ខ្មែរប៉ុស្ដិ៍ Close

តើ​ប្រទេសឡាវ​នឹង​ទទួល​រងទណ្ឌកម្ម​ដោយសារ​ការ​ឱបក្រសោប​រុស្ស៊ីដែរ​ឬ​ទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 345
តើ​ប្រទេសឡាវ​នឹង​ទទួល​រងទណ្ឌកម្ម​ដោយសារ​ការ​ឱបក្រសោប​រុស្ស៊ីដែរ​ឬ​ទេ? តើ​ប្រទេសឡាវ​នឹង​ទទួល​រងទណ្ឌកម្ម​ដោយសារ​ការ​ឱបក្រសោប​រុស្ស៊ីដែរ​ឬ​ទេ?

រដ្ឋាភិបាលឡាវបានរក្សាអព្យាក្រឹតភាពចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ក៏ប៉ុន្តែសកម្មភាពផ្ទាល់របស់រដ្ឋាភិបាលនេះបានធ្វើឱ្យមនុស្សមួយចំនួនចោទសួរអំពីភាពមិនលម្អៀងរបស់ខ្លួន ខណៈពេលដែលសម្ពាធការទូតក៏កំពុងត្រូវបានដាក់កាន់តែខ្លាំងលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីឱ្យចូលរួមជាមួយសហរដ្ឋអាមេរិកនិងលោកខាងលិច ក្នុងការប្រឆាំងនឹងរុស្ស៊ី។

លោក Thongloun Sisoulith ប្រធានរដ្ឋរបស់ប្រទេសឡាវបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែឧសភាថា «យើងមានទិសដៅគោលនយោបាយការបរទេសច្បាស់លាស់។ ប្រទេសឡាវនឹងមិនកាន់ជើងភាគីណាមួយនៅក្នុងជម្លោះនិងវិវាទនៅពេលបច្ចុប្បន្ននេះទេ ហើយទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ដាក់​ទណ្ឌកម្មផ្សេងៗទៀតនឹង​មិន​នាំមកនូវភាពល្អប្រសើរសម្រាប់​ពិភពលោក​របស់​យើង​​នោះទេ»។

រហូតមកដល់ពេលនេះ ប្រទេសឡាវបានបន្តទទួលបរាជ័យក្នុងការផ្តល់ការគាំទ្រដល់សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានថ្កោលទោសរុស្ស៊ី និងបានផ្តល់ការគាំទ្រផ្នែកសីលធម៌ដល់ប្រទេសនិងប្រជាជនអ៊ុយក្រែន។ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់ឡាវនិងជាសម្ព័ន្ធមិត្តសម័យសង្រ្គាមត្រជាក់របស់រុស្ស៊ី ក៏បានបោះឆ្នោតអនុប្បវាទនៅឯអង្គការសហប្រជាជាតិផងដែរ។

លទ្ធភាពទទួលបានសម្ភារៈយោធារបស់រុស្ស៊ីអាចជាការពន្យល់មួយសម្រាប់ការបដិសេធរបស់ប្រទេសឡាវក្នុងការនិយាយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ កាល​ពី​ឆ្នាំ​មុន របាយការណ៍​ព័ត៌មាន​បាន​បង្ហាញ​ថា «រុស្ស៊ី​គ្រោង​នឹង​សាងសង់​ទីតាំងយោធានៅ​ក្នុង​ប្រទេស​ឡាវ ដែល​នេះគឺជា​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លេច​ឡើងជាលើក​ដំបូង​ក្នុង​ឆ្នាំ ២០១៨»។

