ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសដែលខាតបង់ធំជាងគេដោយសារវិបត្តិថាមពល និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 958
    ប្រទេសដែលខាតបង់ធំជាងគេដោយសារវិបត្តិថាមពល និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកលប្រទេសដែលខាតបង់ធំជាងគេដោយសារវិបត្តិថាមពល និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល

    វិបត្តិថាមពលសកលនឹងធ្វើឱ្យមានប្រទេសដែលឈ្នះនិងប្រទេសដែលចាញ់ ប៉ុន្តែវាមិនមែនជាល្បែងឈ្នះ-ចាញ់ដាច់ខាត (Zero-sum game) សម្រាប់សេដ្ឋកិច្ចពិភពលោកនោះទេ ខណៈសេដ្ឋកិច្ចសកលអាច នឹងរំកិលឆ្ពោះទៅរកឱនភាពនៅក្នុងឆ្នាំក្រោយ។

    ប្រទេសផលិតប្រេងកំពុងទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីការហក់ឡើងនៃតម្លៃប្រេងនិងឧស្ម័នសកលនេះ។ ប៉ុន្តែសម្រាប់បណ្តាប្រទេសដែលប្រើប្រាស់ថាមពលទាំងដុល ដែលតំណាងឱ្យប្រទេសភាគច្រើននៃពិភពលោក នោះការហក់ឡើងនៃតម្លៃប្រេងបានបង្កជាហានិភ័យដ៏ធំធេងដល់ចក្ខុវិស័យនៃការងើបឡើងវិញនៃសេដ្ឋកិច្ច ខណៈដែលអត្រាអតិផរណាកាន់តែខ្ពស់នឹងជះឥទ្ធិពលកាន់តែអាក្រក់ដល់ទំនុកចិត្តរបស់សកលលោក។

    នៅពេលប្រាក់ដុល្លារអាមេរិកកំពុងតែទទួលបានតម្រូវការយ៉ាងគំហុក ហើយតម្លៃថាមពល ដែលលក់គិតជាប្រាក់ដុល្លារកំពុងតែកើនឡើងនោះ វានឹងបង្កឱ្យមានភាព រាំងស្ទះយ៉ាងធ្ងន់ធ្ងរចំពោះពាណិជ្ជកម្ម សកលដែលនឹងធ្វើឱ្យហានិភ័យនៃការដែលរដ្ឋគ្មានប្រាក់សម្រាប់សងបំណុលកាន់តែកើនឡើងខ្ពស់។

    ខណៈគេនៅតែមិនទាន់រកឃើញដំណោះស្រាយរយៈពេលខ្លីសម្រាប់វិបត្តិនៅអ៊ុយក្រែន ស្ថិរភាពហិរញ្ញវត្ថុសកលនឹងកាន់តែស្ថិតនៅក្រោមសម្ពាធកាន់តែធ្ងន់។ គេក៏បានបង្ហាញអំពីមន្ទិលសង្ស័យផងដែរនៅពេលដែលបណ្តាធនាគារកណ្តាលរបស់ប្រទេសនានាបានងាកទៅរកការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ និងបង្ខំឱ្យរដ្ឋាភិបាលត្រូវរក្សាកញ្ចប់សង្គ្រោះសារពើពន្ធច្រើនជ្រុលសម្រាប់រយៈពេលវែងជាងការរំពឹងទុក។

    ការហក់ឡើងនៃតម្លៃថាមពលសកល និងការគំរាមកំហែងដែលបង្កចេញពីការបន្ទច់បង្អាក់លើការផ្គត់ផ្គង់ប្រេងនិងឧស្ម័នកំពុងតែបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ធុរកិច្ចនៅក្នុងចំណោមប្រទេសធំៗទាំងអស់។ ដោយរាប់ចាប់តាំងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកនិងប្រទេសចិន ពួកគេសុទ្ធតែបានដំឡើងតម្លៃផលិតកម្ម ធ្វើឱ្យផលចំណេញត្រូវកាត់បន្ថយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទំនិញត្រូវចំណាយលុយបន្ថែម ហើយក៏បានបង្កឱ្យមានផលប៉ះពាល់ដល់តម្រូវការផងដែរ។

