ខ្មែរប៉ុស្ដិ៍ Close

    ការដោះស្រាយវិបត្តិអតិផរណាសកល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1394
    ការដោះស្រាយវិបត្តិអតិផរណាសកលការដោះស្រាយវិបត្តិអតិផរណាសកល

    លោក Ronald Reagan បាននិយាយនៅឆ្នាំ ១៩៧៨ ថា «អតិផរណាមានលក្ខណៈហិង្សាដូចចោរប្លន់, គួរឱ្យខ្លាចដូចចោរប្លន់ប្រដាប់អាវុធ និងមានភាពឃោរឃៅដូចឃាតករ»។ លោក Reagan បានចំណាយពេលប៉ុន្មានឆ្នាំដំបូងនៃការកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណានេះ។

    អតិផរណាបានបន្តកើនឡើងក្នុងរង្វង់ ៩% ជារៀងរាល់ឆ្នាំ ហើយអាចនឹងឈានទៅដល់ ១៥% នៅ ២ ឆ្នាំបន្ទាប់។ បញ្ហានេះបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកនយោបាយ អ្នកជំនួញ និងប្រជាពលរដ្ឋទូទៅ។ អតិផរណាសព្វថ្ងៃនេះ ក៏ជាសុបិនដ៏អាក្រក់ផងដែរសម្រាប់អ្នកបង្កើតគោលនយោបាយ, ធនាគារកណ្តាល, គ្រឹះស្ថាននយោបាយ និងវណ្ណៈកម្មករ។

    កាលពីពេលថ្មីៗនេះ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank of International Settlements-BIS) បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា «ភាពជាប់គាំងនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ (Stagflation) កំពុងបង្កការវាយប្រហារមកលើសេដ្ឋកិច្ចពិភពលោក ដោយសារការឡើងថ្លៃទំនិញ និងការរាំងស្ទះនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់»។

    ការផ្លាស់ប្តូរឆ្ពោះទៅរកបរិយាកាសអតិផរណាខ្ពស់ គឺជារឿងដែលកម្រនឹងកើតឡើងណាស់។ ក៏ប៉ុន្តែ បើសិនជាវាកើតឡើងហើយវាក៏ពិបាកនឹងដោះស្រាយណាស់ដែរ។ ធនាគារ BIS បាននិយាយថា «មូលហេតុចម្បង ដែលនាំមកនូវបញ្ហានេះគឺស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅជុំវិញពិភពលោក»។

    អតិផរណាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់នៅក្នុងប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) និងចក្រភពអង់គ្លេស ហើយធនាគារ BIS ក៏បានបង្កើននូវក្តីបារម្ភផងដែរសម្រាប់បណ្តាប្រទេសនៅអាមេរិកខាងជើង, អឺរ៉ុប និងបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ខណៈដែលអតិផរណាបាននិងកំពុងកើនឡើងជិតដល់ចំណុចកំពូល។

    នៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនអតិផរណាកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ។ អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចសកលបានចាប់ផ្តើមចាត់វិធានការឆ្លើយតប នៅឆ្នាំនេះ ដោយក្នុងនោះធនាគារកណ្តាលយ៉ាងហោចណាស់ចំនួន ៧៥ បានដំឡើងអត្រាការប្រាក់ ដោយមានការនាំមុខដោយធនាគារកណ្តាលអាមេរិក។ ប៉ុន្តែសកម្មភាពដែលបានធ្វើរហូតមកដល់ពេលនេះមិនទទួលបានការពេញចិត្តពីធនាគារ BIS ទេ។

    សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចុងក្រោយដែលត្រូវបានចេញផ្សាយនៅសហរដ្ឋអាមេរិកបានកើនលើសពីការរំពឹងទុករបស់អ្នកវិភាគដល់ចំនួន ៩,១% នៅក្នុងខែមិថុនា។ នៅប្រទេសកាណាដា អតិផរណាកំពុងដំណើរការក្នុងល្បឿនដ៏លឿនបំផុតបើគិតចាប់តាំងពីឆ្នាំ ១៩៨៣ មក ខណៈដែលនៅចក្រភពអង់គ្លេស អតិផរណាក៏កំពុងស្ថិតក្នុងកម្រិតដ៏ខ្ពស់ផងដែរនៅក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។

    នៅពេលដែលអត្រាការប្រាក់កើនឡើង លុយដែលមានតម្លៃថោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ នឹងចាប់ផ្តើមមានតម្លៃថ្លៃជាងមុនក្នុងនាមជាប្រាក់កម្ចី ហើយបញ្ហានេះកំពុងបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកវិនិយោគថា «សេដ្ឋកិច្ចពិភពលោកអាចនឹងរងនូវការធ្លាក់ចុះយ៉ាងខ្លាំង ហើយអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ»។ ធនាគារពិភពលោក (World Bank) បានព្រមានថា «ប្រទេសភាគច្រើនកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ហើយភាពជាប់គាំងនៃសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ អាចនឹងកើតមានសារជាថ្មី»។