នៅខែធ្នូ ឆ្នាំ ២០២០ កងទ័ពរុស្ស៊ីបានចាប់ផ្តើមជួយសមភាគីឡាវក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬ UXO ដែលនៅសេសសល់ពីសង្គ្រាមវៀតណាម។ វិទ្យុអាស៊ីសេរីបានរាយការណ៍ថា «វាគឺស្ថិតនៅក្នុងតំបន់ដែលរុស្ស៊ីគ្រោងនឹងជួយសាងសង់ទីតាំងយោធាដែលរួមមានទាំងការកែលម្អអាកាសយានដ្ឋាន សម្រាប់ការប្រើប្រាស់រួមរវាងយោធារុស្ស៊ីនិងឡាវ»។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីខែឧសភាឆ្នាំមុនថា «យើងពេញចិត្តនឹងកម្រិតនៃទំនាក់ជាមួយឡាវ ដែលជាដៃគូដ៏គួរឱ្យជឿទុកចិត្តរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ លោក Sergey Lavrov ដែលជារដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បានទៅបំពេញទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍​ កាល​ពី​ខែ​កក្កដា​ឆ្នាំមុន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ «លោក Lavrov បានរំលងទីក្រុងវៀងចន្ទន៍នៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លីទៅកាន់តំបន់អាស៊ីនៅក្នុងខែនេះ ដោយបានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយជំនួសវិញនៅថ្ងៃទី ០៦ ខែកក្កដា» ដោយក្នុងនោះលោកបាននិយាយថា «វៀតណាមគឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីក្នុងអាស៊ាន ហើយទំនាក់ទំនងរបស់ប្រទេសទាំង២ គឺផ្អែកលើប្រវត្តិសាស្ត្រ និងការតស៊ូរួមគ្នាដើម្បីយុត្តិធម៌»។

កាលពីខែធ្នូឆ្នាំមុន ទីក្រុងមូស្គូបានផ្តល់ថវិការចំនួន ១២ លានដុល្លារអាមេរិកដើម្បីកែលម្អមន្ទីរពេទ្យ Mittaphab ដែលជាមន្ទីរពេទ្យដ៏សំខាន់មួយរបស់ប្រទេសឡាវ។ វេទិកាធុរកិច្ចរុស្ស៊ី-ឡាវតាមប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងខែបន្ទាប់។

លោក Keith Barney ដែលជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បាននិយាយថា «វាក៏មានសារៈសំខាន់ផងដែរក្នុងការពិចារណាអំពីទំនាក់ទំនងផ្ទាល់ខ្លួន។ មេដឹកនាំកំពូលៗរបស់ឡាវជាច្រើននាក់បានទទួលការអប់រំនៅសហភាពសូវៀត បូករួមទាំងលោក Thongloun ដែលជាអគ្គលេខាបក្សកុម្មុយនិស្តឡាវ»។

លោក Barney បានកត់សម្គាល់ថា «លោក Thongloun បានសិក្សានៅ Leningrad ក្នុងឆ្នាំ ១៩៧៣ និងបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកភាសាវិទ្យានៅឆ្នាំ ១៩៧៨ ។ នៅឆ្នាំ ១៩៨១ លោក Thongloun បានបន្តការសិក្សានៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ម៉ូស្គូ-សូវៀត ផ្នែកទំនាក់ទំនងអន្តរជាតិ»។

អតីតអគ្គលេខាធិការ Bounnhang Vorachit ក៏បានសិក្សានៅសហភាពសូវៀតដែរ។ លោក Barney បានបន្តថា «អ្នកសង្កេតការណ៍អាចនឹងស្វែងយល់បានល្អប្រសើរជាងមុន ក្នុងការយកចិត្តទុកដាក់លើបណ្តាញសង្គម-នយោបាយទាំងនេះដែលបានជួយពង្រឹងទំនាក់ទំនងរវាងឡាវ និងរុស្ស៊ី»។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវៀងចន្ទន៍ លោក Vladimir Kalinin បានលើកឡើងកាល ពីថ្ងៃទី ១២ ខែមិថុនាថា «យើងរីករាយដែលដៃគូឡាវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សានូវការពិតជាប្រវត្តិសាស្រ្ត និងការបដិសេធចំពោះរាល់ការប៉ុនប៉ងក្លែងបន្លំប្រវត្តិសាស្ត្រ»។

ការវិភាគរបស់ Asia Times លើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ឡាវបានបង្ហាញថា «ស្ថានទូតរុស្ស៊ីបានធ្វើសន្និសីទសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៣ លើក ដើម្បីពន្យល់ប្រព័ន្ធផ្សព្វផ្សាយឡាវអំពីសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈមក»។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវបានធ្វើការអត្ថាធិប្បាយ ដោយដកស្រង់សម្តីរបស់អ្នកការទូតរុស្ស៊ី ថា «ដោយមានជំនួយពីបរទេសប្រទេសអ៊ុយក្រែនបានក្លាយជាមជ្ឈមណ្ឌលទាក់ទាញភេរវករ និងទាហានស៊ីឈ្នួល ហើយលោកខាងលិចបានបន្តលើកទឹកចិត្តដោយបើកចំហដល់ទីក្រុង Kiev ឱ្យវាយប្រហាររុស្ស៊ី»។

