ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិននឹងមិនធ្វើឱ្យឡាវក្លាយជាអន្ទាក់បំណុលនៃផែនការខ្សែក្រវ៉ាត់ និងផ្លូវនោះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1155
ប្រទេសចិននឹងមិនធ្វើឱ្យឡាវក្លាយជាអន្ទាក់បំណុលនៃផែនការខ្សែក្រវ៉ាត់ និងផ្លូវនោះឡើយប្រទេសចិននឹងមិនធ្វើឱ្យឡាវក្លាយជាអន្ទាក់បំណុលនៃផែនការខ្សែក្រវ៉ាត់ និងផ្លូវនោះឡើយ

ប្រទេសឡាវកំពុងប្រឈមមុខនឹងទុក្ខលំបាកផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងបំណុលសាធារណៈ និងបំណុលធានាសាធារណៈសរុបចំនួន ១៤,៥ ពាន់លានដុល្លារអាមេរិក ហើយដែលប្រហែលពាក់កណ្តាលគឺជំពាក់ចិន។ ប៉ុន្តែប្រទេសឡាវនេះមានលក្ខណៈខុសគ្នាពីប្រទេសស្រីលង្កា ដោយក្នុង នោះប្រទេសឡាវនឹងមិនធ្លាក់ចូលទៅក្នុងស្ថានភាពមិនអាចសងបំណុលបរទេសនោះទេ។

ប្រទេសចិនដែលជាម្ចាស់បំណុលដ៏ធំបំផុត និងជាសម្ព័ន្ធមិត្តនយោបាយរបស់ឡាវ នឹងមិនអនុញ្ញាតឱ្យឡាវក្លាយជាប្រទេសបរាជ័យឡើយ។ បំណុលសាធារណៈ និងបំណុលធានាសាធារណៈសរុបរបស់ឡាវ មានចំនួនស្មើ ៨៨% នៃ GDP ក្នុងឆ្នាំ ២០២១។ ជាមួយនឹងសេវាបំណុលប្រចាំឆ្នាំជាមធ្យមចំនួន ១,៣ ពាន់លានដុល្លារ ដែលត្រូវទូទាត់នៅចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ រដ្ឋាភិបាលឡាវចាំបាច់ត្រូវស្វែងរកមធ្យោបាយដើម្បីពន្យារសេវាបំណុល និងដើម្បីបន្តផ្តល់ឥណទានឡើងវិញដល់មូលបត្របំណុល។

ប្រទេសឡាវក៏កំពុងប្រឈមមុខនឹងបញ្ហាខ្វះធនធានបង្វិលផងដែរ ដោយក្នុងនោះ ប្រទេសនេះមិនមានធនធានគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចបំណុលបរទេសរបស់ខ្លួននោះទេ ជាមួយនឹងទុនបម្រុងរូបិយបណ្ណបរទេសចំនួន ១,៣ ពាន់លានដុល្លារអាមេរិកដែលមានចំនួនស្មើនឹងចំនួនប្រចាំឆ្នាំដែលឡាវ ត្រូវចំណាយលើសេវាបំណុលរបស់ខ្លួន។

ប៉ុន្តែកត្តាភូមិសាស្ត្រសេដ្ឋកិច្ចបានបង្ហាញថា «ប្រទេសឡាវនឹងមិនធ្លាក់ចូលក្នុងស្ថានភាពមិនអាចបង់សងបំណុលឡើយ (Debt Default)»។ ប្រព័ន្ធផ្សព្វផ្សាយតែងតែពិពណ៌នាប្រទេសឡាវថាជា «ជនរងគ្រោះនៃការទូតអន្ទាក់បំណុល» ដែលសំដៅលើការពង្រីកបំណុលរបស់ចិន ដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួន ឬដើម្បីរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រទេសដែលខ្ចី ក្នុងករណីមានកំហុសឆ្គងណាមួយកើតឡើង។

ប៉ុន្តែការលើកឡើងទាំងនេះគឺជារឿងមិនពិតទេ។ ចិនមិនមានឆន្ទៈក្នុងការបង្កការខូចខាតដល់វិស័យហិរញ្ញវត្ថុ និងនយោបាយរបស់ឡាវនោះទេ ដោយក្នុងនោះអ្នកស្រាវជ្រាវ Deborah Brautigam និង Meg Rithmire បានអះអាងថា «ធនាគារចិនមានឆន្ទៈក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញ ហើយអង្គភាពចិនក៏មិនដែលរឹបអូសទ្រព្យសម្បត្តិពីបរទេសដែរ»។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់កម្ចីរបស់ចិននៅតែខ្វះតម្លាភាព ហើយបញ្ហានេះបានជំរុញឱ្យមានការអះអាងមិនត្រឹមត្រូវថា «ក្រុមហ៊ុនសាជីវកម្មចិន (China Inc) បានផ្តល់ប្រាក់កម្ចីមិនសុចរិត»។ ក៏ប៉ុន្តែជាក់ស្តែង បំណុលអន្តររដ្ឋាភិបាល និងប្រាក់កម្ចីរបស់ក្រុមហ៊ុន គឺជារឿងដាច់ដោយឡែកពីគ្នា។

