ខ្មែរប៉ុស្ដិ៍ Close

នៅចំពេលកើតមានសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចិនអាចយកប្រៀបលើទីផ្សារអាវុធដែលមានតម្លៃថោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 237
នៅចំពេលកើតមានសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចិនអាចយកប្រៀបលើទីផ្សារអាវុធដែលមានតម្លៃថោក នៅចំពេលកើតមានសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចិនអាចយកប្រៀបលើទីផ្សារអាវុធដែលមានតម្លៃថោក

ប្រទេសចិនអាចទទួលបានកំណើនការទូតសព្វាវុធនៅក្នុង «ទីផ្សារធូរថ្លៃ» «Value Market» ប្រសិនបើការនាំចេញរបស់រុស្ស៊ីបន្តរងនូវការធ្លាក់ចុះ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ «ទីផ្សារសព្វាវុធធូរថ្លៃ» គឺជាទីផ្សារអាវុធដែលរួមមានទាំងសម្ភារៈថ្មី និងសម្ភារៈដែលត្រូវបានកែលម្អឡើងវិញ ហើយប្រទេសមួយចំនួនទិញសម្ភារៈតែពី «ទីផ្សារសព្វាវុធធូរថ្លៃ» ប៉ុណ្ណោះ។

ប្រទេសផ្សេងទៀតក៏បានទិញសម្ភារៈទំនើបៗដូចជាយន្តហោះចម្បាំងនៅក្នុងទីផ្សារសព្វាវុធធូរថ្លៃនេះផងដែរ។ ឧទាហរណ៍ កាលពីពេលថ្មីៗនេះកូរ៉េខាងត្បូងបានទិញយន្តហោះចម្បាំង F-35As ចំនួន ២០ គ្រឿងនៅក្នុងទីផ្សារផលិតផលថ្លៃៗ (High-end Market) ក៏ប៉ុន្តែលក់យន្តហោះចម្បាំងធុនស្រាល F-50 ក្នុងតម្លៃធូរថ្លៃ ទៅឱ្យប្រទេសឥណ្ឌូណេស៊ី។ យន្តហោះចម្បាំងទាំងពីរនេះ គឺជាសម្ភារៈថ្មី និងមានគុណភាពខ្ពស់ ក៏ប៉ុន្តែតម្លៃនិងសមត្ថភាពរបស់វាគឺមានភាពខុសគ្នា។

អស់ច្រើនទសវត្សរ៍មកហើយ ដែលប្រទេសរុស្ស៊ីគឺជាតួអង្គដ៏ធំនៅក្នុងទីផ្សារអាវុធធូរថ្លៃ។ ការចូលរួមរបស់រុស្ស៊ីបាននាំមកនូវផលចំណេញផ្នែកហិរញ្ញវត្ថុ ក៏ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងនេះគឺ «ការជំរុញកម្លាំងគោលនយោបាយការបរទេស»។ ការប្រើប្រាស់ «ការទូតលក់អាវុធ» «Arm Sale Diplomacy» របស់ប្រធានាធិបតី Vladimir Putin ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរទស្សនកិច្ចការទូត។

នៅមុនការឈ្លានពានចូលតំបន់គ្រីមេ នៅឆ្នាំ ២០១៤ ប្រទេសដែលនាំចូលអាវុធរុស្ស៊ី ឬនាំចេញទៅកាន់រុស្ស៊ី មានចំណែកប្រមាណ ៦៥% នៃដំណើរទស្សនកិច្ចការទូតរបស់លោក Putin នៅឆ្នាំ ២០១១, ចំនួន ៤៧% នៅឆ្នាំ ២០១២, ៧០% នៅឆ្នាំ ២០១៣ និង ៧៩% នៅឆ្នាំ ២០១៤។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រទេសរុស្ស៊ីនឹងបាត់បង់សារៈសំខាន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ចម្បងដល់ទីផ្សារនេះ។ បើទោះបីជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនមិនបានចូលរួមក្នុងទីផ្សារអាវុធធូរថ្លៃនេះ ដោយសារតែបញ្ហាតម្លៃនិងកង្វល់លើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងអតិថិជនខ្លះក៏ដោយ ក៏ការធ្លាក់ចុះនៃសារៈសំខាន់របស់រុស្ស៊ី នឹងផ្តល់ឱ្យចិន (ដែលជាអ្នកនាំចេញអាវុធធំជាងគេលំដាប់ទី ៤ របស់ពិភពលោកចាប់ពីឆ្នាំ ២០១៧ ដល់ ២០២១) នូវឱកាសដ៏ធំ។

