ខ្មែរប៉ុស្ដិ៍ Close

    វិធីសាស្រ្តរបស់អាស៊ានទាមទារឱ្យមានការកែសម្រួលឡើងវិញដើម្បីអាចឈានទៅបញ្ចប់ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់របស់របបយោធាមីយ៉ាន់ម៉ា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 796
    វិធីសាស្រ្តរបស់អាស៊ានទាមទារឱ្យមានការកែសម្រួលឡើងវិញដើម្បីអាចឈានទៅបញ្ចប់ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់របស់របបយោធាមីយ៉ាន់ម៉ាវិធីសាស្រ្តរបស់អាស៊ានទាមទារឱ្យមានការកែសម្រួលឡើងវិញដើម្បីអាចឈានទៅបញ្ចប់ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់របស់របបយោធាមីយ៉ាន់ម៉ា

    ខណៈពេលដែលអាស៊ានប្រារព្ធខួបលើកទី៥៥ របស់ខ្លួន អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញឱ្យប្លុកក្នុងតំបន់ទទួលស្គាល់នូវការបរាជ័យនៃផែនការសន្តិភាព ៥ ចំណុចរបស់ខ្លួន ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ ២០២១ ក្នុងគោលបំណងបញ្ចប់អំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    លោកស្រី Ming Yu Hah ដែលជានាយករងប្រចាំតំបន់របស់អង្គការ Amnesty International ទទួលបន្ទុកលើការផ្សព្វផ្សាយយុទ្ធនាការបាននិយាយថា «អាស៊ានត្រូវតែបង្ហាញថាខ្លួនមិនមែនជាស្ថាប័នអសមត្ថភាពទេ ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីឱ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សដ៏សាហាវរបស់ពួកគេ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ យោធាមានប្រឡាក់ឈាមជាច្រើននៅលើដៃរបស់ពួកគេ ហើយយោធានឹងបន្តជាន់ឈ្លីអាយុជីវិតនិងសិទ្ធិរបស់ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើពួកគេនៅតែបន្តរួចខ្លួនពីការផ្តន្ទាទោស»។

    លោកស្រីបានបន្តថា «នៅចំពោះមុខអំពើឃោរឃៅដែលបានបន្តកើតមាន បូករួមទាំងការប្រហារជីវិត បន្ទាប់ពីការកាត់ក្តីដ៏អយុត្តិធម៌, ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការធ្វើទារុណកម្មដែលប្រព្រឹត្តឡើងដោយយោធាមីយ៉ាន់ម៉ា អាស៊ានត្រូវតែអនុម័តឱ្យបានឆាប់រហ័សនូវវិធានការដ៏ម៉ឺងម៉ាត់បន្ថែមទៀតដើម្បី ឱ្យមេដឹកនាំយោធាបញ្ឈប់ការគាបសង្កត់ដែលពួកគេបានធ្វើចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ មក»។

    ដើម្បីពង្រឹងសារនេះ អង្គការលើកលែងទោសអន្តរជាតិបានដាក់ចេញនូវពាក្យមួយឃ្លាថា «អាស៊ានត្រូវតែចាត់វិធានការឥឡូវនេះ!» « ASEAN must act now!» ដោយបានបញ្ចាំងឃ្លានេះនៅលើអគារទីស្នាក់ការកណ្តាលរបស់អាស៊ានក្នុងទីក្រុងហ្សាការតាកាលពីថ្ងៃចន្ទ។

    លោកស្រី Ming Yu Hah បានលើក ឡើងថា «ដើម្បីឱ្យអាស៊ានអាចបន្តរក្សាបាននូវភាពជឿជាក់របស់ខ្លួន អាស៊ានត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តដើម្បីបញ្ចប់ការបង្ហូរឈាមនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ អាស៊ានក្នុងនាមជាប្លុកមួយ និងក្នុងនាមជារដ្ឋសមាជិកនីមួយៗ ត្រូវតែជំរុញឱ្យមានយុត្តិធម៌និងគណនេយ្យភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយវាគឺជារឿងចាំបាច់ណាស់ដែលអាស៊ានត្រូវដើរតួនាទីក្នុងន័យស្ថាបនា និងត្រូវលើកទឹកចិត្តសមាជិកដទៃទៀតនៃសហគមន៍អន្តរជាតិឱ្យបង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ា»។

