ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនបានបង្កការភ័យខ្លាចអំពីការឡោមព័ទ្ធនៅក្នុងប្រទេសវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 555
ប្រទេសចិនបានបង្កការភ័យខ្លាចអំពីការឡោមព័ទ្ធនៅក្នុងប្រទេសវៀតណាម ប្រទេសចិនបានបង្កការភ័យខ្លាចអំពីការឡោមព័ទ្ធនៅក្នុងប្រទេសវៀតណាម

ជាមួយនិងឆ្នេរសមុទ្រដែលមានប្រវែងរហូតដល់ ៣ ២០០ គីឡូម៉ែត្រ វាពិតជាពិបាកក្នុងការមិនបារម្ភអំពីការឡោមព័ទ្ធ។ វៀតណាមដែលជាប្រទេសធ្លាប់បានប៉ះទង្គិចគ្នាជាមួយនឹងប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ទាំងលើបញ្ហាព្រំដែន និងបញ្ហាដែនដីនៅក្នុងសមុទ្រចិនខាងត្បូង នៅពេលនេះកំពុងតែប្រឈមមុខនឹងការឡោមព័ទ្ធពីសំណាក់ប្រទេសចិន។

អស់រយៈពេលជាង ១ សហសវត្សរ៍មកហើយ ប្រទេសវៀតណាមតែងតែទទួលរងនូវការវាយប្រហារពីសំណាក់ប្រទេសចិននៅតាមបណ្តោយព្រំដែនរួមរបស់ពួកគេដែលមានប្រវែង ១ ២៩៧ គីឡូម៉ែត្រ។ សង្គ្រាមចុងក្រោយបំផុតដែលពួកគេទាំងពីរបានវាយប្រយុទ្ធគ្នា គឺនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលពេលនោះ គេបានហៅសង្គ្រាមនេះថាជា «សង្គ្រាមឥណ្ឌូចិនលើកទី៣» ដែលពេលនោះ កងកម្លាំងចិនបានធ្វើការឈ្លានពានជាច្រើនកន្លែងនៅតាមព្រំដែន។

នៅភាគខាងកើតប្រទេសវៀតណាម ប្រទេសចិនបានកាន់កាប់ប្រជុំកោះ Paracel អស់រយៈពេលជាច្រើនទសវត្សរ៍ និងបានធ្វើយោធាតូបនីយកម្មទៅលើកោះប្រមាណ ៧ នៅសមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចគ្នារវាងនាវានេសាទជាមួយនិងកងជីវពលដែនសមុទ្ររបស់ចិននៅដែនសមុទ្រ តែងតែកើតមានជាញឹកញាប់រហូតដល់ក្លាយទៅជារឿងធម្មតាទៅហើយ។

វៀតណាមបានអះអាងថា «ចិនកំពុងបោះជំហានជាបណ្តើរៗដើម្បីគ្រប់គ្រងទាំងស្រុងលើផ្ទៃសមុទ្រនោះ»។ សៀវភៅ «ស» ការពារជាតិចុងក្រោយរបស់ប្រទេសចិនដែលបានចេញផ្សាយនៅឆ្នាំ ២០១៩ បានលើកឡើងថា «ការប្រកួតប្រជែងរវាងមហាអំណាច កំពុងតែមានភាពតានតឹងឡើងៗ ហើយសមុទ្រចិនខាងត្បូងអាចនឹងក្លាយទៅជាទីតាំងប៉ះទង្គិចគ្នា»។

អ្វីដែលកាន់តែអាក្រក់សម្រាប់ប្រទេសវៀតណាមគឺ «របាយការណ៍ដែលបង្ហាញថា ប្រទេសកម្ពុជាប្រហែលជាបានអនុញ្ញាតឱ្យប្រទេសចិនបោះទីតាំងយោធានៅមូលដ្ឋានជើងទឹករាមដែលមានទីតាំងនៅទល់មុខគ្នានឹងឈូងសមុទ្រថៃ»។ បើទោះបីជាមិនមានវត្តមានយោធាចិនជាអចិន្ត្រៃយ៍ (ដូចអ្វីដែលកម្ពុជាតែងតែបញ្ជាក់) ក៏ដោយ ក៏ទីតាំងនោះនៅតែអាចត្រូវបានប្រើប្រាស់ដោយចិនសម្រាប់ការឈ្លបយកការណ៍លើកងកម្លាំងជើងទឹកវៀតណាម ដែលភាគច្រើនមានមូលដ្ឋាននៅក្បែរៗនោះ។

