ខ្មែរប៉ុស្ដិ៍ Close

    លោក​ប្រាយុទ្ធ ត្រូវបានផ្អាកពីតំណែង ប៉ុន្តែនៅមិនទាន់ចាកចេញពីឆាកនយោបាយថៃទេ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1124
    លោក​ប្រាយុទ្ធ ត្រូវបានផ្អាកពីតំណែង ប៉ុន្តែនៅមិនទាន់ចាកចេញពីឆាកនយោបាយថៃទេលោកប្រាយុទ្ធ ចាន់អូចា

    នយោបាយក្រឡាប់ចាក់​របស់​ប្រទេស​ថៃ​បាន​ធ្លាក់ចូលទៅ​ក្នុង​ភាព​ច្របូកច្របល់សារជា​ថ្មី​នៅទី ២៤ សីហា ដោយ​តុលាការ​ធម្មនុញ្ញ​របស់ថៃបាន​សម្រេច​ព្យួរតួនាទីជា​នាយករដ្ឋមន្ត្រី​របស់លោក ប្រាយុទ្ធ ចាន់អូចា ​ជា​ផ្លូវការ​ រហូត​ដល់​ពេលដែលខ្លួនអាចធ្វើសេចក្ដីសម្រេចជាផ្លូវការ ដោយយោងទៅលើញត្តិ​របស់​បក្ស​ប្រឆាំងដែល​ចោទប្រកាន់ថា លោកប្រាយុទ្ធ​ បាន​កាន់តំណែងគ្រប់ចំនួន ៨ ឆ្នាំ ដែលកំណត់ដោយច្បាប់ហើយ។

    ញត្តិនោះបានអះអាងថា ពេលវេលាកាន់អំណាចនៃរបបដែលលើកបន្តុបដោយរដ្ឋប្រហាររបស់លោកប្រាយុទ្ធ ត្រូវគិតចាប់ពីខែឧសភា ឆ្នាំ ២០១៤ មក ជាពេលដែលលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ បន្ទាប់ពីបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនៅថ្ងៃទី ២៣ សីហា ឆ្នាំដដែលនោះ ហើយវាគួរតែរាប់បញ្ចូលទៅក្នុងការកាន់អំណាចរយៈពេល ៨ ឆ្នាំរបស់លោក ដែលអនុញ្ញាតដោយច្បាប់។

    អ្នកគាំទ្ររបស់លោកប្រាយុទ្ធ បានអះអាងថា អាណត្តិរបស់លោកបានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ ២០១៧ គឺនៅពេលដែលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ខណៈដែលអ្នកផ្សេងទៀតបាននិយាយថា អាណត្តិរបស់លោកគួរតែចាប់ផ្ដើមគិតពីក្រោយការបោះឆ្នោតឆ្នាំ ២០១៩ មក។

    បើយោងតាមរបាយការណ៍ពីសារព័ត៌មាននានា ចៅក្រមមួយក្រុមបានកាត់សេចក្តីក្នុងសំឡេង ៥ ទល់នឹង ៤ ដោយសម្រេចឱ្យព្យួរតំណែងរបស់លោកនាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី ២៤ សីហាតទៅ ហើយលោកប្រាយុទ្ធ មានពេល ១៥ ថ្ងៃដើម្បីប្ដឹងជំទាស់។ ការធ្វើបាតុកម្មតវ៉ា​កំពុង​កើតឡើង​សារជាថ្មីនៅក្នុង​ទីក្រុង​បាងកក ដែលយ៉ាងហោចណាស់ ​វាជាការបង្ខំ​មិនឱ្យនាយករដ្ឋមន្ត្រីរូបនេះបំពេញការងារ​នៅ​វិមាន​រដ្ឋាភិបាល​បានទេនៅ​ថ្ងៃទី ២៤ ខែសីហា។

