ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកបានបំផ្លាញអនុត្តរភាពរបស់ខ្លួនដោយខ្លួនឯង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 461
សហរដ្ឋអាមេរិកបានបំផ្លាញអនុត្តរភាពរបស់ខ្លួនដោយខ្លួនឯង លោក Paul Craig Roberts

លោក Paul Craig Roberts គឺជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកទទួលបន្ទុកលើគោលនយោបាយសេដ្ឋកិច្ចក្នុងអំឡុងពេលលោក Ronald Reagan ធ្វើជាប្រធានាធិបតី។ លោកគឺជាកម្លាំងចលករនៅពីក្រោយគោលនយោបាយសេដ្ឋកិច្ចនៅក្នុងអាណត្តិទី១ របស់រដ្ឋបាល Reagan និងត្រូវបានគេចាត់ទុកជា «ខួរក្បាលសេដ្ឋកិច្ចរបស់ប្រធានាធិបតី»។

នៅក្រោយការចាកចេញពីរដ្ឋាភិបាល លោក Roberts បានកាន់តួនាទីជាប្រធានផ្នែកសេដ្ឋកិច្ចនយោបាយនៃវិទ្យាស្ថាន «William E Simon» នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for Strategic and International Studies) នៅចន្លោះឆ្នាំ ១៩៨៣ ដល់ឆ្នាំ ១៩៩៣ គឺជាសហការីដ៏ឆ្នើមនៅវិទ្យាស្ថាន «Cato Institute» ចន្លោះឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៦ និងបានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសារជីវកម្មជាច្រើន។

«ខាងក្រោមនេះគឺជាខ្លឹមសារដកស្រង់ចេញពីបទសម្ភាសន៍មួយរបស់លោក Roberts»

ការដាក់ទណ្ឌកម្មលើរុស្ស៊ីពីសំណាក់ប្រធានាធិបតីអាមេរិក Joe Biden បានផ្តល់កម្លាំងដល់វិមានក្រឹមឡាំង និងបានបំផ្លាញចក្រភពអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន។

ថ្នាក់ដឹកនាំរុស្ស៊ី (តិចឬច្រើន) ចង់ក្លាយជាសមាជិកស្មើមុខស្មើមាត់ ដោយទទួលបាននូវការគោរពមួយពីសំណាក់លោកខាងលិច។ ប៉ុន្តែវិមានក្រឹមឡាំងបានបន្តទទួលរងនូវការប្រមាថម្តងហើយម្តងទៀត បូករួមនឹងការញុះញង់ជាបន្តបន្ទាប់។ រុស្ស៊ីអាចអត់ទ្រាំចំពោះរាល់ការប្រមាថទាំងអស់ ដើម្បីអាចទទួលបាននូវសមាជិកភាពលោកខាងលិច។

ប្រតិបត្តិការយោធារបស់រុស្ស៊ី ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះពលរដ្ឋរុស្ស៊ីនៅក្នុងតំបន់ Donbas ពីការវាយប្រហារផ្នែកយោធា និងការសង្កត់សង្កិនផ្នែកនយោបាយបានរងនូវការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់លោកខាងលិច ហើយសហរដ្ឋអាមេរិកនិងអង្គការ NATO បានចូលរួមជាមួយអ៊ុយក្រែននៅក្នុងសង្គ្រាមតាមរយៈការផ្គត់ផ្គង់ថវិកា និងសព្វាវុធរហូតដល់រាប់ពាន់លានដុល្លារ និងតាមរយៈការផ្តល់ព័ត៌មានស៊ើបការសម្ងាត់ និងព័ត៌មានសម្រាប់ការវាយប្រហារឱ្យចំគោលដៅទៅឱ្យកងកម្លាំងយោធាអ៊ុយក្រែន។

បញ្ហានេះបានជំរុញឱ្យរុស្ស៊ីសម្រេចបញ្ឈប់រាល់ការពិភាក្សាបែបអង្វករ និងបែបសម្រុះសម្រួលទាំងអស់ជាមួយដៃគូលោកខាងលិច។ នៅទីបំផុត វាបានធ្វើឱ្យប្រធានាធិបតី Vladimir Putin និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov ដឹងខ្លួនថា «ពួកគេមិនមានដៃគូជាមួយលោកខាងលិចទេ ហើយអ្វីដែលពួកគេមានគឺជាសត្រូវរបស់លោកខាងលិច»។