វត្តមានយោធារបស់ចិននៅកម្ពុជា ឬនៅឡាវ អាចធ្វើឱ្យវៀតណាមរងនូវការគំរាមកំហែងកាន់តែខ្លាំងទាំងពីទិសខាងលិចនិងទិសខាងត្បូង។

លោក Khang Vu ដែលជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ «Boston College» កាលពីពេលថ្មីៗនេះ បានសរសេរនៅក្នុងបណ្តាញផ្សព្វផ្សាយថា «ចេតនារបស់ចិនក្នុងការទាក់ទាញប្រទេសជិតខាងវៀតណាម ដូចជាកម្ពុជានិងឡាវ ដោយប្រើលេសសេដ្ឋកិច្ច គឺពិតជាមានភាពគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់វៀតណាម»។

លោកបានបន្តថា «ការអាចឡោមព័ទ្ធលើប្រទេសវៀតណាមទាំង ៤ ទិស នឹងបង្កលក្ខណៈឱ្យប្រទេសចិនអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះវៀតណាម ទាំងនៅលើដីគោក និងទាំងនៅដែនសមុទ្រ។ វៀតណាមមានជម្រើសចំនួន ២ ដើម្បីបំបែកការឡោមព័ទ្ធនេះ ដែលនោះគឺ ការស្វះស្វែងរកកិច្ចសហប្រតិបត្តិការការពារកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក, ជប៉ុន និងឥណ្ឌា ឬការបង្កើនកម្លាំងយោធាផ្ទាល់ខ្លួនដោយពុំចាំបាច់បង្កើតសម្ព័ន្ធភាពជាផ្លូវការណាមួយ ដើម្បីធានាឱ្យបានថា ប្រទេសចិននឹងមិនអាចបង្កការគំរាមកំហែងដល់ភាពរស់រានរបស់ខ្លួន»។

បើទោះបីជាកងទ័ពជើងទឹកអាមេរិកតែងតែចូលសំចតនៅកំពង់ផែវៀតណាមជារឿយៗក៏ដោយ ក៏វៀតណាមតែងតែព្យាយាមងាកចេញពីការចងសម្ព័ន្ធមិត្តយោធាដោយផ្ទាល់ជាមួយគ្រប់បណ្តាប្រទេសជាដៃគូ។ ភាគីទាំងពីរ គ្រោងនឹងបង្កើនទំនាក់ទំនងរបស់ពួកគេឱ្យក្លាយទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅ ក្នុងឆ្នាំ ២០១៩ ក៏ប៉ុន្តែបានខកខានទៅវិញ មួយផ្នែកដោយសារតែ «គោលនយោបាយ ៣ មិន» (Three No’s Policy ) ជាប្រវត្តិសាស្ត្ររបស់វៀតណាម ដែលកាលពីថ្មីៗនេះត្រូវបានពង្រីកទៅដល់ «៤ មិន»។

អាន ៖ គោលនយោបាយការពារជាតិ «គ្មាន ៤» របស់វៀតណាមកំពុងរងនូវការធ្វើតេស្តសាកល្បង

សៀវភៅ «ស» ការពារជាតិចុងក្រោយរបស់ប្រទេសវៀតណាមបានលើកឡើងថា «វៀតណាមនៅតែព្យាយាមមិនចូលរួមនៅក្នុងសម្ព័ន្ធភាពយោធាណាមួយ, មិនកាន់ជើងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត, មិនផ្តល់ការអនុញ្ញាតឱ្យប្រទេសផ្សេងណាមួយបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពយោធាប្រឆាំងនឹងប្រទេសផ្សេង និងមិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើកម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ»។

ប៉ុន្តែសៀវភៅ «ស» នោះក៏បានបន្ថែមនូវការព្រមានមួយដ៏សំខាន់ផងដែរថា «វៀតណាមអាចនឹងពិចារណាអំពីការបង្កើតទំនាក់ទំនងការពារជាតិ និងយោធាជាមួយប្រទេសផ្សេងៗ អាស្រ័យទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង»។ លោក Derek Grossman ដែលជាអ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថាន «RAND Corporation» បានអះអាងនៅដើមឆ្នាំនេះថា «គោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធរបស់វៀតណាមដែលត្រូវ បានដាក់ចេញចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ អាចធ្វើឱ្យប្រទេសចិនបើកការវាយប្រហារដោយពុំចាប់បាច់ភ័យខ្លាចអំពីការសងសឹកពីសំណាក់បណ្តាប្រទេសដទៃ»។