    គេនៅមិនទាន់ដឹងនៅឡើយទេថា តើតុលាការធម្មនុញ្ញថៃនឹងត្រូវការរយៈពេលយូរប៉ុណ្ណា ដើម្បីអាចចេញសេចក្ដីសម្រេចចុងក្រោយលើញត្តិនេះបាន ដោយវាអាស្រ័យទៅលើសាលក្រមដែលអាចពន្លឿនពេលវេលានៃការបោះឆ្នោតអាណត្តិថ្មីរបស់រាជាណាចក្រមួយនេះ ដែលបើតាមច្បាប់ គឺនឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំក្រោយ។

    សេចក្តីសម្រេចរបស់តុលាការនេះ ទំនងជានឹងធ្វើឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ ដែលជាសហសេវិកស្និទ្ធនឹងលោកប្រាយុទ្ធ និងជាអតីតមេបញ្ជាការជាន់ខ្ពស់ក្នុងឋានានុក្រមយោធាមួយរូប ក្លាយជាមេដឹកនាំបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចចុងក្រោយមួយត្រូវ បានប្រកាសឡើង បើទោះបីជាគណៈរដ្ឋមន្ត្រីថៃនៅមិនទាន់អាចសម្រេចបានទេថា តើលោកប្រាយុទ្ធ គួរបន្តធ្វើជានាយករដ្ឋមន្ត្រីស្តីទីឬយ៉ាងណា។

    លោក ប្រាវីត វង្សសុវណ្ណ (ឆ្វេង) និងលោកប្រាយុទ្ធ ចាន់អូចា
    លោក ប្រាវីត វង្សសុវណ្ណ (ឆ្វេង) និងលោកប្រាយុទ្ធ ចាន់អូចា

    ទោះយ៉ាងណាក៏ដោយ លោកប្រាយុទ្ធនឹងនៅតែមានវត្តមាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីការពារជាតិដដែល ជាមុខតំណែងដែលលោកកាន់ក្នុងពេលដំណាលគ្នា។

    សេចក្តីសម្រេចរបស់តុលាការនេះ គឺតំណាងឱ្យជ័យជម្នះផ្លូវច្បាប់ដ៏កម្រមួយសម្រាប់គណបក្សប្រឆាំងដែលដឹកនាំដោយគណបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួនឯង ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលឈរនៅលំដាប់ទី១ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ និងគណបក្សអនាគតថ្មី (Move Forward Party) ដែលបានជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីគណបក្ស Future Forward របស់ខ្លួនកាលពីមុនរំលាយ និងបន្ទាប់ពីគណបក្ស Palang Pracharat ដែលជាគណបក្សអភិរក្សនិយមរបស់លោកប្រាយុទ្ធ និងលោក ប្រាវីត។

    គណបក្សប្រឆាំងសង្ឃឹមថានឹងអាចទម្លាក់លោកប្រាយុទ្ធ ចេញពីអំណាចបានតាមរយៈការបោះ ឆ្នោតដកសេចក្ដីទុកចិត្តមួយកាលពីខែមុន រួមទាំងតាមរយៈការបោះឆ្នោតប្រឆាំងនឹងលោកប្រាយុទ្ធពីសំណាក់សមាជិកនៃក្រុមចម្រុះដែលកំពុងកាន់អំណាចដែលពួកគេបានចំណាយប្រាក់អស់យ៉ាងច្រើន ប៉ុន្តែត្រូវបរាជ័យវិញនៅនាទីចុងក្រោយ នៅពេលដែលអ្នកនៅក្បែរលោកប្រាយុទ្ធបានដឹងជាមុនអំពីការប៉ុនប៉ងទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតមួយនោះ។

    គណបក្សភឿថៃ និងគណបក្សអនាគតថ្មី (Move Forward) ទំនងជាអាចសម្រេចបាននូវលទ្ធផលដែលពួកគេចង់បាន ពោលគឺរដ្ឋបាលបណ្តោះអាសន្នមួយដែលដឹកនាំដោយលោកប្រាវីត ដែលអ្នកវិភាគនិងអ្នកសង្កេតការណ៍បានព្យាករណ៍ថា នឹងកាន់តែបំផ្លាញប្រជាប្រិយភាពរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Palang Pracharat (PPRP) បន្ថែមទៀត ដោយសារតែភាពល្បីល្បាញខាងការធ្វើនយោបាយដោយប្រើលុយ និងការជួញដូរឥទ្ធិពលនៅរៀងរាល់មុនការបោះឆ្នោតថ្មីមកដល់ ពីសំណាក់អតីតមេដឹកនាំដែលជាមន្ត្រីយោធា។