    យុគសម័យនៃប្រាក់ដ៏ថោកដែលបានកើតមានអស់រយៈពេលជាង ១ ទសវត្សរ៍កន្លងមកនេះ ដោយសារអត្រាការប្រាក់ក្បែរសូន្យ បាននាំមកនូវការខ្ចីប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុធ្វើឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួនជាប់ផុងនៅក្នុងបំណុល។ នៅក្នុងប្រទេសខ្លះ បំណុលមានចំនួនប្រមាណ ៦០% នៃ GDP ឬអាចច្រើនជាងនេះ។

    អតិផរណាដ៏ខ្ពស់បានបង្ខំឱ្យធនាគារកណ្តាលផ្លាស់ប្តូរទិសដៅគោលនយោបាយរូបិយវត្ថុ ដោយការងាកចេញពីការបន្ធូរបន្ថយទៅប្រកាន់យកការរឹតបន្តឹងជំនួសវិញ។ ចំនួនប្រទេសដែលនឹងឈានចូលដល់ដំណាក់កាលគ្មានលទ្ធភាពបង់សងបំណុល (Debt Default) អាចនឹងមានការកើនឡើងនៅក្នុងពេលអនាគតដ៏ខ្លី។ ហានិភ័យនេះត្រូវបានកំណត់តែចំពោះប្រទេសក្រីក្របំផុតប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះវាក៏អាចកើតឡើងផងដែរចំពោះបណ្តាប្រទេសដែល មានចំណូលមធ្យមកម្រិតទាប។

    «តើពិភពលោកកំពុងឈានចូលដល់ដំណាក់កាលភាពជាប់គាំងនៃសេដ្ឋកិច្ច (Stagflation) មែនដែរឬទេ?» ប្រទេសស្រីលង្កា គឺជាឧទាហរណ៍ដ៏សំខាន់មួយពាក់ព័ន្ធនឹងបញ្ហាបំណុល ហើយមិនយូរប៉ុន្មានទេ ប្រទេសប៉ាគីស្ថានអាចប្រឈមមុខនឹងជោគវាសនាស្រដៀងគ្នានេះ ប្រសិនបើគ្មានជំនួយពីខាងក្រៅ។ អ្វីដែលប៉ាគីស្ថានត្រូវការជាបន្ទាន់គឺ «ប្រាក់រាប់ពាន់លានដុល្លារសម្រាប់ជាទុនបម្រុងបរទេសរបស់ខ្លួនដើម្បីបញ្ចៀសនូវការបរាជ័យក្នុងការទូទាត់បំណុល»។

    ធនាគារកណ្តាល របស់ប្រទេសប៉ាគីស្ថាននបាននិយាយថា «ទុនបម្រុងប្តូររូបិយបណ្ណបរទេសរបស់ខ្លួនបានធ្លាក់ចុះចំនួន ១៤៥ លានដុល្លារអាមេរិក មកនៅត្រឹម ៩,៨ ពាន់លានដុល្លារនៅក្នុងខែកក្កដា ខណៈដែលប្រាក់ Rupee របស់ប្រទេសប៉ាគីស្ថានក៏បានឈានដល់កម្រិតទាបបំផុតផងដែរ»។ ប្រទេសផ្សេងទៀតដែលអាចប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះរួមមាន លីបង់, Suriname, Zambia, រុស្ស៊ី និងបេឡារុស្ស។ ប្រទេសទុយនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានហានិភ័យបំផុតនៅទ្វីបអាហ្រ្វិក ដែលកំពុងត្រូវការនូវការសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

    ប្រទេសហ្គាណាក៏បានខ្ចីប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយក្នុងនោះបំណុលបានកើនឡើងដល់ជិត ៨៥% នៃ GDP ខណៈដែលអតិផរណាកំពុងស្ថិតក្នុងកម្រិតជិត ៣០%។ សម្ព័ន្ធមិត្តរបស់រុស្ស៊ីគឺបេឡារុស្ស ក៏កំពុងឆ្ពោះទៅរកជោគវាសនានៃការមិនមានលទ្ធភាពបង់សងបំណុលដែរកាលពីខែមុន នៅចំពេលកំពុងកើតមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន។

    ទន្ទឹមគ្នានេះដែរ ប្រទេសស្រីលង្កា, អាហ្សង់ទីន, វេណេស៊ុយអេឡា, ហ្សំប៊ី និងបណ្តាប្រទេសផ្សេងទៀតក៏កំពុងស្ថិតក្នុងស្ថានភាពមិនអាចបង់សងបំណុលបានផងដែរ ហើយប្រទេសជាច្រើនទៀតអាចនឹងប្រឈមមុខនឹងស្ថានភាពដូចគ្នានៅក្នុងពេលឆាប់ៗ។ នៅអឺរ៉ុប ប្រទេសអាល្លឺម៉ង់, ក្រិក, អេស្ប៉ាញ និងព័រទុយហ្គាល់បានប្រកាសអំពីការដកពន្ធ និងការឧបត្ថម្ភធនថាមពល ដើម្បីកាត់បន្ថយភាពចលាចល ហើយនៅទ្វីបអាហ្រ្វិក ប្រទេសនីហ្សេរីយ៉ា និងហ្សំប៊ី ក៏កំពុងចាត់វិធានការដូចគ្នានេះដែរ។

