ខ្មែរប៉ុស្ដិ៍ Close

អាស៊ានមិនគួរពន្យារពេលចំពោះការស្នើចូលជាសមាជិកភាពរបស់ប្រទេសទីម័រខាងកើតទៀតទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 422
អាស៊ានមិនគួរពន្យារពេលចំពោះការស្នើចូលជាសមាជិកភាពរបស់ប្រទេសទីម័រខាងកើតទៀតទេ អាស៊ានមិនគួរពន្យារពេលចំពោះការស្នើចូលជាសមាជិកភាពរបស់ប្រទេសទីម័រខាងកើតទៀតទេ

ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta នៅពេលថ្មីៗនេះ បានប្រកាសអំពីក្តីសង្ឃឹមថាប្រទេសរបស់លោកនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាននៅក្នុងឆ្នាំ ២០២៣ នៅពេលដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធាន។

អាស៊ានមិនមានលេសទៀតទេក្នុងការពន្យារពេលឆ្លើយតបចំពោះការដាក់ពាក្យសុំចូលជាសមាជិកតាំងពីឆ្នាំ ២០១១ របស់ប្រទេសទីម័រខាងកើត បើទោះបីជាប្រទេសដែលជាសមាជិករបស់អាស៊ានមួយចំនួនមិនសូវសប្បាយចិត្តក្នុងការស្វាគមន៍រដ្ឋដែលមានវ័យក្មេងជាងគេនៅក្នុងតំបន់នេះក៏ដោយ។

កាលពីប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០១១ លោក Ramos-Horta បានអង្វរដល់ប្រទេសជាសមាជិកដទៃទៀតដើម្បីអនុញ្ញាតឱ្យប្រទេសទីម័រខាងកើតបានចូលមកក្នុងសមាគមរបស់ខ្លួន។

ការលើកឡើងនៅពេលនោះ គឺពិតជាសមហេតុផលដោយសារតែទីម័រខាងកើតបានបំពេញនូវ «លក្ខខណ្ឌទាំង៤» សម្រាប់ការចូលជាសមាជិកភាពដែលមានចែងនៅក្នុងមាត្រា ៦ នៃធម្មនុញ្ញអាស៊ាន។

ទី១៖ ប្រទេសទីម័រខាងកើតមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយសព្វថ្ងៃនេះក្រោយការបង្កើតជាប្រទេសអស់រយៈពេល ២០ ឆ្នាំ រដ្ឋនេះក៏ទទួលបានការទទួលស្គាល់ពីសំណាក់រដ្ឋជាសមាជិកអាស៊ានទាំង ១០ ផងដែរ (AMS)។

លក្ខខណ្ឌ ២ ចុងក្រោយគឺជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងដែលត្រូវចងភ្ជាប់ដោយធម្មនុញ្ញ និងឆន្ទៈក្នុងការអនុវត្តកាតព្វកិច្ចជាសមាជិកភាព។ ប្រទេសទីម័រខាងកើត បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនពិតជាមានឆន្ទៈក្នុងការបំពេញនូវកាតព្វកិច្ចដែលអាស៊ានបានដាក់។

ឧបសគ្គដែលសំខាន់ជាងគេ ភាគច្រើនគឺជាប់ពាក់ព័ន្ធទៅនឹងការបម្រុងទុករបស់ AMS អំពីចំណុចដែលថា តើប្រទេសទីម័រខាងអាចមានសមត្ថភាពដើម្បីបំពេញកាតព្វកិច្ចដ៏លំបាកពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ និងការងារការិយាធិបតេយ្យផ្សេងៗទៀតដែរឬទេ។

