ខ្មែរប៉ុស្ដិ៍ Close

    ការកាត់បន្ថយការពឹងផ្អែករបស់អាស៊ានលើការនា ចូលចំណីអាហារ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 923
    ការកាត់បន្ថយការពឹងផ្អែករបស់អាស៊ានលើការនា ចូលចំណីអាហារការកាត់បន្ថយការពឹងផ្អែករបស់អាស៊ានលើការនា ចូលចំណីអាហារ

    ជំងឺរាតត្បាតកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យបញ្ហាអសន្តិសុខស្បៀងពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរ។ វិបត្តិបច្ចុប្បន្នបានរំលេចឱ្យឃើញអំពីការពឹងផ្អែករបស់បណ្ដារដ្ឋជាច្រើននៅអាស៊ាន លើការនាំចូលអាហារសំខាន់ៗនិងចំណីសត្វ ក៏ដូចជាបានរំលេចអំពីកង្វះយុទ្ធសាស្ត្រសម្របសម្រួលរបស់អាស៊ាននៅក្នុងផលិតកម្មចំណីអាហារ។ អាស៊ានចាំបាច់ត្រូវកាត់បន្ថយការពឹងផ្អែកលើការនាំចូលដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្លៃលើទីផ្សារពិភពលោក មកលើវិស័យសន្តិសុខស្បៀងក្នុងតំបន់។

    ខណៈពេលដែលអាហារសំខាន់របស់អាស៊ានគឺស្រូវ គេក៏ឃើញមានកំណើនលើតម្រូវការស្រូវសាលី, សណ្តែកសៀង និងពោត នៅរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាការកើនឡើងដែលផលិតកម្មនៅក្នុងស្រុកមិនអាចឆ្លើយតបបាន។ សណ្តែកសៀងនិងពោត បានក្លាយជាមុខទំនិញដែលមានសារៈសំខាន់ជាពិសេស ដោយសារតែកំណើននៃតម្រូវការចំណីសត្វដើម្បីគាំទ្រដល់កំណើនទ្វេគុណនៃការចិញ្ចឹមសត្វ។ ដើម្បី​បំពេញ​តម្រូវ​ការ​នេះ​ គេត្រូវការនាំចូលមុខទំនិញទាំងនេះក្នុងចំនួនដ៏ច្រើន​ពីខាង​ក្រៅ​។

    បញ្ហាអសន្តិសុខស្បៀងបានបង្ហាញអំពីភាពងាយរងគ្រោះរបស់អាស៊ានចំពោះការរំខានដល់ការនាំចូលចំណីអាហារ។ ឥឡូវនេះ ប្រទេសមួយចំនួនកំពុងផ្តល់អាទិភាពដល់ការផលិតក្នុងស្រុក និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលតូចជាងមុន និងគួរឱ្យទុកចិត្តជាងមុន។

    លេខាធិការដ្ឋានអាស៊ានបានប៉ាន់ប្រមាណថា កាលពីឆ្នាំ ២០២០ អាស៊ានបាននាំចូលទំនិញកសិកម្មពីខាងក្រៅ ក្នុងទំហំទឹកប្រាក់ ៦១ ពាន់លានដុល្លារអាមេរិក។ បណ្ដារដ្ឋនៅអាស៊ានស្ថិតក្នុងចំណោមប្រទេសដែលនាំចូលស្រូវសាលីធំជាងគេបំផុតលើលោក ព្រមទាំងនាំចូលសណ្តែកសៀងនិងពោតក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។

    វាជាការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផលិតចំណីអាហារសំខាន់ៗ​មិន​បានគ្រប់គ្រាន់​របស់​អាស៊ាន។ បណ្ដារដ្ឋជាសមាជិកអាស៊ានមានបរិមាណផលិតខុសៗគ្នាយ៉ាងច្រើន នៅលើវិស័យស្រូវ, ស្រូវសាលី, សណ្ដែកសៀង, ពោត, ប្រេងឆា និងការចិញ្ចឹមសត្វ។

    នៅឆ្នាំ ២០២០ អាស៊ានផលិតពោតបានចំនួន ៤៦ លានតោន, សណ្តែកសៀងបានចំនួន ៧៣៥ ០០០ តោន និងស្រូវសាលីបានចំនួន ១១៣ ៤០០ តោន។ ផលិតកម្មពោតរបស់អាស៊ានបំពេញបានប្រហែល ៧៥% នៃតម្រូវការក្នុងតំបន់ ដោយសារផលិតកម្មមានកម្រិតទាប បើធៀបទៅនឹងប្រទេសនាំចេញពោតសំខាន់ៗនៅអាមេរិកខាងជើង, អាមេរិកខាងត្បូង និងអឺរ៉ុប។

