ខ្មែរប៉ុស្ដិ៍ Close

ទណ្ឌកម្មរបស់អាមេរិកបានលុបបំបាត់ផលចំណេញរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 445
ទណ្ឌកម្មរបស់អាមេរិកបានលុបបំបាត់ផលចំណេញរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទណ្ឌកម្មរបស់អាមេរិកបានលុបបំបាត់ផលចំណេញរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនបានក្លាយជាក្តីកង្វល់ជាយុទ្ធសាស្ត្រដ៏ចម្បងសម្រាប់បណ្តាប្រទេសលោកខាងលិច ក៏ប៉ុន្តែឥទ្ធិពលនៃបញ្ហានេះកំពុងតែរីករាលដាលហួសព្រំដែនអឺរ៉ុបទៅទៀត ជាពិសេសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសរុស្ស៊ីបានព្យាយាមបង្កើតបណ្តាញភាពជាដៃគូយុទ្ធសាស្ត្រថ្មីៗនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។

ដោយប្រើប្រាស់ទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏រឹងមាំរបស់ខ្លួនជាមួយចិននិងឥណ្ឌា និងការផ្តល់នូវការបញ្ចុះតម្លៃយ៉ាងច្រើនដល់មហាអំណាចអាស៊ីទាំងពីរ រុស្ស៊ីអាចរួចផុតពីផលប៉ះពាល់ដ៏អាក្រក់បំផុតនៃទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់មកលើខ្លួននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការឈ្លានពានចូលអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ភាពធន់បែបនេះនៃសេដ្ឋកិច្ចរបស់រុស្ស៊ីបានជួយបិទបាំងការបរាជ័យជាយុទ្ធសាស្ត្រដ៏សំខាន់ៗនៅក្នុងតំបន់នានា ដូចជាតំបន់អាស៊ីអាគ្នេយ៍ ដែលទាំងដៃគូថ្មីនិងចាស់ដែលកំពុងពិចារណាឡើងវិញ អំពីទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី ដើម្បីចៀសវាងការប៉ះទង្គិចដែលអាចកើតមានដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។

នៅឆ្នាំនេះ ទាំងឥណ្ឌូណេស៊ី និងហ្វីលីពីនដែលជាប្រទេសធំជាងគេទាំងពីរ នៅតំបន់អាស៊ីអាគ្នេយ៍ បានលុបចោលកិច្ចព្រមព្រៀងការពារជាតិសំខាន់ៗជាមួយរុស្ស៊ី ចំពេលកើតមានការភ័យខ្លាចចំពោះទណ្ឌកម្មដ៏មានឥទ្ធិពលរបស់លោកខាងលិច។ សហរដ្ឋអាមេរិកបានបង្កើនការរឹតបន្តឹងលើឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដោយបានពង្រឹងការអនុវត្តការទប់ទល់ប្រឆាំងនឹងសត្រូវអាមេរិកតាមរយៈច្បាប់ដាក់ទណ្ឌកម្ម (Countering America’s Adversaries through Sanctions Act-CAATSA)។

ទន្ទឹមនឹងនេះដែរ សិង្ហបុរីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងតំបន់ បានឈានទៅដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជាមួយនឹងការថ្កោលទោសជាសាធារណៈចំពោះការលុកលុយនៅអ៊ុយក្រែន។ ជាមួយនឹងការដាក់ទណ្ឌកម្មថ្មីៗ ដោយផ្តោតលើធនាគារកណ្តាលរបស់រុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ សម្ព័ន្ធមិត្តប្រពៃណីមួយចំនួន សូម្បីតែវៀតណាម ក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមផងដែរក្នុងការព្យាយាមរក្សាទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយរុស្ស៊ី។