យោធា​វៀតណាម​ម្នាក់​កំពុងឈរមើល​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson បន្ទាប់​ពី​បាន​មក​ដល់​កំពង់ផែ​ក្នុង​ក្រុង Danang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៨

លោក Vu បាន និយាយថា «ដោយ សារតែគោលនយោបាយ «៤ មិន» របស់ខ្លួន វៀតណាមអាចនឹងប្រកាន់យកនូវជម្រើសទី២ ដើម្បីរក្សាអព្យាក្រឹតភាពយោធា»។ លោក Carl Thayer ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា «មេដឹកនាំយោធា និងនយោបាយរបស់វៀតណាម បានដឹងយ៉ាងច្បាស់អំពីកម្លាំងយោធានិងជំនាញបច្ចេកវិទ្យា ដែលកំពុងតែរីកធំធាត់របស់ចិន។ ការឡោមព័ទ្ធរបស់ចិនបានបង្ហាញនូវកាលានុវត្តភាពផង និងកត្តាប្រឈមផង»។

កាលពីខែកុម្ភៈ ឆ្នាំ ២០២១ លោក Thayer បានកត់សម្គាល់ថា «គណបក្សកុម្មុយនីស្តវៀតណាមបានអនុម័តសេចក្តីសម្រេចមួយដើម្បីចាប់ផ្តើមអនុវត្តនូវកម្មវិធីដ៏មានមហិច្ឆតាបំផុតមួយរបស់វៀតណាមក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន»។ បក្សកុម្មុយនីស្តវៀតណាមបានអំពាវនាវឱ្យប្រែក្លាយកងទ័ពវៀតណាមទៅជាកងកម្លាំងមួយដែលរឹងមាំឱ្យបាននៅត្រឹមឆ្នាំ ២០២៥ បូករួមនឹងការធ្វើទំនើបកម្មផ្នែកសំខាន់ៗខ្លះនៃកងកម្លាំងប្រដាប់អាវុធនៅត្រឹមឆ្នាំ ២០៣០។ ការធ្វើទំនើបកម្មលើផ្នែកផ្សេងៗទៀតរបស់យោធានឹងត្រូវប្រព្រឹត្តទៅនៅពេលក្រោយៗទៀត។

អ្នកវិភាគបាននិយាយថា «វៀតណាមអាចនឹងជួបប្រទះនឹងកត្តាប្រឈមធំៗចំនួន ២ ដែល ទី១ គឺពួកគេត្រូវតែខិតខំរក្សាកំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់ ដើម្បីអាចមានលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់លទ្ធកម្មអាវុធរបស់ខ្លួន ជាពិសេសគឺអាវុធដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបៗ»។ ការចំណាយលើវិស័យយោធានៅវៀតណាមបានដាំក្បាលចុះពីចំនួន ៧,៩% នៃ GDP កាលពីឆ្នាំ ១៩៩០ មកនៅត្រឹមប្រមាណ ២,៣% ប៉ុណ្ណោះនៅចុងទសវត្សរ៍ឆ្នាំ ២០១០ (យោងតាមទិន្នន័យរបស់ធនាគារ ពិភពលោក)។

ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានចំណាយប្រាក់ ៥,៧ ពាន់លានដុល្លារលើវិស័យការពារជាតិ នៅក្នុងឆ្នាំ ២០១៨ ដែលមានចំនួនច្រើនជាងកាលពីឆ្នាំ ២០១០ ដែលការចំណាយមានចំនួនត្រឹមតែ ៣,៦ ពាន់លានដុល្លារប៉ុណ្ណោះ (យោងតាមទិន្នន័យចំណាយទៅលើយោធារបស់ក្រុមហ៊ុន SIPRI Military Expenditure)។ កាលពីពេលថ្មីៗនេះ វៀតណាមបានប្តេជ្ញាចិត្តកាត់បន្ថយការចំណាយរបស់រដ្ឋ ដោយសារតែមានកង្វល់អំពីបំណុលដែលកំពុងតែកើនឡើង។

ការរឹតបណ្តឹងថវិកានេះនឹងក្លាយជាបញ្ហាកាន់តែលំបាកសម្រាប់វៀតណាម ក្នុងការបែងចែកការចំណាយទៅលើវិស័យយោធារបស់ខ្លួននៅថ្ងៃអនាគត។ ទោះបីជាប្រទេសវៀតណាមបានចំណាយប្រមាណ ៣% នៃ GDP ឬប្រមាណ ៦,៣ ពាន់លានដុល្លានៅក្នុងមួយឆ្នាំលើវិស័យយោធាក៏ដោយ ក៏ចំនួននេះស្មើនឹង ២,៥% ប៉ុណ្ណោះ នៃអ្វីដែលប្រទេសចិនបានចំណាយប្រចាំឆ្នាំទៅលើវិស័យយោធារបស់ខ្លួន។

