ខ្មែរប៉ុស្ដិ៍ Close

    ជាមួយនឹងការចូលរួមរបស់លោក Xi និងលោក Putin តើកិច្ចប្រជុំកំពូល G20 នៅកោះបាលី អាចនឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗដែរឬទេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 913
    ជាមួយនឹងការចូលរួមរបស់លោក Xi និងលោក Putin តើកិច្ចប្រជុំកំពូល G20 នៅកោះបាលី អាចនឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗដែរឬទេ?ជាមួយនឹងការចូលរួមរបស់លោក Xi និងលោក Putin តើកិច្ចប្រជុំកំពូល G20 នៅកោះបាលី អាចនឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗដែរឬទេ?

    ប្រសិនបើអ្វីៗដំណើរការទៅតាមការរំពឹងទុក ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមួយនៅឆ្នាំនេះ។ លោក Jokowi បានបញ្ជាក់កាលពីថ្ងៃទី ១៨ សីហា ថា «ទាំងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថានឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុម G20 នៅកោះបាលីនៅខែវិច្ឆិកាខាងមុខ»។

    វានឹងក្លាយជាកិច្ចប្រជុំពហុភាគីដ៏សំខាន់ជាលើកដំបូងដែលមេដឹកនាំទាំងពីរ នឹងចូលរួមដោយផ្ទាល់ ហើយវាក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងនៅឯបរទេសក្រៅពីដំណើរទស្សនកិច្ចនៅពេលថ្មីៗនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់លោក Xi ចាប់តាំងពីវីរុសកូវីដ-១៩ បានចាប់ផ្តើមនៅឆ្នាំ ២០២០។ វាក៏ជាលើកដំបូងផងដែរដែលលោក Putin បានចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីការឈ្លានពានចូលអ៊ុយក្រែនបានចាប់ផ្តើម។

    ដំណើរទស្សនកិច្ចកាលពីខែកក្កដារបស់លោក Jokowi ទៅកាន់អ៊ុយក្រែននិងរុស្ស៊ី មានគោលបំណងលើកមុខមាត់ប្រទេសឥណ្ឌូណេស៊ី (និងកិត្តិយសផ្ទាល់ខ្លួនរបស់លោក) នៅលើឆាកអន្តរជាតិ និងដើម្បីលើកទឹកចិត្តលោក Putin ឱ្យមកចូលរួមក្នុងកិច្ចប្រជុំ ទន្ទឹមនឹងការព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy (ដែលត្រូវបានអញ្ជើញជា ភ្ញៀវរបស់ G20) កុំឱ្យជំរុញការធ្វើពហិការ ប្រសិនបើលោក Putin ពិតជានឹងមកចូលរួមមែន។

    ខណៈពេលដែលកិច្ចប្រជុំ G20 អាចនឹងលើកឡើងអំពីបញ្ហាសេដ្ឋកិច្ចសកលសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ក៏អាចនឹងក្លាយជាប្រធានបទដ៏សំខាន់ផងដែរ។ «ហេតុអ្វីបានជា លោក Putin និង Xi អាចនឹងសម្រេចចិត្តចូលរួម»?

    សម្រាប់លោក Putin ការចូលរួមនៅក្នុងកិច្ចប្រជុំនេះគឺជាឱកាសដ៏ល្អមួយ។

    ទី១ «លោក Putin អាចបង្ហាញជាថ្មីម្តងទៀតដល់ប្រជាជនរុស្ស៊ីថា លោកគឺជាមេដឹកនាំដ៏រឹងមាំ ដែលមិនមានការភ័យខ្លាចក្នុងការប្រឈមមុខនឹងសត្រូវ»។ លោក Putin អាច នឹងលើកឡើងថា «លោកបានស្នើសុំជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ក៏ប៉ុន្តែលោក Biden បដិសេធ ដោយសារតែលោក Biden មិនចង់ប្រឈមមុខនឹងបញ្ហានយោបាយនៅក្នុងស្រុក»។

