ខ្មែរប៉ុស្ដិ៍ Close

វិបត្តិ​សេដ្ឋកិច្ចដើរថយក្រោយរបស់​សហរដ្ឋអាមេរិក​ ទំនង​ជា​ប៉ះពាល់​ដល់​តំបន់អាស៊ី ហើយទាំងនេះគឺជាប្រទេសដែលងាយរងគ្រោះបំផុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1499
វិបត្តិ​សេដ្ឋកិច្ចដើរថយក្រោយរបស់​សហរដ្ឋអាមេរិក​ ទំនង​ជា​ប៉ះពាល់​ដល់​តំបន់អាស៊ី ហើយទាំងនេះគឺជាប្រទេសដែលងាយរងគ្រោះបំផុតផ្នែកមួយនៃប្រទេសសិង្ហបុរី

សេដ្ធវិទូបានព្រមានថា តំបន់អាស៊ីនឹងមិនអាចគេចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ (Recession) ប៉ុន្តែប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍នឹងរងគ្រោះធ្ងន់ធ្ងរជាងប្រទេសដទៃៗផ្សេងទៀត។ សង្គ្រាមប្រទាញប្រទង់គ្នារវាងអតិផរណានិងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយនៅសហរដ្ឋអាមេរិក នៅតែបន្តមាន ខណៈពេលដែលធនាគារកណ្តាលអាមេរិកបន្តរក្សាជំហរមិនច្បាស់លាស់របស់ខ្លួនក្នុងការដំឡើងអត្រាការប្រាក់ដដែល។

សហរដ្ឋអាមេរិកបានរាយការណ៍រួចមកហើយអំពីកំណើនអវិជ្ជមាន ២ ត្រីមាសជាប់ៗគ្នានៅក្នុង ២ ត្រីមាសដំបូងនៃ ឆ្នាំ ២០២២ នេះ ជាអ្វីដែលអ្នកខ្លះបានហៅថា ជាវិបត្តិសេដ្ឋកិច្ចដើរថយក្រោយបែប «បច្ចេកទេស» ឬ Technical Resession។ ទោះជាយ៉ាងណា មានការឯកភាពគ្នាតិចតួចប៉ុណ្ណោះអំពីពេលវេលាដែលវិបត្តិសេដ្ឋកិច្ចដើរថយក្រោយពេញទំហឹង អាចនឹងកើតមានឡើង។

អ្នកសេដ្ឋកិច្ចបានប្រាប់ CNBC ថាប្រទេសសិង្ហបុរីនិងថៃ ទំនងជាអ្នករងគ្រោះមុនគេ ប្រសិនបើសហរដ្ឋអាមេរិកឈានទៅរកវិបត្តិសេដ្ឋកិច្ចដើរថយក្រោយមែននោះ។ លោក Chua Hak Bin សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ Maybank បាននិយាយថា សិង្ហបុរីជាប្រទេសដែល «ងាយរងគ្រោះជាងគេ» ពីវិបត្តិសេដ្ឋកិច្ចដើរថយក្រោយរបស់សហរដ្ឋអាមេរិក បើប្រៀបធៀបជាមួយដៃគូរបស់ខ្លួនក្នុងតំបន់ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះ «ពឹងផ្អែកយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក»។ លោក​បាននិយាយថា «​ខ្ញុំ​សង្ស័យ​ថា​​សិង្ហបុរី​នឹង​ក្លាយ​ជា​ប្រទេសដែលរងផលប៉ះពាល់មុនគេ ដោយ​សារ​តែប្រទេសនេះ​ពឹង​ផ្អែក​ខ្លាំងលើ​ការ​នាំ​ចេញ​បូករួមនិងសេដ្ឋកិច្ច​ដែលមានទំហំតូច និងមានលក្ខណៈ​បើកចំហ​របស់​ខ្លួន»។

លោកស្រី Selina Ling ប្រធានសេដ្ឋវិទូនៅធនាគារ OCBC បានយល់ស្របនឹងការវិភាគនោះ។ លោកស្រីបាននិយាយថា «បើក្រឡេកមើលមួយភ្លែតខ្ញុំនឹងដាក់ការសង្ស័យថា បណ្ដាប្រទេសនៅអាស៊ីដែលមានសេដ្ឋកិច្ចបើកចំហ និងដែលពឹងផ្អែកកាន់តែច្រើនលើការធ្វើពាណិជ្ជកម្មដូចជាសិង្ហបុរី កោះតៃវ៉ាន់ និងកូរ៉េខាងត្បូង ហើយប្រហែលជាប្រទេសថៃផង អាចនឹងក្លាយជាអ្នករងគ្រោះ»។