រឿងនេះហាក់មានភាពមិនប្រាកដប្រជាកាលពីឆ្នាំ ២០០២ និងឆ្នាំ ២០១១។ ប៉ុន្តែមកដល់ពេលនេះ ការជំទាស់គឺនៅមានតិចតួចប៉ុណ្ណោះ។ នៅឆ្នាំ ២០១៦ ប្រទេសទីម័រខាងកើតបានបង្កើតបេសកកម្មការទូតជាមួយរដ្ឋធានីអាស៊ានទាំង ១០ ហើយក៏មានការបង្កើតលេខាធិការដ្ឋានអាស៊ាននៅក្នុងទីក្រុង Dili ផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺប្រទេសកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បានសម្តែងការគាំទ្រម្តងហើយម្តងទៀតសម្រាប់ប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន។ ប្រទេសឥណ្ឌូណេស៊ីក៏បានបង្ហាញនូវការគាំទ្រយ៉ាងទូលំទូលាយ ហើយវាពិតជាត្រឹមត្រូវណាស់ដែលលោក Ramos-Horta បានសន្មត់ថា ឱកាសរបស់ប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកនឹងមានខ្ពស់ជាងពេលណាៗទាំងអស់នៅក្នុងឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារតែទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ។

ការដាក់ឱ្យបន្តរង់ចាំមួយទសវត្សរ៍ទៀត ពិតជាបង្កឱ្យមានផលប៉ះពាល់ចំពោះការជំរុញការងារការទូត និងសេដ្ឋកិច្ចដែលប្រទេសនេះកំពុងតែត្រូវការសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍជាតិ។

នៅក្នុងផែនការអភិវឌ្ឍរបស់ខ្លួនសម្រាប់ឆ្នាំ ២០១១ ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យរបស់ប្រទេសទីម័រខាងកើតសម្រាប់កំណើនក្រោយទទួលបានឯករាជ្យ ត្រូវបានផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ, ការកាត់បន្ថយភាពក្រីក្រ និងការកែលម្អទូរគមនាគមន៍និងការតភ្ជាប់ ហើយវាពិតជាមានរឿងច្រើនណាស់ដែលត្រូវធ្វើនៅក្នុងផ្នែកដ៏សំខាន់ៗទាំងនេះ។

អ្នករិះគន់មួយចំនួនអាចលើកយកបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្មដ៏ធំរបស់ប្រទេសទីម័រខាងកើតជាមួយអាស៊ាន និងការពឹងផ្អែកខ្លាំងពេកទៅលើប្រាក់ចំណូលពីវិស័យប្រេងនិងឧស្ម័នមកនិយាយ។

យោងតាមការឱ្យដឹងពីសំណាក់គណនីមួយបានឱ្យដឹងថា ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ជាងពាក់កណ្តាលនៃការចំណាយទៅលើការនាំចូលរបស់ប្រទេសទីម័រខាងកើតចំនួន ២,០៥ ពាន់លានដុល្លារ ត្រូវបានទៅប្រទេសអាស៊ានចំនួន ៥ ខណៈដែលការនាំចេញទំនិញនិងសេវាកម្មក្នុងរយៈពេលដូចគ្នាទៅកាន់អាស៊ានវិញ មានត្រឹមតែ ៩៥ លានដុល្លារតែប៉ុណ្ណោះ។ របាយការណ៍ឆ្នាំ ២០១៧ បានកត់សម្គាល់នូវការជំទាស់ពីសំណាក់ប្រទេសសិង្ហបុរីនិងឡាវ ហើយអ្វីដែលជាមូលហេតុធំនោះគឺសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត។

ទោះជាយ៉ាងណាក៏ដោយ ការជំទាស់ទាំងនេះលែងមានសុពលភាពទៀតហើយ ដោយសារតំបន់ទាំងមូលកំពុងងើបឡើងវិញជារួម ក្រោយជួបប្រទះនូវព្រឹត្តិការណ៍វិបត្តិជំងឺរាតត្បាត និងការឈ្លានពានដោយអយុត្តិធម៌របស់រុស្ស៊ីមកលើអ៊ុយក្រែន។

គេអាចនិយាយបានថា អាស៊ានមានឆន្ទៈក្នុងការអនុញ្ញាតឱ្យឡាវ កម្ពុជា មីយ៉ាន់ម៉ា និង វៀតណាម ចូលជាសមាជិកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ដូចនេះ អាស៊ានក៏គួរផ្តល់ឱកាសនេះជូនដល់ប្រទេសទីម័រខាងកើតដែរ។

