ខ្មែរប៉ុស្ដិ៍ Close

    6 ខែក្នុងសង្រ្គាមអ៊ុយក្រែន! តើភាពជាប់គាំងខាងផ្នែកយោធា អាចនាំឱ្យមានដំណោះស្រាយតាមផ្លូវការទូតបានឬទេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 901
    6 ខែក្នុងសង្រ្គាមអ៊ុយក្រែន! តើភាពជាប់គាំងខាងផ្នែកយោធា អាចនាំឱ្យមានដំណោះស្រាយតាមផ្លូវការទូតបានឬទេ?6 ខែក្នុងសង្រ្គាមអ៊ុយក្រែន! តើភាពជាប់គាំងខាងផ្នែកយោធា អាចនាំឱ្យមានដំណោះស្រាយតាមផ្លូវការទូតបានឬទេ?

    ថ្ងៃពុធ ទី ២៤ ខែសីហា គឺជាខួបគម្រប់ ៦ ខែគត់ ដែលលោកពូទីនបានចេញបញ្ជាឱ្យចាប់ផ្តើមធ្វើនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ហើយវាក៏ជាថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនផងដែរ ដែលជាថ្ងៃសភាអ៊ុយក្រែនបានប្រកាសផ្តាច់ខ្លួនចេញពីសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ គឺនៅប៉ុន្មានខែមុនសហភាពសូវៀតដួលរលំជាផ្លូវការ។

    រយៈពេល ៦ ខែ នៅក្នុងសង្រ្គាម ភាគីទាំងពីរបានប្រយុទ្ធគ្នាទៅវិញទៅមកដោយមិនមានអ្នកឈ្នះអ្នកចាញ់ ពោលគឺភាគីទាំងពីរមានលទ្ធភាពរៀងៗខ្លួនក្នុងការការពារមិនឱ្យភាគីម្ខាងទៀតយកឈ្នះបាន ប៉ុន្តែលទ្ធភាពនោះនៅមិនទាន់គ្រប់គ្រាន់ក្នុងការសម្រេចឱ្យបានជ័យជម្នះដាច់ខាតនៅលើសមរភូមិនៅឡើយទេ។

    បន្ទាប់ពីដណ្ដើមបានទឹកដីខ្លះពីអ៊ុយក្រែនកាលពីពេលដំបូងៗ រុស្ស៊ីបានជួបនឹងឧបសគ្គខាងការដឹកជញ្ជូន ក៏ដូចជាជាមួយនឹងការប្ដេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន។ រុស្ស៊ីបានដកទ័ពចេញពីទីតាំងជុំវិញទីក្រុងគៀវ នៅចុងខែមីនា ដោយបានដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញទៅកាន់តំបន់ដុនបាស និងពង្រឹងការគ្រប់គ្រងនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ។

    ចាប់តាំងពីពេលនោះមក រុស្ស៊ីបានព្យាយាមដណ្ដើមកាន់កាប់តំបន់ Luhansk ទាំងមូល ប៉ុន្តែនៅតំបន់ Donetsk វិញ កងទ័ពរុស្ស៊ីបានរុលទៅមុខតិចតួចប៉ុណ្ណោះ។ ចាប់តាំងពីចុងខែឧសភាមក ការវាយបករបស់អ៊ុយក្រែន នៅជុំវិញទីក្រុង Kharkiv ភាគខាងជើង និងនៅច្រាំងភាគខាងលិចទន្លេ Dnipro ភាគខាងត្បូងតំបន់ Kherson បានបង្ហាញអំពីវឌ្ឍនភាពមួយចំនួន។

    ប៉ុន្តែ​គេនៅមិនទាន់ឃើញមានការទម្លុះទម្លាយ​ធំដុំ​ណាមួយដែល​ជា​សញ្ញា​នៃ​ការ​ដួលរលំ​នៃ​កិច្ចប្រឹងប្រែងធ្វើ​សង្គ្រាមរបស់​រុស្ស៊ី​នាពេលខាងមុខ​នោះ​ទេ។ តើ​នេះ​អាច​ជា​សញ្ញា​នៃ​ការវិល​ត្រឡប់​ទៅ​រកការ​ចរចាណាមួយឬ​ទេ?