នៅក្នុងយុគសម័យនៃការប្រកួតប្រជែងរវាងមហាអំណាច សហរដ្ឋអាមេរិកបានប្រឈមមុខនឹងបញ្ហាស្មុគស្មាញពាក់ព័ន្ធនឹងការទាក់ទាញបណ្តាប្រទេសនៅក្នុងតំបន់ Global South ដែលអាមេរិកមិនអាចផ្គត់ផ្គង់អាវុធឱ្យបាន។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកមិនអាចទប់ស្កាត់ចិន ពីការផ្គត់ផ្គង់អាវុធទៅឱ្យបណ្តាប្រទេសទាំងនេះបានទេ ដែលជាហេតុធ្វើឱ្យចិនមានឱកាសទំនាក់ទំនងជាមួយកងកម្លាំងការពារជាតិ និងឥស្សរជននយោបាយ។

ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាមេរិកគួរតែបង្កើតសម្ព័ន្ធការពារពហុជាតិនៃបណ្តាប្រទេសជាមិត្តដែលជាអ្នកផលិតអាវុធលក់នៅក្នុងទីផ្សារធូរថ្លៃ។ សហរដ្ឋអាមេរិកអាចធ្វើបែបនេះបាន តាមរយៈការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងការទូត និងត្រូវបង្ហាញការប្តេជ្ញាចិត្តចំពោះនិរន្តរភាពនៃសព្វាវុធតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនផលិតអាវុធ។

រុស្ស៊ីទទួលបានមរតកនៃការប្រើប្រាស់ការនាំចេញសព្វាវុធជាមធ្យោបាយជំរុញគោលនយោបាយការបរទេសពីអតីតសហភាពសូវៀត ដែលបានប្រើប្រាស់ការនាំចេញអាវុធ ដើម្បីពង្រីកផលប្រយោជន៍នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ និងជាមួយក្រុមបះបោរដែលគាំទ្រសូវៀត។

លក្ខណៈពិសេសមួយនៃការនាំចេញសម្ភារៈយោធារបស់រុស្ស៊ីគឺ «រុស្ស៊ីចូលរួមនៅក្នុងទីផ្សារ ២ ក្នុងពេលទន្ទឹមគ្នា គឺទីផ្សារសម្ភារៈទំនើបៗនិងថ្លៃៗ ដោយប្រកួតប្រជែងជាមួយបារាំង, អង់គ្លេស, សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត និងមួយទៀតគឺទីផ្សារសព្វាវុធធូរៗថ្លៃ»។ កិច្ចសហប្រតិបត្តិការការពារជាតិរបស់រុស្ស៊ីគឺដើរទន្ទឹមគ្នានឹងការវិនិយោគនៅក្នុងវិស័យថាមពល និងវិស័យរ៉ែ។

ការលក់អាវុធនៅក្នុងទីផ្សារធូរថ្លៃ បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់អាហ្រ្វិក Sub-Sahara បើធៀបទៅនឹងប្រទេសចិន, សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។ ការលក់ដូរអាវុធនៅអាមេរិកឡាទីន បានពង្រីកឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេសគុយបា, ប៉េរូ, នីការ៉ាហ្គ័រ, វេណេស៊ុយអេឡា, បូលីវី និងអេក្វាឌ័រ ក៏ដូចជានៅក្នុងប្រទេសមានអំណាចសេដ្ឋកិច្ច ដូចជាប្រេស៊ីល និងអាហ្សង់ទីនជាដើម។

រុស្ស៊ីក៏ជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ខែឧសភា ឆ្នាំ ២០២២ «ការលក់អាវុធក្នុងតំបន់បានដាំក្បាលចុះ ចាប់តាំងពីរុស្ស៊ីបានដណ្តើមយកតំបន់ គ្រីមេ នៅឆ្នាំ ២០១៤»។ ការពឹងផ្អែករបស់រុស្ស៊ីលើប្រទេសចិន នៅក្រោយការឈ្លានពានឆ្នាំ ២០២២ អាចនឹងអនុញ្ញាតឱ្យចិនរារាំងរុស្ស៊ីពីការលក់អាវុធទៅឱ្យប្រទេសវៀតណាម និងឥណ្ឌាដែលជាហេតុនឹងកាត់បន្ថយការលក់អាវុធរុស្ស៊ីកាន់តែខ្លាំង។

ចិនគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំក្នុងតម្លៃធូរថ្លៃ ដោយក្នុងនោះចិនបាននាំចេញសម្ភារៈយោធាក្នុងតម្លៃទាបៗ ដូចជារថយន្តយោធា, រថពាសដែក, កាំភ្លើងត្បាល់, ប្រព័ន្ធយន្តហោះចម្បាំងគ្មានមនុស្សបើក (Unmanned Aircraft Systems – UAS), ប្រព័ន្ធការពារដែនអាកាស, នាវាជើងទឹក និងសម្ភារៈចាប់រលកសញ្ញា (Sensors)។

ចិនក៏កំពុងបង្កើនការលក់នូវប្រព័ន្ធកាន់តែទំនើបផងដែរ ដូចជាយន្តហោះចម្បាំង J-10C ចំនួន ៣៦ គ្រឿងទៅឱ្យប៉ាគីស្ថាន និងមីស៊ីលបាញ់ពីផ្ទៃដីទៅអាកាសម៉ាក HQ-22 ទៅឱ្យប្រទេសស៊ែប៊ី។ ចាប់ពីឆ្នាំ ២០១២ មក ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាវុធធំជាងគេទាំង ៥ របស់ពិភពលោក។ បើទោះបីជាការលក់ប្រចាំឆ្នាំបានរងនូវការធ្លាក់ចុះក៏ដោយ ក៏ចិននៅតែអាចបន្តពង្រីកវត្តមានទីផ្សាររបស់ខ្លួនបាន។

ចិនអាចជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុត ឬធំជាងគេលំដាប់ទី ២ របស់អតិថិជនធំជាងគេទាំង ៣ របស់រុស្ស៊ីនៅតំបន់អាហ្វ្រិក Sub-Sahara ដែលរួមមានអង់ហ្គោឡា, នីហ្សេរីយ៉ា និងអ៊ូហ្គង់ដា។ ស្រដៀងគ្នានេះដែរ នៅពេលនេះ ចិនគឺជាអ្នកលក់អាវុធធំជាងគេសម្រាប់អតិថិជនអាស៊ីធំជាងគេរបស់រុស្ស៊ីគឺប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ហើយមានតែនៅឥណ្ឌូណេស៊ីទេ ដែលការនាំចេញអាវុធរបស់រុស្ស៊ីត្រូវបានជំនួសដោយអាវុធមកពីកូរ៉េខាងត្បូង, អាមេរិក និងអង់គ្លេស។

យុទ្ធសាស្ត្រលក់អាវុធរបស់ចិននៅទីផ្សារអាវុធធូរថ្លៃគឺ «ការដើរតួនាទីជាអ្នកជំនួសក្រុមហ៊ុនអាវុធរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក ក៏ដូចជាការជំនួសឱ្យការផ្គត់ផ្គង់អាវុធរបស់រុស្ស៊ី»។ ចិននាំចេញអាវុធជាចម្បងទៅកាន់ទ្វីបអាស៊ីដែលមានចំនួនប្រមាណ ៧៧% នៃការលក់អាវុធសរុបរបស់ខ្លួន។

ការលក់អាវុធទៅឱ្យប្រទេសប៉ាគីស្ថានមានចំនួន ៣៨% នៃការនាំចេញរបស់ចិនទៅកាន់ទ្វីបអាស៊ី បើទោះបីជាចិនបាននិងកំពុងធ្វើពិពិធកម្មទៅកាន់ប្រទេសបង់ក្លាដែស, មីយ៉ាន់ម៉ា, ថៃ និងឥណ្ឌូណេស៊ីក៏ដោយ។ ការពឹងផ្អែករបស់ប៉ាគីស្ថានលើអាវុធចិន និងការលក់របស់ចិនទៅកាន់បង់ក្លាដែសនឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសទាំងនេះក្នុងការទប់ទល់ប្រឆាំងនឹងឥណ្ឌា ដែលជាគូប្រជែងរបស់ចិននៅក្នុងតំបន់។

