ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 366

នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ត្រូវបានសម្តេចតេជោដាក់ឈ្មោះឲ្យ «ស្ពានអាកាសព្រះមុនីវង្ស» និងស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។

នៅក្នុងឱកាសបើកការដ្ឋានសាងសង់នោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» និង សម្រេចដាក់ឈ្មោះស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសពីពេលបច្ចុប្បន្ន។ ពេលនោះតម្រូវការខ្ពស់បំផុត គឺស្បៀងអាហារ សម្រាប់បច្ចុប្បន្នពលរដ្ឋមិនមែនខ្វះស្បៀងទេ តែមានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់សង្គមជាតិ បានធ្វើឱ្យប្រែប្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ ពីសម័យកាលមួយ ទៅសម័យកាលមួយ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតពេលបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិក។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនវិនិយោគលើកោះពេជ្រទេ នោះមិនមានក្រុងថ្មីនោះឡើយ គឺនៅតែជាតំបន់ដើមត្រែងយោល។ តែការអភិវឌ្ឍនេះ ក៏បានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋខ្មែរ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯម។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនរថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍មិនមែនបណ្តាលមកពីកត្តាផ្លូវទាំងស្រុងនោះទេ តែគឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ។
  10. សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូង នឹងយកចិត្តទុកដាក់រឿងសាងសង់ស្ពានឆ្លងទន្លេសាបក្នុងរាជធានីភ្នំពេញ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ស្ពានឆ្លងទៅក្តីតាកុយ និងស្ពានព្រែកប្រា។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នរណានិយាយអ្វីក៏និយាយទៅ តែសំខាន់កម្ពុជា បានវិវឌ្ឍន៍ពីអត់ស្បែកជើងពាក់ មកមានស្បែកជើងពាក់ អត់កង់មកមានកង់ និងកំពុងមានយានយន្តប្រើប្រាស់រហូតស្ទះចរាចរណ៍។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅព្រុចសែល ប្រទេសបែលហ្ស៉ិក។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានឱ្យរដ្ឋមន្ត្រីបរិស្ថាន ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានផ្ទៃទឹកខែប្រាំងជិត ៥សែនហិកតា, ផ្ទៃដីវាលស្មៅជាង ៦សែនហិកតា និងផ្ទៃដីលំនៅឋានមានជាង ៣សែនហិកតា។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានព្រៃស្រោងជាង ៣លានហិកតា, ព្រៃបៃតងជាង ៣លានហិកតា, ព្រៃរបោះមានជាង ១លានហិកតា, ព្រៃលិចទឹកមានជាង ៧សែនហិកតា, ព្រៃកោងកាងមានជាង ៧ម៉ឺនហិកតា។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជានាពេលបច្ចុប្បន្នមានកៅស៊ូជាង ៦សែនហិកតា, ស្រូវមានជាង ៤លានហិកតា, ស្វាយមានជាង ២៩ម៉ឺនហិកតា, ស្វាយចន្ទីមានជាង ២៣ម៉ឺនហិកតា, ពោតមានជាង ១៦ម៉ឺនហិកតា, អំពៅមានជាង ១៣ម៉ឺនហិកតា, ឫស្សីមានជាង ១១ម៉ឺនហិកតា, ម្រេចមានជាង ៤ម៉ឺនហិកតា, ចេកមានជាង ៣ម៉ឺនហិកតា, ដូងប្រេងមានជាង ២ម៉ឺនហិកតា, តាង៉ែនមានជាង ៣ពាន់ហិកតា, ដំណាំហូបផ្លែដទៃទៀតមានជាង ២៥ម៉ឺនហិកតា និងផ្នែកផ្សេងៗមានជិត ២លានហិកតា។
  17. សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ កុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ ខឹម វាសនា។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងកង្វល់រឿងប៉ះពាល់ដល់ច្រវ៉ាក់ផលិតតាមបណ្តារោងចក្រ សហគ្រាសនានា ដែលត្រូវពលករខ្មែររត់ចោលការងារ ហើយអាចឈានដល់ការប្តឹងផ្តល់ពីក្រុមហ៊ុន។
  19. សម្តេចតេជោ ហ៊ុន សែន បានព្រមានសកម្មជននយោបាយប្រឆាំងនៅខេត្តកំពង់ធំ ឱ្យប្រយ័ត្នប្រយែងពាក្យសម្តី។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណង ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ ខឹម វាសនា នោះឡើយ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ខឹម វាសនា អត់ដែលអំពាវនាវពលរដ្ឋងើបប៉ះបោរផ្តួលរាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះចម្ការ ខឹម វាសនា អាចចេញបាន តែចូលមិនបាននោះឡើយ។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយចំនួនចង់ចេញពីចម្ការ ខឹម វាសនា តែមានមនុស្សហាមឃាត់មិនឱ្យចេញ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ។ ទី១៖ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿង និងទី២៖ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯក។
  26. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ដែលបានស្ម័គ្រចិត្តរើចេញ។ បើមិនរើចេញទេ នឹងធ្វើឱ្យប្រាសាទអង្គរប្រឈមដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
  27. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ។
  28. សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រួសារដែលទាស់ទែងគ្នាចាញ់បោក ខឹម វាសនា នេះ អាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះអ្នកជិតខាង កុំមានការរើសអើងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា។
  29. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកគាំទ្រលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ បើមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ ហើយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ។
  30. សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
  31. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋនៅក្នុងចម្ការលោក ខឹម វាសនា ដើរចេញពីចម្ការ ដោយអាជ្ញាធរត្រៀមរថយន្តដឹកត្រឡប់ទៅផ្ទះ និងរៀបចំបាយទឹកជូន។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេធាវីរាជរដ្ឋាភិបាល លោក គី តិច កំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីតតាំងក្តីលើសំណុំរឿងប្តឹង សម រង្ស៉ី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានភាពចាំបាច់ប្រើកម្លាំង ឬអាវុធ ទៅបំបែកការជួបជុំនៅដីចម្ការរបស់ ខឹម វាសនា នោះឡើយ។
  34. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគក្រៅប្រទេសថា គ្រួសារសម្តេចមិនមានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅចម្ការលោក ខឹម វាសនា និងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ជាស្ថានភាពខុសគ្នា។
  36. សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលើកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand Cambodia។
  37. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខណ្ឌ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ខិតខំដោះស្រាយបញ្ហាផ្លូវខូច។
  38. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អភិបាលក្រុងតាខ្មៅត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច។
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បង្កើនអាសនៈថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យអង្គុយមើលបំណាំគ្នាទេ គឺត្រូវចុះពិនិត្យធ្វើការងារ។
  40. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្តដឹកលើសទម្ងន់ គឺត្រូវតែពិន័យមិនលើកលែងនោះឡើយ។

Fresh News

អត្ថបទទាក់ទង