តម្រូវការប្រេងរបស់ឡាវក៏អាចជាហេតុផលមួយទៀតផងដែរ។ នៅក្នុងខែមេសា ទីក្រុងម៉ូស្គូបាននិយាយថា «ខ្លួននឹងលក់ប្រេងនិងឧស្ម័នទៅឱ្យបណ្តាប្រទេសជាមិត្ត»។ ជាក់ស្ដែង នៅក្នុងខែឧសភា ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា បាននាំចូលប្រេងក្នុងបរិមាណ ៨១៩ ០០០ បារ៉ែលក្នុងមួយថ្ងៃ និងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនពីទីក្រុងម៉ូស្គូ»។

នៅដើមខែឧសភា សេចក្តីជូនដំណឹងមួយដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រីឡាវបានណែនាំឱ្យក្រសួងនានាស្វែងរកការផ្គត់ផ្គង់ប្រេងក្នុងតម្លៃថោកៗពីប្រទេសរុស្ស៊ី។ ឧស្ម័នរុស្ស៊ីត្រូវបានលក់ក្នុងតម្លៃ ៧០% ថោកជាងការផ្គត់ផ្គង់ពីអ្នកផ្គត់ផ្គង់អន្តរជាតិផ្សេងៗទៀត ខណៈពេលដែលប្រទេសឡាវកំពុងជួបប្រទះនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរទាំងប្រេង និងទុនបម្រុងរូបិយបណ្ណបរទេស។

ប្រទេសឡាវបានប្រឈមមុខនឹងកង្វះខាតប្រេងតាំងពីដើមឆ្នាំនេះដែលជាហេតុបង្ខំឱ្យអ្នកប្រើប្រាស់ទូទាំងប្រទេសត្រូវតម្រង់ជួររាប់ម៉ោងដើម្បីចាក់សាំង ឬសម្រេចចិត្តឈប់ធ្វើដំណើរ។ ប្រទេសឡាវក៏ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរផងដែរ ដោយបូករួមជាមួយនឹងការកើនឡើងនៃតម្លៃប្រេង។ អតិផរណាបានឈានដល់ ២៣% នៅក្នុងខែមិថុនា ហើយរូបិយបណ្ណក្នុងស្រុកគឺ «ប្រាក់ Kip» បានធ្លាក់ចុះជិត ១/៣ បើធៀបនឹង ប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ។

កាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺ «នៅឆ្នាំនេះ ប្រទេសឡាវកំពុងប្រឈមមុខនឹងស្ថានភាពគ្មានលទ្ធភាពបង់សងបំណុល (Debt Default) ដែលបានបន្ថែមសម្ពាធកាន់តែខ្លាំងលើធនាគារកណ្តាល»។ Asia Times មិន​អាចធ្វើការ​បញ្ជាក់បានទេ​ថា «​តើ​ប្រទេសឡាវ​កំពុង​នាំចូល​ប្រេង​ពី​រុស្ស៊ី ឬ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​នាំចូលប្រេងដែរឬទេ»។

ក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ក៏បានលើកឡើងអំពីលទ្ធភាពនៃការ ទិញប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតដែលអាចបញ្ជាក់បានថា «ទីក្រុងវៀងចន្ទន៍កំពុងស្វែងរកប្រភពទីផ្សារជំនួសសម្រាប់ការផ្គត់ផ្គង់ប្រេង»។

លោក Joshua Kurlantzick ដែលជាសហការីជាន់ខ្ពស់ទទួលបន្ទុកលើកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេសបាននិយាយថា «ប្រទេសឡាវអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ដោយសារការទិញប្រេងឥន្ធនៈពីរុស្ស៊ី។ ប៉ុន្តែការដាក់ទណ្ឌកម្មនឹងមិនមានលក្ខណៈធ្ងន់ធ្ងរពេកនោះទេ ព្រោះវានឹងមើលទៅអាក្រក់ពេកសម្រាប់ប្រទេសប្រជាធិបតេយ្យធំៗ ក្នុងការដាក់ទណ្ឌកម្មលើប្រទេសឡាវ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងស្ថិតក្នុងហានិភ័យ ហើយភាពក្រីក្រក៏កំពុងមានការកើនឡើងយ៉ាងខ្លាំង»។