    អាស៊ានផលិតសណ្ដែកសៀងបានតិចជាង ១/១០ នៃតម្រូវការរបស់ខ្លួនប៉ុណ្ណោះ។ ផលិតកម្ម​សណ្តែកសៀងរបស់​អាស៊ាន​ប្រមូលផ្តុំ​នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី, មី​យ៉ាន់​ម៉ា, វៀតណាម, កម្ពុជា និង​ថៃ​។

    នៅចន្លោះឆ្នាំ ២០១៨ និង ២០១៩ ប្រទេសជាសមាជិកអាស៊ានបាននាំចូលសណ្តែកសៀងប្រហែល ៧,៥ លានតោន សម្រាប់ប្រើជាចំណីសត្វ និងចំណីអាហាររបស់មនុស្ស។ សណ្ដែកសៀងមានតម្លៃថ្លៃជាងគេបំផុតក្នុងចំណោមចំណីអាហារដែលអាស៊ាននាំចូល ហើយការនាំចូលនោះទៀតសោត គឺមានទំហំលើសពីផលិតកម្មក្នុងស្រុកដល់ទៅ ១០ ដង។

    អាស៊ាននាំចូលស្រូវសាលីក្នុងទំហំ ១៥% នៃការនាំចូលស្រូវសាលីជាសកលក្នុងឆ្នាំ ២០២១។ ការនាំចូលស្រូវសាលីមកក្នុងអាស៊ាន មានទំហំធំជាងទំហំដែលប្លុកនេះផលិតបានដល់ទៅ ២៤៤ ដង។ ភាគច្រើននៃស្រូវសាលីដែលនាំចូល គឺមកពីប្រទេសអ៊ុយក្រែន។ ដូច្នេះ វាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលថាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានរំខានដល់ការនាំចេញស្រូវសាលីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងដែលធ្វើឱ្យតម្លៃស្រូវសាលីកើនឡើងនោះ។

    ឥណ្ឌូណេស៊ី​គឺ ជា​ប្រទេស​នាំ​ចូល​ស្រូវ​សាលី​ធំ​ជាង​គេ​នៅ​អាស៊ាន ដែលកាលពីឆ្នាំ ២០២១ ប្រទេសនេះបាននាំចូលស្រូវសាលីក្នុងទំហំ ៣,៥ ពាន់លានដុល្លារ។ ការ​នាំ​ចូល​ស្រូវ​សាលីរបស់ឥណ្ឌូណេស៊ី គឺដើម្បីផលិត​អាហារ​សំខាន់​របស់​ប្រទេសនេះដែលរួម​មាន​ដូចជាមី, នំប៉័ង និង​នំ​ដុត។ ប្រទេសនេះពឹងផ្អែកទាំងស្រុងទៅលើការនាំចូលស្រូវសាលីសម្រាប់ប្រើជាចំណីអាហាររបស់មនុស្សនិងសត្វនៅក្នុងប្រទេសរបស់ខ្លួន។

    ស្រូវគឺជាអាហារសំខាន់តែមួយគត់ដែលអាស៊ានផលិតលើសតម្រូវការ។ កាលពីឆ្នាំ ២០២០ អាស៊ាន​បាន​បង្កបង្កើន​ផលស្រូវ​ចំនួន ៤៨ លាន​ហិកតា ហើយ​ប្រមូល​ផល​ស្រូវ​បាន ១៩១ លាន​តោន។

    ផលិតកម្ម​ស្រូវ​ត្រូវ​ចំណាយផ្ទៃដី​ប្រហែល ៦៦% ​នៃ​ផ្ទៃដី​បង្កបង្កើនផល​សរុប​របស់​អាស៊ាន។ ប៉ុន្តែបណ្ដារដ្ឋអាស៊ានជាច្រើននៅតែជាអ្នកនាំចូលស្រូវច្រើនជាងនាំចេញ (Net Rice Importer) ដដែល ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ជាអ្នកនាំចូលស្រូវច្រើនជាងគេ។

