ខ្មែរប៉ុស្ដិ៍ Close

    ហេតុអ្វីបានជាហ្វីលីពីននិងមីយ៉ាន់ម៉ា មិនព្រមធ្វើតាមឥណ្ឌូណេស៊ី ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1107
    ហេតុអ្វីបានជាហ្វីលីពីននិងមីយ៉ាន់ម៉ា មិនព្រមធ្វើតាមឥណ្ឌូណេស៊ី ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP?ហេតុអ្វីបានជាហ្វីលីពីននិងមីយ៉ាន់ម៉ា មិនព្រមធ្វើតាមឥណ្ឌូណេស៊ី ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP?

    ហ្វីលីពីននិងមីយ៉ាន់ម៉ា គឺជាប្រទេសដែលនៅមិនទាន់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បន្ទាប់ពីឥណ្ឌូណេស៊ីបានពង្រឹងសមាជិកភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទទួលបានការគាំទ្រពីប្រទេសចិននៅក្នុងសប្តាហ៍នេះ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសមាជិកអាស៊ានទាំង១០ រូមទាំងអូស្ត្រាលី, ចិន, ជប៉ុន, នូវែលសេឡង់ និងកូរ៉េខាងត្បូង។

    ដោយបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ កិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅក្នុងប្រទេសអូស្ត្រាលី, ប្រ៊ុយណេ, កម្ពុជា, ចិន, ជប៉ុន, ឡាវ, នូវែលសេឡង់, ថៃ, សិង្ហបុរី និងវៀតណាមនៅថ្ងៃទី ០១ ខែមករា។ នៅ ១ ខែក្រោយមក កូរ៉េខាងត្បូងបានអនុវត្តតាម នៅមុនពេលដែលកិច្ចព្រមព្រៀងនេះបានចូលជាធរមាន នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៧ ខែមីនា។

    សភាឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារបានអនុម័តច្បាប់មួយក្នុងគោលបំណងពង្រឹងសមាជិកភាពរបស់ខ្លួន។ ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងនេះបានគ្របដណ្តប់ជិត ១/៣ នៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃ GDP របស់ពិភពលោក ខណៈដែលតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០% នៅត្រឹមឆ្នាំ ២០៣០ (យោងតាមធនាគារ ​​HSBC)។

    ពន្ធលើការជួញដូរទំនិញជាង ៦៥% ត្រូវបានគេរំពឹងថានឹងធ្លាក់នៅត្រឹម ០ នៅក្រោមកិច្ចព្រមព្រៀងនេះ។ លោក Airlangga Hartarto ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី បាននិយាយកាលពីឆ្នាំមុនថា «ទីក្រុងហ្សាការតាទំនងជានឹងផ្តល់សច្ចាប័នលើសមាជិកភាពនៃ RCEP របស់ពួកគេ នៅឆ្នាំ ២០២២»។

    ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលមិនអាចបំពេញបែបបទនៅក្នុងត្រីមាសទី១ បានទេ ដោយសារសមាជិកសភាមួយចំនួនមានការព្រួយបារម្ភថា «កិច្ចព្រមព្រៀងនេះអាចបង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក» ដោយក្នុងនោះសមាជិកសភាតំណាងដោយលោក Achmad Baidowi ដែលមកពីគណបក្ស United Development បានលើកឡើងថា «ក្រុមហ៊ុនក្នុងស្រុកមិនទាន់បានត្រៀម ខ្លួនដើម្បីប្រឈមមុខ នឹងការប្រកួតប្រជែងថ្មីនៅឡើយទេ និង នៅខ្វះសមត្ថភាពដើម្បីចូលរួមនៅក្នុងខ្សែសង្វាក់ពិភពលោក»។

