ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាគឺជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកសេដ្ឋកិច្ច និងព្រំដែនឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 688
កម្ពុជាគឺជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកសេដ្ឋកិច្ច និងព្រំដែនឡើងវិញ កម្ពុជាគឺជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកសេដ្ឋកិច្ច និងព្រំដែនឡើងវិញ

ប្រទេសកម្ពុជាបានក្លាយជាប្រទេសដ៏ជោគជ័យមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារវិធីសាស្ត្រគ្រប់គ្រងលើវីរុសរាតត្បាតរបស់ខ្លួន។ ពីដំបូងឡើយ មនុស្សមួយចំនួនមានការព្រួយបារម្ភដោយសារតែកម្រិតនៃការអភិវឌ្ឍ និងស្ថានភាពនៃប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជា។ ក៏ប៉ុន្តែនៅទីបំផុត ក្រុមអ្នកវិភាគបាននាំគ្នាលើកសរសើរអំពីភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។

ក្នុងនាមជាប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ (រួមចំណែក ១/៥ នៃ GDP) កម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងយ៉ាងគួរឱ្យកត់សម្គាល់។ លោក RIAN MAELZER ដែលជាអ្នករាយការណ៍ព័ត៌មាននៅទីក្រុងភ្នំពេញបានឱ្យដឹងថា «កម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុងនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំមុន ដោយបានធ្វើឡើងប៉ុន្មានខែមុនបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាក៏បានលុបចោលលក្ខខណ្ឌ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលទទួលថ្នាំវ៉ាក់សាំងពេញលេញផងដែរ»។

លោក JOSEPH MATTHEWS ដែលមកពីសាកលវិទ្យាល័យ «Beltei International University» ក្នុងទីក្រុងភ្នំពេញបាននិយាយថា «មេដឹកនាំរបស់កម្ពុជាបានដឹងយ៉ាងច្បាស់ថា ផ្លូវតែមួយគត់ដែលអាចចាកចេញពីវីរុសរាតត្បាតនេះគឺការចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ហើយលោកក៏បានកៀរគរាល់គ្រប់ធនធាន, សម្ភារៈ ក៏ដូចជាធនធានមនុស្សដើម្បីធានាថា ប្រជាជនក្នុងកម្រិតអតិបរមានឹងទទួលបានការចាក់វ៉ាក់សាំង។ កម្ពុជាក៏ទទួលយកជំនួយ និងកិច្ចសហប្រតិបត្តិការពីប្រទេសចិនផងដែរ»។

រដ្ឋាភិបាលបាននិងកំពុងផ្តល់ឱ្យប្រជាជននូវការចាក់វ៉ាក់សាំងដូសទី៤ និងទី៥ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងវីរុសកូវីដ-១៩ និងដើម្បីរក្សាដំណើរការសេដ្ឋកិច្ច។ លោក Jack Lee ដែលជាសហប្រធានក្រុមហ៊ុន «Smile Shop E-Commerce Platform» បាននិយាយថា «ប្រជាជននៅទីនេះមិនមានការព្រួយបារម្ភទេ ហើយពួកគេក៏មិនខ្លាចមេរោគនេះដែរ។ ដូច្នេះពួកគេអាចចាប់ផ្តើមអាជីវកម្មធម្មតាឡើងវិញបានឆាប់តាមដែលអាចធ្វើទៅបាន»។

ពាណិជ្ជករចិន Jack Lee គឺជាអ្នកសហការបង្កើតក្រុមហ៊ុន «E-Commerce Platform» ជាមួយដៃគូកម្ពុជា។ លោកមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យរីកចម្រើនថ្មីៗរបស់កម្ពុជា ដោយក្នុងនោះ សហប្រធានរូបនេះបាននិយាយថា «នៅក្នុងអំឡុងពេលរាតត្បាតនៃវីរុស មនុស្សជាច្រើនបានស្នាក់នៅក្នុងផ្ទះដោយមិនអាចចេញទៅធ្វើការបានទេ។ ពួកគេក៏បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ជាពិសេសគឺឱសថស្ថានឌីជីថល គ្រឿងទេសឌីជីថល និងការចែកចាយអាហារ។ ពួកគេបានផ្សព្វផ្សាយផលិតផលកម្ពុជាតាមរយៈប្រព័ន្ធអនឡាញនៅទូទាំងប្រទេស និងនៅទូទាំងពិភពលោក»។

ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស មិនត្រឹមតែបានជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែវាក៏បានធ្វើឱ្យវិនិយោគិនវិលមកកាន់កម្ពុជាវិញផងដែរ ដែលជាហេតុនាំមកនូវការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅ ឆ្នាំនេះ។ លោក JOSEPH MATTHEWS បានឱ្យដឹងទៀតថា «នៅក្នុងឆ្នាំ ២០២១ យើងមានកំណើន GDP ៣,២% ក៏ប៉ុន្តែនៅឆ្នាំនេះ យើងរំពឹងថាអាចមានកំណើន GDP ៥,៤%»។

ទស្សនវិស័យរបស់កម្ពុជាគឺជាសក្ខីភាពនៃវឌ្ឍនភាពសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាអាចសម្រេចបាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃការរាតត្បាតនៃវីរុសកូវីដ-១៩ នឹងធ្វើឱ្យកម្ពុជាកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០៕

CGTN

អត្ថបទទាក់ទង