ខ្មែរប៉ុស្ដិ៍ Close

តើដំណើរទស្សនកិច្ចរបស់លោក Xi Jinping បានប្រាប់យើងអ្វីខ្លះអំពីទំនាក់ទំនង រវាងចិនជាមួយតំបន់អាស៊ីកណ្តាល?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 428
តើដំណើរទស្សនកិច្ចរបស់លោក Xi Jinping បានប្រាប់យើងអ្វីខ្លះអំពីទំនាក់ទំនង រវាងចិនជាមួយតំបន់អាស៊ីកណ្តាល? ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev (ឆ្វេង) ស្វាគមន៍​លោកប្រធានាធិបតី​ចិន Xi Jinping នៅទីក្រុង Nur-Sultan ប្រទេស​កាហ្សាក់ស្ថាន ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។

នៅថ្ងៃទី ១៤ កញ្ញា លោក Xi Jinping បានទៅដល់ទីក្រុង Nur-Sultan ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកាហ្សាក់ស្ថាន។ វាគឺជាដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោក Xi ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ក្នុងខែមករា ឆ្នាំ ២០២០។ លោក Xi បានបន្តដំណើរទៅកាន់ទីក្រុង Samarkand នៃប្រទេស Uzbekistan សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការ សៀងហៃ (SCO)។

ដំណើរទស្សនកិច្ចនេះបានកើតឡើងនៅចំពេលកើតមានការដើរថយក្រោយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ជាមួយនឹងការដកថយរបស់រុស្ស៊ីចេញពីទីក្រុង Kharkiv។ សម្រាប់ការពិភាក្សាទាំងអស់អំពីទំនាក់ទំនងចិន-រុស្ស៊ី និងសារៈសំខាន់នៃកិច្ចប្រជុំ SCO រឿងមួយដែលត្រូវបានគេមើលរំលងគឺ «តួនាទីរបស់តំបន់អាស៊ីកណ្តាលនៅក្នុងផែនការគោលនយោបាយការបរទេសដ៏ធំរបស់ចិន»។

តំបន់អាស៊ីកណ្តាលកំពុងក្លាយជាទីតាំងដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រ «ឆ្ពោះទៅភាគខាងលិច – March West» របស់ប្រទេសចិន (ពាក្យនេះត្រូវបានបង្កើតជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ ដោយអ្នកវិទ្យាសាស្ត្រនយោបាយ Wang Jisi ដែលបានត្រួសត្រាយផ្លូវសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅឆ្នាំបន្តបន្ទាប់)។ បន្ថែមពីលើនេះ តំបន់នេះក៏បានក្លាយជាតំណាងដ៏មានឥទ្ធិពលផងដែរនៃទីភ្នាក់ងាររបស់បណ្តារដ្ឋដែលមានអំណាចមធ្យម។

គ្រប់គ្នាមិនអាចមើលស្រាលលើការទូតនៃប្រទេសដែលមានអំណាចមធ្យម (Medium-state Diplomacy) ដែលត្រូវបានបង្ហាញដោយកាហ្សាក់ស្ថាននោះឡើយ។ ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសកាហ្សាក់ស្ថាន បានកើតឡើងនៅចំពេលមានការវិលត្រឡប់មកវិញនូវគំនិតផ្តួចផ្តើម BRI របស់ចិនដែលត្រូវបានប្រកាសជាលើកដំបូងនៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីខែកញ្ញា ឆ្នាំ ២០១៣។

ប្រទេសចិនបានបោះជំហានទៅមុខយ៉ាងគួឱ្យកត់សម្គាល់នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ជាមួយនឹងសិទ្ធិក្នុងការទទួលបានទីផ្សារ, ជំនួយអភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកែលម្អយ៉ាងធំធេងនៅក្នុងគុណភាព និងបរិមាណនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់អាស៊ីកណ្តាល ហើយទំនាក់ទំនងក៏ត្រូវបានពង្រឹងយ៉ាងកក់ក្តៅផងដែរជុំវិញការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា។

កង្វល់ជាទូទៅកាន់តែច្រើនលើការត្រឡប់មកវិញនៃការវិនិយោគ, ការធ្លាក់ចុះចំណាត់ថ្នាក់នៃការអនុម័ត ក្នុងចំណោមឥស្សរជនសេដ្ឋកិច្ច និងការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត បាននាំមកនូវការសង្ស័យលើភាពជោគជ័យរបស់ផែនការ BRI នៅក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងកើត។

ដូច្នេះ សមត្ថភាពរបស់ប្រទេសចិនក្នុងការជ្រៀតចូលឱ្យបានកាន់តែស៊ីជម្រៅ និងសកម្មជាងមុននៅក្នុងទីផ្សារអាស៊ីកណ្តាល និងធនធានធម្មជាតិ គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២២។ វាមានចេតនាចង់ប្រៀបធៀបរវាងផលប្រយោជន៍កាន់តែធំរបស់ចិននៅក្នុងតំបន់ ជាមួយនឹងការលើកឡើងថា «វត្តមានរបស់រុស្ស៊ីនៅក្នុងតំបន់កំពុងរងនូវការធ្លាក់ចុះបន្តិចម្តងៗ» ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសន្និដ្ឋានថា «វត្តមានរបស់ចិននៅក្នុងតំបន់អាស៊ីកណ្តាល នឹងកើនឡើងដោយចៀសមិនរួច»។

