ខ្មែរប៉ុស្ដិ៍ Close

    ផ្លូវឆ្ពោះទៅកាន់អំណាចរបស់លោក ប្រាវីត វង្សសុវណ្ណ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1003
    ផ្លូវឆ្ពោះទៅកាន់អំណាចរបស់លោក ប្រាវីត វង្សសុវណ្ណផ្លូវឆ្ពោះទៅកាន់អំណាចរបស់លោក ប្រាវីត វង្សសុវណ្ណ

    ការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ បានធ្វើឱ្យអ្នកស្នងតំណែងស្តីទីរបស់លោក ដែលជាអតីតមេបញ្ជាការ គឺឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ត្រូវឡើងកាន់តំណែងជំនួស។ ការចូលមកកាន់តំណែងនេះគឺជាសមិទ្ធផលដ៏គួរឱ្យសាទរមួយសម្រាប់លោក ប្រាវីត ដែលមានប្រភពមកពីគ្រួសារឥស្សរជនយោធាដែលមានមូលដ្ឋាននៅទីក្រុងបាងកក។

    ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធបានជួយឱ្យលោកឡើងមកកាន់អំណាច។ លោក ប្រាវីត បានបង្កើតទំនាក់ទំនងដ៏មានតម្លៃទាំងនេះនៅក្នុងអំឡុងពេលដែលលោកកំពុងស្ថិតក្នុងវ័យសិក្សា ដោយក្នុងនោះ រួមមានទំនាក់ទំនងជាមួយអតីតអគ្គមេបញ្ជាការកងទ័ពលោក Sonthi Boonyaratglin និងអតីតអគ្គមេបញ្ជាការកំពូល គឺលោក Boonsrang Niempradit។

    លោក ប្រាវីត បានចូលរៀននៅ សាលាអគ្គបញ្ជាការកងទ័ពភូមិន្ទថៃ និងសាលាអគ្គសេនាធិការជាមួយព្រះមហាក្សត្រ Vajiralongkorn ។ នៅឆ្នាំ ១៩៧៦ លោក ប្រាវីត បានឈរជើងនៅក្នុងកងពលថ្មើរជើងភាគខាងកើតដែលត្រូវបានគេស្គាល់ថាជា «ខ្លាភាគខាងកើត» ឬ «Burapapayak»។

    ដើមឡើយ លោកគឺជាសមាជិកម្នាក់នៃកងវរសេនាធំថ្មើរជើងទី២១ «Queen’s Tiger Guards» ក៏ប៉ុន្តែបន្ទាប់ពីបានគាំទ្រការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានបរាជ័យនៅក្នុងឆ្នាំ ១៩៨១ លោកត្រូវបានផ្ទេរទៅកាន់កងវរសេនាធំទី២ ដែលស្ថិតនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ ទីនោះគឺជាកន្លែង ដែលលោកបានរាប់អានជាមួយលោក Sanoh Thienthong ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលនៅក្នុងស្រុក ហើយតាមរយៈលោក Sanoh លោក ប្រាវីត បានជួបជាមួយអ្នកនយោបាយផ្សេងទៀត បូករួមទាំងលោក Newin Chidchob និងអនាគតនាយករដ្ឋមន្ត្រី Banharn Silpa-archa។

    នៅឆ្នាំ ១៩៨៩ លោក ប្រាវិត បានក្លាយជាមេបញ្ជាការកងវរសេនាធំថ្មើរជើងទី១២ នៅខេត្តស្រះកែវ ដោយទទួលបន្ទុកមើលការខុសត្រូវលើកិច្ចការនៅតាមព្រំដែន។ នៅឆ្នាំ ១៩៩៤ លោកបានចូលរួមដោយប្រយោលជាមួយគណបក្ស «New Aspiration Party» របស់ឧត្តមសេនីយ៍ Chavalit Yongchaiyudh ខណៈពេលដែលកងវរសេនាធំរបស់លោកបានរងនូវពាក្យចចាមអារ៉ាមថា បានទទួលផលចំណេញពីការនាំចេញពេជ្រពីកម្ពុជា។

    នៅឆ្នាំ ១៩៩៧ អ្នកណែនាំរបស់លោក ប្រាវីត ដែលជាអតីតមេបញ្ជាការកងទ័ព គឺឧត្តមសេនីយ៍ Chetta Thanajaro បានតែងតាំងលោក ប្រាវីត ជាមេបញ្ជាការរងនៃកងទ័ពទី១ ក៏ប៉ុន្តែនៅក្នុងឆ្នាំ ២០០០ ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ព គឺឧត្តមសេនីយ៍ Surayud Chulanond លោក ប្រាវីត ក៏បានធ្លាក់ចេញពីឋានៈ ដោយត្រូវបានទម្លាក់តំណែងឱ្យមកធ្វើជាទីប្រឹក្សាកងទ័ពវិញ។