ប្រទេសទីម័រខាងកើតមានសក្ដានុពលក្នុងការលោតផ្លោះលឿនជាងប្រទេសជាសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួច ប្រសិនបើពួកគេមានឱកាស។ បើទោះជាប្រទេសនេះមានអត្រានៃភាពក្រីក្រ និងអត្រាគ្មានការងារធ្វើខ្ពស់ ហើយកំណើនសេដ្ឋកិច្ចក៏មិនមានស្ថិរភាពចាប់តាំងពីទទួលបានឯករាជ្យមក តែអាយុរបស់ប្រជាជនទីម័រនៅក្មេងច្រើន និងមានកម្រិតអ្នកចេះអក្សរខ្ពស់។ បើទោះបីជា ១/៣ នៃចំនួនប្រជាជនរបស់ខ្លួនមិនបានចូលសាលារៀនក៏ដោយ ក៏ករណីនេះនឹងមានការប្រែប្រួលនៅពេលខាងមុខ ។

ពាក់ព័ន្ធនឹងវិធានការមួយចំនួននៃការអភិវឌ្ឍរបស់ប្រជាជន ប្រទេសទីម័រខាងកើតបាននាំមុខសូម្បីតែប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ក្នុងពេលដែលប្រទេស ៣ នេះត្រូវបានបញ្ចូលទៅក្នុងអាស៊ានតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដោយ។

ជាឧទាហរណ៍ សន្ទស្សន៍នៃការអភិវឌ្ឍន៍របស់ប្រជាជននៅក្នុងប្រទេសឡាវមានត្រឹមតែ ០,៤ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយនៅពេលនេះវាបានកើនឡើងដល់ ០,៦ តែប៉ុណ្ណោះ។ មុនពេលទទួលបានឯករាជ្យនៅក្នុងឆ្នាំ ២០០០ ប្រទេសទីម័រខាងកើតទទួលបានពិន្ទុ ០,៤៨ ហើយនៅក្នុងឆ្នាំ ២០១៩ ពិន្ទុនេះបានកើនដល់ ០,៦១។

អ្វីដែលគេមិនបានលើកឡើងនៅក្នុងកិច្ចពិភាក្សាស្តីពី «សមត្ថភាព» នោះគឺរបៀបដែលការបញ្ចូលប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន អាចនឹងបង្កឱ្យមានការអនុវត្តមិនស្មើគ្នាពាក់ព័ន្ធនឹងសេរីភាពនយោបាយ និងសិទ្ធិមនុស្ស។ ប្រទេសទីម័រខាងកើតទទួលបានចំណាត់ថ្នាក់ ៧២/១០០ នៅក្នុងរបាយការណ៍ «Freedom in the World» ឆ្នាំ ២០២២ របស់អង្គការ Freedom House ដែលនេះគឺជាចំណាត់ថ្នាក់ខ្ពស់បំផុតបើធៀបនឹងបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការវាយតម្លៃរបស់ប្រទេសដែលមានសេរីភាពមួយចំនួននៅក្នុងតំបន់រួមមាន ប្រទេសឥណ្ឌូនេស៊ី ៥៩/១០០ ហ្វីលីពីន ៥៥/១០០ និងសិង្ហបុរី ៤៧/១០០ និងការវាយតម្លៃរបស់ប្រទេសដែលមិនមានសេរីភាពនៅក្នុងតំបន់រួមមានឡាវ ១៣/១០០ និងមីយ៉ាន់ម៉ា ៩/១០០។ ប្រទេសទីម័រខាងកើតនឹងក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យមួយនៅក្នុងអាស៊ានដែលជាសមាគមដែលតែងតែលាក់បាំងនូវប្រធានបទដែលពិបាកៗដោះស្រាយមួយចំនួន។

ប្រសិនបើប្រទេសនេះត្រូវបានអាស៊ានទទួលយក ប្រទេសទីម័រខាងកើតនឹងអាចចូលរួមនៅក្នុងគោលការណ៍ Musyawarah និង Mufakat ដែលសំដៅទៅលើការពិចារណា និងការឯកភាពគ្នា។