    កាលពី​ឆ្នាំ ២០២០ បណ្ដារដ្ឋ​អាស៊ាន​បាន​នាំ​ចូល​ស្រូវចំនួន ៧៦,៥% ​ពី​រដ្ឋជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត។ ច្បាស់ណាស់ បណ្តាប្រទេសអាស៊ានត្រូវតែធ្វើការរួមគ្នា និងត្រូវបង្កើតយុទ្ធសាស្ត្រសម្របសម្រួលមួយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់តំបន់ទៅលើការនាំចូលចំណីអាហារពីខាងក្រៅ។

    ការបង្កើនផលិតកម្មស្រូវអាចធ្វើឲ្យតំបន់នេះក្លាយជាអ្នកនាំចេញស្រូវច្រើនជាងនាំចូល (Net Rice Exporter) ដែលវាគឺជាការពង្រឹងជំហររបស់តំបន់ក្នុងការប្រឈមមុខនឹងវិបត្តិសន្តិសុខស្បៀងមួយផ្សេងទៀត។ ការបង្កើនផលិតកម្មស្រូវនឹងតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរាប់បញ្ចូលទាំងការកែលម្អពូជស្រូវដោយបច្ចេកវិទ្យាជីវសាស្ត្រ, ការបង្កើនទិន្នផលលើពូជស្រូវល្អៗ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ហិរញ្ញប្បទាន និងការកែលម្អជំនាញគ្រប់គ្រងរបស់កសិករខ្នាតតូច។

    ប៉ុន្តែ ផ្ទៃដីដ៏ធំដែលគ្របដណ្ដប់ដោយផលិតកម្មស្រូវ និងតម្រូវការក្នុងការបង្កើនផលិតកម្មស្រូវបានបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។ វាលស្រែទាំងអស់នៅក្នុងអាស៊ាន គឺជាអ្នករួមចំណែកដ៏ធំបំផុតក្នុងការបំភាយឧស្ម័នមេតានរបស់តំបន់នេះ។ អ្នកបង្កើតគោលនយោបាយត្រូវតែគិតគូរអំពីតុល្យភាពនៃតម្រូវការក្នុងការកាត់បន្ថយការឡើងកម្ដៅផែនដី ជាមួយនិងតម្រូវការនៃការបង្កើនផលិតកម្មស្រូវ។

    ផ្ទៃដីដាំសណ្តែកសៀងនិងស្រូវសាលី នៅមានតិចតួចនៅឡើយនៅអាស៊ាន ដែលធ្វើឲ្យគម្លាតរវាងការនាំចូលនិងការផលិត មានទំហំធំខ្លាំង។ ការបង្កើនផ្ទៃដីដាំដំណាំនិងទិន្នផល នឹងត្រូវការឱ្យមានយុទ្ធសាស្ត្រសម្របសម្រួលមួយ។

    គេត្រូវការឱ្យមានការវិនិយោគយ៉ាងធំនៅក្នុងដំណាំសណ្តែកសៀងត្រូពិច និងស្រូវសាលី រួមទាំងការបង្កាត់ពូជ និងការគ្រប់គ្រងសត្វល្អិតដែលបំផ្លាញដំណាំ។ ពូជសណ្តែកសៀង និងស្រូវសាលីថ្មីៗ ចាំបាច់ត្រូវតែបង្កើតឱ្យបានច្រើនបំផុត ដោយអនុវត្តទៅតាមបច្ចេកវិទ្យាបង្កាត់ពូជបែបនវានុវត្តន៍ និងការកែលម្អការគ្រប់គ្រងសត្វល្អិតបំផ្លាញដំណាំ។

    គំនិតផ្តួចផ្តើមដ៏ទូលំទូលាយមួយរបស់អាស៊ានដែលប្រមូលផ្ដុំធនធានបានល្អ អាចបង្កើននូវភាពធន់នៃការផ្គត់ផ្គង់ស្រូវសាលី, សណ្តែកសៀង និងពោតនៅក្នុងតំបន់បាន។ វានឹងអនុញ្ញាតឱ្យអាស៊ានអាចទាញយកប្រយោជន៍ពីជីវចម្រុះ និងពីរុក្ខជាតិដែលមានស្រាប់នៅក្នុងតំបន់ និងដែលមិនទាន់បានប្រើប្រាស់ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលចំណីអាហារសំខាន់ៗ និងចំណីសត្វ៕

    East Asia Forum

    អត្ថបទទាក់ទង