    សេដ្ឋកិច្ចពិភពលោកកំពុងឆ្ពោះទៅរកភាពអវិជ្ជមានកាន់តែខ្លាំងឡើងៗ ហើយបញ្ហាគ្រោះរាំងស្ងួតនៅទូទាំងពិភពលោកក៏កំពុងធ្វើឱ្យបញ្ហានេះកាន់តែមានសភាពអាក្រក់បន្ថែមទៀត។ ខណៈដែលរដូវរងារកំពុងខិតជិតមកដល់ការគំរាមកំហែងដែលបង្កឡើងដោយកង្វះថាមពល និងស្បៀងអាហារដែលកំពុងតែរីកធំឡើងនោះ បានក្លាយទៅជាបន្ទុកបន្ថែមដល់សេដ្ឋកិច្ចសកលដែលកំពុងជួបប្រទះនឹងភាពត្រដាបត្រដួសក្នុងការងើប ឡើងវិញរួចទៅហើយក្រោយវិបត្តិកូវីដ-១៩។

    ស្ថាប័នព្យាករណ៍ធំៗបានធ្វើការពន្យល់យ៉ាងលម្អិតអំពីស្ថានភាពអាក្រក់ នៃសេដ្ឋកិច្ចជាយថាហេតុនៅថ្ងៃអនាគត។ ការព្យាករចុងក្រោយរបស់អង្គការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសហប្រតិបត្តិការ (OECD), ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ហាក់ដូចជាបានបង្ហាញនូវលទ្ធផលដ៏សមរម្យមួយគឺថា កំណើនសេដ្ឋកិច្ចសកលនឹងថមថយពី ចំនួន ៥,៧% នៅឆ្នាំ ២០២១ មកនៅត្រឹម ៣% សម្រាប់ឆ្នាំ២០២២ និង ២០២៣។

    វាអាចនឹងជួបប្រទះនឹងបញ្ហាខ្លះ ប៉ុន្តែការសន្និដ្ឋានជាទូទៅគឺថា ការធ្លាក់នៅក្នុងឱនភាពជាសកលអាចត្រូវចៀសវាងបាន ប្រសិនបើអ្នកធ្វើគោលនយោបាយចេញមកធ្វើអន្តរាគមន៍បានទាន់ពេល។ អ្វីដែលជាបញ្ហានោះគឺថា ស្ថាប័នគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធសកល កំពុងតែដើរបញ្ច្រាសទិសគ្នានាពេលបច្ចុប្បន្ននេះ។

    ចំពោះចម្លើយរបស់សំណួរដែលថា តើពិភពលោកទាំងមូលអាចនឹងធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ចដូចកាលពីឆ្នាំ ២០០៨ និងក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ឬអត់នោះ ផ្នែកខ្លះនៃសេដ្ឋកិច្ចសកលបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយ ជាពិសេសគឺនៅទ្វីបអឺរ៉ុប។ អត្រាអតិផរណាដ៏ខ្ពស់កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើស្តង់ដាររស់នៅ ហើយក៏កំពុងបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់ពលរដ្ឋអឺរ៉ុប។

    អ្វីដែលជាការព្រួយបារម្ភខ្លាំងនោះគឺថា តើផលប៉ះពាល់ដែលបង្កឡើងដោយការរំខានទៅលើការផ្គត់ផ្គង់ប្រេងនិងឧស្ម័នជាយថាហេតុណាមួយពីសំណាក់ប្រទេសរុស្ស៊ី មកលើសកម្មភាពសេដ្ឋកិច្ចមានច្រើន ដល់កម្រិតណា ជាពិសេសនៅពេលដែលមានការកាត់បន្ថយការផ្គត់ផ្គង់នៅក្នុងអំឡុងរដូវរងារ។

