ខ្មែរប៉ុស្ដិ៍ Close

    មធ្យោបាយដ៏ល្អបំផុតសម្រាប់អាមេរិកក្នុងការទប់ទល់ជាមួយចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1229
    មធ្យោបាយដ៏ល្អបំផុតសម្រាប់អាមេរិកក្នុងការទប់ទល់ជាមួយចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកលោក ស៊ី ជិនពីង កាលពីពេលកន្លងមក

    គណៈប្រតិភូមកពីប្រទេសចំនួន ១៤ នឹងជួបប្រជុំគ្នានៅទីក្រុង Los Angeles នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាឱ្យបានកាន់តែលម្អិតអំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក ចូ បៃឌិន ។ ក្រុមនេះរួមមានបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ី (ដោយដកចិនចេញ) ដែលជាហេតុនាំមកនូវការលើកឡើងថា «វាគឺជាការប៉ុនប៉ងរបស់រដ្ឋបាលអាមេរិកក្នុងការផ្តាច់ទំនាក់ទំនងរបស់ប្រទេសចិនដើម្បីបង្កើតភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់អាមេរិកឡើងវិញ»។

    រឿងនេះអាចជាការពិត ក៏ប៉ុន្តែគេចាំបាច់ត្រូវស្វែងយល់វាដោយផ្អែកលើបរិបទជាក់ស្តែង។ ការកាត់ផ្តាច់សេដ្ឋកិច្ចគឺជាពាក្យដែលទទួលបានការចាប់អារម្មណ៍នៅក្នុងអំឡុងរដ្ឋបាលរបស់លោក Trump ដែលនៅពេលនោះ រដ្ឋបាលអាមេរិកបានយកពន្ធគយ និងបានដាក់ចេញនូវវិធានការប្រតិបត្តិផ្សេងៗទៀតប្រឆាំងនឹងប្រទេសចិន។

    បើទោះបីជាប្រទេសចិនមិនបានប្រើប្រាស់ពាក្យ «កាត់ផ្តាច់ទំនាក់ទំនង» ក៏ដោយ ក៏ចិនបានបន្តអនុវត្តនូវវិធីសាស្ត្រប្រកបដោយមហិច្ឆតា និងដែលមានលក្ខណៈឈ្លានពានក្នុងគោលបំណងកាត់ផ្តាច់សេដ្ឋកិច្ចចេញពីអាមេរិក។ ជាក់ស្តែង ប្រទេសចិនបានបន្តព្យាយាមកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ច និងការពឹងផ្អែកលើអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

    ក្នុងពេលថ្មីៗនេះ ការការពារបានប្រែក្លាយទៅជាការវាយប្រហារនៅក្នុងប្រទេសចិនដែលកំពុងព្យាយាមបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចដោយផ្តោតសំខាន់លើចិន (Sinocentric Economic Order) នៅតំបន់អឺរ៉ាស៊ី និងប៉ាស៊ីហ្វិកខាងលិច ដោយមិនរាប់បញ្ចូលអាមេរិកនៅក្នុងវិស័យសំខាន់ៗ និងបានរឹតត្បិតលើការចូលរួមរបស់អាមេរិកជាមួយបណ្តាប្រទេសដទៃ។

    ដំណឹងដ៏​អាក្រក់​គឺ​ថា «ប្រទេសចិនកំពុងមានប្រៀបខ្លាំងលើសហរដ្ឋអាមេរិក» ក៏ប៉ុន្តែដំណឹង​ល្អ​គឺ «សហរដ្ឋអាមេរិក​នៅតែអាចរក្សាបាននូវ​ជម្រើស​ដ៏មាន​ឥទ្ធិពលដែលអាចផ្តល់នូវការ​ធានា​ថា​ ការ​កាត់ផ្តាច់ទំនាក់ទំនងនៅក្នុងផ្នែកមួយចំនួន អាចនឹងសម្រេចបានតាមការចង់បាន​របស់ខ្លួន»។ ចិនបន្តទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច តាមរយៈការជំរុញគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដោយក្នុងនោះរួមមានការបង្កើតគម្រោង និងទីផ្សារបរទេសសម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ និងក្រុមហ៊ុនសំណង់របស់ចិន។