ជាលទ្ធផល វិមានក្រឹមឡាំងបានចាប់ផ្តើមធ្វើអ្វីដែលខ្លួនគួរតែបានធ្វើតាំងពីយូរយារណាស់មកហើយ ដែលនោះគឺ «ការផ្តាច់ទំនាក់ទំនងចេញពីលោកខាងលិច និងការដកខ្លួនចេញពីស្ថាប័ននយោបាយនិងសេដ្ឋកិច្ចរបស់លោកខាងលិច»។ នៅទីបំផុត វិមានក្រឹមឡាំងកំពុងស្វែងរកដៃគូពិត ដែលរួមមានដូចជាប្រទេសចិន, ឥណ្ឌា, អ៊ីរ៉ង់ និងបណ្តាប្រទេសដែលបានរងនូវការរំលោភបំពានពីសហរដ្ឋអាមេរិកនៅទ្វីបអាមេរិកឡាទីន និងទ្វីបអាហ្រិ្វក។

ប្រទេសរុស្ស៊ី, ចិន, ឥណ្ឌា និងអ៊ីរ៉ង់ អាចបង្កើតពិភពមិនមែនលោកខាងលិច (Non-Western World) បានយ៉ាងងាយស្រួល ដើម្បីប្រឆាំងនឹងលោកខាងលិចដែលពោរពេញទៅដោយអំពើពុករលួយ និងការបែកបាក់គ្នា។ ទ្វីបអឺរ៉ុបដែលធ្វើតាមខ្សែញាក់របស់អាមេរិកកំពុងជួបប្រទះនឹងបញ្ហាអតិផរណាដ៏ខ្ពស់ និងការដួលរលំនៃទំនាក់ទំនងធុរកិច្ចដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ី។

ប្រទេសរុស្ស៊ី ដែលមានការអាណិតអាសូរចំពោះបណ្តាប្រទេសអឺរ៉ុបដែលស្ថិតជាចំណាប់ខ្មាំងរបស់អាមេរិក នៅតែបន្តផ្គត់ផ្គង់ថាមពលខ្លះដល់ប្រទេសទាំងនោះ ក៏ប៉ុន្តែការដាក់ទណ្ឌកម្មកំពុងអូសទាញទ្វីបអឺរ៉ុបចេញពីថាមពលរបស់រុស្ស៊ី ដែលមានតម្លៃទាប ទៅរកប្រភពថាមពលដែលមានតម្លៃខ្ពស់ និងមានភាពមិនប្រាកដប្រជា។

ផលរំខានផ្នែកសេដ្ឋកិច្ចអាចធ្វើឱ្យពលរដ្ឋអឺរ៉ុបចាប់ផ្តើមភ្ញាក់ខ្លួនថា «រដ្ឋាភិបាលរបស់ពួកគេកំពុងតំណាងឱ្យទីក្រុងវ៉ាស៊ីនតោន និងមិនមែនតំណាងឱ្យពួកគេទេ»។ បញ្ហានេះអាចឈានដល់ការរះឡើងនៃកម្លាំងនយោបាយថ្មីៗ (ដូចជាបាតុកម្មតវ៉ារបស់កសិករអ៊ីតាលី និងកសិករហូឡង់) ដែលអាចបង្ខំឱ្យបណ្តារដ្ឋាភិបាលអឺរ៉ុបងាកមកធ្វើជាតំណាងរបស់ពលរដ្ឋរបស់ពួកគេវិញ ជាជាងតំណាងឱ្យផលប្រយោជន៍សេដ្ឋកិច្ចនិងគោលនយោបាយការបរទេសរបស់អាមេរិក។