អ្នកការទូតជាន់ខ្ពស់វៀតណាម បាននិយាយនៅសប្តាហ៍នេះថា «ការរក្សាទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគជាធម្មតាជាមួយរុស្ស៊ី នឹងក្លាយជារឿងកាន់តែពិបាកទៅៗសម្រាប់វៀតណាម។ អ្វីដែលបានកើតឡើងគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ ៩/១១ ដែលមានន័យថា សង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែនបានបង្កនូវការរំខានដល់សណ្តាប់ធ្នាប់សកលដូចគ្នា នឹងការវាយប្រហារភេរវកម្មមក លើសហរដ្ឋអាមេរិកកាលពីជាង ២ ទសវត្សរ៍មុន»។

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងហាណូយ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២។ រូបថត៖ Quang Hoa / The Gioi & Vietnam
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងហាណូយ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២។ រូបថត៖ Quang Hoa / The Gioi & Vietnam

ប្រទេសរុស្ស៊ីធ្លាប់បានចាត់ទុកខ្លួនឯងជា «កម្លាំងទី ៣» ដ៏មានសក្ដានុពល នៅចំពេលដែលការប្រកួតប្រជែងដើម្បីឥទ្ធិពលនិងអំណាចរវាងចិន និងអាមេរិកមានភាពតានតឹងកាន់តែខ្លាំងឡើងៗនៅតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងធនធានអ៊ីដ្រូកាបូនដ៏ច្រើនសម្បើម ប្រទេសដែលនៅតំបន់អឺរ៉ាស៊ីមួយនេះគឺជាដៃគូថាមពលដ៏សំខាន់សម្រាប់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់តំបន់។

ជាងនេះទៅទៀត រុស្សីក៏បានផ្តល់ជូននូវសម្ភារៈយោធាទំនើបៗក្នុងតម្លៃថោកសមរម្យផងដែរ ដែលជាហេតុធ្វើឱ្យរុស្ស៊ីក្លាយជាប្រភពដ៏ធំបំផុតមួយនៃការនាំចេញសព្វាវុធទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ជាមួយនឹងទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ។

សម្ព័ន្ធមិត្តប្រពៃណីដូចជាវៀតណាមក៏បានទិញសព្វាវុធរុស្ស៊ីក្នុងតម្លៃរាប់ពាន់លានដុល្លារផងដែរ បូករួមទាំងនាវាមុជទឹក និងយន្តហោះចម្បាំង ដែលសុទ្ធតែជាសម្ភារៈដ៏ចាំបាច់ក្នុងការការពារនូវការទាមទាររបស់វៀតណាមនៅសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះយ៉ាងក្តៅគគុកជាមួយនឹងប្រទេសចិន។

ការលាយបញ្ចូលគ្នារវាងលទ្ធិផ្តាច់ការនិងលទ្ធិប្រជានិយម របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ត្រូវបាននាំយកមកអនុវត្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ ជាពិសេសនៅក្រោមអាណត្តិរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលបានពណ៌នាសមភាគីរុស្ស៊ីរបស់លោកថាជា «វីរបុរសដែលខ្ញុំចូលចិត្ត»

នៅពេលកើត មានការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រទេសរុស្ស៊ីក៏បានក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់ផងដែរដល់បណ្តារដ្ឋក្នុងតំបន់ដែលកំពុងជួបប្រទះនឹងការលំបាកក្នុងការទប់ស្កាត់ការផ្ទុះឡើង នៃវីរុសនេះនៅក្នុងប្រទេសរបស់ពួកគេ។ ប៉ុន្តែការឈ្លានពាន របស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ខំអោយ សម្ព័ន្ធមិត្តនិងបណ្តាប្រទេសជាដៃគូដូចជាហ្វីលីពីនឱ្យពិចារណាឡើងវិញអំពីទំនាក់ទំនងទ្វេភាគីរវាងពួកគេ។