ទី២ គឺវៀតណាមចាំបាច់ត្រូវខិតខំថ្នមសភាពការណ៍ដើម្បីចៀសវាងការរងទណ្ឌកម្មរបស់អាមេរិក ប្រសិនបើពួកគេនៅតែបន្តទិញអាវុធពីរុស្ស៊ី។ នៅចន្លោះឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២១ ការនាំចូលអាវុធរបស់វៀតណាម មានចំនួន ៩,០៧ ពាន់លានដុល្លារដែលក្នុងនោះ រុស្ស៊ីមានចំណែក ៧,៤ ពាន់លានដុល្លារ ឬ ៨១,៦៩% នៃចំនួនសរុប (យោងតាមទិន្នន័យរបស់ក្រុមហ៊ុន SIPRI)។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលគោលនយោបាយការពារជាតិរបស់វៀតណាមបានផ្តោតសំខាន់លើដែនសមុទ្រ។

ការដើរក្បួនរបស់យោធាវៀតណាម​ក្នុង​ពេល​ប្រារព្ធ​ទិវា​ជាតិ​នៅ​ទីលាន Ba Dinh ក្នុង​ទីក្រុង​ហាណូយ។ រូបភាព៖ Twitter

យោងតាមប្រភពមួយដែលបានដឹងអំពីការជជែកដេញដោលរបស់ក្រសួងការពារជាតិវៀតណាម នៅពេលនេះវាមានការទទួលស្គាល់កាន់តែច្រើនថា «វៀតណាមចាំបាច់ត្រូវតែងាកចេញពីដែនសមុទ្រដើម្បីមកផ្តោតទៅលើដែនគោកវិញ»។ នៅដើមឆ្នាំ ២០២១ របាយការណ៍មួយបានលើកឡើងថា «ប្រទេសចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលមួយកន្លែង ដែលស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីព្រំដែនជាមួយវៀតណាម»។

ច្បាប់ព្រំប្រទល់គោកថ្មីរបស់ប្រទេសចិនដែលបានចូលជាធរមាន នៅក្នុងខែមករារួមមាននូវការពង្រឹងការគ្រប់គ្រង និងការការពារព្រំប្រទល់របស់ខ្លួន។ ច្បាប់នោះបានចែងថា «ប្រទេសចិននឹងការពារជាដាច់ខាតនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនគោករបស់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ថា «កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រទេសចិនក្នុងការដោះស្រាយជម្លោះព្រំដែន ច្រើនតែលម្អៀងទៅតាមការចង់បានរបស់ខ្លួន»។

បើតាមការយល់ឃើញរបស់វៀតណាម «រឿងរ៉ាវជាច្រើនទៀតនឹងអាស្រ័យលើប្រទេសកម្ពុជា និងឡាវ»។ អ្នកធ្វើអត្ថាធិប្បាយខ្លះបានឱ្យដឹងថា «វៀតណាមបានបាត់បង់អតីតសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសកម្ពុជាបាត់ហើយ»។ ការគាំទ្ររបស់យោធាវៀតណាមនៅឆ្នាំ ១៩៧៩ ដើម្បីផ្តួលរំលំរបបខ្មែរក្រហមនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តរបស់ចិន បានបង្កឱ្យមានសង្គ្រាមឥណ្ឌូចិនលើកទី៣។

កម្ពុជានៅតែបន្តគាំទ្រប្រទេសវៀតណាមរហូតដល់ដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលនៅពេលនោះ ប្រទេសចិនបានចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយកម្ពុជា។ លោក Vu បានអះអាងថា «ការងាកទៅកាន់សមុទ្រចិនខាងត្បូងរបស់វៀតណាមនៅក្រោយសង្គ្រាមត្រជាក់ គឺដោយសារការយល់ឃើញថា ព្រំប្រទល់គោករបស់ខ្លួនមានសុវត្ថិភាព»។ ប៉ុន្តែទង្វើរបស់ចិនក្នុងការទាញប្រទេសឡាវនិងកម្ពុជាឱ្យងាកមកគាំទ្រខ្លួនវិញ គួរតែគ្រប់គ្រាន់ក្នុងការធ្វើឱ្យវៀតណាមបង្កើនការផ្តោតរបស់ខ្លួនមកកាន់ដីគោកវិញ។