    ការចចារចុងក្រោយបង្អស់ដែល ភាគីទាំងពីរបានធ្វើជាមួយគ្នាប្រកបដោយអត្ថន័យ គឺនៅចុងខែមីនា និងនៅដើមខែមេសា នៅប្រទេសទួរគី ដែលសម្របសម្រួលដោយលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan។

    ទោះជាយ៉ាង​ណា​ ការ​សម្រុះសម្រួលពីសំណាក់ភាគី​ទួរគី​នៅតែមានសារៈ​សំខាន់។ កាលពីចុងខែកក្កដា ទួរគីបានជួយឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងមួយដោយជោគជ័យ ដើម្បីចាប់ផ្តើមឱ្យមានការនាំចេញឡើងវិញនូវគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ ដែលពីមុនមកត្រូវបានរារាំងដោយរុស្ស៊ី។

    កាលពីថ្ងៃទី ១៨ ខែសីហា លោក Erdogan បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ ពួកគេបានយល់ព្រមតាមសំណើរសុំត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ពីសំណាក់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA)។

    រោងចក្រនុយក្លេអ៊ែរ Zaporizhzhia
    រោងចក្រនុយក្លេអ៊ែរ Zaporizhzhia

    រោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ ត្រូវបានកាន់កាប់ដោយរុស្ស៊ីចាប់តាំងពីចុងខែមីនាមក ហើយថ្មីៗនេះ វាត្រូវបានរុស្ស៊ីប្រើប្រាស់ជាមូលដ្ឋានទ័ព ដើម្បីធ្វើការវាយប្រហារមកលើកងទ័ពអ៊ុយក្រែន។ ការប្រយុទ្ធគ្នានៅជុំវិញរោងចក្រនុយក្លេអ៊ែរដែលទីក្រុងមូស្គូប្រើជាឧបករណ៍សម្រាប់គំរាមកំហែងខាងផ្នែកនុយក្លេអ៊ែរបានបង្កើនការព្រួយបារម្ភអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរមួយ។

    បន្ទាប់ពីបានពិភាក្សាជាមួយលោក Erdogan និងជាមួយប្រធានាធិបតីបារាំង Emmanuel Macron រួចមក លោកពូទីនបានយល់ព្រមឱ្យមានការចុះត្រួតពិនិត្យពីសំណាក់ទី្នភ្នាក់ងារ IAEA។ នេះអាចជាការផ្តល់ភាពសុទិដ្ឋិនិយមខ្លះអំពីការសម្របសម្រួលបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់សង្រ្គាម។ ប៉ុន្តែ​​ការ​រំពឹង​ទុក​អំពីការចចារលើកិច្ច​ព្រម​ព្រៀង​សន្តិភាព​ចាប់តាំងពីការចចារដំបូងៗមក ហាក់គ្មានពន្លឺសោះ។

    ម៉្យាងដោយសារ ភាគីទាំងពីរ មិនបានផ្លាស់ប្តូរគោលជំហរជាសាធារណៈរបស់ពួកគេជុំវិញការចរចារនោះទេ ពោលគឺអ៊ុយក្រែនចង់ឱ្យរុស្ស៊ីដកទ័ពចេញជាមុនសិន ខណៈដែលរុស្ស៊ីបានច្រានចោលការអំពាវនាវឱ្យប្រធានាធិបតីទាំងពីរជួបគ្នា។ ហើយតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅឯអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ លោក Gennady Gatilov បានច្រានចោលទាំងស្រុងនូវលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ុយក្រែន។

    ទន្ទឹមនោះ ភាគីទាំងពីរកំពុងពង្រឹងការការពារខ្លួនរបស់ពួកគេរៀងៗខ្លួននៅតំបន់ដែលពួកគេគិតថាងាយរងគ្រោះ។ ជាថ្មីម្ដងទៀត រុស្ស៊ីបានបញ្ជូនកងទ័ពរបស់ខ្លួនមួយចំនួនទៅកាន់តំបន់ភាគខាងត្បូងអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែននៅទីនោះ ខណៈដែលទីក្រុងគៀវ កំពុងបន្តជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ដែលខ្លួននៅគ្រប់គ្រងនៅឡើយនៅក្នុងតំបន់ Donetsk។

    បញ្ហាបូរណភាព​ទឹកដី​ប្រហែលជា​ចំណុច​ស្នូល​នៃ​កង្វះវឌ្ឍនភាពខាង​ផ្នែក​ការទូត។ ក្រៅពីតំបន់ Luhansk និង Donetsk ក៏ដូចជាតំបន់មួយចំនួនទៀត នៅភាគខាងត្បូងអ៊ុយក្រែន ដូចជាតំបន់ Kherson និង Zaporizhzhia ជាដើម អ៊ុយក្រែនក៏ទំនងជាមិនអាចទទួលយកបានទេនូវភាពស្ងៀមស្ងាត់ពីសំណាក់អន្តរជាតិជុំវិញការបាត់បង់ជាអចិន្ត្រៃយ៍នូវតំបន់គ្រីមៀ ដែលបានកាត់យកដោយរុស្ស៊ីកាលពីឆ្នាំ ២០១៤។

    ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនទៅលើខ្សែត្រៀមយុទ្ធសាស្ត្ររបស់រុស្ស៊ី និងទៅលើប្រតិបត្តិការរបស់កងកម្លាំងពិសេសរុស្ស៊ីនៅតំបន់គ្រីមៀ បានបង្ហាញអំពីការកើនឡើងនូវទំនុកចិត្តរបស់អ៊ុយក្រែន ដែលគាំទ្រដោយការផ្គត់ផ្គង់អាវុធពីសំណាក់លោកខាងលិចទៅលើសមត្ថភាពរបស់ពួកគេក្នុងការរំខានដល់ការដឹកជញ្ជូនរបស់រុស្ស៊ី និងបានអង្រួនស្មារតីនៃកងកម្លាំងឈ្លានពានរបស់រុស្ស៊ី ព្រមទាំងកងកម្លាំងក្នុងស្រុករបស់ពួកគេទៀតផង។

    ការកើនឡើងជាថ្មីនៃការប្រយុទ្ធនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ គឺពិបាកនឹងចៀសវាងបានណាស់។ ប៉ុន្តែ​ វាទំនង​ជា​នឹង​មិន​មានដំណោះស្រាយខាង​ផ្នែក​យោធានោះ​ទេ។

    ភាគីទាំងពីរកំពុងឈរជើងយ៉ាងរឹងមាំនៅក្នុងទឹកដីដែលខ្លួនកាន់កាប់ ពោលគឺពួកគេមិនមានកម្លាំងបម្រុងណាផ្សេងដើម្បីចូលប្រយុទ្ធនៅក្នុងសមរភូមិនោះទេ។

    អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ រុស្ស៊ីនិងអ៊ុយក្រែនបានផ្តោតការយកចិត្តទុកដាក់ដោយជោគជ័យក្នុងការដណ្ដើមកាន់កាប់ទឹកដីសំខាន់ៗ ដែលធ្វើឱ្យភាគីម្ខាងទៀតខកចិត្តរៀងៗខ្លួន។ ការនេះបានធ្វើឱ្យភាគីទាំងពីរ ត្រូវ​ចំណាយ​អាយុ​ជីវិតមនុស្ស និង​សម្ភារៈអស់ជាច្រើន និងបន្ត​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​យ៉ាង​ធំមហិមាដល់​ប្រជាជន​ស៊ីវិល។

    វាអាចទៅរួចដែលថា បទឈប់បាញ់ពិតប្រាកដណាមួយនឹងអាចត្រូវធ្វើឡើងដោយសារតែលក្ខខណ្ឌអាកាសធាតុដែលកាន់តែអាក្រក់ទៅៗ នៅពេលដែលរដូវរងារខិតជិតមកដល់។ ភាពស្រពិចស្រពិលនៅក្នុងការប្រយុទ្ធគ្នា អាចនឹងផ្តល់ឱកាសដល់ការវិលត្រឡប់ទៅរកការចរចារយ៉ាងប្រាកដប្រជាបាន។

    ដំណាក់កាលនោះនឹងមកដល់ នៅពេលដែលអឺរ៉ុបខាងលិចជួបគ្រោះអាសន្នពីការផ្គត់ផ្គង់ថាមពល និងនៅពេលដែលការឯកភាពគ្នារបស់លោកខាងលិចត្រូវជួបហានិភ័យធ្ងន់ធ្ងរបំផុត។ លោកពូទីនប្រហែលជាសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយជាកាលានុវត្តភាពមួយសម្រាប់រូបលោក ក្នុងការដោះស្រាយវិបត្តិសង្គ្រាមទៅតាមលក្ខខណ្ឌរបស់លោក ខណៈដែលសម្ពាធរបស់លោកខាងលិចទៅលើអ៊ុយក្រែនឱ្យទទួលយកការបាត់បង់ទឹកដីមួយចំនួនអាចនឹងកើនឡើង។

    ការធ្វើដូច្នេះ មិនត្រឹមតែជាការផ្តល់រង្វាន់ដល់វិមានក្រឹមឡាំងក្នុងការធ្វើសង្គ្រាមឈ្លានពានប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏នឹងមិនផ្តល់ការធានាឱ្យមានសន្តិភាពយូរអង្វែងបានផងដែរ ក្រោមហេតុផលនៃការបំពានរបស់រុស្ស៊ីទៅលើកិច្ចព្រមព្រៀងទីក្រុង Minsk ដែលមានគោលបំណងដោះស្រាយវិបត្តិដែលបានកើតឡើងកាលពីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការកាត់បញ្ចូលឧបទ្វីបគ្រីមៀពីសំណាក់រុស្ស៊ី និងការចូលកាន់កាប់តំបន់ Donbas៕

    Channel News Asia

    អត្ថបទទាក់ទង