ខ្មែរប៉ុស្ដិ៍ Close

    ជប៉ុននឹងប្រឈមមុខនឹងបញ្ហាក្នុងការធ្វើទំនាក់ទំនងជាមួយអាស៊ាន ខណៈភាពតានតឹងជុំវិញកោះតៃវ៉ាន់កំពុងតែកើនឡើង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 995
    ជប៉ុននឹងប្រឈមមុខនឹងបញ្ហាក្នុងការធ្វើទំនាក់ទំនងជាមួយអាស៊ាន ខណៈភាពតានតឹងជុំវិញកោះតៃវ៉ាន់កំពុងតែកើនឡើងជប៉ុននឹងប្រឈមមុខនឹងបញ្ហាក្នុងការធ្វើទំនាក់ទំនងជាមួយអាស៊ាន ខណៈភាពតានតឹងជុំវិញកោះតៃវ៉ាន់កំពុងតែកើនឡើង

    ទំនាក់ទំនងការទូតរបស់ប្រទេសជប៉ុនជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានកាន់តែប្រឈមមុខនឹងបញ្ហា បន្ទាប់ពីភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់ត្រូវបានគេលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយអាស៊ានជាបន្តបន្ទាប់ ហើយអាស៊ានក៏នៅតែបន្តប្រកាន់យកនូវគោលការណ៍នៃការរក្សាអព្យាក្រឹតភាពចំពោះប្រទេសជាមហាអំណាចនិងបណ្តាប្រទេសជាដៃគូសន្ទនារបស់ខ្លួន។

    តំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថាជាតំបន់មួយជួរមុខមួយនៃការប្រកួតប្រជែងរវាងជប៉ុននិងចិន។ អ្នកជំនាញនៅក្នុងទំនាក់ទំនងអន្តរជាតិមួយចំនួនបាននិយាយថា «ទីក្រុងតូក្យូមិនគួរព្យាយាមដាក់សម្ពាធបង្ខំឱ្យអាស៊ានធ្វើតាមខ្លួននោះទេ ប្រសិនបើប្រទេសជប៉ុនចង់រក្សាទំនាក់ទំនងនៃការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសជាសមាជិកទាំង ១០»។

    លោក Shin Kawashima សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Tokyo’s Graduate School of Arts and Sciences បាននិយាយថា «ទស្សនៈដែលថាតំបន់អាស៊ីអាគ្នេយ៍បានក្លាយទៅជាទីតាំងនៃសង្រ្គាមគឺពិតជាមិនត្រឹមត្រូវនោះទេ ហើយជាគំនិតដែលហួសសម័យ»។

    លោកបានបន្តនិយាយទៀតថា «អាស៊ាននឹងមិនជ្រើសរើសយកភាគីណាមួយនោះឡើយ ដោយផ្នត់គំនិតរបស់ពួកគេបានប្រែប្រួលទៅតាមកំណើនសេដ្ឋកិច្ចរបស់ពួកគេ ហើយអំណាចសេដ្ឋកិច្ចជប៉ុនដែលធ្លាប់មានកំពុងតែធ្លាក់ចុះ។ ដូច្នេះយើងមិនគួរធ្វើសកម្មភាពជាមួយពួកគេដូចអ្វីដែលយើងបានធ្វើកាលពីប៉ុន្មានទស្សវត្សរ៍មុននោះទេ»។

    កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានការចួលរួមពីសំណាក់ប្រទេសជាដៃគូក្នុងតំបន់ជាច្រើន រួមមាន ប្រទេសចិន ជប៉ុន រុស្ស៊ី និងអាមេរិក ហើយត្រូវបានធ្វើឡើងចាប់ពីថ្ងៃពុធ នៅក្នុងទីក្រុងភ្នំពេញនោះ ពិតជាបានបង្ហាញនូវអ្វីមួយ ដែលប្រធានាធិបតីអាមេរិក Joe Biden បានហៅថា «ជាការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការ»។

    កិច្ចប្រជុំខាងលើត្រូវបានចាប់ផ្ដើមនៅមួយថ្ងៃបន្ទាប់ពីប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ជាកោះដែលប្រទេសចិនបានចាត់ទុកថាជាខេត្តរបស់ខ្លួន ហើយនឹងត្រូវធ្វើការបង្រួបបង្រួមជាមួយចិនដីគោកឡើងវិញតាមរយៈការចាប់បង្ខំ ប្រសិនបើមានករណីចាំបាច់។

