ខ្មែរប៉ុស្ដិ៍ Close

កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួលវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមនឹងទទួលបានការទទួលស្គាល់កាន់តែច្រើនជាងនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 373
កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួលវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមនឹងទទួលបានការទទួលស្គាល់កាន់តែច្រើនជាងនេះ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួលវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមនឹងទទួលបានការទទួលស្គាល់កាន់តែច្រើនជាងនេះ

នៅដើមខែសីហា ឆ្នាំ ២០២២ អាស៊ានបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ (AMM-55) ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន បូករួមទាំងការវិវឌ្ឍនៃវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការអនុវត្តនូវគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច។

នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងនូវការព្រួយបារម្ភអំពីវិបត្តិដែលបានបន្តអូសបន្លាយពេលយូរ បូករួមនឹងការខកចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដ៏តិចតួចក្នុងការអនុវត្តនូវគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច ដែលបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា, ការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់, ការសម្របសម្រួលដំណើរការសន្ទនាដោយប្រេសិតពិសេសរបស់អាស៊ាន, ការផ្តល់ជំនួយមនុស្សធម៌ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដោយប្រេសិតពិសេសដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។

ក្រុមរដ្ឋមន្ត្រីការបរទេសក៏បានកត់សម្គាល់ផងដែរអំពីកង្វះការប្តេជ្ញាចិត្តរបស់អាជ្ញាធរមីយ៉ាន់ម៉ាចំពោះការអនុវត្តចំណុចដែលបានមូលមតិគ្នានេះ។ ការអនុវត្តយឺតយ៉ាវនៃគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច បានធ្វើឱ្យអាស៊ានរងនូវការអាម៉ាស់មុខនៅក្រោមក្រសែភ្នែករបស់ក្រុមអ្នកជំនាញទាំងក្នុងនិងក្រៅតំបន់។

អ្នករិះគន់អាចនឹងលើកឡើងថា «អាស៊ានគឺជាស្ថាប័នដែលមិនគួរឱ្យទុកចិត្ត និងមិនមានសមត្ថភាពដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាការអនុវត្តតួនាទីសំខាន់របស់ខ្លួនក្នុងការសម្របសម្រួលផែនការក្នុងតំបន់ ជាពិសេសនៅចំពោះមុខបញ្ហាភូមិសាស្ត្រដែលដែលត្រូវបានជំរុញដោយការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាច និងការកើនឡើងនៃក្រុមសន្តិសុខតូចៗ ដូចជាក្រុម Quad និង AUKUS»។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ «កង្វះវឌ្ឍនភាពលើការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបង្កជាឧបសគ្គដ៏គួរឱ្យភ័យខ្លាចសម្រាប់អាស៊ានក្នុងការអាចឈានទៅសម្រេចបាននូវគោលបំណង និងគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានមួយដែលនឹងនាំមកនូវការពង្រឹងនីតិរដ្ឋ, អភិបាលកិច្ចល្អ, លទ្ធិប្រជាធិបតេយ្យ និងការតម្រង់ទិសដែលផ្តោតលើប្រជាជន»។

បើទោះបីជាការអនុវត្តនូវគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច បានបន្តជាប់គាំង និងមិនបានឆ្លើយតបទៅនឹងការរំពឹងទុកខ្ពស់របស់តំបន់ទាំងមូលក៏ដោយ ក៏អាស៊ាននៅតែបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីវិបត្តិនេះបានផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ អាស៊ានបានបញ្ចេញប្រតិកម្មយ៉ាងឆាប់រហ័ស ដោយក្នុងនោះ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយបានរំលឹកឡើងវិញនូវគោលបំណងនិងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន បូករួមនឹងការលើកទឹកចិត្តឱ្យមានការសន្ទនា, ការផ្សះផ្សា និងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ដើម្បីបម្រើជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។

ដោយសារការរីករាលដាលនៃវីរុសរាតត្បាតកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសអាស៊ានអាចរៀបចំបានត្រឹមតែកិច្ចប្រជុំក្រៅផ្លូវការ។ ពួកគេបានសម្តែងនូវការព្រួយបារម្ភ និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចៀសវាងការញុះញង់ឱ្យមានអំពើហិង្សាបន្ថែមទៀត, អនុវត្តការអត់ធ្មត់ជាទីបំផុត និងស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាក្នុងន័យស្ថាបនា និងការផ្សះផ្សាជាក់ស្តែង។