ប្រសិនបើរុស្ស៊ីអាចប្រមើលមើលឃើញអំពីឱកាសនេះ រួចសម្រេចឈប់ផ្តល់ថាមពល និងបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនទាំងមូល នៅក្នុងការវាយប្រហារយ៉ាងលឿន អង្គការ NATO នឹងដួលរលំ។ នៅពេលនោះ អឺរ៉ុបនឹងដឹងខ្លួនថា «អង្គការ NATO អសមត្ថភាព និងគ្មានបានការ»។

ទីក្រុងវ៉ាស៊ីនតោននិងបណ្តារដ្ឋាភិបាលអាយ៉ងរបស់ខ្លួននៅអឺរ៉ុប និងបណ្តាញផ្សព្វផ្សាយធំៗបានបន្តនិយាយដដែលៗអំពី «ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន» ក៏ប៉ុន្តែ ពិភពលោកទាំងមូលក៏បានដឹងដែរអំពីការឈ្លានពានរបស់អាមេរិកចូលទៅក្នុងប្រទេសអ៊ីរ៉ាក់, លីប៊ី, អាហ្វហ្គានីស្ថាន, ស៊ូដង់ និងផែនការឈ្លានពានរបស់អាមេរិកក្នុងការលុកលុយចូលប្រទេសស៊ីរី ក៏ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ដោយលោក Putin។

ពិភពលោកទាំងមូលបានស្គាល់រដ្ឋាភិបាលជាច្រើនដែលអាមេរិកបានផ្តួលរំលំ ដោយសារតែពួកគេបដិសេធមិនធ្វើតាមឆន្ទៈរបស់អាមេរិក ហើយពិភពលោកទាំងមូលបានមើលឃើញថា «ពលរដ្ឋដែលមានការប្តេជ្ញាចិត្តខ្ពស់ នឹងអាចទប់ទល់បានដោយជោគជ័យនឹងកម្លាំងយោធារបស់អាមេរិក»។ ជាក់ស្ដែង បន្ទាប់ពីចំណាយពេលអស់ ២០ ឆ្នាំ មហាអំណាចអាមេរិកមិនអាចយកជ័យជំនះលើក្រុមតាលីបង់តែប៉ុន្មានពាន់នាក់ ដែលមានបំពាក់អាវុធដ៏ស្តួចស្តើងបានទេ។ មួយទៀត សហរដ្ឋអាមេរិកមិនបានឈ្នះសង្គ្រាមណាមួយនោះទេ ចាប់តាំងពីជ័យជម្នះនៅឆ្នាំ ១៨៩៨ លើប្រទេសអេស្ប៉ាញនៅគុយបា និងនៅហ្វីលីពីន។

លោក ម៉ៅ សេទុង បានលើកឡើងកាលពីប៉ុន្មានទសវត្សរ៍កន្លងមកថា «អាមេរិកគ្រាន់តែជាខ្លាក្រដាសមួយប៉ុណ្ណោះ»។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ កងទ័ពកូរ៉េខាងជើងនិងកងទ័ពចិន បានប្រយុទ្ធគ្នាជាមួយ «មហាអំណាច» រហូតដល់មហាអំណាចនោះរកផ្លូវចេញមិនឃើញ។ បច្ចុប្បន្ន កងទ័ពអាមេរិកគឺអសមត្ថភាព។

កាលពីពេលថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយនូវរបាយការណ៍មួយស្តីពីការដែលលោក Volodymyr Zelensky ប្រើប្រាស់ជនស៊ីវិលមកធ្វើជារនាំងការពារ ហើយទូរទស្សន៍ CBS បានចេញផ្សាយភាពយន្តឯកសារមួយដែលមានចំណងជើងថា «ការបំពាក់អាវុធឱ្យអ៊ុយក្រែន» ដែលបានបង្ហាញថា «សព្វាវុធជាច្រើនដែលបានដឹកពីសហរដ្ឋអាមេរិកទៅឱ្យប្រទេសអ៊ុយក្រែន បានបាត់»។