    ដូចអ្វីដែលបានរំពឹងទុក ប្រទេសចិនបានបញ្ចេញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីលោកស្រី Pelosi បានក្លាយជាមន្ត្រីដែលមានឋានៈខ្ពស់បំផុតរបស់អាមេរិកដែលបានធ្វើដំណើរទស្សនកិច្ចនៅក្នុងកោះដែលគ្រប់គ្រងដោយប្រទេសចិនអស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។

    ប្រទេសចិនបានធ្វើការប្រតិកម្មតាមរយៈការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំរយៈពេល ៤ ថ្ងៃនៅជិតកោះតៃវ៉ាន់ ហើយថែមទាំងបានប្រើប្រាស់កាំជ្រួចផ្លោងមួយចំនួន រហូតដល់មានកាំជ្រួចធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនថែមទៀតផង។

    មុនពេលមានភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់នេះ បណ្តាប្រទេសប្រជាធិបតេយ្យធំៗ ក៏មានការបែកបាក់គ្នាយ៉ាងស៊ីជម្រៅរួចទៅហើយជាមួយនឹងក្រុមប្រទេសចិន-រុស្ស៊ី ដោយសារតែការឈ្លានពានរបស់ទីក្រុងម៉ូស្គូចូលប្រទេសអ៊ុយក្រែន។

    ក្រុមប្រទេស G7 ដែលរួមមានទាំងប្រទេសជប៉ុននិងអាមេរិក បានដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមកលើប្រទេសរុស្ស៊ីចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបាន ចាប់ផ្តើមកាលពីចុងខែកុម្ភៈមក ខណៈ ប្រទេសចិនបានបដិសេធមិនចាត់វិធានការស្រដៀងគ្នានេះទេ។

    ដើម្បីជាការតវ៉ាជាក់ស្តែងមួយចំពោះប្រទេសជប៉ុន ដែលបានចូលរួមជាមួយសម្ព័ន្ធមត្តិលោកខាងលិចចំពោះបញ្ហាកោះតៃវ៉ាន់និងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន និង រុស្ស៊ី គឺលោក Wang Yi និងលោក Sergey Lavrov បានងើបចេញដើរពីបន្ទប់ប្រជុំ នៅពេលដែលសមភាគីជប៉ុន លោក Yoshimasa Hayashi បានឡើងមានមតិនៅក្នុងសម័យប្រជុំមួយនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីថ្ងៃសុក្រ។

    ប្រទេសចិនក៏បានលុបចោលកិច្ចចរចាមួយទល់នឹងមួយរវាងលោក Wang និងលោក Hayashi ភ្លាមៗ ខណៈដែលអ្នកទាំងពីរនឹងត្រូវជួបប្រជុំគ្នានៅក្នុងប្រទេសកម្ពុជា ក្រោមហេតុផលថា «សេចក្តីថ្លែងការណ៍ របស់ក្រុមប្រទេស G7 បានចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះទីក្រុងប៉េកាំង ជុំវិញការឆ្លើយតបរបស់ពួកគេចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់»។

    លោក Tomotaka Shoji ប្រធានផ្នែកតំបន់អាស៊ីនិងអាហ្រ្វិកនៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាផ្នែកការពារជាតិ បាននិយាយថា «ភាពតានតឹងដែលកំពុងតែកើនឡើងអាចនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់អាស៊ាន»។

    លោក Shoji បានលើកឡើងថា ផលប៉ះពាល់នៃការប្រឈមមុខដាក់គ្នានេះក៏អាចកើតមានទៅលើវិស័យដែលមិនមែនសន្តិសុខផងដែរ ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមពីសំណាក់ប្រទេសចំនួន ១៥ ហើយក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ កិច្ចព្រមព្រៀង RCEP ខាងលើមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអាស៊ានទាំង១០ បូករួមជា មួយអូស្ត្រាលី ចិន ជប៉ុន ញ៉ូហ្សេឡែន និង កូរ៉េខាងត្បូង។