    ការស្ទង់មតិក្នុងស្រុកមួយដែលបានធ្វើឡើងនៅមុនសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញបានរកឃើញថា អ្នកឆ្លើយសំណួរជិត ២/៣ ចង់ឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែងនៅក្នុងខែនេះ។

    ការស្ទង់មតិមួយកាលពីខែមិថុនា ដែលលោកប្រាយុទ្ធ បានចោទប្រកាន់ថាមានលក្ខណៈបោកបញ្ឆោត បានបង្ហាញថា កូនស្រីរបស់លោកថាក់ស៊ីន ដែលទើបចូលប្រឡូកក្នុងឆាកនយោបាយ គឺលោកស្រី Paetongtarn Shinawatra ត្រូវបានមហាជនពេញចិត្តជាងលោកប្រាយុទ្ធដែលជានាយករដ្ឋមន្ត្រីទៅទៀត ពោលគឺក្នុងសំឡេង ២៥,២៨% ទល់នឹង ១១,៦៨%។

    លោកស្រីបានទស្សន៍ទាយថា គណបក្សភឿថៃនឹងឈ្នះ «ភ្លូកទឹកភ្លូកដី» នៅក្នុងការបោះឆ្នោតខាងមុខ ហើយអ្វីដែលកាន់តែមានភាពចម្រូងចម្រាសជាងនេះទៅទៀតនោះ គឺថា ប្រសិនបើលោកស្រីបានជាប់ឆ្នោតមែននោះលោកស្រីនឹងស្វែងរកលទ្ធភាពក្នុងការនាំយកឪពុករបស់លោកស្រីដែលមានទោសឧក្រិដ្ឋជាប់ខ្លួន ឱ្យវិលត្រឡប់ចូលមាតុប្រទេសវិញ។ វាជាសំណើរមួយដែលប្អូនស្រីរបស់នាយករដ្ឋមន្ត្រីថាក់ស៊ីន គឺលោក ស្រី យីងឡាក់ ធ្លាប់បានលើកឡើងម្ដងរួចមកហើយ និងដែលវា​បានបង្កឱ្យមានការធ្វើរដ្ឋប្រហារយោធាទម្លាក់រូបលោកស្រី កាលពី​ឆ្នាំ ២០១៤។

    លោកស្រី Paetongtarn Shinawatra
    លោកស្រី Paetongtarn Shinawatra

    ទោះយ៉ាងណា អ្វី​ដែលគេនៅ​មិន​ទាន់​ច្បាស់នោះ​គឺ​ថា តើ​ការ​សម្រេចជាបឋម​​របស់​តុលាការធម្មនុញ្ញថៃ នៅ​ថ្ងៃទី ២៤ សីហា​នេះ​ គឺជាការបង្ហាញ​អំពី​ទិដ្ឋភាពក្រោយ​ឆាកដែរឬយ៉ាងណា ដែលជាការដកលោកប្រាយុទ្ធ ចេញពីឆាកនយោបាយនៅ​មុន​ការ​បោះ​ឆ្នោតពីសំណាក់​ក្រុម​អភិរក្សនិយម ដែល​រួម​មានដូចជា ក្រុមព្រះបរម​រាជវាំង, ក្រុមឥស្សរជនជើងចាស់ និង​ក្រុមម្ចាស់អាជីវកម្ម​ធំៗ «គ្រួសារ​ទាំង​ ៥» ដែលបានជួយរូបលោកឱ្យធ្វើរដ្ឋប្រហារ និងជួយឱ្យជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី។