អ្នកអត្ថាធិប្បាយលោកខាងលិច មានទំនោររិះគន់រដ្ឋសង្គមនិយមឯកបក្សរបស់ប្រទេសឡាវ ដែលដឹកនាំដោយគណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) និងតែងតែបង្ហាញអំពីការព្រួយបារម្ភរបស់ពួកគេចំពោះបញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ចនៅក្នុងប្រទេសឡាវ។ ប៉ុន្តែទំនាក់ទំនងរបស់របបសង្គមនិយមបានជួយឱ្យឡាវអាចបន្តទទួលបានការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុពីប្រទេសចិន។

កម្មករជនជាតិចិន កំពុងបំពេញការងារសាងសង់នៅក្នុងប្រទេសឡាវ
កម្មករជនជាតិចិន កំពុងបំពេញការងារសាងសង់នៅក្នុងប្រទេសឡាវ

ឡាវ, វៀតណាម និងចិន គឺជាសមមិត្តសង្គមនិយម បើទោះបីជាទំនាក់ទំនងរវាងពួកគេមានលក្ខណៈម្តងស្អប់ម្តងស្រឡាញ់ក៏ដោយ។ សមត្ថភាពរបស់ឡាវក្នុងការទទួលបានការកាត់បន្ថយការសងសេវាបំណុលរបស់ចិនក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ បានបង្ហាញថា «ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់នូវការពន្យារពេលបង់សងបំណុលដោយផ្អែកលើមូលដ្ឋានទ្វេភាគី»។

ការរៀបចំការផ្លាស់ប្តូររូបិយបណ្ណរវាងធនាគាររបស់សាធារណរដ្ឋប្រជាមានិតឡាវ និងធនាគារប្រជាជនចិន បានជួយសន្សំទុនបម្រុងរូបិយបណ្ណបរទេសដែលកំពុងជួបប្រទះនឹងការខ្វះខាត។ ទុនបម្រុងរូបិយបណ្ណបរទេសជាផ្លូវការមានចំនួនចន្លោះពី ៨០០ លានដុល្លារទៅ ១ ពាន់លានដុល្លារ បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៤ ក៏ប៉ុន្តែវាបានកើនឡើងដល់ ១,៣ ពាន់លានដុល្លារនៅក្នុងខែកក្កដា ឆ្នាំ ២០២០។

ប្រទេសចិននិងឡាវមានភាពឆ្លាតវៃគ្រប់គ្រាន់ក្នុងការស្វែងយល់ដឹងអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលបង្កឡើងដោយសារភាពមិនអាចបង់សងបំណុលបាន។ ការដាក់ «អន្ទាក់បំណុល» លើប្រទេសឡាវក៏នឹងលាតត្រដាងឱ្យឃើញអំពី «អន្ទាក់បំណុល» សម្រាប់អ្នកខ្ចីបំណុលចិនផ្សេងទៀតផងដែរ។

ប្រទេសចិនមិនចង់ក្លាយជាម្ចាស់បំណុលលើទ្រព្យសកម្មដែលមិនដំណើរការ ហើយចិនក៏មិនចង់ក្លាយជាអ្នកផ្តល់ប្រាក់កម្ចីដែលមិនអាចជឿទុកចិត្តបានសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិកនោះដែរ។ ប្រទេសចិនបានរៀនមេរៀន និងបានដឹងអំពីរបៀបដោះស្រាយហានិភ័យនៃការមិនអាចបង់សងបំណុលបាននៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

សម្រាប់ចិន ទំនាក់ទំនងចិន-ឡាវ គឺជានិមិត្តរូបនៃការផ្តោតអារម្មណ៍របស់ខ្លួនមកលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីតទល់ជាមួយនឹងក្របខណ្ឌគោលនយោបាយការបរទេសរបស់អាមេរិក ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហ។ ប្រទេសចិនបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាសមាជិកអាស៊ាន ហើយនេះគឺជាហេតុផលមួយ ទៀតសម្រាប់ចិន ក្នុងការមិនធ្វើឱ្យឡាវធ្លាក់ចូលក្នុងស្ថានភាពមិនអាចបង់សងបំណុលបាន។

ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំឡាវបានទទួលស្គាល់ថា «ប្រទេសនេះកំពុងឈានឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច»។ ការព្រួយបារម្មណ៍អំពីស្ថានការណ៍នេះ ត្រូវបានបង្ហាញចេញយ៉ាងច្បាស់នៅក្នុងសម័យប្រជុំសាមញ្ញលើកទី៣ របស់រដ្ឋសភាដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ខែមិថុនា ដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២។ ការតែងតាំងលោក Bunleua Sinxayvoravong ឱ្យធ្វើជាទេសាភិបាលធនាគារកណ្ដាលនៃប្រទេសឡាវ និងការតែងតាំងលោក Malaythong Kommasith ទៅកាន់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានលាតត្រដាងឱ្យឃើញអំពីស្ថានភាពអាសន្ន។

ក្រុមប្រទេស G20 បានអនុម័តគំនិតផ្តួចផ្តើមពន្យារសេវាបំណុល (DSSI) នៅក្នុងខែមេសា ឆ្នាំ ២០២០ ដែលជាការពន្យារពេលបង់សេវាបំណុលសម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតនៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសឡាវនៅត្រូវប្រឈមមុខនឹងការសងបំណុលសរុបចំនួន ៣៦២ លានដុល្លារ ដែលត្រូវបានខ្ចីដោយរដ្ឋាភិបាល និងក្រុមហ៊ុន Électricité du Laos-Generation ដែលជាក្រុមហ៊ុនផលិតថាមពលរបស់រដ្ឋ។

នៅដើមឆ្នាំ ២០២១ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា «គំនិតផ្តួចផ្តើម DSSI នឹងជួយកាត់បន្ថយការទូទាត់សេវាបំណុលរបស់ប្រទេសឡាវបានចំនួន ៣១៥ លានដុល្លារ» ដែលនឹងផ្តល់នូវការធូរស្រាលបណ្តោះអាសន្នចំពោះវិបត្តិបំណុលរបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើម DSSI នៅខ្វះប្រសិទ្ធភាព ដោយក្នុងនោះការចូលរួមពីវិស័យឯកជនត្រូវបានកំណត់ដោយការស្ម័គ្រចិត្ត ហើយម្ចាស់បណ្ណបំណុលមិនត្រូវបានបូកបញ្ចូលនោះទេ។

ការចូលរួមរបស់ចិននៅក្នុងគំនិតផ្តួចផ្តើម DSSI នឹងក្លាយជារឿងដ៏សំខាន់មួយ ក៏ប៉ុន្តែនិយមន័យនៃម្ចាស់បំណុលផ្លូវការទ្វេភាគីមិនបានរាប់បញ្ចូលនូវការទាមទាររបស់ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូលនៃប្រទេសចិននោះទេ ហើយនេះគឺជាមូលហេតុដែលរដ្ឋាភិបាលឡាវសម្រេចមិនជ្រើសរើសយកជម្រើស DSSI។

រដ្ឋាភិបាលឡាវអាចជៀសផុតពីស្ថានភាពមិនអាចបង់សងបំណុលបាន តាមរយៈការស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់ការពន្យាពេល និងការផ្តល់សាច់ប្រាក់ងាយស្រួល។ បន្ថែមពីលើការពន្យាពេលបំណុលទ្វេភាគី ប្រទេសចិនក៏អាចមានឆន្ទៈក្នុងការវិនិយោគលើភាគហ៊ុនផងដែរដូចដែលបានឃើញនៅក្នុងកិច្ចព្រមព្រៀងភាគហ៊ុនបណ្តាញអគ្គិសនី។

រូបិយបណ្ណគីបរបស់ឡាវ
រូបិយបណ្ណគីបរបស់ឡាវ

ប្រការនេះនឹងជួយឱ្យប្រទេសឡាវអាចធានាបាននូវទុនបម្រុងរូបិយបណ្ណបរទេសសម្រាប់ការសងបំណុល និងដើមទុនបរទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសឡាវនៅតែត្រូវប្រឈមមុខនឹងបំណុលចំនួន ៩៦៤ លានដុល្លារ ដែលជំពាក់ម្ចាស់បំណុលពាណិជ្ជកម្ម។ មូលបត្របំណុលរបស់ឡាវនៅក្នុងទីផ្សារថៃបានកើនលើស ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

កាលពីខែមីនា រដ្ឋាភិបាលឡាវបានចេញផ្សាយនូវមូលបត្របំណុលដែលគិតជាប្រាក់បាតមានតម្លៃ ៥ ពាន់លានបាត (១៤០ លានដុល្លារ) បានដោយជោគជ័យជាលើកដំបូង បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ មក។ ការសងរំលោះមានចំនួន ១០១ លានដុល្លារ ហើយចំនួន ២០៤ លានដុល្លារ នឹងដល់កំណត់ត្រូវសងនៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៥។

ទំនាក់ទំនងចិន-ឡាវដ៏រឹងមាំមានន័យថា «ការលើកឡើងអំពីអន្ទាក់បំណុលគឺជារឿងមិនត្រឹមត្រូវ»។ បទពិសោធន៍របស់ចិនក្នុងនាមជាម្ចាស់បំណុលអន្តរជាតិដ៏សំខាន់ និងអារម្មណ៍នៃភាពអាសន្ននៅក្នុងប្រទេសឡាវផ្ទាល់ នឹងក្លាយជាកត្តាកំណត់ថា «តើឡាវអាចឆ្លងកាត់ផុតស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ បានដោយជោគជ័យដែរឬអត់»៕

Aisa Times

អត្ថបទទាក់ទង