កាលពីដើមឆ្នាំនេះ លោក Duterte ដែលធ្លាប់ជាអ្នកគាំទ្រលោក Putin បានធ្វើការរិះគន់ជាពិសេសលើមេដឹកនាំរុស្ស៊ី ដោយក្នុងនោះលោកបាននិយាយថា «មនុស្សជាច្រើនបាននិយាយថា លោក Putin និងខ្ញុំគឺជាឃាតករ។ ខ្ញុំបានប្រាប់អ្នកជាយូរមកហើយថា ខ្ញុំពិតជាបានសម្លាប់មនុស្សមែន ក៏ប៉ុន្តែខ្ញុំសម្លាប់តែឧក្រិដ្ឋជន ហើយខ្ញុំមិនបានសម្លាប់កុមារ និងមនុស្សចាស់ទេ។ ការឈ្លានពានអ៊ុយក្រែនគឺជាការឈ្លានពានលើប្រទេសអធិបតេយ្យមួយ»។

អ្នកស្នងតំណែងបន្តពីលោក គឺលោក Ferdinand Marcos Jr បានបង្ហាញអំពីការមិនចាប់អារម្មណ៍ក្នុងការបន្តទំនាក់ទំនងការពារជាតិដ៏រឹងមាំជាមួយរុស្ស៊ី។ កាលពីដើមខែនេះ ក្រសួងការពារជាតិហ្វីលីពីនបានប្រកាសលុបចោលកិច្ចព្រមព្រៀងយោធាតម្លៃ ២៤៤,២ លានដុល្លារជាមួយរុស្ស៊ី សម្រាប់ការបញ្ជាទិញឧទ្ធម្ភាគចក្រ Mil Mi-17 របស់រុស្ស៊ីចំនួន ១៦ គ្រឿង។

អតីតរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា «យើងអាចប្រឈមមុខនឹងទណ្ឌកម្ម CAATSA របស់សហរដ្ឋអាមេរិក» ហើយមិនយូរប៉ុន្មាន ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Jose Romualdez បានទទួលស្គាល់ដោយបើកចំហថា «ទណ្ឌកម្មរបស់លោកខាងលិចពិតជាមានជាប់ទាក់ទងនឹងការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងនេះ»។

លោកបានបន្តថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេកំពុងដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី។ គ្រប់គ្នាសុទ្ធតែបានដឹងរឿងនេះ។ ដូច្នេះ ប្រសិនបើអ្នកទិញអ្វីពីរុស្ស៊ី អ្នកអាចនឹងត្រូវរងទណ្ឌកម្ម។ ហ្វីលីពីននឹងពិចារណាលើការផ្តល់ជូនរបស់មន្ទីរបញ្ចកោណនូវឧទ្ធម្ភាគចក្រ Boeing CH-47 Chinook ជំនួសវិញ»។

ប្រទេសហ្វីលីពីនបានជ្រើសរើសយកការលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Mil Mi-17 របស់រុស្ស៊ី ហើយអាចជ្រើសរើសឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook ដែលផលិតដោយសហរដ្ឋអាមេរិក ជាជំនួសវិញ។ រូបថតដោយ Markus Rauchenberger / US Army
ប្រទេសហ្វីលីពីនបានជ្រើសរើសយកការលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Mil Mi-17 របស់រុស្ស៊ី ហើយអាចជ្រើសរើសឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook ដែលផលិតដោយសហរដ្ឋអាមេរិក ជាជំនួសវិញ។ រូបថតដោយ Markus Rauchenberger / US Army

កាលពីប៉ុន្មានខែមុននេះ ប្រទេសឥណ្ឌូណេស៊ីក៏បានលុបចោលកិច្ចព្រមព្រៀងយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួនជាមួយរុស្ស៊ីផងដែរ ចំពេលកើតមានការព្រួយបារម្ភអំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ស្រដៀងគ្នាទៅនឹងប្រទេសហ្វីលីពីនដែរ ឥណ្ឌូណេស៊ីបានងាកទៅរកអ្នកផ្គត់ផ្គង់លោកខាងលិចជំនួសវិញសម្រាប់ឧបករណ៍ទាំងនេះ។