    ជាសំណាងល្អសម្រាប់លោក ប្រាវីត បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០០១ មិត្តរបស់លោកគឺលោក Chavalit បានក្លាយជារដ្ឋមន្ត្រីការពារជាតិ ហើយក៏បានតែងតាំងលោក ប្រាវីត ជាមេបញ្ជាការកងទ័ពទី១ នៅក្នុងឆ្នាំ ២០០២ និងជាជំនួយការមេបញ្ជាការកងទ័ពនៅឆ្នាំ ២០០៣។ សំណាងល្អបានកើតឡើងម្តងទៀត លើលោក ប្រាវីត នៅក្នុងឆ្នាំ ២០០៤ នៅពេលដែលការបះបោរនៅភាគខាងត្បូងប្រទេសថៃបានធ្វើឱ្យនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រេចតែងតាំងលោក ប្រាវីត ជាមេបញ្ជាការកងទ័ព។

    លោកគឺជាមិត្តភក្តិរបស់ភរិយារបស់លោក ថាក់ស៊ីន គឺលោកស្រី Potjaman Na Pombejra និងមានទំនាក់ទំនងជាមួយអនុប្រធានគណបក្ស «Thai Rak Thai» គឺលោកស្រី Sudarat Keyurapan និងលោក Wattana Muangsuk។ នៅពេលដែលលោក ប្រាវីត ចូលនិវត្តន៍ពីកងទ័ពនៅក្នុងឆ្នាំ ២០០៥ លោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមកងកម្លាំងទាហាន និងសមាជិកសភា។

    រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក Sonthi នៅឆ្នាំ ២០០៦ បានជំរុញឱ្យលោក ប្រាវីត អាចឡើងមកកាន់អំណាចនយោបាយ។ ប្អូនប្រុសរបស់លោក ដែលមកពី Buraphapayak គឺឧត្តមសេនីយ៍ Anupong Paochinda បានក្លាយជាមេបញ្ជាការកងទ័ពនៅឆ្នាំ ២០០៧ ហើយពួកគេទាំងពីរ ក៏បានរួមគ្នាបង្កើតរដ្ឋាភិបាលស៊ីវិលប្រឆាំងនឹងលោកថាក់ស៊ីន នៅក្នុងខែធ្នូ ឆ្នាំ ២០០៨ ដោយក្នុងនោះ លោក ប្រាវីត ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ។

    លោក ប្រាវីត បានតែងតាំងប្អូនប្រុសរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ម្នាក់ទៀតជាមេបញ្ជាការកងទ័ព ដើម្បីជួយសម្របសម្រួលការសម្លាប់រង្គាលនៅឆ្នាំ ២០១០ លើបាតុករអាវក្រហមដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ទោះបីជាលោកត្រូវបានបណ្តេញចេញបន្ទាប់ពីការ បោះឆ្នោតឆ្នាំ ២០១១ ក៏ដោយ ក៏លោក ប្រាវីត អាចវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលលោក ប្រាវីត បានជួយរៀបចំ។

    ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ លោក ប្រាវីត បានក្លាយជាអនុប្រធានរបស់របបយោធា, ជាឧបនាយករដ្ឋមន្ត្រី, ជារដ្ឋមន្ត្រីការពារជាតិ និងជាអ្នកទទួលបន្ទុកលើការគ្រប់គ្រងប្រតិបត្តិការផ្តល់មូលនិធិសម្រាប់ការប្រឆាំង នឹងការបះបោរ និងការអភិវឌ្ឍនៅភាគខាងត្បូង។ លោកគឺជាតួអង្គដ៏សំខាន់នៅក្នុងការបង្កើតសភានីតិបញ្ញត្តិជាតិនៅឆ្នាំ ២០១៧ ដោយក្នុងនោះ សមាជិកជាច្រើនរបស់លោកត្រូវបានតែងតាំង ហើយលោកក៏បានកាន់តំណែងជាប្រធានគណៈកម្មាធិការតែងតាំងព្រឹទ្ធសភាដែលមានភារកិច្ចជ្រើសរើសឈ្មោះថ្វាយព្រះមហាក្សត្រអនុម័ត។

    លោកគឺជាមនុស្សម្នាក់ដែលបានប្រើប្រាស់អំណាចដ៏អស្ចារ្យបំផុតនៅក្នុងរបបយោធាបច្ចុប្បន្ន។ បន្ទាប់ពីការស្ទង់មតិឆ្នាំ ២០១៩ បានជ្រើសរើសលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី លោក ប្រាវីត ក៏ត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងបានក្លាយជាមេដឹកនាំគណបក្ស «Palang Pracharat»។

    មូលនិធិអភិរក្សព្រៃឈើខេត្តទាំង៥ (Five Provinces Forest Conservation Foundation) ដែលត្រូវបានបង្កើតឡើងដោយកងទ័ព ដើម្បីការពារបរិស្ថាន ទន្ទឹមនឹងការជំរុញការអភិវឌ្ឍនៅភាគខាងកើតប្រទេសថៃ ត្រូវបានប្រើប្រាស់ដោយលោក ប្រាវីត ដើម្បីបង្កើនកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់លោក, របស់របបយោធា និងរបស់បក្ខពួកនយោបាយរបស់លោក។