    ប៉ុន្តែ លោក Hartarto បានចង្អុលបង្ហាញអំពីសក្តានុពលសម្រាប់បណ្តាប្រទេសអាស៊ីបូព៌ា ក្នុងការក្លាយជាអ្នកវិនិយោគយុទ្ធសាស្ត្រនៅក្នុងវិស័យឧស្សាហកម្មថ្មីៗ និងសេដ្ឋកិច្ចឌីជីថលរបស់ឥណ្ឌូណេស៊ី។ ក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីបានព្យាករណ៍ថា «ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ការនាំចេញនឹងកើនឡើងចន្លោះពី ៨% ទៅ ១១% ខណៈដែលការវិនិយោគពីបរទេសនឹងកើនឡើង ២២%»។

    ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចក៏បានលើកឡើងផងដែរថា «ការផ្តល់សច្ចាប័ននឹងជួយបង្កើន GDP របស់ឥណ្ឌូណេស៊ីបាន ០,០៧% ហើយវានឹងជំរុញការនាំចេញបានចំនួន ៥ ពាន់លានដុល្លារ និងការនាំចូលបានចំនួន ៤ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០៤០»។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី Zulkifli Hasan បាននិយាយកាលពីថ្ងៃអង្គារថា «យើងចាត់ទុកកិច្ចព្រមព្រៀងនេះជាមធ្យោបាយមួយ ដើម្បីចូលទៅក្នុងទីផ្សារពិភពលោក ហើយវាគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការវាយលុកចូលទីផ្សារអន្តរជាតិ»។

    ដូចសមាជិកទាំងអស់ដែរ ប្រទេសហ្វីលីពីននិងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ក៏ប៉ុន្តែពួកគេនៅមិនទាន់បានបញ្ចប់ដំណើរការផ្លូវការនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅឡើយទេ។ សមាជិកត្រូវតម្កល់យន្តការផ្តល់សច្ចាប័នរបស់ពួកគេជាមួយលេខាធិការដ្ឋានអាស៊ាន។

    លោក Jeff Schott ដែលជាអ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson បានពន្យល់ថា «កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាន នៅក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីសមាជិកបានតម្កល់យន្តការផ្តល់សច្ចាប័នរបស់ពួកគេ»។ លោក Deborah Elms ដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី បាននិយាយថា «ប្រទេសហ្វីលីពីនត្រូវបានពន្យារពេលដោយសារវដ្តនៃការបោះឆ្នោតនៅក្នុងប្រទេស»។

    សម្រាប់ប្រទេសហ្វីលីពីន សមាជិក RCEP មានចំនួនប្រហែល ៥០% នៃការនាំចេញសរុបរបស់ប្រទេសហ្វីលីពីន និងប្រហែល ៦៨% នៃការនាំចូលរបស់ប្រទេសនេះ។ ដូច្នេះ ការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP នឹងជួយឱ្យឧស្សាហកម្មក្នុងស្រុកទទួលបានវត្ថុធាតុដើមនិងផលិតផលនានា ក្នុងតម្លៃថោកជាងមុន ដែលនឹងអាចរួមចំណែកបាន ០,៩% ដល់កំណើន GDP ជាតិ បូករួមនឹងការកាត់បន្ថយអត្រានៃភាពក្រីក្របាន ៥% នៅត្រឹមឆ្នាំ ២០៣០។

    ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហ្វីលីពីន និងជាប្រភពនាំចូលដ៍កំពូលរបស់ហ្វីលីពីននៅឆ្នាំ ២០២១។ ប្រទេសចិនក៏ជាទីផ្សារនាំចេញធំលំដាប់ទី២ របស់ហ្វីលីពីនផងដែរកាលពីឆ្នាំមុន។ ពាណិជ្ជកម្មរបស់ហ្វីលីពីនជាមួយចិន មានចំនួនសរុប ៣៨,៣៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយបានកើនឡើង ២៤,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