    ទី២ «ការជួបជាមួយលោក Zelenskyy អាចត្រូវបានគេចាត់ទុកជាការខិតខំប្រឹង ប្រែងដើម្បីសម្រេចបាននូវសន្តិភាព»។ កាន់តែប្រសើរជាងនេះទៅទៀតនោះគឺ «វានឹងក្លាយជាឱកាសក្នុងការបំបែកបំបាក់អ្នកគាំទ្ររបស់អ៊ុយក្រែននៅលោកខាងលិច»។ «តើលោកអាចនឹងប្រើប្រាស់កិច្ចប្រជុំនេះដើម្បីបង្កើនលំហូរឧស្ម័នទៅកាន់ទ្វីបអឺរ៉ុបឱ្យបានទាន់រដូវរងារខាងមុខដែរឬទេ?» ខណៈដែលការធ្វើបែបនេះនឹងបង្កផលប៉ះពាល់ដល់ ការអំពាវនាវរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យប្រទេសរុស្ស៊ីធ្លាក់ចុះខ្សោយ។

    «តើលោក Putin អាចសម្រេច បាននូវបទឈប់បាញ់ដែរឬទេហើយតើលោក Zelenskyy នឹងយល់ព្រមផ្តល់សម្បទានដែនដីណាមួយទេ»? លោក Putin បានដឹងច្បាស់អំពីរបៀបអូសបន្លាយហ្គេមឱ្យបានកាន់តែយូរ។ លោកទំនងជារំពឹងថា «វានឹងមានការ លើកទឹកចិត្តមួយ ចំនួនពីសំណាក់សមាជិក G20 ឱ្យឆ្ពោះទៅរកសន្តិភាព» ហើយការរិះគន់ណាមួយពីសហរដ្ឋអាមេរិកអាចត្រូវបានគេលាបពណ៌ថាជា «ការព្យាយាមកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីក្នុងការសម្របសម្រួលអោយមានសន្តិភាព»។

    ជាមួយនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនដែលកំពុងកើនឡើងខ្លាំង លោក Xi ទំនងជានឹងប្រើប្រាស់វេទិកាសេដ្ឋកិច្ចនេះដើម្បីរំលឹកអំពីតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់បណ្តាប្រទេសជាច្រើន បូករួមនឹងហានិភ័យផ្នែកសេដ្ឋកិច្ច ប្រសិនបើពួកគេហ៊ានប្រឆាំងនឹងចិន។

    លោក Xi នឹងប្រើប្រាស់កិច្ចប្រជុំនៅកោះបាលីដើម្បីជំរុញភាពសុចរិត និងភាពត្រឹមត្រូវនៃ «គោលនយោបាយចិនតែមួយ» ក៏ដូចជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមខែសីហា។ លោកនឹងធ្វើការគូសបញ្ជាក់ជាថ្មីថា «គំរូសេដ្ឋកិច្ចរបស់ចិនបានទទួលភាពជោគជ័យ បើទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចនៅ ពេលបច្ចុប្បន្នក៏ដោយ ហើយប្រទេសចិនគឺជាប្រភពដ៏សំខាន់នៃការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាច្រើន»។

    វានឹងក្លាយជាការក្រើនរំលឹកថា «សិទ្ធិក្នុងការចូលទៅកាន់ទីផ្សារចិនដ៏ធំសម្បើម និងទៅកាន់មូលធនហិរញ្ញវត្ថុរបស់ចិននឹងផ្អែកលើការមិនបំពានលើគោលការណ៍នយោបាយសំខាន់ៗរបស់ចិន ដូចជាការមិនទទួលស្គាល់កោះតៃវ៉ាន់ជាដើម»។ កូរ៉េខាងត្បូង, ជប៉ុន, ហ្វីលីពីន និងអូស្ត្រាលីសុទ្ធតែបានរងនូវការរឹតត្បិតលើការនាំចេញដែលត្រូវបានដាក់ដោយប្រទេសចិននៅពេលដែលពួកគេបានប្រកាន់យកគោលជំហរនយោបាយផ្ទុយពីចិន។