    គណៈកម្មាធិការប្រតិបត្តិរបស់មូលនិធិនេះសរុបចំនួន ២៥ នាក់ មានសមាជិកយោធាចំនួន ១៩ នាក់។ សាច់ញាតិរបស់លោក ប្រាវីត ក៏មានអំណាចផងដែរ ដោយក្នុងនោះបងប្រុសរបស់លោកគឺឧត្តមសេនីយ៍ Pacharawat Wongsuwan កំពុងដឹកនាំក្រុមប៉ូលីសដ៏មានឥទ្ធិពលមួយ ខណៈដែលបងប្រុសម្នាក់ទៀតគឺ ឧត្តមនាវីឯក Sitthawat Wongsuwan គឺជាប្រធានសភានីតិប្បញ្ញត្តិជាតិឆ្នាំ ២០១៤-២០១៩។

    របបយោធាបានតែងតាំងអ្នកទាំងពីរជាសមាជិកព្រឹទ្ធសភា។ អ្នកស្មោះស្ម័គ្ររបស់លោក Pacharawat គឺអតីតមេប៉ូលិស Watcharapol Prasarnrajkit ឥឡូវនេះគឺជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើ ពុករលួយជាតិដែលបានជួយធ្វើឱ្យលោក ប្រាវីត អាចរួចខ្លួនពីការខកខានមិនបានប្រកាសរាយការណ៍ពីនាឡិកាដ៏មានតម្លៃទាំង ២២ របស់លោក។

    នៅខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការមិនចុះសម្រុងគ្នារវាងលោក ប្រាវីត និងលោក ប្រាយុទ្ធ កូនជឹងរបស់លោក ប្រាវីត គឺលោក Thammanat Prompao បានលើកឡើងនូវការចោទប្រកាន់ និងការថ្កោលទោសប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ។ ចាប់តាំងពីឆ្នាំ ២០២២ មក លោក Thammanat បានដឹកនាំគណបក្សបម្រុងមួយសម្រាប់លោក ប្រាវីត ដែលនោះគឺ «គណបក្សសេដ្ឋកិច្ចថៃ» (Thai Economic Party)។

    ប៉ុន្តែ មនុស្សមួយចំនួនបានលើកឡើងនូវការសង្ស័យថា «លោក និងលោក ថាក់ស៊ីន បានព្រមព្រៀងគ្នាជាសម្ងាត់ក្នុងការបង្កើតក្រុមចម្រុះ រួមជាមួយគណបក្ស Palang Pracharat និងគណបក្ស Pheu Thai នៅក្រោយការបោះឆ្នោតជាតិបន្ទាប់» ដោយក្នុងនោះ លោក ប្រាវីត អាចឈរជាបេក្ខជននាយករដ្ឋមន្ត្រី។ លោក ប្រាវីត នៅតែជាបងធំដ៏សំខាន់របស់ «Ps ទាំង 3» គឺលោក ប្រាវីត, លោកប្រាយុទ្ធ និងរដ្ឋមន្ត្រីមហាផ្ទៃ លោក Anupong ។

    នៅចុងឆ្នាំ ២០២២ មាគ៌ាយោធា និងនយោបាយស្ទើរតែទាំងអស់ ហាក់ដូចជាស្ថិតនៅខាងលោក ប្រាវីត វង្សសុវណ្ណ ហើយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាវីត នៅពេលនេះ បានជួយពង្រឹងផ្លូវឡើងទៅកាន់អំណាចរបស់លោកកាន់តែរឹងមាំ។ សកម្មភាពដំបូងបំផុតមួយរបស់លោកគឺការតែងតាំងឧត្តមសេនីយ៍ Damrongsak Kittiprapas ជាមេប៉ូលីសថ្មីរបស់ប្រទេសថៃ។

    លោកក៏អាចនឹងត្រួតពិនិត្យលើការរុះរើរចនាសម្ព័ន្ធយោធាប្រចាំឆ្នាំរបស់ប្រទេសថៃនៅថ្ងៃទី ០១ ខែតុលានេះផងដែរ។ ទោះបីជាសុខភាពរាងកាយរបស់លោកអាចវិវឌ្ឍទៅកាន់តែយ៉ាប់យ៉ឺនជាងមុនក៏ដោយ ក៏លោក ប្រាវីត បានបង្ហាញឱ្យគ្រប់គ្នាបានឃើញថា «មេដឹកនាំផ្តាច់ការវ័យចំណាស់ម្នាក់ អាចនៅតែមានសុខភាពនយោបាយដ៏រឹងមាំ និងរស់រវើក ហើយបុរសវ័យ ៧៧ ឆ្នាំ អាចនៅតែជាបុរសដ៏ខ្លាំងម្នាក់រហូតដល់ថ្ងៃស្លាប់»៕

    East Asia Forum

    អត្ថបទទាក់ទង