    ហ្វីលីពីន​បាន​នាំចូល​ផលិតផល​ឱសថ​ពី​ប្រទេស​ចិន​ក្នុង​ទំហំ​ទឹកប្រាក់ ៧១០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ដោយបានកើនឡើង ៥៥៣,១% ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ ការ​នាំ​ចេញ​ផលិតផល​ជលផល​ទៅ​ប្រទេស​ចិន​សម្រេច​បាន ​១១០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ដោយបានកើន​ឡើង​ ២០០,៣%។

    ក្នុងនាមជាប្រទេសដែលមាន សេដ្ឋកិច្ចអភិវឌ្ឍតិចតួចក្នុងចំណោមសមាជិក RCEP មីយ៉ាន់ម៉ានឹងទទួលបានការលុបបំបាត់ពន្ធគយចំនួន ៣០% លើពាណិជ្ជកម្មទំនិញ ហើយមីយ៉ាន់ម៉ាក៏នឹងមានឱកាសទទួលបាន រយៈពេលអន្តរកាល ចន្លោះពី ៣ ទៅ ១០ ឆ្នាំផងដែរ នៅក្នុងផ្នែកកម្មសិទ្ធិបញ្ញានិងពាណិជ្ជកម្មអេឡិចត្រូនិក ដែលនឹងអនុញ្ញាតឱ្យមីយ៉ាន់ម៉ាអាចធ្វើការរៀបចំបទប្បញ្ញត្តិឱ្យមានលក្ខណៈស៊ីសង្វាក់ ដែលនឹងនាំមកនូវការលើកកម្ពស់ការប្រកួតប្រជែងជាអន្តរជាតិនៃផលិតផលរបស់មីយ៉ាន់ម៉ា។

    អតីតប្រធានាធិបតី Rodrigo Duterte បានផ្តល់សច្ចាប័នដល់ RCEP នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ក៏ប៉ុន្តែ ព្រឹទ្ធសភាបានបរាជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយសារតែមានការព្រួយបារម្ភចំពោះវិស័យកសិកម្ម។ កាលពីមុន ក្រុមកសិកម្មជាង ១០០ ធ្លាប់បានអំពាវនាវឱ្យព្រឹទ្ធសភាបដិសេធ ឬពន្យារពេលការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ដោយក្នុងនោះពួកគេបាននិយាយថា «ប្រទេសហ្វីលីពីនមិនទាន់ត្រៀមខ្លួនសម្រាប់ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងទីផ្សារពិភពលោកនៅឡើយទេ»។

    ឱនភាពពាណិជ្ជកម្មរបស់ប្រទេសគឺជាកង្វល់ដ៏ចម្បងរបស់ពួកគេ ខណៈ ដែលឱនភាពកសិកម្មជាតិបានកើនឡើងដល់ជាង ៧ ពាន់លានដុល្លារ ចាប់តាំងពីហ្វីលីពីនបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ១៩៩៥ ។ ពួកគេ​ក៏​បានលើកឡើងផងដែរ​ថា «ការ​រួម​ចំណែក​នៃ​វិស័យ​កសិកម្ម​នៅ ក្នុង GDP របស់​ប្រទេស​ត្រូវ​បាន​កាត់​បន្ថយ​ពី​ជាង ២០% ​មក​នៅត្រឹម ១០% និង​បានធ្វើឱ្យ​មនុស្ស​ជាង ១ លាន​នាក់​បាត់បង់​ការងារធ្វើ»។

    ទោះជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានផ្តល់ការធានាដល់កសិករថា «ផលិតផលកសិកម្មដែលមានលក្ខណៈរសើបខ្លាំង ដែលរួមមានសាច់ជ្រូកនិងសាច់បសុបក្សី, ដំឡូងបារាំង, ខ្ទឹមបារាំង, ខ្ទឹមស, ស្ពៃក្តោប, ស្ករ, ការ៉ុត និងអង្ករ នឹងត្រូវបានដកចេញពីបញ្ជីពន្ធ ០»។