លោក Toshiro Nishizawa ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ (Tokyo University) បាននិយាយថា «ប្រទេសជាច្រើនទាំងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍនៅតែបន្តរក្សាប្រតិបត្តិការថាមពលជាមួយរុស្ស៊ី។ ដូច្នេះតើ​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​អាច​ដាក់​ទណ្ឌកម្មលើប្រទេស​ឡាវ​បានដោយ​របៀប​ណា?»

ម៉្យាងវិញទៀត ប្រទេសឥណ្ឌានិងវៀតណាមគឺជាប្រទេសដ៏មានអនុភាព និងមានសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយសម្រាប់សហរដ្ឋអាមេរិកនិងលោកខាងលិច ដែលជាហេតុធ្វើឱ្យការដាក់ទណ្ឌកម្ម ឬការថ្កោលទោសលើពួកគេក្លាយជារឿងដែលមិនអាចធ្វើទៅរួច។

ប្រទេសឡាវ​គឺជា​តួអង្គ​ភូមិសាស្ត្រ​នយោបាយ​ដែល​មិនសូវមាន​សារៈសំខាន់​សម្រាប់ប្រទេសប្រជាធិបតេយ្យ​លោកខាងលិច​ ដែលជាហេតុធ្វើឱ្យប្រទេសឡាវក្លាយជាប្រទេសដែលងាយស្រួលក្នុង​ការ​កំណត់​គោលដៅ។ ក៏ប៉ុន្តែ ប្រទេសប្រជាធិបតេយ្យលោកខាងលិចមានមធ្យោបាយតិចតួចណាស់ក្នុងការដាក់ទណ្ឌកម្ម ឬថ្កោលទោសលើប្រទេសឡាវ។

មិនដូចប្រទេសវៀតណាមដែលបានចូលរួមនៅក្នុងកំណែទម្រង់ទីផ្សារសេរីនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសឡាវមិនបានធ្វើការបើកចំហសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោកឱ្យបានទូលំទូលាយនោះទេ ខណៈដែលអ្នកនយោបាយឡាវមានទំនោរក្នុងការផ្តោតលើកិច្ចការការទូតតែជាមួយប្រទេសជិតខាងរបស់ខ្លួនប៉ុណ្ណោះ។

ការធ្វើពាណិជ្ជកម្មទំនិញរបស់ប្រទេសឡាវជាមួយសហរដ្ឋអាមេរិកមានតម្លៃត្រឹមតែ ២៥១ លានដុល្លារកាលពីឆ្នាំមុនដែល មានចំនួនស្មើនឹង ២% នៃការធ្វើពាណិជ្ជកម្មសរុប (យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក)។ ពាណិជ្ជកម្មរួមរបស់ប្រទេសឡាវ (ដោយមិនរាប់បញ្ចូលការនាំចេញថាមពល) មានចំនួនប្រហែល ១៣ ពាន់លានដុល្លារកាលពីឆ្នាំមុន (យោងតាមទិន្នន័យពីគេហទំព័រពាណិជ្ជកម្មឡាវ)។

ការផ្លាស់ប្តូរទំនិញទ្វេភាគីជាមួយសហភាពអឺរ៉ុបមានតម្លៃត្រឹមតែ ៥៤៣ លានដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់ឡាវ ខណៈដែលការធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម​មាន​ចំនួនប្រហែល ១,៦ ពាន់​លាន​ដុល្លារ។ ជាលទ្ធផល ប្រទេសឡាវនឹងមិនសូវរងទុក្ខលំបាកខ្លាំងនោះទេ ប្រសិនបើប្រទេសប្រជាធិបតេយ្យលោកខាងលិចដាក់ទណ្ឌកម្មដោយសារកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូ។

