ខ្មែរប៉ុស្ដិ៍ Close

សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលសម្ភារៈរថយន្តពីក្រសួងការពារប្រទេសចិន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 234
សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលសម្ភារៈរថយន្តពីក្រសួងការពារប្រទេសចិន សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលសម្ភារៈរថយន្តពីក្រសួងការពារប្រទេសចិន

មធ្យោបាយផ្នែកដឹកជញ្ជូន រួមមានរថយន្ត ចំនួន១៥០គ្រឿង ព្រមទាំងសម្ភារៈផ្នែកបញ្ជូនសារ និងសម្ភារៈការិយាល័យ ដែលជាជំនួយឥតសំណងរបស់ ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ដល់ក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញានេះ ដើម្បីបម្រើដល់ការងារទទួល និងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងជាប្រធានប្តូរវេន ឆ្នាំ២០២២នេះ។ ពិធីប្រគល់និងទទួលអំណោយសម្ភារៈទាំងនេះ បានធ្វើឡើងនៅឯវិមានឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពចិនប្រចាំកម្ពុជា ។

ឯកឧត្តម វ៉ាង វិនធាន មានប្រសាសន៍ថា កងទ័ពចិននិងកម្ពុជា គឺជាបងប្អូនស្គាល់ចិត្តស្គាល់ថ្លើម និងរួមសុខរួមទុក្ខជាមួយគ្នា ជាដៃគូនិយាយាតិច តែធ្វើច្រើន។ យើងរីករាយឃើញថាក្រោមការជួយឧបត្ថម្ភនៃក្រសួងការពារជាតិចិន គម្រោងធ្វើទំនើបកម្មកងទ័ពជើងទឹកនៅមូលដ្ឋានរាម គម្រោងសាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ គម្រោងអគារសិក្សាចម្រុះនៅវិទ្យស្ថានកងទ័ពជើងគោក សុទ្ធសឹងជាគម្រោងនៃកិច្ចសហប្រតិបត្តិការយោធាសំខាន់ ដែលបានបើកការដ្ឋានសាងសង់ដោយរលូន។ កងទ័ពជើងគោកទាំងពីរ បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា នេះសរបញ្ជាក់ឃើញថា កិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជាបានឡើងដល់កម្រិតថ្មី ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ជំនួយរថយន្ត ១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួននាពេលនេះ ជាសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរបស់ក្រសួងការពារជាតិកម្ពុជា។ ហើយសង្ឃឹមថា កម្ពុជាអាចដើរតួនាទីកាន់តែសកម្មនិងសំខាន់នៅក្នុងកិច្ចការក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាកប្រកបដោយសុឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។
សម្តេចពិជ័យសេនា បានបន្តថា ជាការពិត ខណៈដែលយើងកំពុងតែទទួលបាននូវជោគជ័យធំៗជាបន្តបន្ទាប់ ក្នុងការកសាងឱ្យបានរឹងមាំ នូវសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គមជាតិសម្រាប់តំបន់ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល យើងក៏ជួប ប្រទះនឹងបញ្ហាប្រឈមធំៗមិនចេះចប់មិនចេះហើយ ក្នុងនោះមានរួមទាំងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់ផុតរលត់នៅឡើយ និងការជ្រៀតជ្រែក វាយប្រហាររំលោភមកលើអធិបតេយ្យ ញុះញុងបំបែកបំបាក់ឥតឈប់ឈរពីសំណាក់អ្នកដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងចូលចិត្តបំផ្លាញអ្នកដទៃ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចពិជ័យសេនា បានបញ្ជាក់សារជាថ្មីនូវការដឹងគុណរបស់កម្ពុជាចំពោះការជួយឧបត្ថម្ភគាំទ្រអស់ពីចិត្តពីថ្លើមនិងទាន់ ពេលវេលាពីសំណាក់មិត្តចិន ជាពិសេសនៅក្នុងការប្រយុទ្ធក្នុងសមរភូមិជំងឺកូដ-១៩ ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកទល់ពេលនេះ និងការកសាងពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ក៏ដូចជារួមចំណែកនៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុង តំបន់ផងដែរ។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ៖សម្ភារៈទាំងអស់នេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងពេលក្រសួងការពារជាតិកម្ពុជាកំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេសក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន ក៏បានធ្វើជាសក្ខីភាព នៃការចុះហត្ថលេខាផ្ទេរប្រគល់ និងទទួលជំនួយសម្ភារៈ របស់ក្រសួងការពារជាតិចិន បានផ្តល់ដល់ក្រសួងការពារជាតិកម្ពុជា រវាងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិជាមួយនិងលោក វរសេនីយ៍ឯកពិសេស ថ្លាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ៕

អត្ថបទទាក់ទង