ខ្មែរប៉ុស្ដិ៍ Close

    ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ ៖ ផលប៉ះពាល់រយៈពេលវែងចំពោះតំបន់អាស៊ីអាគ្នេយ៍

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 873
    ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ ៖ ផលប៉ះពាល់រយៈពេលវែងចំពោះតំបន់អាស៊ីអាគ្នេយ៍ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ ៖ ផលប៉ះពាល់រយៈពេលវែងចំពោះតំបន់អាស៊ីអាគ្នេយ៍

    ជាមួយនឹងការផ្គើននឹងការព្រមានដ៏អាក្រក់ និងការគំរាមកំហែងដ៏កាចសាហាវរបស់ចិន ប្រធានសភាអាមេរិក Nancy Pelosi និងគណៈប្រតិភូសភារបស់លោកស្រីបានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីថ្ងៃទី ០២ សីហា ឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃការធ្វើដំណើររបស់ពួកគេទៅកាន់បណ្តាប្រទេសជាមិត្ត និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។

    នៅទីក្រុងតៃប៉ិ លោកស្រីបានថ្លែងសារសាមគ្គីភាពប្រជាធិបតេយ្យជាមួយកោះតៃវ៉ាន់ និងបានបន្តផ្តល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារខ្លួនដូចដែលបានកំណត់ដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ឆ្នាំ ១៩៧៩ ។ ដំណើរទស្សនកិច្ចនេះមិនមែនគ្រាន់តែជាការសម្តែងនូវរូបភាពប៉ុណ្ណោះទេ។

    គណៈប្រតិភូនៃគណបក្សប្រជាធិបតេយ្យរបស់លោកស្រី Pelosi រួមមានសមាជិកនៃគណៈកម្មាធិការសភាសំខាន់ៗដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម, ការពារជាតិ, កិច្ចការបរទេស និងច្បាប់ស៊ើបការណ៍សម្ងាត់។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ២៦ នាក់ ក៏បានសម្តែងនូវការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីផងដែរ។

    ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានបង្កឱ្យមានការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយ និងការដាក់ទណ្ឌកម្មរបស់ចិនលើកោះតៃវ៉ាន់។ ប្រទេសចិនបានហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់តៃវ៉ាន់ ដើម្បីកំណត់គោលដៅលើក្រុមហ៊ុនក្នុងស្រុកមួយចំនួនរបស់តៃវ៉ាន់ដែលគាំទ្រគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច។

    ប្រទេសចិនក៏បានប្រកាសអំពីការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅក្នុងតំបន់ដែនសមុទ្រចំនួន ៧ នៅជុំវិញកោះតៃវ៉ាន់ផងដែរ ដែលក្នុងនោះ តំបន់ចំនួន ៣ បានរំលោភចូលទៅក្នុងដែនទឹករបស់តៃវ៉ាន់។ សមយុទ្ធទាំងនេះបានបង្ហាញអំពីសមត្ថភាពរបស់ចិន ក្នុងការរារាំងការតភ្ជាប់តាមផ្លូវអាកាស និងដែនសមុទ្ររបស់កោះតៃវ៉ាន់ទៅកាន់ពិភពលោកដ៏ទូលំទូលាយ។

    ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់បានគូសបញ្ជាក់ថា «ទំនាក់ទំនងត្រីកោណរវាងចិន, តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានរងនូវផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល ៥០ ឆ្នាំ ចាប់តាំងពីប្រធានាធិបតី Richard Nixon បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងឆ្នាំ ១៩៧២»។ ការផ្លាស់ប្តូរទាំងនេះនឹងប៉ះពាល់ដោយផ្ទាល់ដល់បរិយាកាសយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

    ប្រហែល 50 ឆ្នាំមុន ប្រធានាធិបតីសាធារណរដ្ឋចិន Chiang Kai-shek និងបណ្តាមេដឹកនាំគណបក្ស Kuomintang (KMT) ដែលមានដើមកំណើតនៅដីគោកផ្សេងទៀត បានមានបំណងចង់វិលត្រឡប់ទៅកាន់ប្រទេសចិនដីគោកវិញ និងចង់ដណ្តើមការគ្រប់គ្រងឱ្យមកនៅក្រោមគណបក្ស KMT វិញ។

    សព្វថ្ងៃនេះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស DPP របស់លោកស្រី Tsai Ing-wen ទទួលបានការគាំទ្រពីប្រជាជនតៃវ៉ាន់ភាគច្រើន ដែលចង់បន្តនូវស្ថានភាពដដែលដូចបច្ចុប្បន្ន គឺការមិនមានឯករាជ្យផ្លូវការ និងការមិនចុះញ៉មចំពោះសាធារណៈរដ្ឋប្រជាមានិតចិន (PRC)។ មានតែ ១% ឬ ២% នៃចំនួនប្រជាជនកោះនេះប៉ុណ្ណោះ ដែលទទួលស្គាល់ចិនដីគោក ខណៈដែលជិត ៨០% នៃប្រជាជនទាំងអស់បានទទួលស្គាល់ខ្លួនពួកគេថាជា «ជនជាតិតៃវ៉ាន់» ហើយបានងាកចេញពីគំនិតនៃការគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តចិន។