    ប្រភពមួយបាននិយាយថា ថ្មីៗនេះនៅក្រោយការទទួលទានអាហារពេលល្ងាចរួច ក្រុមឥស្សរជន «អាវលឿង» ជើងចាស់ និងមានឥទ្ធិពលរបស់ថៃ រួមទាំងអតីតនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ បានផ្ញើសារទៅកាន់លោកប្រាយុទ្ធ ដោយសុំឱ្យលោកតម្កល់ផលប្រយោជន៍ជាតិធំជាងខ្លួនលោក និងសុំឱ្យលោកដកខ្លួនពី​ការ​បោះ​ឆ្នោត​សកល​នាពេលខាងមុខ ដើម្បី​បើក​ផ្លូវ​ឱ្យបេក្ខភាព​ស៊ីវិល​ដែល​មានលទ្ធភាពឈ្នះឆ្នោតច្រើនជាង បានឡើង​កាន់តំណែង ដើម្បី​​បុព្វហេតុ​របស់ក្រុមអភិរក្សនិយម។

    សារនេះគឺជាការលើកយកគំរូរបស់លោក Prem Tinsulanonda ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាអតីតមេបញ្ជាការកងទ័ពថៃ ដែលលោកបានលាលែងចេញពីតំណែងបន្ទាប់ពីបានកាន់អំណាចអស់រយៈពេល ៨ ឆ្នាំ (១៩៨០-៨៨) ដើម្បីបានក្លាយជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តបំផុតរបស់អតីតព្រះមហាក្សត្រថៃ ក្នុងនាមជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ (Privy Council) ។ វាគឺជាមុខតំណែងមួយដែលមនុស្ស​ជា​ច្រើន​ជឿ​ថា​ លោកប្រាយុទ្ធ ដែលស្មោះត្រង់នឹងរាជវង្សានុវង្ស កំពុង​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​បម្រើ​ការនៅ​ក្រោមរាជ្យ​ព្រះ​មហាក្សត្រ​ថ្មី គឺព្រះបាទ Maha Vajiralongkorn។

    សារដដែលនេះបានសង្កត់ធ្ងន់ទៅលើតម្រូវការឱ្យមានការផ្សះផ្សាជាតិ បន្ទាប់ពីមានការបែកបាក់ខាងនយោបាយអស់ជាច្រើនឆ្នាំ ដែលសូម្បីតែអាណត្តិដឹកនាំរបស់លោកប្រាយុទ្ធ ក៏មិនអាចដោះស្រាយបានផង។ ពិតណាស់ តាមរយៈការរំលាយដ៏ចម្រូងចម្រាសនូវគណបក្ស Future Forward ដែលដឹកនាំដោយក្រុមយុវជន និងការរារាំងឥតស្រាកស្រាន្តចំពោះលោកថាក់ស៊ីន បានត្រឹមតែធ្វើឱ្យការបែកបាក់នេះកាន់តែធំជាងមុនប៉ុណ្ណោះ។

    ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលដែលដឹកនាំដោយគណបក្ស Palang Pracharat (PPRP) របស់លោកប្រាយុទ្ធ បាននិងកំពុងញាំញីទៅដោយការបែកបាក់ផ្ទៃក្នុង ពីចំណោមគណបក្សអភិរក្សនិយមនិងបក្ខពួក ដែលរួមមានទាំងការប្រើប្រាស់ធនធានលើសកម្រិត, ការដណ្ដើមតំណែងរដ្ឋមន្ត្រី និងការដណ្ដើមគម្រោងរបស់រដ្ឋ ដែលយ៉ាងហោចណាស់ វាបានជំរុញឱ្យមានការបង្កើតបក្ខពួកធំមួយដែលនឹងទៅបង្កើតគណបក្សថ្មី ហើយឥឡូវនេះត្រូវបានគេរាយការណ៍មកថា កំពុងចង់ចូល​រួម​កម្លាំង​ជាមួយ​គណបក្ស​ភឿ​ថៃទៀតផង។

    ខណៈ​ពេលដែល​លោក​ប្រាយុទ្ធ ​អាច​នឹង​​ចុះចេញពីតំណែង អតីតមន្ត្រីយោធារូបនេះនឹងមិន​ចាំបាច់​ចាកចេញ​ពី​ឆាកនយោបាយ​នោះទេ។ អ្នកសង្កេតការណ៍ភាគច្រើនសុទ្ធតែយល់ច្បាស់ថា លោកប្រាយុទ្ធ នឹងនៅធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកនាពាក់កណ្តាលខែវិច្ឆិកា ជាមួយនិងវត្តមាននៃមេដឹកនាំពិភពលោក ដែលវាគឺជាបំណងប្រាថ្នាធំបង្អស់ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។