ដោយសារស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ានៅបន្តធ្លាក់ដុនដាប និងបានបន្តដើរផ្ទុយពីធម្មនុញ្ញអាស៊ាន បណ្តាមេដឹកនាំអាស៊ានបានប្រមូលផ្តុំគ្នានៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយ ដើម្បីធ្វើការសម្រេចចិត្តឱ្យជាក់លាក់ ហើយវាក៏បាននាំមកនូវការបង្កើតគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច។ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាឧត្តមសេនីយ៍ Min Aung Hlaing ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ប៉ុន្តែ វត្តមានរបស់លោកមិនត្រូវបានគេឱ្យតម្លៃ និងទទួលស្គាល់នោះទេ។ លោកបានស្តាប់ និងសម្តែងនូវការគោរពចំពោះការសម្រេចចិត្តរបស់បណ្តាមេដឹកនាំអាស៊ាន។ បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ អាស៊ានបានសម្រេចតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេសទី២ របស់ប្រ៊ុយណេ គឺលោក Erywan Yusof ក្នុងចំណោមបេក្ខជនចំនួន ៤ នាក់ ជាប្រេសិតពិសេសរបស់អាស៊ានទទួលបន្ទុកលើប្រទេសមីយ៉ាន់ម៉ានៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM-54 កាលពីខែសីហា ឆ្នាំ ២០២១។

ការតែងតាំងនេះគឺជាជំហានដំបូងក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច ហើយវាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់ដៃគូសន្ទនារបស់អាស៊ានពីសហគមន៍អន្តរជាតិ បូករួមទាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមប្រទេសមួយចំនួនធំទៀត។ ពិភពលោកកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីព្រោះអាស៊ានត្រូវបានគេចាត់ទុកជា «អ្នកសម្រុះសម្រួលដ៏សមស្របបំផុត ដែលអាចជួយមីយ៉ាន់ម៉ាឱ្យយកឈ្នះលើវិបត្តិនេះបាន»។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់នោះទេទាក់ទងនឹងដំណើរបំពេញទស្សនកិច្ចរបស់ប្រេសិតពិសេសនេះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសារតែរបបយោធាមានការស្ទាក់ស្ទើរក្នុងការទទួលស្វាគមន៍រូបលោក។

ដើម្បីជំរុញរបបយោធាឱ្យអនុវត្តផែនការសន្តិភាពទាំង ៥ ចំណុច និងដើម្បីស្ដារឡើងវិញនូវភាពជឿជាក់របស់អាស៊ានបាន ប្លុកនេះត្រូវបន្តប្រកាន់ជំហរឱ្យបានកាន់តែរឹងប៉ឹងបន្ថែមទៀត។ អាស៊ានបានសម្រេចចិត្តអញ្ជើញតែអ្នកតំណាងមីយ៉ាន់ម៉ាដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានកាល ពីខែតុលាឆ្នាំ ២០២១។

ចាប់តាំងពីពេលនោះមក លោក Min Aung Hlaing និងរដ្ឋមន្ត្រីការបរទេសរបស់លោកបានអវត្តមានពីកិច្ចប្រជុំអាស៊ាន ហើយវានឹងបន្តកើតឡើងនៅឯកិច្ចប្រជុំអាស៊ាននៅពេលខាងមុខទៀត។ ការសម្រេចចិត្តបែបនេះគឺមិនធ្លាប់មានពីមុនមកទេ ហើយតាមការយល់ឃើញរបស់អ្នកវិភាគ «វាគឺជាទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដែលអាស៊ានបានដាក់លើរដ្ឋជាសមាជិក បើគិតចាប់តាំងពីការបង្កើតស្ថាប័ននេះឡើងកាលពីជាង ៥ ទសវត្សរ៍មុន»។

អាស៊ានបានផ្ញើសារយ៉ាងច្បាស់ថា «របបយោធាមិនអាចប្រើវត្តមានរបស់លោក Min Aung Hlaing នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីស្នើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ភាពស្របច្បាប់របស់របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ»។ ការមិនអាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានគឺជា «ការទះកំផ្លៀងរបបយោធា» ហេតុដូច្នេះហើយ របបនេះត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនឆ្ពោះទៅរកការអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច។

របបយោធាបាន បើកចំហជាបណ្តើរៗដោយបានទទួលប្រេសិតពិសេសក្រោមការដឹកនាំរបស់កម្ពុជា គឺលោក ប្រាក់ សុខុន ឱ្យទៅបំពេញទស្សនកិច្ចការងារចំនួន ២ ដង នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែមីនា និងកាលពីចុងខែមិថុនា ដល់ដើមខែកក្កដា ឆ្នាំ ២០២២ ដែលដំណើរទស្សនកិច្ចនោះបានផ្តោតលើអាទិភាពចំនួន ៣ គឺ «ការបញ្ឈប់អំពើហិង្សា, ការសន្ទនាក្នុងន័យស្ថាបនា និងការផ្តល់ជំនួយមនុស្សធម៌»។

លោក ប្រាក់ សុខុន ត្រូវបានអនុញ្ញាតឱ្យជួបជាមួយភាគីពាក់ព័ន្ធជាច្រើនទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះលោកបានជួបពិភាក្សាជាមួយលោក Min Aung Hlaing និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, ប្រធានគណៈកម្មាធិការចរចារសាមគ្គីភាពជាតិនិងសន្តិភាព និងក្រុមការងារមីយ៉ាន់ម៉ាស្តីពីជំនួយមនុស្សធម៌អាស៊ាន។