    ប្រធានាធិបតីចិន Xi Jinping មិនអាចទ្រាំនឹងរឿងនេះបានទេ ហើយឥឡូវនេះ លោកបានបន្តគំរាមកំហែងប្រើកម្លាំងយោធាលើកោះតៃវ៉ាន់ ប្រសិនបើលោកស្រី Tsai នៅតែមិនព្រមទទួលយកសំណើរបស់លោក គឺការគ្រប់គ្រងតាមបែប «ប្រទេសមួយប្រព័ន្ធពីរ» (One Country-two systems)។ ការស្ទាក់ស្ទើរដ៏គួរឱ្យកត់សម្គាល់របស់លោកស្រី Tsai ក្នុងការបញ្ចេញមតិលើដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅមុនការមកដល់ បានបង្ហាញអំពីស្ថានភាពដ៏សោកសៅរបស់កោះតៃវ៉ាន់នៅពេលបច្ចុប្បន្ន។

    ប្រសិនបើលោកស្រីបង្ហាញនូវការគាំទ្រ វាអាចធ្វើឱ្យលោក Xi ខឹង និងអាចនាំមកនូវការដាក់ទណ្ឌកម្ម។ ក៏ប៉ុន្តែ ប្រសិនបើលោកស្រីបដិសេធដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi លោកស្រីអាចប្រឈមមុខនឹងហានិភ័យនៃការផ្តាច់ទំនាក់ទំនងពីអ្នកមានគុណដ៏មានអំណាច និងអាចធ្វើឱ្យប្រជាជនរបស់លោកស្រីបាក់ទឹកចិត្ត។ ឥឡូវនេះ ដោយសារដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានបង្ហាញអំពីការបរាជ័យរបស់ប្រទេសចិនក្នុងការបំភ័យមេដឹកនាំស្រីៗទាំងនេះ ប្រទេសចិនអាចនឹងចាត់វិធានការកាន់តែកម្រោលលើកោះតៃវ៉ាន់ដ៏ទន់ខ្សោយ។

    កាលពី ៥០ ឆ្នាំមុន ប្រទេសចិនមានភាពក្រីក្រ, ពោរពេញទៅដោយការខឹងសម្បារ និងឯកោ។ នៅឆ្នាំ ១៩៦៧ លោក Richard Nixon បានលើកឡើងថា «យើងមិនអាចទុកប្រទេសចិនចោលជារៀងរហូតបានទេ ហើយក៏មិនអាចទុកឱ្យប្រទេសចិនចិញ្ចឹមចិត្តស្អប់ខ្ពើម និងគំរាមកំហែងអ្នកជិតខាងរបស់ខ្លួនបានដែរ»។ លោក Nixon បាន បើកទ្វារស្វាគមន៍ប្រទេសចិនក្នុងឆ្នាំ ១៩៧២ ហើយប្រទេសចិនក៏បានសម្រេចចិត្តធ្វើកំណែទម្រង់ និងបើកចំហក្រោមការគ្រប់គ្រងរបស់លោក Deng Xiaoping។

    សព្វថ្ងៃនេះ ប្រទេសចិនបានក្លាយជាអ្នកមានទ្រព្យ អ្នកមានអំណាច និងជាចំណុចស្នូលនៃសេដ្ឋកិច្ចពិភពលោក ក៏ប៉ុន្តែចិននៅតែមិនសប្បាយចិត្ត។ នៅក្រោមការដឹកនាំរបស់លោក Xi Jinping ប្រទេសចិនចង់ទទួលបានមកវិញនូវប្រភេទអំណាច និងចំណុចស្នូលដែលចក្រភពចិនបុរាណធ្លាប់មាន។ ទោះបីជាអំណាចរបស់ខ្លួនបានកើនឡើងក៏ដោយ ក៏មហិច្ឆតារបស់ចិននៅមិនទាន់សម្រេចជោគជ័យនៅឡើយទេ ដែលជាហេតុនាំមកនូវផលប៉ះពាល់ដល់កោះតៃវ៉ាន់ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់អាស៊ី។

    សហរដ្ឋអាមេរិកក៏បានផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនផងដែរចំពោះប្រទេសចិននិងកោះតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់ផ្តើមពីរដ្ឋបាលរបស់លោក Bill Clinton ប្រទេសចិនត្រូវបានចាត់ទុកជាប្រទេសជាមិត្ត និងជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពល។ ក៏ប៉ុន្តែបន្ទាប់ពីប្រទេសចិន បានចាប់ផ្តើមជំរុញការទាមទារឡើងវិញនៅសមុទ្រចិនខាងត្បូងចាប់ពីឆ្នាំ ២០០៩ មក វាបានបង្ហាញយ៉ាងច្បាស់ថា «មហាអំណាចចិនចង់កាត់បន្ថយវត្តមានរបស់អាមេរិកនៅតំបន់អាស៊ី និងបានចាត់ទុកផលប្រយោជន៍របស់ចិនជាធំ»។