ធនាគារ Maybank បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីចុងខែសីហាថា កំណើន GDP របស់សិង្ហបុរីបាន «ជាប់ទាក់ទងគ្នាច្រើនជាប្រវត្តិសាស្ត្រ» ជាមួយនឹងវដ្តធុរកិច្ចរបស់សហរដ្ឋអាមេរិក ដោយសារតែសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់ខ្លួន។ លោក Chua បានពន្យល់ថា ប្រទេសសិង្ហបុរីមិនមានទីផ្សារក្នុងស្រុកច្រើននោះទេ ហើយប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើសេវាកម្មពាណិជ្ជកម្មដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលរួមមានទាំងសកម្មភាពដឹកជញ្ជូន និងប្រតិបត្តិការលើកដាក់ទំនិញ។

បើយោងតាមធនាគារពិភពលោក សមាមាត្រពាណិជ្ជកម្មធៀបនឹង GDP របស់សិង្ហបុរី សម្រាប់ឆ្នាំ 2021 មានទំហំដល់ទៅ 338%។ ទំហំនៃសមាមាត្រពាណិជ្ជកម្មធៀបនឹង GDP គឺជាសូចនាករមួយក្នុងការវាស់វែងអំពីកម្រិតនៃភាពបើកចំហរបស់សេដ្ឋកិច្ចប្រទេសមួយចំពោះពាណិជ្ជកម្មអន្តរជាតិ។

លោក Chua បាននិយាយថា «ទំនាក់ទំនងទៅវិញទៅមក និងការពឹងផ្អែកលើតម្រូវការពីខាងក្រៅរបស់សិង្ហបុរី គឺមានកម្រិតខ្ពស់ណាស់»។ លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយមែននោះ «ផលវិបាកពីការពឹងផ្អែក និងបុព្វហេតុរបស់វា» នឹងប៉ះពាល់ដល់ប្រទេសដែលមានសេដ្ឋកិច្ចផ្តោតកាន់តែច្រើនទៅលើការនាំចេញ។

លោក Irvin Seah សេដ្ឋវិទូជាន់ខ្ពស់មកពីស្ថាប័ន DBS Group Research បានប្រាប់ CNBC ថា ប្រទេសសិង្ហបុរីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពលោកទាំងមូល ហើយ «រលកនៃវិបត្តិដ៏ធំ» នៅក្នុងប្រទេសណាមួយ នឹងពិតជាបង្កផលប៉ះពាល់ដល់ប្រទេសនេះទាំងមូល។ ទោះ​ជាយ៉ាង​ណា លោក​មិន​រំពឹងទេ​ថា ប្រទេស​សិង្ហបុរី​នឹង​ធ្លាក់​ចូលទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ឬ​នៅឆ្នាំ​ក្រោយ​។

របាយការណ៍របស់ធនាគារ Maybank បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកឈានទៅរកវិបត្តិសេដ្ឋកិច្ចដើរថយក្រោយមែននោះ ផលប៉ះពាល់របស់វាគឺ «ទំនងជាមិនធ្ងន់ធ្ងរពេកនោះទេ»។ ទោះជាយ៉ាងណាក៏ដោយ លោក Chua បាននិយាយថា សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ «ដែលអូសបន្លាយពេលយូរ» និងថាតើសិង្ហបុរីក៏កំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ ដែលអូសបន្លាយយូរដែរឬយ៉ាងណានោះ គឺវានឹងអាស្រ័យលើការបើកចំហព្រំដែនពីកូវីដ-១៩ ឡើងវិញពីសំណាក់ប្រទេសចិន ព្រោះប្រទេសនេះគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សិង្ហបុរី។

សិង្ហបុរីគឺជាប្រទេសដែលនាំចេញគ្រឿងម៉ាស៊ីននិងឧបករណ៍អេឡិចត្រូនិចធំមួយ ប៉ុន្តែទិន្នផលនៅក្នុងចង្កោមអេឡិចត្រូនិចរបស់ប្រទេសនេះបានធ្លាក់ចុះ ៦,៤% កាលពីខែកក្កដា បើធៀបនឹងឆ្នាំមុន នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សិង្ហបុរី។

ទីភ្នាក់ងារ EDB ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរីបាននិយាយថា ទិន្នផលនៅក្នុងវិស័យសឺមីកុងឌុចទ័រ (Semiconductor) បានធ្លាក់ចុះចំនួន ៤,១% ខណៈពេលដែលការនាំចេញគ្រឿងបង្គុំ និងសមាសធាតុអេឡិចត្រូនិចផ្សេងទៀត បានធ្លាក់ចុះ ១៩,៧% ដោយសារតែ «ការបញ្ជាទិញដែលនាំចេញពីប្រទេសចិននិងកូរ៉េខាងត្បូង មានកម្រិតទាប» ។