ប្រទេសចិនក៏បានបង្កើនការនាំចេញទៅកាន់ទ្វីបអាហ្វ្រិកផងដែរ ដោយក្នុងនោះការលក់អាវុធរបស់ចិនទៅកាន់ទ្វីបនេះមានកំណើន ៥៥% នៅចន្លោះឆ្នាំ ២០១២-២០១៧។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ «ការលក់អាវុធរបស់ចិនបានផ្តោតតែលើតំបន់អាហ្វ្រិក Sub-Sahara ប៉ុណ្ណោះ ហើយចំនួនក៏មានតិចតួចផងដែរ បើធៀបទៅនឹងកិច្ចព្រមព្រៀងលក់អាវុធនៅអាហ្វ្រិកខាងជើង»។

អាហ្រ្វិកខាងជើងតំណាងឱ្យ ៨៨% នៃការនាំចេញអាវុធសរុបរបស់អាមេរិក និង ៨៦% នៃការនាំចេញអាវុធសរុបរបស់រុស្ស៊ីទៅកាន់ទ្វីបអាហ្វ្រិកទាំងមូល។ បញ្ហាពាក់ព័ន្ធនឹងការនាំចេញអាវុធរបស់រុស្ស៊ីនឹងផ្តល់ឱកាសប្រកួតប្រជែងដល់ប្រទេសចិននៅអាហ្វ្រិកខាងជើង បន្ថែមពីលើការលក់ទៅឱ្យតំបន់ Sub-Sahara។

ចំណែកទីផ្សាររបស់ចិននៅអាមេរិកឡាទីននៅមានកម្រិតតិចតួចនៅឡើយ។ ប្រទេសវេណេស៊ុយអេឡាគឺជាអ្នកនាំចូលអាវុធរបស់ចិនធំជាងគេ ដោយបានចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាង ៥០០ លានដុល្លារសម្រាប់រថយន្តដឹកជញ្ជូន និងកាំភ្លើងត្បាល់ នៅឆ្នាំ ២០២១។ ការលក់អាវុធរបស់ចិននៅអាហ្សង់ទីន, បូលីវី និងប៉េរូ មានដូចជានាវាល្បាតនៅដែនសមុទ្រ និងយន្តហោះចម្បាំង JF-17។

បើទោះបីជាការលក់អាវុធរបស់រុស្ស៊ីទៅឱ្យអាមេរិកឡាទីន តំណាងឱ្យត្រឹមតែ ០,៨% នៃការលក់សរុបរបស់រុស្ស៊ីនៅលើពិភពលោកចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ក៏ដោយ ក៏ការលក់របស់រុស្ស៊ីនូវយន្តហោះចម្បាំង និងឧត្ថម្ភាគចក្របានធ្វើឡើងចាប់ពីប្រទេសម៉ិកស៊ិកទៅដល់ប្រទេសអាហ្សង់ទីន។ ដូច្នេះ ការដកខ្លួនថយរបស់រុស្ស៊ីអាចនឹងបើកឱកាសទីផ្សារសម្រាប់ប្រទេសចិន។

បើទោះបីជាកំពុងមានផលលំបាកនៅពេលបច្ចុប្បន្នក៏ដោយ ក៏ចិននៅតែមានជំហរក្នុងការពង្រីកការនាំចេញអាវុធនៅក្នុងតំបន់ និងការទាញយកផលចំនេញផ្នែកនយោបាយនិងហិរញ្ញវត្ថុដែលអាចបង្កផលវិបាកផ្នែកសន្តិសុខរយៈពេលវែងសម្រាប់សហរដ្ឋអាមេរិក។ ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅអាមេរិកឡាទីនមានលក្ខណៈគួរឱ្យកត់សម្គាល់ស្រាប់ហើយ ដោយក្នុងនោះ ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទាំង៣ គឺប្រេស៊ីល, អាហ្សង់ទីន និងឈីលី។

យន្តហោះចម្បាំងចិនម៉ាក K-8 និង Y-8 បូករួមនឹងប្រព័ន្ធរ៉ាដាចល័តដែលបាននាំចេញទៅកាន់ប្រទេសវ៉េណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះ កំពុងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការរារាំងរបបផ្តាច់ការក្នុងតំបន់ពីការបញ្ជាទិញអាវុធ។ សកម្មភាពទាំងនេះអាចជួយប្រទសចិនក្នុងការជំរុញឱ្យប្រទេសនៅក្នុងតំបន់បន្តរក្សាអព្យាក្រឹត និងបដិសេធទំនាក់ទំនងជាមួយអាមេរិក។