កន្លងមកលោក Ramos-Horta ក្នុងនាមជាមេដឹកនាំបក្សប្រឆាំងបានធ្វើការរិះគន់យ៉ាងខ្លាំងមកលើការសម្រេចចិត្តរបស់ប្រទេសទីម័រខាងកើត ក្នុងការដកខ្លួនចេញពីការបោះឆ្នោតគាំទ្រនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ ២០២១ ដើម្បីថ្កោលទោសរបបយោធារបស់មីយ៉ាន់ម៉ា។

វាអាចទៅរួចដែល លោក Ramos-Horta អាចនឹងបន្តប្រើប្រាស់វោហាសាស្ត្រដ៏តឹងរឹងរបស់លោក សូម្បីតែនៅក្នុងវេទិកាអាស៊ាន ដែលនឹងមិនសមស្របទៅតាមទម្រង់របស់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ សមភាគីអាស៊ានរបស់លោកអាចនឹងធ្វើការបញ្ចុះបញ្ចូលលោកឱ្យកាត់បន្ថយការប្រើប្រាស់វោហាសាស្ត្ររបស់លោក យ៉ាងហោចណាស់នៅពេលដែលប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ានភ្លាមៗផងដែរ។

ហានិភ័យភូមិសាស្រ្តនយោបាយនៃការពន្យារពេលការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត អាចនឹងបង្កឱ្យមានបញ្ហាធំជាងការសម្រេចដាក់បញ្ចូលប្រទេសនេះទៅទៀត។

ខណៈពេលដែលអាស៊ានហាក់មានការមិនពេញចិត្តចំពោះសមាជិកភាពអាស៊ានរបស់ទីម័រខាងកើត ប្រទេសចិនអាចចូលរួមចំណែកយ៉ាងពេញលេញ និងអាចបង្កើនឥទ្ធិពលមកលើប្រទេសនេះបាន។ នៅចំពេលដែលមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ប្រឆាំងនឹងទីក្រុងប៉េកាំង ប្រទេសដែលចង់រារាំងប្រទេសទីម័រខាងកើតមិនឱ្យក្លាយជាសមាជិក គួរតែចាប់អារម្មណ៍ផងដែរថា ឥទ្ធិពលរបស់ចិននៅក្នុងទីម័រខាងកើតគឺពិតជាគួរឱ្យកត់សម្គាល់។

អំណាចស្រទន់របស់ចិននៅក្នុងប្រទេសទីម័រខាងកើតមានច្រើនណាស់។ ក្រសួងការបរទេសចិនពិតជាមានមោទកភាពនៅពេលដែលទីក្រុងប៉េកាំងបានក្លាយទៅប្រទេសទីមួយដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសនេះ។ ប្រទេសចិនបានប្រញាប់ប្រញាលក្នុងដាក់ស្ថានទូតរបស់ខ្លួនភ្លាមៗ បន្ទាប់ពីទីម័រខាងកើតទទួលបានឯករាជ្យ និងបានជួយសាងសង់អគាររដ្ឋាភិបាលផ្សេងៗទៀតផង។

មន្ត្រីចិនបានបម្រើការនៅក្នុងបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសទីម័រខាងកើត ខណៈដែលមន្ត្រីទីម័រខាងកើតក៏កំពុងតែរីករាយក្នុងការទទួលបានអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលនៅស្ថាប័នចិនផងដែរ។ ប្រទេសទីម័រខាងកើតពឹងផ្អែកកាន់តែខ្លាំងទៅលើការនាំចូលពីប្រទេសចិន ខណៈដែលប្រទេសចិនគឺជាប្រទេសនាំចូលទំនិញដែលរីកលូតលាស់លឿនបំផុតមួយ។

សម្រាប់ផែនការធំខាងមុខ ការដាក់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន នឹងមានភាពអំណោយផលច្រើនដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ជាជាងការទុកឱ្យប្រទេសនេះការពារខ្លួនដោយខ្លួនឯង៕

Channel News Asia

អត្ថបទទាក់ទង