លោក Chua បាន​និយាយ​ដោយ​សំដៅ​ទៅលើអាស៊ានថា «ចិន​ជា​ទីផ្សារ​នាំ​ចេញ​ដ៍ធំ​បំផុត​សម្រាប់​ប្រទេស​អាស៊ាន​ជា​ច្រើន… ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់ប្រទេស​ចិន​មាន​កម្រិត​តិចតួចខ្លាំង។ ​ដោយ​សារ​តែសិង្ហបុរី​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ នោះប្រទេសនេះនឹងយល់​អារម្មណ៍មួយនេះ»។

អ្នកសេដ្ឋកិច្ចបាននិយាយថា គោលនយោបាយ Zero-Covid របស់ចិនក៏បានរារាំងដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរីផងដែរ ដោយគិតចាប់តាំងពីជំងឺរាតត្បាតកើតមានមកម្ល៉េះ។

នៅមុនពេលមានជំងឺរាតត្បាត ប្រជាជនចិនប្រមាណ ៣,៦ លាននាក់បានទៅទស្សនាប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ១៣% នៃចំនួនភ្ញៀវទេសចរសរុប នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សា ទេសចរណ៍របស់ប្រទេសសិង្ហបុរី។ ទោះជាយ៉ាងណា នៅចន្លោះខែមករា និងខែធ្នូឆ្នាំមុន សិង្ហបុរីទទួលបានអ្នកទេសចរត្រឹមតែ ៨៨ ០០០ នាក់ប៉ុណ្ណោះ។ លោក Chua បាន និយាយថា «ប្រសិនបើអ្នកមើលពីការមកដល់នៃភ្ញៀវទេសចរ គឺវានៅតែតិចជាង ១/៣ នៃចំនួនភ្ញៀវកាលពីអំឡុងជំងឺរាតត្បាតដដែល ពោលគឺអ្នកទេសចរជនជាតិចិននៅតែបន្តអវត្តមាននៅឡើយ»។

លោក Seah ដែលជាសេដ្ឋវិទូមកពីធនាគារDBS បាននិយាយថា លោកមិន «បន្ទាបលទ្ធភាព» នៃការធ្លាក់ចុះកំណើនដែលសិង្ហបុរីនឹងជួបប្រទះនោះទេ ដែលយ៉ាងហោចណាស់ក៏ក្នុងទំហំ ២៥% ពីមួយត្រីមាសទៅមួយត្រីមាសដែរ។ លោក​បាន​បន្ថែម​ថា ទោះ​យ៉ាង​ណាលក្ខខណ្ឌ​សេដ្ឋកិច្ចរបស់សិង្ហបុរី​កំពុង​មាន​ភាព​ប្រក្រតី​ឡើងវិញជាបណ្ដើរៗហើយ។ លោក​បាន​និយាយថា​ «​សព្វថ្ងៃនេះ យើង​ពិត​ជា​មានកំណើនរឹងមាំជាងមុន បើ​ធៀប​នឹង​អំឡុង​ពេល​កើតមានវិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក»។

អ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា ប្រទេសថៃក៏នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលរងផលប៉ះពាល់ផងដែរ ប្រសិនបើសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ។

ប្រទេសថៃពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នៅមុនពេលកើតមានជំងឺរាតត្បាត ការចំណាយរបស់ភ្ញៀវទេសចរនៅថៃ មានទំហំប្រហែល ១១% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះក្នុងឆ្នាំ ២០១៩។ បើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរជិត ៤០ លាននាក់នៅឆ្នាំនោះ ហើយទទួលបានប្រាក់ចំណូលជាង ៦០ ពាន់លានដុល្លារអាមេរិក។

បើយោងតាម Reuters មានអ្នកទេសចរបរទេសត្រឹមតែ ៤២៨ ០០០ នាក់ប៉ុណ្ណោះដែលបានមកទស្សនាប្រទេសថៃក្នុងឆ្នាំ ២០២១ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើងត្រឹមតែ ១,៥% ប៉ុណ្ណោះ ដែលវាជាកំណើនមួយដ៏ទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើតាមលោក Chua ប្រទេសថៃអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ បន្ទាប់ពីសិង្ហបុរី។ លោកបានបន្ថែមថា ទោះជាយ៉ាងណា «ចំណុចស្លាប់រស់» គឺស្ថិតនៅលើកាលបរិច្ឆេទក្នុងការបើកឡើងវិញរបស់ប្រទេសចិន ពោលគឺវាជាអ្វីដែលអាចកំណត់បានថា តើសេដ្ឋកិច្ចរបស់ថៃអាចនឹងត្រឡប់មកវិញ «យ៉ាងពេញបន្ទុក» ឬយ៉ាងណា។