លោក Kearrin Sims ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ James Cook ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា «ប្រទេសឡាវបានប្រឈមមុខនឹងការរិះគន់ជាអន្តរជាតិជុំវិញការបាត់ខ្លួនសកម្មជនសង្គមស៊ីវិលដ៏លេចធ្លោរ Sombath Somphone នៅក្នុងឆ្នាំ ២០១២ ក៏ប៉ុន្តែការរិះគន់ទាំងនេះមិនបាននាំមកនូវវិធានការទណ្ឌកម្មសេដ្ឋកិច្ចណាមួយនោះឡើយ»។

ករណី​របស់​លោក Somphone ត្រូវ​បាន​លើក​ឡើង​ដោយ​មន្ត្រី​ការទូត​បរទេស​ជាន់​ខ្ពស់​ជា​ច្រើន​រូប បូករួម​ទាំង​លោកស្រី Hillary Clinton ដែល​កាល​នោះ​ជា​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក។ មនុស្ស​ជា​ច្រើន​ជឿ​ថា «លោក Somphone ត្រូវ​បាន​អាជ្ញាធរ​ឡាវ​ធ្វើ​ឃាត»។

កាលពីដើមខែមីនា នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានធ្វើការសន្ទនាតាមទូរសព្ទជាមួយសមភាគីឡាវ Phankham Viphavanh ដោយក្នុងនោះ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួបរួមគ្នា និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។

អ្នកការទូតជប៉ុន បានប្រាប់ទៅសមភាគីឡាវថា «ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជាទង្វើដែលបង្កការបំផ្លាញដល់អធិបតេយ្យភាពនិងបូរណភាពទឹកដី ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាននិងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOI)។ ប្រទេស​ជប៉ុន​ចង់​ធ្វើ​ការ​ជាមួយ​ប្រទេស​ឡាវ​ដើម្បីជំរុញ​ឱ្យ​រុស្ស៊ី​ទទួលយកមតិយោបល់របស់​សហគមន៍​អន្តរជាតិ​ និងដើម្បី​បញ្ឈប់​ទង្វើ​ឈ្លានពានឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោកស្រី Wendy Sherman ដែលជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith កាលពីពេលថ្មីៗនេះផងដែរ ហើយប្រធានបទនៃសង្គ្រាមអ៊ុយក្រែនក៏ត្រូវបានលើកយកមកពិភាក្សា។

សេចក្តីថ្លែងការណ៍ដែលចេញដោយស្ថានទូតអាមេរិកនៅទីក្រុងវៀងចន្ទន៍កាលពីខែមេសា បានលើកឡើងថា «យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលឡាវថ្កោលទោសការឈ្លានពានផ្នែកយោធារបស់រុស្ស៊ី និងចូលរួមក្នុងការដាក់ទណ្ឌកម្មជាអន្តរជាតិលើប្រទេសរុស្ស៊ី។ ប្រជាជនអ៊ុយក្រែនរំពឹងថា ប្រជាជនឡាវនឹងផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជានឹងផ្តល់ជំនួយមនុស្សធម៌ និងការបន្តបរិច្ចាគសម្រាប់សន្តិភាព»។

លោក Peter Stano ដែលជាអ្នកនាំពាក្យរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបាននិយាយថា «ទីក្រុងប្រ៊ុចសែលកំពុងធ្វើការឆ្ពោះទៅរកការថ្កោលទោសជាអន្តរជាតិ និងការធ្វើឱ្យប្រទេសរុស្ស៊ីស្ថិតនៅឯកោបំផុតពីសហគមន៍អន្តរជាតិ។ នៅពេលដែលប្រទេសនានាអាចគេចផុតពីទណ្ឌកម្មអន្តរជាតិ ពួកគេនឹងបង្កការខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្រ្គាមរបស់លោក Putin»។

អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបានបន្តថា «ទំនាក់ទំនងរវាងយើងជាមួយនិងប្រទេសឡាវគឺពឹងផ្អែកលើការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកសន្តិភាព, សន្តិសុខ និងពហុភាគីនិយម។ ដូច្នេះ យើងទន្ទឹងរង់ចាំការគាំទ្រយ៉ាងទូលំទូលាយបំផុតពីបណ្តាប្រទេសជាដៃគូក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ យើងដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី»។ លោក Kurlantzick បាននិយាយថា «ប្រទេសឡាវអាចនឹងប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងបំណុលនយោបាយរបស់រុស្ស៊ី»៕

David Hutt / Asia Times

អត្ថបទទាក់ទង