ខ្មែរប៉ុស្ដិ៍ Close

ផ្លូវសូត្រអាស៊ានរបស់ចិន រងនូវភាពរអាក់រអួល នៅពេលដែលមហាអំណាចផ្សេងទៀតបានចូលខ្លួនមកធ្វើអន្តរាគមន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 407
ផ្លូវសូត្រអាស៊ានរបស់ចិន រងនូវភាពរអាក់រអួល នៅពេលដែលមហាអំណាចផ្សេងទៀតបានចូលខ្លួនមកធ្វើអន្តរាគមន៍ ផ្លូវសូត្រអាស៊ានរបស់ចិន រងនូវភាពរអាក់រអួល នៅពេលដែលមហាអំណាចផ្សេងទៀតបានចូលខ្លួនមកធ្វើអន្តរាគមន៍

គ្រឿងប៉រសឺឡែនពណ៌ខៀវនិងសរបស់ចិន ដែលត្រូវបានដឹកជញ្ជូនជាលើកដំបូងតាមផ្លូវសូត្រទៅកាន់តំបន់អឺរ៉ុប បានទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជនជាតិអង់គ្លេស ដែលជាហេតុបង្កើតបានជាបាតុភូត «Chinamania» នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ សព្វថ្ងៃនេះ មហាអំណាចនៅតំបន់អឺរ៉ុបនិងប៉ាស៊ីហ្វិក បាននិងកំពុងប្រកួតប្រជែងជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធ «ផ្លូវសូត្រថ្មី» របស់ចិន ហើយក៏កំពុងផ្តល់នូវជម្រើសជំនួសដល់បណ្តាដៃគូពាណិជ្ជកម្មរបស់ពួកគេនៅក្នុងតំបន់អាស៊ីផងដែរ។

ការប្រយុទ្ធគ្នាដ៏តានតឹងខ្លាំងកំពុងកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ដែលស្ពាននិងកំពង់ផែជាច្រើនបានបន្តលេចរូបរាងឡើងដើម្បីបំពេញតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនលឿនបំផុត និងដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ខ្សែសង្វាក់ផ្គង់ផ្គង់សំខាន់ៗ។

ជប៉ុនគឺជាម្ចាស់ជំនួយដ៏សំខាន់អស់រយៈពេលជាយូរមកហើយ ដែលនៅពីក្រោយផ្លូវដឹកជញ្ជូននិងរថភ្លើងនៅក្នុងតំបន់។ ក៏ប៉ុន្តែប្រទេសចិនបានផ្លាស់ប្តូរល្បែងនេះ នៅពេលដែលគម្រោង BRI ត្រូវបានប្រកាសដាក់ឱ្យដំណើរការកាលពីជិតមួយទសវត្សរ៍មុន។ ឥឡូវនេះ ល្បែងនេះកំពុងរងនូវការផ្លាស់ប្តូរជាថ្មីម្តងទៀត នៅពេលដែលទឹកប្រាក់រាប់ពាន់លានរបស់ចិនបាននាំមកនូវការឆ្លើយតបពីបណ្តាប្រទេសប្រជាធិបតេយ្យ។

មហាអំណាចដែលជាគូប្រជែង និងជាសត្រូវរបស់ចិនបានប្រកាសអំពីគម្រោងពាណិជ្ជកម្មប្រកបដោយមហិច្ឆតា ដោយក្នុងនោះរដ្ឋាភិបាលថ្មីរបស់អូស្រ្តាលីត្រូវបានគេរំពឹងថា នឹងបង្កើនជំនួយអភិវឌ្ឍន៍ ខណៈដែលសហភាពអឺរ៉ុបអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកក៏បាននិងកំពុងដឹកនាំក្រុម G7 ផងដែរ ដើម្បីប្រកួតប្រជែងនឹងគម្រោង BRI របស់ចិន

ការរួមបញ្ចូលគ្នានៃការបរិច្ចាគ, ការធ្វើពាណិជ្ជកម្ម និងប្រព័ន្ធនយោបាយ «Realpolitik» ដែលបានបន្តហូរចូលមកកាន់តំបន់នេះ បានបង្កើតជាសំណួរដ៏សំខាន់មួយ ដែលនោះគឺ «តើដៃគូប្រកួតប្រជែងរបស់ចិនបានចាប់ផ្តើមយឺតពេលពេកទេ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជំនាន់ក្រោយរបស់តំបន់អាស៊ីអាគ្នេយ៍»?

