពេលវេលានិងខូចកេរ្តិ៍ឈ្មោះដែលជាការបំផ្លាញជីវភាពរបស់ខ្លួននិងក្រុមគ្រួសារ។

    រហូតមកទល់ពេលនេះ អាជ្ញាធរបានប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ខ្ពស់ណាស់ដោយមិនប្រើវិធានការច្បាប់នៅឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេនៅបន្តការ តវ៉ាខុសច្បាប់តទៅទៀត នៅទីបំផុត ពួកគេក៍អាចនឹងជួបស្ថានភាព «ទន្សាយក៏រួចត្រីរ៉ស់ក៏រួច» ពោលគឺប្រាក់សំណងក៏មិនបាន ការងារក៏គ្មាន ហើយស្រួលមិនស្រួលក៍អាចប្រឈមមុខនឹងផ្លូវច្បាប់ទៀត៕

    ដោយ: អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង