ខ្មែរប៉ុស្ដិ៍ Close

    តើស្ថាប័នបង្ការវិបត្តិហិរញ្ញវត្ថុរបស់ពិភពលោកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 868
    តើស្ថាប័នបង្ការវិបត្តិហិរញ្ញវត្ថុរបស់ពិភពលោកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?មូលនិធិរូបិយបណ្ណអន្តរជាតិ IMF

    ពិភពលោកចាំបាច់ត្រូវតែត្រៀមខ្លួនចំពោះការមកដល់នៃវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ សញ្ញាពាក់ព័ន្ធនឹងវិបត្តិហិរញ្ញវត្ថុ បានបង្ហាញច្បាស់រួចហើយ ដោយក្នុងនោះ បច្ចុប្បន្នប្រទេសហ្គាណា ប៉ាគីស្ថាន បង់ក្លាដែស និង ស្រីលង្កា កំពុងឈរតម្រង់ជួរនៅមាត់ទ្វាររបស់ IMF ដើម្បីស្វែងរកជំនួយ។ ពេលនេះបណ្តាប្រទេសអ្នកមានត្រូវតែជួយពង្រឹងសមត្ថភាពរបស់ IMF ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវិបត្តិនេះ។

    ពួកគេគួរតែចាប់ផ្ដើមបង្ការរឿងនេះ តាមរយៈការធានាថា «ស្ថាប័ននេះនឹងមានធនធានគ្រប់គ្រាន់ ដើម្បីបញ្ឈប់ប្រទេសដែលមានចំណូលទាបពីការដាក់ចេញនូវគោលនយោបាយសម្លាប់សេដ្ឋកិច្ចរបស់ភាគីម្ខាងទៀត ដែលអាចនាំមកនូវការបំផ្លាញអាយុជីវិត និងអាចគំរាមកំហែងដល់ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀត»។

    ខណៈដែលប្រាក់ដុល្លារអាមេរិកកំពុងមានការកើនឡើងតម្លៃ ហើយកំណើនសេដ្ឋកិច្ចសកលកំពុងមានការធ្លាក់ចុះ នៅពេលនេះបណ្តារដ្ឋាភិបាលនៅប្រទេសក្រីក្រជាច្រើនដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ រួចទៅហើយដោយសារវីរុសកូវីដ-១៩ និងដោយសារវិបត្តិស្បៀងអាហារនិងថាមពលដែលបង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងត្រូវបានញាំញីទៅដោយការធ្លាក់ថ្លៃរូបិយបណ្ណ បូករួមនឹងការកើនឡើង
    នៃកម្រៃជើងសារលើប្រាក់កម្ចី។

    ការគាំទ្រពីសំណាក់ប្រទេសចិនបាននិងកំពុងធ្លាក់ចុះ ខណៈពេលដែលប្រទេសនេះកំពុងផ្ដោតអាទិភាពលើគោលនយោបាយថ្មីៗរបស់ខ្លួន ដែលរួមមានដូចជាគោលនយោបាយ Zero-COVID, វិបត្តិទីផ្សារអចលនទ្រព្យ, សម្ពាធផ្នែកប្រជាសាស្ត្រ និងកំណែទម្រង់រចនាសម្ព័ន្ធ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចមានការកើនឡើងក្នុងអត្រាយឺតបំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។

    អ្វីដែលធ្វើឱ្យវិបត្តិនេះកាន់តែដុនដាបជាងមុនទៅទៀតនោះគឺ «វិនិយោគិនបរទេសនានាបាននិងកំពុងដកការវិនិយោគរបស់ខ្លួនចេញពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់នៅក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក»។ ជាលទ្ធផល ភាគច្រើននៃប្រទេសទាំងនេះកំពុងចាយទុនបម្រុងបរទេសដែលពួកគេបានសន្សំយ៉ាងប្រុងប្រយ័ត្ន។

    ឥឡូវនេះ បណ្ដាប្រទេសអ្នកមានគួរតែចាត់វិធានការជាក់ស្តែងមួយចំនួន។ ជាឧទាហរណ៍ នៅអំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨-២០០៩ បណ្តាមេដឹកនាំ G20 បានយល់ព្រមបង្កើនទុន IMF ឱ្យដល់កម្រិតទ្រីលានដុល្លារ ដើម្បីផ្តល់ឱ្យស្ថាប័ននេះនូវមធ្យោបាយកាន់តែច្រើនក្នុងការបន្ធូរបន្ថយ និងទប់ស្កាត់ការរីករាលដាលនៃវិបត្តិនេះ ហើយវានឹងអនុញ្ញាតឱ្យ IMF អាចខ្ចីប្រាក់ពីក្រុមប្រទេសដែលមានឆន្ទៈ ក៏ដូចជាការបង្កើនដើមទុនរបស់ស្ថាប័ននេះឱ្យដល់ ៦២១ ពាន់លានដុល្លារ។

    ស្ថាប័ន IMF ក៏មានគ្រឹះការពារកាន់តែច្រើនផងដែរ។ កាលពីខែមករាឆ្នាំ ២០២១ ផែនការខ្ចីប្រាក់តាមបែបថ្មី (New Arrangements to Borrow – NAB) របស់ IMF ដែលមានប្រទេសចំនួន ៣៨ បានយល់ព្រមផ្តល់ប្រាក់កម្ចីក្នុងករណីសេចក្តីត្រូវការមានការកើនឡើង បានកើនឡើងទំហំទ្វេដង ហើយនឹងបន្តពង្រីករហូតដល់ឆ្នាំ ២០២៥។ មូលនិធិ IMF ក៏មានកិច្ចព្រមព្រៀងខ្ចីប្រាក់ទ្វេភាគីផងដែរ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមដំណាក់កាលចចារ។

    ជាងនេះទៅទៀត កាលពីខែសីហាឆ្នាំ ២០២១ ប្រទេសជាច្រើនបានយល់ស្របគ្នាបែងចែកទឹកប្រាក់ចំនួន ៦៥០ ពាន់លាន SDR ដែលជាចំនួនធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ស្ថាប័ននេះ។ ការបែងចែកនោះមានគោលដៅជំរុញឱ្យសេដ្ឋកិច្ចសកលកាន់តែមានភាពធន់និងមានស្ថិរភាព និងដើម្បីជួយដល់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចងាយរងគ្រោះ ដែលបាននិងកំពុងត្រដាបត្រដួសនៅក្នុងវិបត្តិកូវីដ-១៩។

    ប៉ុន្តែ ដោយសារ SDRs (Special Drawing Rights) ត្រូវបានគេចែកចាយដល់ប្រទេសនីមួយៗទៅតាមកូតារបស់ IMF ដែលមានការផ្តោតខ្លាំងលើ GDP របស់ប្រទេសទាំងនោះ ប្រសិទ្ធភាពនៃវិធានការនេះនឹងមានកម្រិតតិចតួចប៉ុណ្ណោះ។ កាលពីវិបត្តិហិរញ្ញវត្ថុមុនៗ IMF បានដើរតួនាទីគន្លឹះក្នុងការជួយផ្តល់ចីរភាពដល់កម្រិតនៃទំនុកចិត្តអប្បរមាមួយដែលនាំឱ្យមានការកាត់បន្ថយការចំណាយលើការទប់ស្កាត់ និងការគ្រប់គ្រងវិបត្តិ។

    ជាការចាប់ផ្តើម បណ្តាប្រទេស G20 គួរតែប្តេជ្ញាចិត្តបង្កើនដើមទុនស្នូលរបស់ IMF ឱ្យបានទ្វេដង ដែលមានន័យស្មើនឹងការបង្កើនការរួមចំណែករបស់ប្រទេសនីមួយៗឱ្យបាន ២ ដង។ ការចរចាបែបនេះគឺជារឿងស្មុគស្មាញខ្លាំងកាលពីអតីតកាល ពីព្រោះប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿននឹងទទូចចង់បានកូតាធំជាងមុន នៅ IMF (ដែលមានន័យស្មើនឹងការមានឥទ្ធិពលធំជាងមុន) ដូចអ្វីដែលប្រទេសជប៉ុន, អារ៉ាប៊ីសាអូឌីត និងចិន ធ្លាប់បានធ្វើកាលពីប៉ុន្មានឆ្នាំមុន។

    កំណែទម្រង់យ៉ាងទូលំទូលាយមួយកាលពីឆ្នាំ ២០១០ ដែលបានធ្វើឱ្យមានការផ្លាស់ប្ដូរធំៗ បើទោះបីជាភាពតានតឹងខាងភូមិសាស្ត្រនយោបាយបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីពេលនោះមកក៏ដោយ ក៏ការផ្លាស់ប្តូរបានត្រឹមត្រួសត្រាយផ្លូវឱ្យមានការបង្កើនភាពតានតឹងបន្ថែមទៀតតែប៉ុណ្ណោះ។

    ភាពចាំបាច់ក្នុងការឱ្យ IMF ដើរតួនាទីស្នូលក្នុងការគ្រប់គ្រងវិបត្តិសកល អាចមានផ្នែកមួយដែលបណ្តាប្រទេស G20 អាចស្វែងរកការមូលមតិគ្នាបាន។ ពួកគេគួរតែធ្វើកិច្ចការនេះឱ្យបានឆាប់រហ័ស ព្រោះការផ្តល់សច្ចាប័ន និងការអនុវត្តលើកូតាថ្មីៗណាមួយនឹងត្រូវការចំណាយពេលរហូតដល់ទៅ ៥ ឆ្នាំ ពោលគឺដូចកាលពីកិច្ចព្រមព្រៀងឆ្នាំ ២០១០ ដែរ។

    វិធានការកាន់តែបន្ទាន់លំដាប់ទី២ គឺ IMF ត្រូវបង្កើនផែនការខ្ចីប្រាក់របស់ខ្លួនដោយសហការជាមួយនឹងបណ្តាប្រទេសអ្នកមាន តាមរយៈផែនការខ្ចីប្រាក់តាមបែបថ្មី (NAB) ដូចបានលើកឡើងពីខាងលើ ព្រមជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគី។ ជាឧទាហរណ៍ បណ្ដាប្រទេសអ្នកផលិតថាមពលនៅមជ្ឈិមបូព៌ាគ្រោងនឹងទទួលបានប្រាក់ចំណូលពីការលក់ប្រេងរហូតដល់ទៅ ១,៣ ទ្រីលានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ហើយក៏ជាអ្នកដែលទទួលបានអំណាចយ៉ាងស្ងប់ស្ងៀមផងដែរ តាមរយៈការយល់ព្រមបង្កើនការផ្តល់កម្ចីទៅឱ្យ IMF ។

    លទ្ធភាពទី៣ គឺការលក់ចេញនូវមាសតម្កល់មួយចំនួនរបស់ IMF ឬក៏ការធ្វើឱ្យប្រទេសនានាយល់ស្របទៅនឹងការបែងចែក SDR ជាថ្មីម្តងទៀត។ ប៉ុន្តែចំណែកដ៏ធំនៃ SDR តែងធ្លាក់ទៅដល់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ (ដែលភាគច្រើនមិនព្រមបែងចែកប្រាក់នោះឡើងវិញទៅឱ្យបណ្តាប្រទេសដែលកំពុងត្រូវការនោះទេ)។

    លើសពីនេះទៅ ទៀត បណ្តាប្រទេសនានាមានឆន្ទៈតិចតួចប៉ុណ្ណោះ ក្នុងការយកទុនបម្រុងរូបិយបណ្ណរបស់ពួកគេទៅប្ដូរយកប្រាក់ SDR។ ជម្រើសដែលគេមិនសូវពិភាក្សា (និងដែលកាន់តែមានភាពចម្រូងចម្រាស) នោះគឺ «ការឱ្យបណ្តាប្រទេសអ្នកមានដែលមិនខ្ចីប្រាក់ពី IMF កាត់បន្ថយចំនួនទឹកប្រាក់ដែល IMF ត្រូវបង់ទៅឱ្យពួកគេ»។

    កាលពីឆ្នាំ ២០២០ IMF បានចំណាយប្រាក់ ៥៤៦ ពាន់លាន SDRs នៃប្រាក់បម្រុងរបស់សមាជិករបស់ខ្លួន (Reserve Tranche Positions) និងបានចំណាយប្រាក់ចំនួន ៩០ លាន SDRs ទៀតទៅលើការបង់អត្រាការប្រាក់ដែលពេលនេះនឹងត្រូវបានដំឡើងបន្ថែមទៀត ខណៈដែលបំណុលឥណទានរបស់IMF និងអត្រាការប្រាក់ SDR ក៏កំពុងមានការកើនឡើងផងដែរ។

    ចុងក្រោយ IMF ក៏ដូចជាធនាគារពិភពលោកដែរ អាចធ្វើអន្តរាគមន៍ទៅក្នុងទីផ្សារមូលធនដែលនេះគឺជាអ្វីមួយដែលមិនធ្លាប់កើតមានពីមុនមកទេ។ ធនាគារ IBRD (International Bank for Reconstruction and Development) ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមក្នុងទំហំ ៤-៥ ដងធំជាងមូលធនហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារទៅទៀត។

    សូម្បីតែសមាគមអភិវឌ្ឍអន្តរជាតិ (International Development Association – IDA) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានសម្បទានមួយរបស់ធនាគារពិភពលោកសម្រាប់បណ្តាប្រទេសក្រីក្របំផុតនោះ ក៏បានពឹងផ្អែកលើទីផ្សារមូលធនដើម្បីពង្រីកការផ្តល់ហិរញ្ញប្បទានរបស់ខ្លួនផងដែរ។

    ទាំង IBRD និង IDA សុទ្ធតែមានចំណាត់ថ្នាក់ឥណទានកម្រិត AAA ដែលអាចអនុញ្ញាតឱ្យពួកគេកាត់បន្ថយការចំណាយបានមួយចំនួន។ ពេលនេះ បណ្តាប្រទេសដែលមានអំណាចនៅ IMF ជាពិសេសប្រទេស G20 ចាំបាច់ត្រូវតែពិចារណាឱ្យបានម៉ត់ចត់ ពាក់ព័ន្ធនឹងបញ្ហាថា «តើអ្វីទៅដែលកំពុងបង្កឱ្យមានហានិភ័យ»។

    វាមិនខុសពីភ្លើងឆេះព្រៃដែលកំពុងរីករាលដាលនៅទូទាំងអឌ្ឍគោលខាងជើងនៅរដូវក្តៅនោះទេ ពោលគឺ «វិបត្តិហិរញ្ញវត្ថុនឹងរីករាលដាលយ៉ាងឆាប់រហ័ស»។ ការគ្រប់គ្រងវិបត្តិប្រកបដោយប្រសិទ្ធភាពនឹងតម្រូវឱ្យមានការផ្តល់នូវធនធានបម្រុង និងយន្តការដោះស្រាយវិបត្តិឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាដល់ IMF ៕

    Project Syndicate

    អត្ថបទទាក់ទង