លោក Terence Wood ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍ និងជាអតីតមន្ត្រីផ្នែកជំនួយរបស់ប្រទេសនូវែលសេឡង់បាននិយាយថា «ប្រទេសចិនកំពុងគ្រប់គ្រងលើការសម្រេចចិត្តរបស់តួអង្គនយោបាយរបស់យើង។ បណ្តាប្រទេសអ្នកមានកំពុងផ្តល់ហិរញ្ញប្បទានដល់គម្រោងមួយចំនួនដោយផ្អែកលើការគំរាមកំហែងរបស់ប្រទេសចិន ជាជាងផ្អែកលើតម្រូវការរបស់ប្រទេសទទួលជំនួយ»។

លោកស្រី Pavida Pananond ដែលមកពីសាកលវិទ្យាល័យ Thammasat របស់ប្រទេសថៃ បានស្វាគមន៍ចំពោះមូលនិធិរបស់ក្រុម G7 ក៏ប៉ុន្តែលោកស្រីបានសួរថា «តើវានឹងអាចសម្រេចបាននូវលទ្ធផលជាក់ស្តែងដែរឬទេ ហើយតើគម្រោងនានានឹងត្រូវបានជ្រើសរើសយ៉ាងដូចម្តេចនៅក្នុងចំណោមប្រទេសដែលមានផលប្រយោជន៍ខុសៗគ្នា»?

លោកស្រីបានបន្តថា «បញ្ហាទាំងនេះអាចកាត់បន្ថយឥទ្ធិពលរបស់ផែនការរបស់ក្រុម G7 ហើយវាអាចនឹងបង្កើននូវការសង្ស័យថា សកម្មភាពទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងអំណាចភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសចិន។ គេនៅរង់ចាំមើលថា តើគម្រោងនេះអាចនឹងតាមទាន់គម្រោង BRI របស់ចិនដែរឬអត់»។

សម្ព័ន្ធមិត្តប្រជាធិបតេយ្យ បានចាត់ទុកគម្រោង BRI ថាជាគម្រោងដែលមានលក្ខណៈខុសគ្នាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេដែលមានគុណភាពខ្ពស់ និងប្រកបដោយតម្លាភាព។ ប្រទេសជប៉ុនគឺជាអ្នកផ្តល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការផ្តល់ជំនួយជាច្រើនកាលពីពេលថ្មីៗនេះ ដោយរាប់ចាប់ពីប្រាក់កម្ចីការប្រាក់ ០,១% សម្រាប់កំពង់ផែ Patimban របស់ប្រទេសឥណ្ឌូណេស៊ី រហូតដល់រថភ្លើងក្រោមដីនៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន។

សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយបរទេសកំពូលរបស់ពិភពលោកបានប្រកាសកាលពីខែឧសភាអំពីភាពជាដៃគូដឹកជញ្ជូនជាមួយអាស៊ាន និងការផ្តល់មូលនិធិថាមពលស្អាតដល់វិស័យហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។ មូលនិធិដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំអាស៊ាននៅឯសេតវិមាន គឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ១៥០ លានដុល្លារ។

ចំនួននេះមានភាពខុសគ្នាខ្លាំងពីចំនួនរបស់ចិនដែលបានចំណាយប្រាក់រហូតដល់ ១៤ លានដុល្លារសម្រាប់គម្រោងផ្លូវនៅក្នុងប្រទេសកម្ពុជាតែមួយ។ លោកស្រី Friederike Roder ដែលជាអនុប្រធានក្រុមប្រឆាំងភាពក្រីក្រ «Global Citizen» បាននិយាយថា «បញ្ហាសកលដែលរាប់ចាប់ពីបញ្ហាវីរុសកូវីដ-១៩ រហូតដល់ការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានសាមគ្គីភាព និងការសម្របសម្រួល»។

ការចាប់បដិសន្ធិឡើងវិញដោយចៃដន្យបំផុតនៃផ្លូវសូត្ររបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចជាផែនការដែលមានជាប់ទាក់ទងនឹងបណ្តាញរថភ្លើងល្បឿនលឿនដែលឆ្លងកាត់ប្រទេសចំនួន ៥ ដែលប្រទេសចិនបានដាក់ផ្លូវឈ្មោះថា «ផ្លូវដែកសូត្រ» ដែលលាតសន្ធឹងដល់ប្រទេសសិង្ហបុរី ឆ្លងកាត់តាមច្រកឡាវ, ថៃ និងម៉ាឡេស៊ី។ ប៉ុន្តែវឌ្ឍនភាពនៃគម្រោងនេះបានជាប់គាំង។

