ខ្មែរប៉ុស្ដិ៍ Close

ភាពភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប កំពុងបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 1087
ភាពភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប កំពុងបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាពភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប កំពុងបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អ្នកសេដ្ឋកិច្ចកាន់តែច្រើនបានលើកឡើងកាន់តែច្បាស់ថា «សហភាពអឺរ៉ុបនឹងប្រឈមមុខនឹងរដូវរងាដ៏ឃោរឃៅ ដែលពោរពេញទៅដោយការមិនសប្បាយចិត្ត»។ អតិផរណាកំពុងកើនឡើងនៅទូទាំងតំបន់ ខណៈដែលវិបត្តិថាមពលដែលត្រូវបានជំរុញកាន់តែធ្ងន់ធ្ងរដោយសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យការចំណាយនៅក្នុងគ្រួសារ និងអាជីវកម្មឈានដល់ចំណុចកំពូល ហើយគ្រប់យ៉ាងត្រូវបានគេរំពឹងថានឹង «វិវឌ្ឍទៅកាន់តែ យ៉ាប់យ៉ឺននៅឆ្នាំក្រោយ»។

វិបត្តិតម្លៃរស់នៅទំនងជានឹងបន្តបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់ ដោយក្នុងនោះ អ្នកជំនាញភាគច្រើនបានលើកឡើងថា «សេដ្ឋកិច្ចរបស់អឺរ៉ុបនឹងរងនូវការធ្លាក់ចុះនៅឆ្នាំនេះ»។ ធនាគារ JPMorgan Chase រំពឹងថា «សេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូនឹងធ្លាក់ចុះ ២% នៅក្នុងត្រីមាសទី៤» ខណៈដែលទស្សនាវដ្ដី The Economist ក៏បានចុះផ្សាយនូវអត្ថបទមួយកាលពីសប្តាហ៍មុនដែរថា «វិបត្តិសេដ្ឋកិច្ចនឹងមកដល់ក្នុងពេលឆាប់ៗ»។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែល ភាគច្រើនមានសហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង៤ របស់ពួកគេ កំពុងឃ្លាំមើលព្រឹត្តិការណ៍វិវឌ្ឍទាំងនោះជាមួយនឹងអារម្មណ៍ភ័យខ្លាច។ លោកស្រី Tamara Henderson ដែលជាសេដ្ឋវិទូរបស់ «Bloomberg Economics» ប្រចាំតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា «វិបត្តិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនឹងជះឥទ្ធិពលខ្លាំងក្លាបំផុតលើការនាំចេញទំនិញ, វិស័យទេសចរណ៍ និងការវិនិយោគរបស់តំបន់អាស៊ីអាគ្នេយ៍ ហើយវិស័យទាំងនេះនឹងរងនូវការធ្លាក់ចុះនៅក្នុងឆមាសទី២ នៃឆ្នាំនេះ»។

បណ្តាប្រទេសអាស៊ានបាននាំចេញទំនិញដែលមានតម្លៃប្រហែល ១៣៦ ពាន់លានអឺរ៉ូទៅកាន់សហភាពអឺរ៉ុបនៅ ក្នុងឆ្នាំ ២០២១ ដោយបានកើនឡើងពី ១២០ ពាន់លានអឺរ៉ូកាលពីឆ្នាំមុន (យោងតាមទិន្នន័យរបស់សហភាពអឺរ៉ុប)។ បណ្តារដ្ឋសហភាពអឺរ៉ុបមានចំណែក ប្រហែល ១៥% នៃការវិនិយោគសរុប នៅក្នុងតំបន់នេះកាលពីឆ្នាំមុន (យោងតាមស្ថិតិរបស់អាស៊ាន)។

ភ្ញៀវទេសចរអឺរ៉ុប មានចំនួនត្រឹមតែ ៥% ប៉ុណ្ណោះនៃភ្ញៀវទេសចរទាំងអស់ដែលបានធ្វើ ដំណើរកំសាន្តមកកាន់អាស៊ាននៅក្នុងឆ្នាំ ២០១៩ (មុនពេលកើតមានវីរុសរាតត្បាត)។ អ្នកវិភាគបាននិយាយថា «ប៉ុន្តែភ្ញៀវទេសចរអឺរ៉ុបមានទំនោរចំណាយប្រាក់ច្រើនជាងភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ឬមកពីប្រទេសចិន»។