លោក Seah ដែលមកពីធនាគារ DBS Bank បាននិយាយថា ភ្ញៀវទេសចរចិនមិនបានវិលត្រឡប់ទៅប្រទេសថៃវិញទេ ហើយវាបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះស្ថិតក្នុង «ស្ថានភាពកាន់តែមិនច្បាស់លាស់»។ លោកបាននិយាយថា «ដរាបណា​ភ្ញៀវ​ទេសចរ​ចិន​មិនវិល​ត្រឡប់​មក​វិញទេ នោះប្រទេសថៃ​នឹង​បន្ត​ជួបបញ្ហា។ កំណើន​សេដ្ឋកិច្ចរបស់ថៃកំពុងមាន​ភាព​ទន់​ខ្សោយ, អតិផរណា​ឡើង​ខ្ពស់ ហើយប្រាក់​បាត​ថៃ​កំពុងស្ថិត​នៅក្រោម​សម្ពាធ»។ ប្រាក់បាតថៃបច្ចុប្បន្នកំពុងធ្លាក់ថ្លៃ នៅរវាងប្រហែល ៣៦ បាតក្នុងមួយដុល្លារអាមេរិក និងបានធ្លាក់ចុះប្រមាណ ២០% បើធៀបនឹងកាលពី ៣ ឆ្នាំមុន ពោលគឺកាលពីមុនមានជំងឺរាតត្បាត។

បើយោងតាមទិន្នន័យរបស់ស្ថាប័ន Refinitiv អត្រាអតិផរណារបស់ប្រទេសថៃបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១៤ ឆ្នាំ ពោលគឺកើនដល់ ៧,៦៦% កាលពីខែមិថុនា។ ធនាគារ​កណ្តាល​របស់ថៃ​បាន​ដំឡើង​អត្រា​ការ​ប្រាក់​តែ​ម្តង​គត់​ គិតមក​ទល់​ពេល​នេះ​ ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក។

លោក Chua ដែលមកពីធនាគារ Maybank បាននិយាយថា «អតិផរណាសរុប (Headline Inflation) នៅក្នុងប្រទេសថៃគឺស្ថិតក្នុងកម្រិតមួយខ្ពស់ណាស់ ប៉ុន្តែកម្រិតនៃអតិផរណាស្នូល (Core Inflation) គឺនៅមិនទាន់ខ្ពស់ទេ ពោលបើគិតពីការពាក់ព័ន្ធគ្នាទៅវិញទៅមក គឺមិនខ្ពស់នោះទេ។ ពិត​ណាស់ កំណើន​សេដ្ឋកិច្ចរបស់ថៃមាន​ភាព​ទន់​ខ្សោយ​ខ្លាំង ដូច្នេះ​ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ ត្រូវមាន​ភាព​បន្ទាន់​ណា​មួយ​ក្នុង​ការ​រឹត​បន្តឹង​ឱ្យបាន​ខ្លាំង​ក្លានោះ​ទេ»។

លោក Chua ​បាន​ចង្អុល​បង្ហាញ​ថា​ឥណ្ឌូណេស៊ីនិង​ហ្វីលីពីន​ទំនង​ជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​តិច​ជាងពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដោយសារ​តែពួកគេ «មានសេដ្ឋកិច្ច​ដែលផ្ដោតលើតម្រូវការ​ក្នុង​ស្រុក»។ របាយការណ៍របស់ធនាគារ Maybank បាននិយាយថា «ឥណ្ឌូណេស៊ីនិងហ្វីលីពីនមានការការពារកាន់តែច្រើន ពីការធ្លាក់ចុះនៃតម្រូវការពីខាងក្រៅ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដោយសារសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ នៅតែបន្តកើនឡើង សូម្បីតែនៅអំឡុងឆ្នាំ ២០០៨-០៩ ដែលវិបត្តិហិរញ្ញវត្ថុពិភពលោកកើតឡើងក៏ដោយ»។

យោងតាមទិន្នន័យពីធនាគារពិភពលោក កំណើនផលិតផលក្នុងស្រុកសរុបក្នុងប្រទេសឥណ្ឌូណេស៊ីនិងហ្វីលីពីនមានកម្រិតមួយខ្ពស់ បើធៀបនឹងសិង្ហបុរីនិងថៃ ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩៕

CNBC

អត្ថបទទាក់ទង