ប្រទេសឥណ្ឌា ដែលបានពឹងផ្អែកជាប្រវត្តិសាស្ត្រលើសម្ភារៈនិងបច្ចេកវិទ្យាយោធារបស់រុស្ស៊ី នៅពេលនេះក៏កំពុងប្រកួតប្រជែងជាមួយរុស្ស៊ីវិញដើម្បីក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ ហើយឧទាហរណ៍ដ៏ជាក់ស្តែងមួយគឺ «ការបញ្ចប់ការចរចាដោយជោគជ័យស្តីពីប្រព័ន្ធមីស៊ីលល្បឿនលឿន Brahmos ដែលមានតម្លៃ ៣៧៥ លានដុល្លារកាលពីពេលថ្មីៗនេះជាមួយប្រទេសហ្វីលីពីន»។

ឥឡូវនេះ សូម្បីតែសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុងសម័យសង្រ្គាមត្រជាក់ដូចជាវៀតណាមជាដើម ក៏កំពុងពិចារណាយ៉ាងហ្មត់ចត់ចំពោះទំនាក់ទំនងយុទ្ធសាស្ត្ររបស់ពួកគេជាមួយរុស្ស៊ីផងដែរ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មវៀតណាម-រុស្ស៊ីបានកើនឡើងដល់ ៥,៥ ពាន់លានដុល្លារ។

បន្ទាប់ពីការចរចារដ៏ខ្លាំងក្លាជុំវិញការពង្រីកទំនាក់ទំនងជាយុទ្ធសាស្ត្រទ្វេភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយនឹងសហភា សេដ្ឋកិច្ចអឺរ៉ាស៊ី (EEU) ដែលដឹកនាំដោយរុស្ស៊ីក៏បានចូលជាធរមានជាផ្លូវការនៅឆ្នាំនេះ។ ការវិនិយោគរបស់វៀតណាមនៅរុស្ស៊ីបានឈានដល់ជិត ៣ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងគម្រោងសំខាន់ៗចំនួន ២២។

ប៉ុន្តែក្រៅពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនេះ វៀតណាមបាននិងកំពុងប្រឈមមុខនឹងការលំបាក បន្ទាប់ពីមានការដាក់ទណ្ឌកម្មថ្មីៗលើវិស័យសេដ្ឋកិច្ចនិងលើស្ថាប័នហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ី ដែលបាននាំមកនូវការបង្កើនថ្លៃប្រតិបត្តិការ និងថ្លៃដឹកជញ្ជូន។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវផ្អាកការនាំចេញត្រីធូណានិងត្រីអណ្តែង ទៅកាន់រុស្ស៊ី ខណៈដែលសមាគមស្វាយចន្ទីវៀតណាម (Vinacas) ក៏បានព្រមានផងដែរអំពីការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការនាំចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ាស៊ីមួយនេះ ដោយសារទណ្ឌកម្មរបស់លោកខាងលិច។

ទោះបីជាមានបរិមាណតិចតួចក៏ដោយ ក៏វៀតណាមនិងរុស្ស៊ីមានការជួញដូរដ៏សំខាន់ជាមួយគ្នាលើផលិតផលម្ហូបអាហារដែរ។ នៅឆ្នាំ ២០២១ វៀតណាមបាននាំចេញផលិតផលកសិកម្ម, នេសាទ និងព្រៃឈើក្នុងតម្លៃ ៥៥០ លានដុល្លារ ទៅកាន់ប្រទេសរុស្ស៊ី ហើយរុស្ស៊ីនិងអ៊ុយក្រែនមានចំណែក ២០% នៃការនាំចូលស្រូវសាលីសរុបរបស់វៀតណាម។

ដោយទទួលស្គាល់អំពីភាពស៊ីជម្រៅនៃវិបត្តិនេះ វៀតណាមនិងរុស្ស៊ី បាននិងកំពុងរិះរក មធ្យោបាយដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្ម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានព្រមានអំពីផលប៉ះពាល់អវិជ្ជមានម លើទំនាក់ទំនងទ្វេភាគីដែលបង្កឡើងដោយការដាក់ទណ្ឌកម្មនេះ។