ខណៈពេលដែលបណ្តាប្រទេសនៅក្នុងតំបន់ជាច្រើន ដែលពឹងផ្អែកលើវិស័យទេសចរណ៍កំពុងព្យាយាមធ្វើឱ្យវិស័យនេះដំណើរការឡើងវិញ អ្នកទេសចរអឺរ៉ុបនឹង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេនៅរដូវរងានេះ។ នៅដើមខែមីនា ធនាគារ Maybank របស់ម៉ាឡេស៊ីបានលើកឡើងនូវការព្រមាននៅក្នុងរបាយការណ៍មួយថា «ការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែនដែលនឹងនាំមកនូវវិបត្តិសេដ្ឋកិច្ចនៅទូទាំងទ្វីបអឺរ៉ុប នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអាស៊ាន»។

ស្ថាប័ន IMF បានកាត់បន្ថយការព្យាករកំណើន GDP សកលសម្រាប់ឆ្នាំ ២០២២ រួចហើយ ដោយក្នុងនោះកំណើននឹងមានចន្លោះពី ៣,៦% ទៅ ៣,២% សម្រាប់ឆ្នាំនេះ និង ២,៩% សម្រាប់ឆ្នាំ ២០២៣។ កាលពីខែកក្កដា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានកែប្រែការព្យាកររបស់ខ្លួនផងដែរសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ី ដោយក្នុងនោះការព្យាករត្រូវបានទម្លាក់ពី ៥,២% មកនៅត្រឹម ៤,៦% សម្រាប់ឆ្នាំ ២០២២ និងពី ៥,៣% មកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ ២០២៣។

លោក James Villafuerte ដែលជាសេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ ADB បានលើកឡើងថា «ផលប៉ះពាល់នឹងមានភាពខុសគ្នាខ្លាំងទៅតាមប្រទេសនីមួយៗ»។ «សហភាពអឺរ៉ុបបានទិញទំនិញរបស់កម្ពុជា ១/៥ (២០%) កាលពីឆ្នាំមុន ក៏ប៉ុន្តែបានទិញទំនិញរបស់ឥណ្ឌូណេស៊ីត្រឹមតែ ៩% ប៉ុណ្ណោះ (យោងតាមទិន្នន័យរបស់ EU)»។

សហភាពអឺរ៉ុបមានចំណែកប្រហែល ១១% នៃការនាំចេញរបស់វៀតណាម និងប្រហែល ១០% នៃការនាំចេញរបស់ម៉ាឡេស៊ី។ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា «ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប បានកើនឡើងជិត ៤៥% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១»។

អ្នកវិភាគជាច្រើនបាននិយាយថា «វិបត្តិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបអាចនឹងមិនរុញច្រានសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ឱ្យដួលរលំឡើយ ក៏ប៉ុន្តែវាប្រាកដជានឹងបង្កការខូចខាតដល់ឧស្សាហកម្មសំខាន់ៗមួយចំនួន ជាពិសេសដោយសារតែបច្ចុប្បន្ន តំបន់នេះកំពុងស្ថិតនៅលើខ្សែកោងនៃការងើបឡើងវិញ បន្ទាប់ពីវីរុសកូវីដ-១៩»។

ស្ថានភាពនឹងមានលក្ខណៈកាន់តែអាក្រក់ទៅៗ ប្រសិនបើវិបត្តិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបកើតឡើងចំពេលគ្នានឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ បូករួមនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងប្រទេសចិន ជាពិសេសប្រសិនបើគោលនយោបាយ «Zero Covid» មិនត្រូវបានលុបចោលទេ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិននៅពាក់កណ្តាលខែតុលាខាងមុខ។

លោក Miguel Chanco ដែលជាប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន «Pantheon Macroeconomics» ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា «វិបត្តិសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបពិតជា នឹងបង្កផលប៉ះពាល់ដល់ការនាំចេញរបស់អាស៊ានទៅកាន់ប្លុកនេះ ក៏ប៉ុន្តែវាអាចទៅរួចដែលថា ផលប៉ះពាល់នេះនឹងមានទំហំតិចតួច បើប្រៀបធៀបនឹងកំណើននៃការនាំចេញទាំងមូល»។