    ពាក្យស្លោកសម្រាប់កិច្ចប្រជុំ APEC 2022 នៅប្រទេសថៃ គឺ «បើកចំហ, តភ្ជាប់ និងតុល្យភាព»
    ពាក្យស្លោកសម្រាប់កិច្ចប្រជុំ APEC 2022 នៅប្រទេសថៃ គឺ «បើកចំហ, តភ្ជាប់ និងតុល្យភាព»

    អ្នកដែលស្និទ្ធនឹងលោកប្រាយុទ្ធ បាននិយាយថា លោកប្រាយុទ្ធ មានគោលបំណងប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញពីការងើបឡើងវិញដោយជោគជ័យរបស់ប្រទេសថៃពីជំងឺរាតត្បាត និងដើម្បីបង្ហាញថា រាជាណាចក្រដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ នឹងបើកចំហទៅកាន់ពិភពលោកនាយុគសម័យនៃការកើនឡើងនូវនយោបាយគាំពារនិយម និងការបិទខ្ទប់ព្រំដែន។

    ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ក៏ដូចជាទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេរំពឹងថាវានឹងរីកដុះដាលយ៉ាងខ្លាំងនាអំឡុងរដូវរងារខាងមុខ ដែលជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតដែលដឹកនាំដោយលោកប្រាយុទ្ធ។ អ្នករៀបចំផែនការ បោះឆ្នោតរបស់លោកបានសង្ឃឹមថានឹងប្រើប្រាស់រូបភាពនេះជាការឃោសនានៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅឆ្នាំក្រោយ។

    អ្នកវិភាគខ្លះជឿថា លោកប្រាយុទ្ធ ទំនងជានឹងរួចផុតពីការព្យួរតំណែងនេះនិងបន្តកាន់អំណាចវិញបានភ្លាមៗ ក្រោមហេតុផលផ្លូវច្បាប់ដែលថា ញត្តិរបស់បក្សប្រឆាំងដែលទាមទារឱ្យមានការបកស្រាយរដ្ឋធម្មនុញ្ញឡើងវិញនោះ គឺរដ្ឋធម្មនុញ្ញនោះទើបតែចូលជាធរមាននៅឆ្នាំ ២០១៧ ប៉ុណ្ណោះ។ ពួកគេជឿថា បើតាមនីតិវិធី យ៉ាងហោចណាស់តុលាការធម្មនុញ្ញថៃ មានគោលបំណងបង្ហាញពីភាពស្មើគ្នានៅចំពោះមុខច្បាប់បន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ថា តុលាការនេះមានភាពលម្អៀងចំពោះសមាជិករបស់ខ្លួន។

    ប៉ុន្តែនៅពេលនេះ វាអាស្រ័យទៅលើរបៀបដែលលោកប្រាយុទ្ធ យល់ឃើញពីការព្យួរតំណែងរបស់តុលាការធម្មនុញ្ញ ពោលគឺថា តើលោកជឿថាសេចក្តីសម្រេចនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ ដែលមានបំណងបង្ហាញពីភាពស្មើគ្នានៃភាគីនយោបាយទាំងពីរ ឬក៏ជាឧបាយកលពីសំណាក់ឥស្សរជនអភិរក្សនិយមឬយ៉ាងណា។ ក្រុមឥស្សរជនអភិរក្សនិយមនេះគឺជាអ្នកផ្ដួលរំលំរដ្ឋាភិបាល​ដែល​ជាបក្ស​សម្ព័ន្ធ​របស់លោកថាក់ស៊ីន កាលពីពេលមុន ដោយសារពួក​គេ​យល់​ឃើញ​ថា វា​ជា​គ្រោះថ្នាក់ ឬ​ជាការគំរាមកំហែង​ដល់​ផលប្រយោជន៍​រយៈពេល​វែង​របស់​ពួកគេ៕

    Asia Times