    «តើលោក Xi និងលោក Biden នឹងជួបប្រជុំគ្នាដែរឬទេ?» ជាមួយនឹងសមាជជាតិរបស់គណបក្សកុម្មុយនិស្តចិនដែលនឹងប្រារព្ធឡើងនៅខែតុលា សំណួរដ៏សំខាន់មួួយគឺថា «តើលោក Xi នឹងប្រើឋានៈថ្មីរបស់លោក ក្នុងនាមជាមេដឹកនាំគណបក្ស ៣ អាណត្តិ (ដែលមិនធ្លាប់មានពីមុនមក) ក្នុងលក្ខណៈបែបណា»។ ប្រសិនបើគ្មានបញ្ហាប្រឈមក្នុងការគ្រប់គ្រងសមាជ និងបញ្ហានយោបាយដែលជាប់ពាក់ព័ន្ធទេ នោះលោក Xi នឹងមានជម្រើសកាន់តែច្រើន។

    លោក Xi អាចកាត់បន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក ដោយមិនចាំបាច់បង្កផលប៉ះពាល់ដល់ការដឹកនាំរបស់លោក និងសេដ្ឋកិច្ចរបស់ចិន ឬលោកអាចបង្កើននូវវោហាសាស្ត្រស្តីពីបញ្ហាតៃវ៉ាន់, សមុទ្រចិនខាងត្បូង និងពន្ធពាណិជ្ជកម្មដើម្បីបង្ហាញថា «លោកនឹងមិនចុះញ៉មចំពោះលោក Biden ឡើយ»។

    កិច្ចប្រជុំកំពូល G20 នឹងរៀបចំឡើងនៅក្នុងរយៈពេល ១ សប្តាហ៍ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ ហេតុដូច្នេះហើយ លោក Biden អាចនឹងមិនសូវមានសម្ពាធក្នុងការអនុម័តលើវិធានការកាត់បន្ថយពន្ធ និងអត្រាអតិផរណា ជាថ្នូរនឹងសេចក្តីថ្លែងការណ៍ពីលោក Xi ថា «ចិននឹងស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ និងការកាត់បន្ថយសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ បូករួមនឹងការចូលរួមឡើងវិញ នៅក្នុងកិច្ចពិភាក្សាអំពីការប្រែប្រួលអាកាសធាតុជាមួយ សហរដ្ឋអាមេរិក»។

    បើទោះបីជាកិច្ចប្រជុំកំពូលនៅ​កោះ​បាលីអាចនាំមកនូវការផ្លាស់ប្តូរតិចតួច នៅក្នុងស្ថានភាពអ៊ុយក្រែន ឬតៃវ៉ាន់ក៏ដោយ ក៏លោក Jokowi អាចនឹងបង្ហាញនូវការសាទរចំពោះជំនួបរវាងលោក Putin-Zelenskyy ឬ Xi-Biden ជាមួយនឹងការចាត់ទុកវាជាកិច្ចប្រជុំកំពូលដ៏ជោគជ័យ។

    ជាមួយនឹងចំនួនប្រជាជនដ៏ច្រើន និងសេដ្ឋកិច្ចដ៏ធំនិងកំពុងកើនឡើង និងក្នុងនាមជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែដ៏សំខាន់ បូករួមនឹងទីតាំង ស្ថិតនៅផ្លូវបំបែកភូមិសាស្ត្រដ៏សំខាន់មួយឥណ្ឌូណេស៊ី គឺជាប្រទេសដែលមិនចូលបក្សសម្ព័ន្ធដ៏សំខាន់បំផុតនៅលើពិភពលោកនៅពេលបច្ចុប្បន្ននេះ។

    ដោយសារការប៉ះទង្គិច និងការមិនទុកចិត្តគ្នារវាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនិងរុស្ស៊ី និងចិននៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតឱ្យមានកិច្ចព្រមព្រៀង នៅមុនពេលកិច្ចប្រជុំពិតប្រាកដមកដល់ គឺជារឿងដែលពិបាកនឹងសម្រេចបានណាស់។ ពិភពលោកនឹងបន្តតាមដានកិច្ចប្រជុំនៅកោះបាលី និងរបៀបដែលបណ្តាមេដឹកនាំនានាគ្រប់គ្រងនិងដោះស្រាយភាពតានតឹងនៅពេលបច្ចុប្បន្ន៕

    Channel News Asia

    អត្ថបទទាក់ទង