    ប៉ុន្តែ ​គំនិតផ្តួចផ្តើម BRI ​ក៏ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​សម្រេចនូវ​គោលដៅផ្សេងទៀតផងដែរ។ គោលដៅមួយគឺ «ការកសាងហេដ្ឋារចនាសម្ព័ន្ធ, វេទិកា និងស្ថាប័នដែលផ្តោតសំខាន់លើចិនដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម, ការវិនិយោគ និងការផ្លាស់ប្តូរសំខាន់ៗផ្នែកសេដ្ឋកិច្ចរវាងប្រទេសចិន និងបណ្តាប្រទេសនៅក្នុង BRI»។

    គោលដៅបន្ទាន់អាចជា «ការបង្កើតឱកាសវិនិយោគទុននៅក្រៅប្រទេសសម្រាប់ក្រុមហ៊ុនចិន» ក៏ប៉ុន្តែគោលបំណងដែលធំជាងនេះគឺ «ការធានាថា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ខ្សែកាប បណ្តាញឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ នឹងចាប់ផ្តើមហើយបញ្ចប់នៅក្នុងខេត្តរបស់ចិន ហើយវានឹងដំណើរការដោយផ្អែកលើលក្ខខណ្ឌដែលអំណោយផលសម្រាប់ផលប្រយោជន៍របស់ចិន»។

    សូមចងចាំថា «ការប្រើប្រាស់ធនធានរបស់រដ្ឋ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចដ៏ធំដែលផ្តោតសំខាន់លើចិន នឹងធ្វើឱ្យក្រុមហ៊ុន និងអង្គភាពនានារបស់ចិនស្ថិតក្នុងជំហរដ៏រឹងមាំក្នុងការចរចាលើរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀង»។ វិវាទនិងការខ្វែងគំនិតគ្នានឹងមិនត្រូវបានដោះស្រាយដោយបទបញ្ញត្តិ និងច្បាប់ដែលមានស្រាប់នោះទេ។ ក៏ប៉ុន្តែ វានឹងត្រូវបានដោះស្រាយដោយការចរចា តាមរយៈការប្រើប្រាស់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ចិន ឬយោងទៅតាមច្បាប់ និងដំណើរការរបស់ផែនការ BRI ដែលត្រូវបានព្រាងដោយចិន។

    លើសពីនេះទៅទៀត ជាមួយនឹងការថយចុះយ៉ាងខ្លាំងនៃវត្តមានពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ាស៊ី និងប៉ាស៊ីហ្វិកខាងលិច សមត្ថភាពរបស់ក្រុមហ៊ុននិងអាជ្ញាធរអាមេរិកក្នុងការកំណត់ ឬកែសម្រួលស្តង់ដារពាណិជ្ជកម្ម និងគុណភាពនៅក្នុងគ្រប់វិស័យទាំងអស់ ក៏បានរងនូវការថយចុះយ៉ាងខ្លាំងដូចគ្នា។

    បញ្ហានេះនឹងធ្វើអោយសេដ្ឋកិច្ចក្នុងតំបន់ក្លាយជាចំណាប់ខ្មាំងរបស់ចិន ខណៈដែលតួអង្គខាងក្រៅដូចជាអាមេរិកជាដើម នឹងស្ថិតក្នុងស្ថានភាពកាន់តែលំបាកជាងមុនក្នុងការចូលទៅកាន់តំបន់នេះ។ គោលនយោបាយ សេដ្ឋកិច្ចរបស់ចិន គឺជាកត្តាជំរុញដំបូងនិងចម្បងក្នុងការឈានទៅបញ្ចប់ដំណើរការសកលភាវូបនីយកម្ម ដោយក្នុងនោះ វាត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់តាមរយៈផែនការបំពេញបន្ថែមមួយចំនួន ដូចជា «Made in China 2025» និងគោលនយោបាយ «Dual Circulation Policy»។

    ផែនការទាំងនេះផ្តោតលើការពង្រឹងវិស័យបច្ចេកវិទ្យារបស់ចិន ក៏ដូចជាការជំរុញនូវការគ្រប់គ្រងរបស់ចិនលើដំណើរការផលិតកម្មទាំងមូល, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទាំងមូល និងសេវាកម្មដែលពាក់ព័ន្ធនៅក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ដែលអាចផ្តល់នូវប្រាក់ចំណេញខ្ពស់។