វៀតណាមកំពុងបង្កើនការសហការជាមួយប្រទេសជិតខាងនៅភាគខាងលិចរបស់ខ្លួន។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការថ្មីៗស្តីពីវិស័យសន្តិសុខនិងការពារជាតិ នៅក្នុងអំឡុងជំនួបមួយកាលពីខែធ្នូឆ្នាំមុន។

ភាគីទាំងពីរ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ភាគីទាំង២ យល់ស្របគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខដោយឈរលើគោលការណ៍ស្តីពីការមិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួនរបស់ពួកគេ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេសម្ខាងទៀត»។

នៅខែឧសភាឆ្នាំនេះ លោក ទៀ បាញ់ និងលោក Phan Van Giang បានជួបគ្នានិងធ្វើការផ្លាស់ប្តូរចំណងមិត្តភាពការពារព្រំដែនជាលើកដំបូងរបស់ពួកគេនៅទីក្រុងហាណូយ។ វៀតណាមក៏បានបង្កើនការវិនិយោគនៅកម្ពុជាផងដែរ ដោយក្នុងនោះពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេមានប្រមាណជិត ៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលបានកើនឡើងចំនួន ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ ពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសចិនក៏មានតម្លៃ ១១ ពាន់លានដុល្លារផងដែរកាលពីឆ្នាំមុន។

ស្រដៀងគ្នានេះដែរ វៀតណាមកំពុងមមាញឹកក្នុងការធ្វើកំណែទម្រង់ទំនាក់ទំនងជាមួយប្រទេសឡាវ ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រខ្លួនមួយទៀត។ វៀតណាមបានសន្យាផ្តល់មូលនិធិដល់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងប្រទេសឡាវ ដែលរួមមានទាំងសំណើរសាងសង់ផ្លូវដែកមួយខ្សែដែលនឹងតភ្ជាប់ទីក្រុងវៀងច័ន្ទ ទៅកាន់ទីក្រុងកំពង់ផែ Vung Ang របស់វៀតណាម។

អ្នកវិភាគខ្លះបាននិយាយថា «ការស្តារទំនាក់ទំនងឡើងវិញជាមួយកម្ពុជានិងឡាវ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះអភិក្រមសន្តិសុខថ្មីៗរបស់វៀតណាម»។ អ្នកខ្លះទៀតបាននិយាយថា «ការប្រកួតប្រជែងគ្នាដណ្តើមឥទ្ធិពលរវាងវៀតណាមនិងចិននៅកម្ពុជានិងឡាវ អាចនឹងផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ដីគោកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»។

យុវជនកុម្មុយនិស្តវៀតណាម និងចិនគ្រវីទង់ដើម្បីស្វាគមន៍ប្រធានាធិបតីចិន Xi Jinping និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ក្នុងជំនួបនៅទីក្រុងហាណូយ នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ រូបថត៖ AFP/Na Son Nguyen

លោក Thayer បាននិយាយថា «គំនិតស្តីពីការឡោមព័ទ្ធដែលបានធ្វើឱ្យប្រទេសចិន និងវៀតណាម ចាត់ទុកគ្នាជាសត្រូវ បានធ្វើឱ្យប្រទេសវៀតណាមមិនមានជម្រើសអ្វីក្រៅពីការងាកទៅរកសហរដ្ឋអាមេរិក»។ លោក Vu បាននិយាយថា «វៀតណាមបានរងនូវការគំរាមកំហែងរបស់ប្រទេសចិនអស់រយៈពេលរាប់ពាន់ឆ្នាំ ដោយមិនមានការជួយពីសំណាក់មហាអំណាចខាងក្រៅនោះទេ»។

លោក Vu បានបន្ថែមថា «ដូច្នេះពួកគេមានបទពិសោធន៍ក្នុងការបង្កើតតុល្យភាពរវាងនិន្នាការបញ្ច្រាសគ្នា ២ ដែលនោះគឺការធានាឱ្យបាននូវឯករាជ្យភាពរបស់ខ្លួនចេញពីចិន ទន្ទឹមនឹងការមិនធ្វើឱ្យចិនខឹងសម្បារ។ នេះក៏ព្រោះតែប្រទេសវៀតណាមបានទទួលផលប្រយោជន៍ច្រើនពីទំនាក់ទំនងដ៏ល្អូកល្អើនជាមួយចិន ជាជាងការមានទំនាក់ទំនងអរិភាព ហើយការរក្សាអព្យាក្រឹតភាពយោធាអាចនឹងក្លាយជាជម្រើសដ៏ប្រសើរសម្រាប់ករណីនេះ»៕

David Hutt / Asia Times

អត្ថបទទាក់ទង