ស្ពានរបស់ថៃត្រូវបានផ្តល់មូលនិធិដោយប្រាក់ដុល្លារអូស្ត្រាលី ខណៈដែលប្រទេសបារាំង នឹងជួយសាងសង់អាកាសយានដ្ឋាននៅឥណ្ឌូណេស៊ី ហើយអ្នកបង់ពន្ធអាមេរិកក៏បានផ្តល់ហិរញ្ញប្បទានដល់ការកែលម្អកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតរបស់វៀតណាមផងដែរ។ ការស្ទង់មតិដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ០៤ ខែកក្កដា ដោយបានបង្ហាញថា «ក្រុមហ៊ុនអឺរ៉ុបនៅក្នុងប្រទេសវៀតណាមបាននិយាយថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺជាតម្រូវការកំពូលរបស់ពួកគេ»។

ប៉ុន្តែ មន្ត្រីជប៉ុនជាច្រើននាក់បាននិយាយថា «ឧបសគ្គខាងភស្តុភារ បានបង្កើតជាឧបសគ្គសម្រាប់វិនិយោគិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនប្រចាំនៅ ឥណ្ឌូណេស៊ីបាន និយាយថា «យើងរំពឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងជួយជំរុញបរិយាកាសវិនិយោគ ហើយសាច់ប្រាក់ជំនួយនឹងរួមចំណែកដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទទួលជំនួយ»។

ការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជនពីប្រទេសជប៉ុនកំពុងផ្តល់ការគាំទ្រដល់គម្រោងសាងសង់ដែលកំពុងដំណើរការដែលមានចំនួនគិតជាទឹកប្រាក់ ៣៣០ ពាន់លានដុល្លារនៅទូទាំងអាស៊ាន នេះបើយោងតាមក្រុមហ៊ុន Fitch Solutions ដែលបានរាប់បញ្ចូលថវិកានៅក្នុងរដ្ឋជាសមាជិកទាំងអស់ លើកលែងតែប្រទេសប្រ៊ុយណេ។

ចំនួនហិរញ្ញប្បទានរបស់ចិនមានចំនួន ១០០ ពាន់លានដុល្លារ ដែលនេះគឺនៅតិចជាងរបស់ប្រទេសជប៉ុន ក៏ប៉ុន្តែវាមានចំនួនច្រើនជាងអឺរ៉ុប និងអាមេរិកខាងជើងរួមបញ្ចូលគ្នា។ លោក Mark Green ដែលជាអ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បាននិយាយនៅក្នុងឆ្នាំ ២០១៨ ថា «យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នឹងផ្តល់ឱ្យដៃគូរបស់យើងនូវអនាគតដែលជំរុញដោយសហគ្រាស (Enterprise-driven Future) ហើយសហគ្រាសឯកជនគឺជាកម្លាំងដ៏អស្ចារ្យ បំផុតដើម្បីលើកកម្ពស់ជីវភាព និងការកសាងសហគមន៍»។

វិធីសាស្រ្តនេះត្រូវបានបន្តអនុវត្តដោយរដ្ឋបាលរបស់លោក Biden ដែលបានលើកឡើងថា «យុទ្ធនាការហេដ្ឋារចនាសម្ព័ន្ធ G7 ថ្មី មានចំនួនច្រើនជាង ៦០០ ពាន់លានដុល្លារ»។ លោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា «ក្នុងករណីតំបន់អាស៊ីអាគ្នេយ៍ យើងពិតជាកំពុងព្យាយាមជំរុញទំនាក់ទំនងសេដ្ឋកិច្ចរយៈពេលវែង ដែលនឹងផ្តោតលើការវិនិយោគនៅក្នុងវិស័យឯកជន»។

ទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) បានលើកឡើងនៅក្នុងរបាយការណ៍កាលពីខែឧសភាថា «ការវិនិយោគថាមពលក្នុងតំបន់ត្រូវតែកើនឡើងទ្វេរដង ពីមធ្យមភាគប្រចាំឆ្នាំបច្ចុប្បន្ន រហូតដល់ចំនួនយ៉ាងហោចណាស់ ១៣០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការបាន»។ ការជួសជុលខ្សែបណ្តាញអគ្គិសនីកំពុងជួបប្រទះនឹងបញ្ហាប្រឈមដូចជាគម្រោងបណ្តាញថាមពលអាស៊ាន (ASEAN Power Grid) ជាដើម។