    តាមពិតទៅ វាច្បាស់ទៅហើយដែលថា «ផលវិបាកដ៏ធ្ងន់ធ្ងរ» ដែលប្រទេសចិនបានព្រមានមុនពេលលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នឹងកើតមានលើសពីការធ្វើសកម្មភាពយោធា។ ក្រៅពីកិច្ចសន្ទនាយោធាកម្រិតខ្ពស់ ប្រទេសចិនក៏បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្លូវច្បាប់ផងដែរ។

    លោក Kwashima បាននិយាយថា «នៅក្នុងកាលៈទេសៈបច្ចុប្បន្ន សម្រាប់ការខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រទេសជប៉ុនមិនគួរទាមទារឱ្យប្រទេសទាំងនោះត្រូវបង្ហាញនូវភាពស្មោះត្រង់ចំពោះលទ្ធិប្រជាធិបតេយ្យទៀតនោះទេ»។ លោកបានបន្តទៀតថា ការធ្វើដូច្នេះនឹងជួយឱ្យប្រទេសជប៉ុនអាចបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ ផ្ទុយពីវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលលោក Kwashima បាន ពិពណ៌នាថា «ជាវិធីសាស្ត្រក្នុងការធ្វើអ្វីៗទៅតាមគំនិតរបស់ខ្លួនឯង»។

    លោក Shoji បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំនេះដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី។

    នៅក្នុងការស្ទង់មតិនេះបានបង្ហាញថា ៥៤,៤% នៃ អ្នកឆ្លើយតបចំនួន ១ ៦៧៧ នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ានបាននិយាយថា ប្រទេសចិនគឺជាមហាអំណាចនយោបាយដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើធៀបនឹងអាមេរិកដែលមានអ្នកជ្រើសរើសតែចំនួន ២៩,៧% និងប្រទេសជប៉ុនដែលមានអ្នកជ្រើសតែចំនួន ១,៤%។

    លោក Shoji បាននិយាយថា «នៅក្នុងប្រទេសជប៉ុន មនុស្សជាច្រើនមានទំនោរអវិជ្ជមានចំពោះការងើបឡើងវិញរបស់ប្រទេសចិន ប៉ុន្តែយើងមិនគួរចាត់ទុកវាថាជារឿងអវិជ្ជមានសម្រាប់អាស៊ាននោះទេ»។

    ការស្ទង់មតិខាងលើក៏បានបង្ហាញផងដែរថា អ្នកចូលរួម ៥៧% នឹងជ្រើសរើសយកសហរដ្ឋអាមេរិក ប្រសិនបើអាស៊ានត្រូវបានបង្ខំឱ្យសម្របខ្លួនជាមួយនឹងប្រទេសមហាអំណាចណាមួយក្នុងចំណោមដៃគូប្រជែងដ៏សំខាន់ទាំងពីរ ខណៈប្រទេសចិនត្រូវបានជ្រើសរើសចំនួន ៤៣%។

    ទន្ទឹមនឹងនេះ ការស្ទង់មតិខាងលើក៏បានបង្ហាញថា ប្រទេសជប៉ុននៅតែជាមហាអំណាចដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់អាស៊ាន ដោយមានអ្នកចូលរួមចំនួន ៥៤,២% បានបង្ហាញអំពីទំនុកចិត្តថា «ប្រទេសជប៉ុនកំពុងតែធ្វើនូវរឿងដែលត្រឹមត្រូវ ដើម្បីផ្តល់ជាប្រយោជន៍ដល់សកលលោក» ខណៈដែលសហរដ្ឋអាមេរិកស្ថិតក្នុងលេខរៀងទី២ ដែលមានអ្នកជ្រើសយកចំនួន ៥២,៨% និងប្រទេសចិនចំនួន ២៦,៨%។

    លោក Shoji បាននិយាយថា «ទោះបីជាប្រទេសអាស៊ានបានដឹងយ៉ាងច្បាស់អំពីឥទ្ធិពលដ៏ធំសម្បើមរបស់ប្រទេសចិនក៏ដោយ ក៏មិនមែនមានន័យថា ពួកគេសុទ្ធតែមានគំនិតវិជ្ជមានចំពោះរឿងទាំងនោះឡើយ»៕

    Kyodo News

    អត្ថបទទាក់ទង