    គោលបំណងដ៏ច្បាស់លាស់គឺមិនមែនគ្រាន់តែជាការធានាឱ្យប្រទេសចិនក្លាយជាសេដ្ឋកិច្ចជឿនលឿន និងប្រកបដោយការច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការធានាថា «ប្រទេសចិននឹងគ្រប់គ្រងលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល, ការច្នៃប្រឌិត និងការស្រាវជ្រាវដើម្បីធានាថា ក្រុមហ៊ុនចិននឹងគ្រប់គ្រងលើផ្នែកទាំងនេះជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារពិភពលោក»។

    ឥឡូវនេះ វាមានដំណឹងល្អមួយ។ ក្របខណ្ឌ IPEF គឺមានលក្ខណៈល្អប្រសើរជាងគ្មានអ្វីទាល់តែសោះ។ ក៏ប៉ុន្តែដំណោះស្រាយដ៏ឆាប់រហ័សបំផុតដើម្បីអាចឱ្យអាមេរិកបោះជំហានទៅមុនចិនគឺ «អាមេរិកត្រូវតែបង្ហាញនូវភាពក្លាហាន ផ្នែកនយោបាយដើម្បីចូលរួមនៅក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)»។ វានឹងផ្តល់ឱ្យប្រទេសក្នុងតំបន់នូវជម្រើសប្រសើរជាងមុន និងអាចឱ្យពួកគេជៀសផុតពីការក្លាយខ្លួនជាចំណាប់ខ្មាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន។

    ទន្ទឹមនឹងនេះដែរ វាមានភាពចាំបាច់ណាស់ក្នុងការទប់ស្កាត់ការត្រួតត្រារបស់ចិននៅក្នុងវិស័យមួយចំនួនដូចជា បញ្ញាសិប្បនិមិត្ត (AI), រ៉ូបូត ក៏ដូចជាសៀគ្វីទំនើបៗ»។ ជាសំណាងល្អ ប្រទេសចិនគឺជាអ្នកនាំចូលសុទ្ធនៃបច្ចេកវិទ្យាពាក់ព័ន្ធ និងបានបន្តពឹងផ្អែកយ៉ាងខ្លាំងលើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនបរទេសនៅក្នុងវិស័យទាំងនេះ។

    ការប៉ាន់ប្រមាណមួយបានឱ្យដឹងថា «ប្រហែល ៨០% នៃប្រាក់របស់វិស័យឯកជន ដែលបានចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នៅក្នុងប្រទេសចិន នៅក្នុងទសវត្សរ៍មុន គឺត្រូវបានធ្វើឡើងដោយក្រុមហ៊ុនពហុជាតិ (មិនមែនចិន) ដែលភាគច្រើនមានទីស្នាក់ការនៅសហរដ្ឋអាមេរិក»។ ដូច្នេះ សហរដ្ឋអាមេរិកគួរតែត្រួតពិនិត្យ និងដាក់កម្រិតលើមូលធនដែលហូរចូលទៅក្នុងប្រទេសចិន ដែលអាចត្រូវបានផ្តល់ដោយផ្ទាល់ទៅដល់ផែនការ «Made in China 2025» និង «Dual Circulation Policy» របស់ចិន។

    រដ្ឋបាលអាមេរិកក៏គួរតែពិចារណាផងដែរ អំពីការរឹតត្បិត ឬការហាមឃាត់ទាំងស្រុងលើប្រភេទមួយចំនួននៃការវិនិយោគទៅក្នុងប្រទេសចិន ឬការវិនិយោគរបស់ចិននៅក្នុងសហរដ្ឋអាមេរិកដែលរួមមានដូចជាការរចនាប្រព័ន្ធកុំព្យូទ័រ, បច្ចេកវិទ្យាជីវសាស្រ្ត និងវិទ្យាសាស្ត្រជីវិត (Life Sciences)។ សកលភាវូបនីយកម្មអាចនឹងត្រូវបានបញ្ចប់ ឬរងនូវការបែកបាក់ដោយផ្នែក ដោយចៀសមិនរួច។ ប៉ុន្តែសំណួរ​ដ៏សំខាន់គឺ «តើ​សហរដ្ឋអាមេរិក​អាច​នឹងសម្រេចបាននូវអ្វីដែលខ្លួនចង់បានដែរឬទេ»?

    The Hill

    អត្ថបទទាក់ទង