    បន្ថែមពីលើនេះ ទិន្នន័យដែលចេញផ្សាយដោយក្រសួងកសិកម្មបានបង្ហាញថា «ប្រទេសហ្វីលីពីនគឺជាអ្នកនាំចូលជីសុទ្ធ ដោយសារប្រទេសនេះបានពឹងផ្អែកលើការនាំចូលជីរហូតដល់ ៩៥% ដោយក្នុងនោះ ៧៤% នៃការនាំចូលជីមានប្រភពមកពីសមាជិក RCEP ដូចជាប្រទេសចិន, កូរ៉េខាងត្បូង និងជប៉ុន»។ ប្រទេសមីយ៉ាន់ម៉ាបានបញ្ជូនយន្តការនៃការអនុម័តរបស់ខ្លួនទៅលេខាធិការដ្ឋានអាស៊ានក្នុងខែកញ្ញា ឆ្នាំ ២០២១ ក៏ប៉ុន្តែវាមិនត្រូវបានគេទទួលយកនោះទេ ដោយសារតែបរិយាកាសនយោបាយនៅក្នុងប្រទេសនេះ។

    ប្រទេសនូវែលសេឡង់បាន ប្រកាសកាលពីខែកុម្ភៈថា «ខ្លួននឹងមិនធ្វើទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ាទេ ដោយសារអំពើហិង្សាដ៏សាហាវ និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ បន្ទាប់ពីយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុន»។ ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសរបស់ប្រទេសនូវែលសេឡង់ ហ្វីលីពីនក៏បានលើកឡើងផងដែរថា «ខ្លួននឹងបដិសេធយន្តការផ្តល់សច្ចាប័នរបស់មីយ៉ាន់ម៉ា»។

    ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា។ លោក U Myo Thant Pe ដែលជាអតីតឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិនបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថា «ប្រទេសចិនបានលុបចោលពន្ធលើទំនិញចំនួន ៩៤,៤% រួចហើយចាប់តាំងពីឆ្នាំ ២០១២ មក»។

    ទីក្រុងហុងកុងក៏បានដាក់សំណើជាផ្លូវការដើម្បីសុំចូលរួមជាមួយកិច្ចព្រមព្រៀង RCEP ផងដែរកាលពីពាក់កណ្តាលខែមករា បើទោះបីជាសមាជិកថ្មីៗនឹងមិនទទួលបានការអនុញ្ញាតឱ្យចូលរួមរហូតដល់ខែកក្កដា ឆ្នាំ ២០២៣ ក៏ដោយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហុងកុងបាននិយាយថា «រដ្ឋាភិបាល HKSAR នឹងបង្កើនការចូលរួមរបស់ខ្លួនជាមួយសមាជិក RCEP និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងប្រមែរប្រមូលការគាំទ្ររបស់ពួកគេ សម្រាប់ការចូលជាសមាជិករបស់ហុងកុង»។

    ប្រទេសបង់ក្លាដែសក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀង RCEP ផងដែរ ក៏ប៉ុន្តែការចរចាចូលជាសមាជិកនឹងមិនអាចចាប់ផ្តើមបានទេ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៣។ លោក Deborah Elms បាននិយាយថា «ការអនុវត្តកិច្ចព្រមព្រៀង RCEP ក្នុងចំណោមសមាជិកដែលមានស្រាប់ មានលក្ខណៈខុសៗគ្នា និងមិនមានភាពរលូននោះទេ។ សមាជិកមួយចំនួនកំពុងរង់ចាំការផ្តល់សច្ចាប័ន, អ្នកខ្លះទៀតបានបោះជំហានទៅមុខយឺតយ៉ាវ ខណៈដែលអ្នក​ផ្សេង​ទៀត​បាន​បញ្ចប់​ដំណើរ​ការ​ជាច្រើន​រួច​ស្រេចទៅ​ហើយ»៕

    South China Morning Post

    អត្ថបទទាក់ទង