    ប្រទេសអាល្លឺម៉ង់ បានខិតខំប្រឹងប្រែងស្វែងរកថាមពលដើម្បីស្តុកទុកសម្រាប់ពេញមួយរដូវរងារ ព្រោះការខ្វះខាតថាមពលអាចនឹងបង្កឱ្យមានការបន្ទច់បង្អាក់ចំពោះទិន្នផលឧស្សាហកម្ម ហើយវានឹងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារក្នុងស្រុក និងសេដ្ឋកិច្ចរបស់អឺរ៉ុបទាំងមូល។

    ក្នុងនាមជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចសកល រាល់ការធ្លាក់ចុះណាមួយនៃតម្រូវការរបស់អឺរ៉ុប នឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល។

    នៅក្នុងការព្យាករដែលបានចេញផ្សាយកាលពីខែសីហា សហភាពអឺរ៉ុបបានទម្លាក់ការរំពឹងទុករបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ ២០២៣ ពី ២,៤% មកនៅត្រឹម ១,៣% ក្រោយពីពួកគេបានដឹងយ៉ាងច្បាស់អំពីលទ្ធភាពខ្ពស់នៃការធ្លាក់ចូលទៅក្នុងឱនភាពនៃសេដ្ឋកិច្ចរបស់អឺរ៉ុប។

    ការរឹតបន្តឹងអត្រាការប្រាក់យ៉ាងគំហុករបស់ធនាគារកណ្តាលអឺរ៉ុប គឺជារឿងមិនត្រឹមត្រូវ ហើយប្រសិនបើបណ្តារដ្ឋាភិបាលសហភាពអឺរ៉ុបត្រូវបង្ខំចិត្តកែប្រែស្ថានការណ៍ឱ្យល្អប្រសើរ តាមរយៈការបង្កើនចំនួនសាច់ប្រាក់ (Reflation) សារពើពន្ធ ដើម្បីបញ្ចៀសការដាំក្បាលចុះកាន់តែជ្រៅថែមទៀតនោះ វានឹងក្លាយទៅជាការបង្កើនបំណុលបន្ថែមទៀត។

    លំហូរពាណិជ្ជកម្មពិភពលោកកំពុងតែមានការថមថយរួចទៅហើយ ខណៈសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែទទួលរងនូវផលប៉ះពាល់កាន់តែច្រើនឡើងៗ។

    បើតាមលក្ខណៈបច្ចេកទេស សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងឱនភាពរួចទៅហើយ ខណៈពេលនេះ អាមេរិកមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ២ ត្រីមាសជាប់ៗគ្នា។

    ប្រទេសចិនអាចនឹងត្រូវទម្លាក់តួលេខកំណើនសម្រាប់ឆ្នាំ ២០២២ ចំនួន ៥,៥% របស់ខ្លួនបន្ថែមទៀត ហើយប្រទេសចិនក៏អាចនឹងបញ្ចៀសពីការធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ចបានផងដែរ។

    ប្រទេសដែលនឹងរងហានិភ័យបំផុតនោះគឺបណ្តាប្រទេសកំពុងអភិវឌ្ឍ ជាពិសេសគឺប្រទេសទាំងឡាយណាដែលមានតម្រូវការនាំចូលថាមពលខ្ពស់ ហើយកំពុងខ្វះខាតសាច់ប្រាក់ដើម្បីទូទាត់ និងមានបំណុលជាប្រាក់ដុល្លារខ្ពស់។

    អ្នកធ្វើគោលនយោបាយសកលត្រូវតែផ្តល់ការគាំទ្រជាលក្ខណៈពហុភាគីឱ្យបានច្រើនបន្ថែមទៀត ដល់បណ្តាប្រទេសទាំងនោះដើម្បីបញ្ចៀសការដួលរលំនៃទំនុកចិត្តជាប្រព័ន្ធ។ ក្រោយវិបត្តិឆ្នាំ ២០០៨ និងវិបត្តិកូវីដ-១៩ ពិភពលោកនឹងមិនអាចទ្រាំទ្រនឹងវិបត្តិហិរញ្ញវត្ថុសារជាថ្មីទៀតបានទេ៕

    South China Morning Post