ប្រេសិតពិសេសរូបនេះក៏បានជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ចំនួន ៧ ផងដែរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅទូទាំងប្រទេស (NCA) ជាមួយរបបយោធាកាលពីឆ្នាំ ២០១៥ បូករួមនឹងការជួបជាមួយគណបក្សនយោបាយចំនួន ៧ ដែលបានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០។ ពួកគេបានពិភាក្សាអំពីវិធីសាស្រ្តក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀង NCA។

ទោះជាយ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន ត្រូវបានបដិសេធមិនឱ្យចូលជួបមេដឹកនាំនៃរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ា ជាពិសេសគឺលោកស្រី អង់សាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ និងដែលត្រូវបានគេចាត់ទុកជា «តួអង្គដ៏សំខាន់បំផុតមួយនៅក្នុងនយោបាយ, សន្តិភាព និងការផ្សះផ្សានៅមីយ៉ាន់ម៉ា»។

ជាមួយគ្នានេះដែរ លោក ប្រាក់ សុខុន ក៏បានពិភាក្សាអំពីការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពទាន់ពេលវេលា និងមិនលម្អៀង និងការចូលរួមរបស់ទីភ្នាក់ងារឯកទេសនៃអង្គការសហប្រជាជាតិ, អង្គការ NGO អន្តរជាតិ និងអាជ្ញាធរនៅមូលដ្ឋានក្នុងការងារមនុស្សធម៌ បូករួមទាំងការវាយតម្លៃរួមអំពីតម្រូវការក្នុងការចូលទៅកាន់តំបន់ដែលពិបាកទៅដល់។

ទោះជាយ៉ាង​ណា​ក៏​ដោយ វានៅតែមាន​របាយការណ៍​អំពី​ការ​បន្ត​កើតមានអំពើ​ហិង្សា និង​ការ​ធ្លាក់​ចុះ​នៃស្ថានភាព​មនុស្សធម៌​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ការប្រយុទ្ធគ្នារវាងរបបយោធាជាមួយនិងក្រុម EAOs និងកងកម្លាំងការពារប្រជាជន (PDFs) ក៏បានបន្តកើតមាននៅទូទាំងប្រទេសផងដែរ។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត «ការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤ នាក់ នៅត្រឹមតែ ១ សប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM-55 បានបង្ហាញអំពីការដើរថយក្រោយកាន់តែខ្លាំងពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេស ដើម្បីជួយសម្រួលដល់វឌ្ឍនភាពក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ីស»។

លោក ប្រាក់ សុខុន គ្រោងនឹងធ្វើទស្សនកិច្ចលើកទី ៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅក្នុងខែកញ្ញា ឬខែតុលា ឆ្នាំ ២០២២ ដើម្បីជួបគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺលោកស្រី អង់សាន ស៊ូជី និងបណ្តាមេដឹកនាំដែលមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ តែគេនៅមិនច្បាស់ទេថា «តើកិច្ចខិតខំប្រឹងប្រែងរបស់លោកនឹងទទួលបានជោគជ័យដែរឬយ៉ាងណា»។

វាអាចទៅរួចក្នុងការរិះគន់​​អាស៊ានចំពោះការមិនព្រមចាត់វិធានការបន្ថែម​ទៀត ក៏ប៉ុន្តែ​វិបត្តិ​នេះ​ពិតជាមិន​អាច​ដោះស្រាយ​បាន​ក្នុងរយៈពេលត្រឹមតែ ១ ​យប់​នោះទេ​។ ជម្លោះនេះមានជាប់​ពាក់ព័ន្ធ​នឹង​កត្តា ​ប្រវត្តិសាស្ត្រ, នយោបាយ, វប្បធម៌ និង​ជាពិសេស​គឺភាព​តានតឹងរវាង​ជនជាតិភាគតិច។ ដូច្នេះ ដំណោះស្រាយដោយសន្តិវិធីទាំងស្រុងចំពោះវិបត្តិនៅមីយ៉ាន់ម៉ា អាចសម្រេចទៅបានលុះត្រាតែគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសនេះយល់ព្រមងាកមករកតុចរចា។

ដោយផ្អែកលើការវិវឌ្ឍរីកចម្រើនបន្តិចម្តងៗប្រេសិតពិសេសត្រូវតែបន្តព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីស្តារឡើងវិញនូវភាពជឿជាក់របស់អាស៊ាន តាមរយៈការជំរុញតួនាទីសម្របសម្រួលរបស់ខ្លួន, ជួយគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងការកសាងទំនុកចិត្ត, ជំរុញកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន, កាត់បន្ថយភាពតានតឹង, ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលកំពុងត្រូវការជំនួយ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដោយសន្តិវិធី។

ទាំងនេះគឺជាទំនួលខុសត្រូវដ៏សំខាន់ដែលតម្រូវឱ្យមានគោលការណ៍ជាក់លាក់, ផែនការល្អ បូករួមនឹងសមត្ថភាពប្រាជ្ញា និងកលល្បិចខ្ពស់ ក៏ដូចជាការយល់ចិត្តការយល់ដឹងនិងការគាំទ្រកាន់តែខ្លាំងពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងនៅក្នុង និងក្រៅតំបន់៕

The Diplomat

អត្ថបទទាក់ទង