គោលនយោបាយរបស់អាមេរិកអាចលើកឡើងនូវការសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកគឺជាដៃគូសន្តិសុខមួយ» និងគួរប្រើប្រាស់មធ្យោបាយនានារបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ចិនពីការដណ្តើមយកភាពមានប្រៀបនៅក្នុងទីផ្សារអាវុធធូរថ្លៃ។ គោលនយោបាយរបស់អាមេរិកអាច (១) សម្រួលការចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលអាវុធដែលផលិតដោយបណ្តាប្រទេសដៃគូនិងសម្ព័ន្ធមិត្ត និង (២) គាំទ្រដល់ការអភិវឌ្ឍផលិតផលធូរថ្លៃនៅក្នុងបណ្តាប្រទេសជាមិត្ត។

គោលនយោបាយចូលទៅកាន់ទីផ្សារអាចលើកទឹកចិត្តការនាំចេញប្រព័ន្ធដ្រូនដែលមានតម្លៃសមរម្យពីសំណាក់ប្រទេសជាដៃគូនិងសម្ព័ន្ធមិត្ត និងអាចផ្តល់ជម្រើសជំនួសឱ្យផលិតផលរបស់ចិន។ នៅពេលនេះ ចិនគឺជាប្រទេសនាំចេញនាំមុខគេនៃយន្តហោះចម្បាំងគ្មានមនុស្សបើក (UAV) ហើយអតិថិជនរបស់ចិនរួមមានប្រទេសជាដៃគូនិងសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាអេហ្ស៊ីប, អ៊ីរ៉ាក់, អារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម, នីហ្សេរីយ៉ា, អាល់ហ្សេរី, ប៉ាគីស្ថាន និងអេត្យូពី។

អាមេរិកគួរតែសម្រួលការចូលទៅកាន់ទីផ្សារសម្រាប់បណ្តាប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ឧទាហរណ៍ ភាពជាដៃគូរបស់ក្រុមហ៊ុន Lockheed Martin ជាមួយឧស្សាហកម្មកូរ៉េ Korea Aerospace Industries ក្នុងការអភិវឌ្ឍទំនើបកម្មថ្មីៗសម្រាប់ KAI T-50 បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអ្នកទិញ។

អាមេរិកក៏អាចបង្ហាញនូវគាំទ្រផងដែរចំពោះការថែទាំ និងនិរន្តរភាពនៃយន្តហោះចម្បាំង ដូចជាយន្តហោះចម្បាំងធុនស្រាល (Light Combat Aircraft) របស់ឥណ្ឌា និង «Aero L-39NG» ដែលផលិតនៅប្រទេសឆេក។ យន្តហោះចម្បាំងទាំងនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងយន្តហោះចិន ម៉ាក Hongdu L-15, JF-17 និងយន្តហោះរុស្ស៊ីម៉ាក Yak-130។

វិធីមួយដើម្បីអាចរួចផុតពីវិធានការត្រួតពិនិត្យលើការនាំចេញដ៏តឹងរ៉ឹង និងដើម្បីសន្សំសំចៃពេលវេលាគឺ «ការនាំចេញទៅកាន់ប្រទេសជាមិត្តនូវកម្មវិធីនាំចេញ (Export Platform) ដែលដកចេញពីប្រព័ន្ធរង (Subsystem) ដែលគ្រប់គ្រងលើការនាំចេញ»។ ឧបសគ្គនៅក្នុងការផ្គត់ផ្គង់ដល់ទីផ្សាធូរថ្លៃគឺ «ដៃគូប្រកួតប្រជែងជាច្រើនរបស់សហរដ្ឋអាមេរិកទទួលបានការគាំទ្រពីរដ្ឋាភិបាល»។

បទប្បញ្ញត្តិក្នុងស្រុកដែលទប់ស្កាត់ការឧបត្ថម្ភធនលើការផលិតអាវុធ (ដែលបង្ហាញពីតួនាទីដ៏អយុត្តិធម៌របស់រដ្ឋាភិបាលក្នុងការកំណត់អ្នកឈ្នះដែលអាចនាំមកនូវការកើតមានអំពើពុករលួយ) នឹងអាចចៀសវាងបាន តាមរយៈការអនុញ្ញាតឱ្យមានការឧបត្ថម្ភធន នៅពេលដែលអតិថិជនជ្រើសរើសយកផលិតផលនាំចេញរបស់អាមេរិក៕

The Diplomat

អត្ថបទទាក់ទង