លោក Khoi បាននិយាយថា «វានឹងត្រូវការវិធានការបន្ទាន់ៗជាច្រើនទៀតដើម្បីជួយសហគ្រាស និងអ្នកវិនិយោគដែលបាននិងកំពុងរងនូវផលប៉ះពាល់នៅក្នុងប្រទេសរុស្ស៊ី។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ យើងបានបញ្ជូនរបាយការណ៍ប្រហែល ១៣០ ទៅកាន់ប្រទេសវៀតណាម ដែលភាគច្រើនគឺមានពាក់ព័ន្ធនឹងការលំបាកក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ»។

អ្នកការទូតរូបនេះបានបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ីត្រូវបានកាត់បន្ថយពាក់កណ្តាល ដោយសារតែការបរាជ័យរបស់សហគ្រាសនានា ក្នុងការទូទាត់ បូករួមនឹងការលុបចោលនៅក្នុងខ្សែច្រវ៉ាក់ដឹកជញ្ជូន និងផ្គត់ផ្គង់»។

មន្ត្រីយោធាវៀតណាមដើរមើលរថក្រោះ T-90MS របស់រុស្ស៊ីក្នុងអំឡុងវេទិកាបច្ចេកទេសយោធាអន្តរជាតិ Army-2020 នៅទីក្រុង Alabino ខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ ២០២០។ រូបថត៖ Screengrab / TASS TV / AP / Pavel Golovkin
មន្ត្រីយោធាវៀតណាមដើរមើលរថក្រោះ T-90MS របស់រុស្ស៊ីក្នុងអំឡុងវេទិកាបច្ចេកទេសយោធាអន្តរជាតិ Army-2020 នៅទីក្រុង Alabino ខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ ២០២០។ រូបថត៖ Screengrab / TASS TV / AP / Pavel Golovkin

គេមិនច្បាស់ទេថា «តើទណ្ឌកម្មនេះនឹងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងការពារជាតិរបស់វៀតណាមជាមួយរុស្ស៊ីក្នុងកម្រិតណា»។ ប៉ុន្តែដោយសារសារៈសំខាន់នៃទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងវៀតណាមនិងរុស្ស៊ី  ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅពេលថ្មីៗនេះ ទំនងជាមិនអាចរារាំងកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសទាំងពីរបានទេ។

ទោះជាយ៉ាងណាក៏ដោយ អនាគតនៃទំនាក់ទំនងរបស់រុស្ស៊ីនៅក្នុងតំបន់នឹងត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចរបស់រុស្ស៊ី, ការលុបបំបាត់ ឬការបន្ធូរបន្ថយទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាហានិភ័យនៃការរងនូវទណ្ឌកម្មបន្ទាប់បន្សំផ្សេងទៀត។ ការសិក្សារបស់សាកលវិទ្យាល័យ Yale នៅពេលថ្មីៗនេះដែលត្រូវបានដឹកនាំដោយសាស្ត្រាចារ្យ Jeffrey Sonnenfeld បានគូសបញ្ជាក់អំពីជម្រៅនៃផលប៉ះពាល់នៃទណ្ឌកម្ម
ថ្មីៗរបស់លោកខាងលិចមកលើសេដ្ឋកិច្ចរុស្ស៊ីដែលបានទទួលរងនូវការខាតបង់យ៉ាងធំធេង។

អត្ថបទសិក្សានេះបានលើកឡើងនូវការសន្និដ្ឋានថា «វាមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិបត្តិនៅអ៊ុយក្រែន ដោយសន្តិវិធីដើម្បីអាចឱ្យរុស្ស៊ីងើបឡើងវិញបាន ជាពិសេសនៅក្នុងតំបន់មួយចំនួន ដូចជាអាស៊ីអាគ្នេយ៍ជាដើម។ រុស្ស៊ីគ្មានផ្លូវចេញនោះទេ ក្រៅតែពីការបន្តរងនូវការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច ប្រសិនបើបណ្តាសម្ព័ន្ធមិត្តនៅតែបន្តរួបរួមគ្នាដើម្បីបង្កើនសម្ពាធទណ្ឌកម្ម»៕

Asia Times

អត្ថបទទាក់ទង