ភ្លាមៗបន្ទាប់ពីនោះមក ទាំងអង្គការលើកលែងទោសអន្តរជាតិ និងទូរទស្សន៍ CBS បានរងនូវការថ្កោលទោស និងត្រូវបានបង្ខំឱ្យធ្វើការសុំទោសចំពោះការបង្ក «ការរំខាន» ឬត្រូវបានបង្ខំឱ្យដកមាតិកានោះចេញវិញដើម្បីធ្វើបច្ចុប្បន្នភាពរបាយការណ៍នោះឡើងវិញ។ ទាំងអស់នេះបានបង្ហាញថា «មនុស្សរាល់គ្នានៅអាមេរិកដែលបានរាយការណ៍ព័ត៌មានត្រឹមត្រូវ នឹងត្រូវបានគេបង្ខំឱ្យដកពាក្យសម្តីនោះចេញវិញ។ ព័ត៌មានពិត មិនត្រូវបានគេអនុញ្ញាតឱ្យចុះផ្សាយទៀតទេនៅសហរដ្ឋអាមេរិក»។

ប្រភពសេដ្ឋកិច្ចនិងយោធាអាមេរិក ត្រូវបានប្រើប្រាស់ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់បរទេស ដែលបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកបង់ពន្ធអាមេរិកដែលកំពុងប្រឈមមុខនឹងអត្រាអតិផរណា ៩,១% ដែលមិនធ្លាប់កើតមានទេក្នុងពេលជិត ៤១ ឆ្នាំកន្លងមកនេះ។ ពលរដ្ឋអាមេរិកជាច្រើនគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយ, ងាយជឿគេ និងត្រូវបានគេលាងខួរក្បាលឱ្យជឿថា «ពួកគេកំពុងរស់នៅក្នុងប្រទេសដ៏អស្ចារ្យបំផុត, ប្រទេសសេរីបំផុត, ប្រទេសដែលជោគជ័យបំផុត និងមានអំណាចបំផុត»។ អនាគតរបស់ពួកគេអាចនឹងជួបប្រទះនឹងទុក្ខវេទនារាប់ឆ្នាំ ហើយនៅពេលនោះពួកគេអាចនឹងចាប់ផ្តើមងាកចេញពីជំនឿបែបរវើរវាយនៅពេលនេះ។

នៅក្នុងសង្គ្រាមជាមួយរុស្ស៊ីនិងចិន សហរដ្ឋអាមេរិកនឹងទទួលរងនូវការបរាជ័យ ដោយក្នុងនោះកងកម្លាំងយោធាអាមេរិកមិនអាចប្រៀបបានទេជាមួយកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ី ឬរបស់ប្រទេសចិនឡើយ។ ពេលចុងក្រោយដែលសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមគឺនៅឆ្នាំ ១៨៩៨ ដោយបានទទួលជ័យជំនះលើប្រទេសអេស្ប៉ាញដ៏ទន់ខ្សោយ។

អាមេរិកគឺជាអ្នកបំផ្លាញជំហរអនុត្តរភាពរបស់ខ្លួន។ ចាប់តាំងពីកិច្ចព្រមព្រៀងស្តារអឺរ៉ុបឡើងវិញ «Bretton Woods Agreement» នៅក្រោយសង្គ្រាមលោកលើកទី២ មក អំណាចរបស់អាមេរិកបានពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកដែលជារូបិយវត្ថុបម្រុងរបស់ពិភពលោក។ ភាពមានតម្លៃរបស់ប្រាក់ដុល្លារបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចទូទាត់បំណុល និងការចំណាយរបស់ខ្លួន តាមរយៈការបោះពុម្ពលុយ។

បុព្វសិទ្ធិនេះបានបន្តមានសុវត្ថិភាពរហូតដល់ការដាក់ទណ្ឌកម្មដ៏ល្ងីល្ងើរបស់លោក Biden បានចាប់ផ្តើមអូសទាញពិភពលោកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ និងចេញពីប្រព័ន្ធទូទាត់ប្រាក់ដុល្លារ ដូចជាប្រព័ន្ធ SWIFT ជាដើម។ នៅពេលប្រាក់ដុល្លារអាមេរិកក្លាយជារូបិយបណ្ណគ្មានតម្លៃ ពេលនោះអំណាចរបស់អាមេរិកនឹងដួលរលំ៕

Asia Times

អត្ថបទទាក់ទង