វិនិយោគិនមួយចំនួន រាប់ចាប់ពីប្រទេសហូឡង់ដល់ដាណឺម៉ាក បានចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍សម្រាប់ថាមពលពន្លឺព្រះអាទិត្យនិងខ្យល់ ដែលជារឿយៗមានការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់។ សហភាពអឺរ៉ុបចង់ចុះហត្ថលេខាលើភាពជាដៃគូតភ្ជាប់អាស៊ាន (ASEAN Connectivity Partnership) ដោយយកគំរូតាមអ្វីដែលខ្លួនបានចុះហត្ថលេខាជាមួយឥណ្ឌាក្នុងឆ្នាំ ២០២១។ វានឹងរួមបញ្ចូលការដាក់ពង្រាយធនាគារ វិនិយោគអឺរ៉ុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់ថាមពលកកើតឡើងវិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

ក្រុមហ៊ុនផលិតរបស់ចិន និងអ្នកដំឡើងរបស់ជប៉ុន ក៏បានសម្រុកចូលនៅក្នុងមុខជំនួញបន្ទះ Photovoltaic ក្នុងតំបន់ផងដែរ។ ប្រទេសវៀតណាមដែលជាអ្នកផលិតថាមពលព្រះអាទិត្យដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទួលទឹកប្រាក់ ៥៣៣ លានដុល្លារ ក្នុងទម្រង់ជាជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ ២០១៩ (នៅមុនការរាតត្បាតនៃវីរុស)។ ប្រហែល ៤៨% នៃមូលនិធិដែលផ្តល់ទៅឱ្យវៀតណាម មានជាប់ពាក់ព័ន្ធនឹងថាមពល។

ការប្រកួតប្រជែងថាមពលក៏បានបង្ហាញអំពីវិធីសាស្រ្តរបស់ G7 ផងដែរ ដែលរួមមានប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេស និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប។ កម្មវិធី «USAID Clean Power Asia» បានចំណាយថវិការ ១៦,៣ លានដុល្លារ លើប្រភពថាមពលជំនួសរបស់តំបន់អាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ក៏ប៉ុន្តែវាក៏រាប់បញ្ចូលទាំងឥណទានសម្រាប់ការវិនិយោគចំនួន ៧ ពាន់លានដុល្លារផងដែរ។

ទីភ្នាក់ងារនេះបាននិយាយថា «ខ្លួនបានផ្តោតលើការប្រមូលហិរញ្ញវត្ថុ ជាពិសេសពីមូលនិធិឯកជនដើម្បីផ្តល់ការគាំទ្រដល់គម្រោងតភ្ជាប់បណ្តាញ ដូចជាការផ្តល់ប្រឹក្សាលើកសិដ្ឋានថាមពលខ្យល់ចំនួន ១១៥ លានដុល្លារក្នុងប្រទេសវៀតណាម និងកិច្ចសន្យាចំនួន ៤០ លានដុល្លារជាមួយផ្សារទំនើបថៃ Big C សម្រាប់ការដាក់បន្ទះ Photovoltaic នៅលើដំបូល»។

ពាក្យគន្លឹះដ៏សំខាន់គឺ «ការប្រមូលផ្តុំ» ដែលត្រូវបានប្រើនៅក្នុងការប្រកាសអំពីជម្រើសមួយចំនួន ជំនួសឱ្យផែនការខ្សែក្រវ៉ាត់ និងផ្លូវ។ ទាំងនេះ មានរួមបញ្ចូលនូវច្រកទ្វារសកលថ្មីរបស់សហភាពអឺរ៉ុបសម្រាប់ជំនួយនិងការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព, កម្មវិធីស្រដៀងគ្នាតម្លៃ ៥០ ពាន់លានដុល្លារ របស់ក្រុម Quad និងមូលនិធិ G7 ដែលពីមុនមានឈ្មោះថា «Build Back Better World»។

ប្រទេសចិនបានច្រានចោល និងសើចចំអកចំពោះមូលនិធិរបស់ G7 ចំនួន ៦០០ ពាន់លានដុល្លារ ដោយក្នុងនោះ ស្ថាប័នសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ «Global Times» បានអះអាងថា «ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសទទួលជំនួយប្រហែលជាត្រូវចំណាយថវិការបស់ក្រុម G7 ដើម្បីមកទិញសម្ភារៈថោកៗពីប្រទេសចិន»។ ដូច្នេះឈ្មួញចិននៅតែអាចស្វែងរកប្រាក់ចំណេញបាននៅលើផ្លូវពាណិជ្ជកម្មនៃសតវត្សរ៍ទី២១ មិនថាអ្នកណាជាអ្នកផ្តល់ហិរញ្ញប្បទាននោះទេ៕

Nikkei Asia

អត្ថបទទាក់ទង