    ចំណែកនៅអាស៊ី ប្រទេសហ្វីលីពីន, សិង្ហបុរី និងឥណ្ឌូណេស៊ី កំពុងជំរុញការចំណាយនៅក្នុងសង្គម និងបានផ្តល់សាច់ប្រាក់ដោយផ្ទាល់។ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា «ការព្យាយាមកាត់បន្ថយផលប៉ះពាល់តាមរយៈការដាក់ចេញនូវវិធានការបែបនេះ អាចបង្កើនបញ្ហាប្រឈម ដោយសារការទប់ស្កាត់អត្រាអតិផរណានៅពេលនេះនឹងបង្កការរាំងស្ទះដល់កំណើនដែលបាននិងកំពុងជាប់គាំងនៅទូទាំងពិភពលោករួចស្រេចទៅហើយ»។

    យោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក «កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងធ្លាក់ចុះចំនួន ២,៧% ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលមានចំនួនច្រើនជាង ២ ដងនៃការធ្លាក់ចុះ ដែលបានកើតឡើងក្នុងចន្លោះឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៩»។ ការវិវឌ្ឍបែបនេះបានបង្កើននូវការព្រួយបារម្ភអំពីភាពជាប់គាំងនៃសេដ្ឋកិច្ច (កំណើនទន់ខ្សោយជាមួយនឹងការកើនឡើងខ្លាំងនៃអតិផរណា) ដែលស្រដៀងគ្នានឹងអ្វីដែលពិភពលោកបានជួបប្រទះនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

    ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមានលក្ខណៈប្រហាក់ប្រហែលនឹងភាពជាប់គាំងនៃសេដ្ឋកិច្ចក្នុងយុគសម័យឆ្នាំ ១៩៧០ នៅក្នុងទិដ្ឋភាពសំខាន់ៗចំនួន ៣ ដែលរួមមាន «ការរំខាននៅក្នុងផ្នែកផ្គត់ផ្គង់ដែលជា ហេតុជំរុញឱ្យមានអតិផរណា, លទ្ធភាពនៃកំណើនធ្លាក់ចុះ, និងភាពងាយរងគ្រោះដែលបណ្តាប្រទេសមានទីផ្សារកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍកំពុងប្រឈម ដោយសារវិធានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់អតិផរណា»។

    ការជាប់គាំងនៃសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ ១៩៧០ បាននាំមកនូវការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងវិបត្តិហិរញ្ញវត្ថុជាបន្តបន្ទាប់នៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍហើយវិបត្តិបច្ចុប្បន្នក៏អាចមានភាពដូចគ្នា នឹងនៅពេលនោះដែរ។ ប៉ុន្តែវាមានរឿងខ្លះដែលអាចជៀសវាងបាន ដោយសារតែនិន្នាការខុសគ្នាមួយចំនួនរវាងទសវត្សរ៍ឆ្នាំ ១៩៧០ និងស្ថានភាពបច្ចុប្បន្ន។

    ទសវត្សរ៍ឆ្នាំ ១៩៧០ គឺជាពេលវេលាដែលពោរពេញទៅដោយភាពតឹងតែងផ្នែកសេដ្ឋកិច្ច ខណៈដែលបច្ចុប្បន្នធនាគារកណ្តាលមានគំរូទំនើបជាងធនាគារកណ្តាលនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ ក្រៅពីនេះ ពួកគេក៏អាចមានសំណាងជាងមុនផងដែរ ដោយសារប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសចិន មានសមត្ថភាពបំពេញតម្រូវការផលិតកម្មក្នុងល្បឿនលឿន។

    ប៉ុន្តែការដាក់ចេញបន្ថែមទៀតនូវកញ្ចប់ថវិកាជំរុញកំណើន (Stimulus) និងការដាក់ទណ្ឌកម្មលើរុស្ស៊ី អាចបង្កើនល្បឿនអតិផរណា ហើយអាចបង្កការបំផ្លាញដល់រាល់កិច្ចខិតខំប្រឹងប្រែងផ្នែកគោលនយោបាយរូបិយវត្ថុ។ ការដាក់ចេញនូវវិធីសាស្រ្តជាក់ស្តែង ដោយមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ នឹងមានភាពចាំបាច់ណាស់ក្នុងការការពារសេដ្ឋកិច្ចពិភពលោកពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរយៈពេលវែង៕

    Asia Tims