    លោកស្រីបានបន្ថែមថា «យើងជំរុញអាស៊ានឱ្យទាមទារសកម្មភាពជាបន្ទាន់មួយចំនួនពីរបបយោធាមីយ៉ាន់ម៉ា បូករួមទាំងការដោះលែងមនុស្សទាំងអស់ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត។ អាស៊ានក៏ត្រូវតែដោះស្រាយតម្រូវការបន្ទាន់ផ្សេងទៀតផងដែរ ដែលរួមមានការជួយសម្រួលដល់ជនភៀសខ្លួន ឬប្រជាជនផ្សេងទៀត ដែលបានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា, ការសម្របសម្រួលជំនួយមនុស្សធម៌ដែលកំពុងត្រូវការជាចាំបាច់ និងការបង្កើនសំឡេងរបស់ខ្លួនក្នុងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មសព្វាវុធជាសកល»។

    ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ២០២១ អង្គការលើកលែងទោសអន្តរជាតិបានរំលឹកប្រទេសឥណ្ឌូណេស៊ីអំពីកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិក្នុងការបើកការស៊ើបអង្កេតលើឧត្តមសេនីយ Min Aung Hlaing និងមន្ត្រីយោធាមីយ៉ាន់ម៉ាផ្សេងទៀតជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    លោកស្រី Ming Yu Hah បាននិយាយថា «យោធាមីយ៉ាន់ម៉ាបានចំអកឱ្យផែនការសន្តិភាពចំនួន ៥ ចំណុចរបស់អាស៊ានដែលទាមទារឱ្យមានការកាត់បន្ថយអំពើហិង្សា បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០២១។ ជំនួសឱ្យការអនុវត្តកិច្ចព្រមព្រៀង របបយោធាមីយ៉ាន់ម៉ាបានបន្តប្រព្រឹត្តនូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងប្រជាជនចំនួន ៥៤ លាននាក់»។

    នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងខែមេសា អង្គការលើកលែងទោសអន្តរជាតិបានរាយការណ៍អំពីការកើនឡើងនូវការគាបសង្កត់ដោយរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ា បូករួមទាំងការបាញ់ប្រហារ និងការវាយដំលើបាតុករ។ សក្ខីកម្មបានបង្ហាញថា «មន្ត្រីប៉ូលិសដែលស្លៀកពាក់ធម្មតា បានក្លែងខ្លួនធ្វើជាអ្នកលក់ផ្លែឈើ និងអ្នកបើករ៉ឺម៉ក ដើម្បីឃ្លាំមើលក្រុមប្រឆាំង ហើយបន្ទាប់មកយោធានឹងវាយឆ្មក់ផ្ទះរបស់ពួកគេ និងចាប់ខ្លួនសមាជិកគ្រួសាររបស់ពួកគេ»។

    របាយការណ៍មួយរបស់អង្គការលើកលែងទោសអន្តរជាតិដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែកក្កដា បានបង្ហាញថា «យោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម តាមរយៈការដាក់ពង្រាយគ្រាប់មីនទ្រង់ទ្រាយធំនៅក្នុង និងជុំវិញភូមិនានានៅក្នុងរដ្ឋ Kayah (Karenni)»។ របាយការណ៍បន្ថែមដែលត្រូវបានចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃទី ០២ ខែសីហា បានលើកឡើងថា «យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់មធ្យោបាយធ្វើទារុណកម្មនៅពេលជាប់ឃុំឃាំងដែលរួមមានទាំងការរំលោភបំពានផ្លូវភេទ និងការធ្វើទារុណកម្មផ្លូវចិត្ត»៕

    Amnesty International

    អត្ថបទទាក់ទង