អ្នកវិភាគខ្លះបានលើកឡើងថា«វិបត្តិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនឹងមិនមានផលប៉ះពាល់ខ្លាំងក្លាពេកនោះទេ ចំពោះសេដ្ឋកិច្ចរបស់តំបន់។ ប្រទេសអាស៊ីអាគ្នេយ៍មិនបានពឹងផ្អែកខ្លាំងលើការនាំចូលពីទ្វីបអឺរ៉ុបនោះ ទេ ខណៈដែលការនាំចូលមានតម្លៃត្រឹមតែ ៨០ ពាន់លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំមុន (តិចជាង ១/៥ នៃការនាំចូលពីប្រទេសចិន)»។

ការកើនឡើងនៃការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សអាស៊ី អាចជួយប៉ះប៉ូវសងនូវការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ បន្ថែមពីលើនេះ តម្រូវការក្នុងស្រុកនៅតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងកើនឡើងផងដែរ ខណៈដែលសេដ្ឋកិច្ចរបស់តំបន់នេះបាន បើកដំណើរការឡើងវិញទាំងស្រុងពីវិបត្តិកូវីដ-១៩ ដែលនេះមានន័យថា «កំណើនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាចនឹងមានកម្រិតខ្លាំងក្លាជាងមុននៅ ក្នុងឆ្នាំ ២០២២ នេះ បើប្រៀបធៀបនឹងឆ្នាំមុន»។

លោកស្រី Henderson បាននិយាយថា «បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានធ្វើការ ហើយកំពុងបន្តធ្វើការដើម្បីអភិវឌ្ឍមូលដ្ឋាននាំចេញឱ្យបានកាន់តែសម្បូរបែប ក៏ប៉ុន្តែតំបន់នេះក៏មានភាពយឺតយ៉ាវផងដែរ ក្នុងការអនុវត្តកំណែទម្រង់ដើម្បីអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យបានកាន់តែជិតស្និទ្ធនៅក្នុងអាស៊ានដើម្បីជួយការពារប្រឆាំងនឹងផលប៉ះពាល់ពីខាងក្រៅ»។

លោក Chanco បាននិយាយថា «ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក៏អាចទទួលបានអត្ថប្រយោជន៍ផងដែរពីបញ្ហាប្រឈមដែលសហភាពអឺរ៉ុបកំពុងជួបប្រទះ។ ក្នុងនាមជាប្រទេសនាំចេញប្រេងដូងធំជាងគេនៅលើ ពិភពលោក ការនាំចេញថាមពលរបស់ឥណ្ឌូណេស៊ីអាចនឹងមានតម្រូវការខ្ពស់នៅក្នុងរដូវរងាខាងមុខនេះ»។

ឥណ្ឌូណេស៊ីក៏ជាអ្នកនាំចេញធ្យូងថ្មដ៏សំខាន់មួយផងដែរ បើទោះបីជាប្រទេសនេះបានហាមឃាត់ការនាំចេញធ្យូងថ្មជាលើកទី២ ដើម្បីការពារការផ្គត់ផ្គង់នៅក្នុងស្រុកក៏ដោយ។ ការហាមឃាត់នេះអាចនឹងត្រូវបានផ្លាស់ប្តូរនៅពេលក្រោយនៅក្នុងឆ្នាំនេះ ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុបបានដាក់បម្រាមទាំងស្រុងលើការនាំចូលធ្យូងថ្មពីរុស្ស៊ីកាលពីខែមុន។

លោក Filippo Bortoletti ដែលជានាយកប្រចាំប្រទេសវៀតណាមរបស់ក្រុមហ៊ុន «Dezan Shira & Associates» ដែលជាក្រុមហ៊ុនប្រឹក្សាធុរកិច្ចបានកត់សម្គាល់ថា «វិបត្តិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប អាចនឹងធ្វើឱ្យអាជីវកម្មកាន់តែច្រើនងាកមកពិចារណាលើការវិនិយោគ និងផ្លាស់ប្តូរទីតាំងមកកាន់តំបន់អាស៊ីអាគ្នេយ៍វិញ។ ម៉ាកយីហោអឺរ៉ុបអាចនឹងព្យាយាមស្វែងរកឱកាសរីកចម្រើនថ្មីៗ តាមរយៈការវិនិយោគនៅក្នុងទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់លឿនបំផុតនៅលើពិភពលោក»៕

David Hutt/DW

អត្ថបទទាក់ទង