    ចាប់ផ្តើមពីរដ្ឋបាលរបស់លោក Trump សហរដ្ឋអាមេរិកបានចាត់ថ្នាក់ប្រទេសចិនឡើងវិញជាគូប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្លាំង។ ស្ថានភាពនេះបាន នាំឱ្យមានយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហបស់សហរដ្ឋអាមេរិក, ការបន្តឡើងវិញនូវកិច្ចសន្ទនាយុទ្ធសាស្ត្រចតុភាគីក្នុងចំណោមសហរដ្ឋអាមេរិក, ជប៉ុន, ឥណ្ឌា និងអូស្ត្រាលី និងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិក។ ទាំងអស់នេះបានកើតឡើងនៅក្នុងឆ្នាំ ២០១៧ ហើយគំនិតផ្តួចផ្តើមនិមួយៗបានចាត់ទុកប្រទេសចិនជាបញ្ហាប្រឈមរបស់ខ្លួន។

    ស្របពេលជាមួយគ្នានេះដែរ អាមេរិកបានវាយតម្លៃឡើងវិញនូវទស្សនៈរបស់ខ្លួនចំពោះកោះតៃវ៉ាន់។ ទី១ «តៃវ៉ាន់បានផ្លាស់ប្តូរពីច្បាប់អាជ្ញាសឹកផ្តាច់ការទៅជាលទ្ធិប្រជាធិបតេយ្យទីផ្សារសេរីប្រកបដោយសន្តិភាព និងវិបុលភាពដែលយកគំរូតាមអ្វីដែលអាមេរិកសង្ឃឹមថាចិននឹងធ្វើតាម»។ ទី២ «តៃវ៉ាន់បានក្លាយជាប្រទេសផលិតគ្រឿងអេឡិចត្រូនិកទំនើបបំផុតរបស់ពិភពលោក និងដែលមិនអាចខ្វះបានសម្រាប់វិស័យសេដ្ឋកិច្ចនិងយោធារបស់អាមេរិក»។

    និងចុងក្រោយ «ប្រសិនបើតៃវ៉ាន់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ចិន អាមេរិកនឹងបាត់បង់តំបន់ការពារដ៏រឹងមាំនៅប្រជុំកោះទីមួយ ហើយនឹងត្រូវធ្លាក់ចូលទៅក្នុងទីតាំងការពារដ៏លំបាក ដែលមានមូលដ្ឋាននៅពាក់កណ្តាលប៉ាស៊ីហ្វិក ឬឆ្នេរខាងលិច»។ សម្រាប់ហេតុផលទាំងអស់នេះ សហរដ្ឋអាមេរិកមិនអាចព្រងើយកន្តើយនឹងជោគវាសនារបស់កោះតៃវ៉ាន់បាននោះទេ។

    ស្ថានភាពរបស់តៃវ៉ាន់អាចជាមេរៀនសម្រាប់បណ្តារដ្ឋអាស៊ីអាគ្នេយ៍ដែលកំពុងមានជម្លោះជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង។ ការផ្លាស់ប្តូរថាមវន្តនៅក្នុងត្រីកោណយុទ្ធសាស្ត្រចិន-តៃវ៉ាន់-អាមេរិក បានបង្ហាញថា «នៅពេលដែលប្រទេសចិនកាន់តែរឹងមាំ ចិនអាចគំរាមកំហែង និងបង្កើនការទាមទារលើបណ្តាប្រទេសជិតខាងណាដែលតូចជាង និងខ្សោយជាងខ្លួន» ហើយចិនក៏អាចព្យាយាមរារាំងបណ្តាប្រទេសទាំងនោះពីការមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផងដែរ។

    ប៉ុន្តែ ទង្វើនេះកំពុងតែជំរុញឱ្យកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា ក្នុងគោលបំណងស្វែងរកវិធីទប់ទល់នឹងការឈ្លានពានរបស់ចិនដែលមានលក្ខណៈដូចគ្នានឹងភាពអំនួតរបស់រុស្ស៊ី និងការចល័តយោធានៅមុនការលុកលុយចូលអ៊ុយក្រែន។ វាអាចនាំមកនូវជម្លោះប្រដាប់អាវុធ ដែលនឹងបង្កអស្ថិរភាព និងផលប៉ះពាល់យ៉ាងខ្លាំងដល់តំបន់អាស៊ីអាគ្នេយ៍។

    សភាអាមេរិក និងសាធារណជននឹងចងចាំរឿងរ៉ាវនៃដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។ ការគំរាមកំហែងជ្រុលហួសហេតុរបស់ចិនអាចនឹងជំរុញឱ្យសភា និងសាធារណជនអាមេរិកបន្តផ្តល់នូវការគាំទ្រដល់វត្តមានដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅពេលអនាគត៕

    Fulcrum

    អត្ថបទទាក់ទង