ថវិការបស់រុស្ស៊ីសម្រាប់ការវិនិយោគ បូករួមនឹងជំនួយបរទេសនៅតំបន់អាស៊ីកណ្តាលបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការលុកលុយចូលអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយការចូលរួមផ្នែកសេដ្ឋកិច្ចមិនមែនជាគោលដៅអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់នោះទេ បើប្រៀបធៀបនឹងការផ្គត់ផ្គង់សម្ភារៈយោធា និងវត្តមានសន្តិសុខ។ ភាពទន់ខ្សោយរបស់រុស្ស៊ីត្រូវបានបង្ហាញយ៉ាងល្អបំផុត តាមរយៈការធ្លាក់ចុះនៃសិទ្ធិក្តោបក្តាប់លើឥស្សរជន និងនយោបាយពាក់ព័ន្ធនឹងការធ្វើការសម្រេចចិត្តនៅទូទាំងសាធារណរដ្ឋអាស៊ីកណ្តាលទាំង ៥។

ការសង្ស័យកាន់តែទូលំទូលាយក្នុងចំណោមឥស្សរជនចំពោះរុស្ស៊ីពិតជាបានកើនឡើង ជាពិសេសការព្រួយបារម្ភបានកើតមាននៅក្នុងប្រទេសកាហ្សាក់ស្ថានដែលថា «រុស្ស៊ីអាចចម្លងសកម្មភាពលុកលុយនៅអ៊ុយក្រែនទៅធ្វើនៅកន្លែងផ្សេង»។ ថ្លែងនៅក្នុងវេទិកា សេដ្ឋកិច្ច «St. Petersburg» លើកទី ២៥ នៅថ្ងៃទី ១៧ ខែមិថុនា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានបដិសេធមិនទទួលស្គាល់ឯករាជ្យភាព នៃសាធារណរដ្ឋបំបែកខ្លួនចំនួន ២ ដែលទទួលបានការគាំទ្រពីរុស្ស៊ី ដោយក្នុងនោះលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបូរណភាពទឹកដីរបស់អ៊ុយក្រែន។

ដោយមើលឃើញពីសក្តានុពល នៃឱកាសក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ប្រទេសចិនបានខិតខំព្យាយាមពង្រីកមិត្តភាព និងបានបញ្ជូនសញ្ញាស្តីពីការផ្តល់អាទិភាពដល់តំបន់នេះ តាមរយៈទំនាក់ទំនងការទូត។ ដំណើរទស្សនកិច្ចរបស់លោក Xi ទៅ កាន់កាហ្សាក់ស្ថាន បានធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីការទូតចិនជាន់ខ្ពស់ទៅកាន់តំបន់ បូករួមទាំងរដ្ឋមន្ត្រីការបរទេស Wang Yi ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន + អាស៊ីកណ្តាល (C+C5) កាលពីខែមិថុនា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី ០៨ ខែមិថុនា ឃ្លាដូចជា «ការពង្រឹងកិច្ចសហប្រតិបត្តិនៃការតភ្ជាប់» និង «ប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងស្ថិរភាពនៃរថភ្លើងដឹកទំនិញចិន-អឺរ៉ុប» បានបង្ហាញអំពីការយកចិត្តទុកដាក់រយៈពេលវែងរបស់ចិនចំពោះផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីកណ្តាល ខណៈដែល «ការសម្របសម្រួលជំហរចំពោះស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន» និង «ការរក្សាសន្តិសុខនៅក្នុងតំបន់ប្រពៃណី និងមិនមែនប្រពៃណី» បានបង្ហាញអំពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗរបស់ចិន ក្នុងការចូលរួមជាដៃគូសន្តិសុខជាមួយបណ្តារដ្ឋអាស៊ីកណ្តាល។

ជាក់ស្តែង នៅមុនដំណើរទស្សនកិច្ច លោក Xi បានប្រកាសថា «នៅចំពោះមុខបរិយាកាសក្នុងតំបន់ និងអន្តរជាតិដ៏ស្មុគស្មាញ មានតែតាមរយៈការពង្រឹងឯកភាពនិងកិច្ចសហប្រតិបត្តិការទេ ទើបអាចជួយឱ្យយើងយកឈ្នះបានលើភាពលំបាក និងអាចដោះស្រាយបញ្ហាប្រឈមនៅក្នុងអភិបាលកិច្ចសន្តិសុខ»។ ការលើកឡើងនេះ បានបង្ហាញថា «ប្រទេសចិនបានឱ្យតម្លៃដល់ប្រទេសកាហ្សាក់ស្ថានកាន់តែខ្លាំងក្នុងនាមជា
ដៃគូនៅក្នុងកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗជាច្រើន បូករួមទាំងសន្តិសុខ»។

ការណ៍នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ កាហ្សាក់ស្ថានគឺជាស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់រវាងចិន និងអឺរ៉ុប និងសមុទ្រ Caspian និងជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏សំខាន់មួយទៅកាន់ប្រទេសចិន រួមជាមួយនឹងប្រទេសតួកមេនីស្ថាន។ ប្រទេសអ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន បានចូលរួមនៅក្នុងគម្រោងផ្លូវដែកដែលកំពុងដំណើរការ (CKU) ជាមួយប្រទេសចិន ដែលជាច្រករបៀងដ៏សំខាន់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលអាចផ្តល់ផលចំណេញយ៉ាងច្រើន។

តាជីគីស្ថាននៅតែជាដៃគូដែលមិនសូវមានការចូលរួមច្រើនជាមួយប្រទេសចិន។ ក៏ប៉ុន្តែជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Wang កាលពីខែសីហា វាអាចនឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងល្អ។ សមិទ្ធផលនៃការចូលរួមនេះគឺ «ការពង្រីកវត្តមាននៃការវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់ចិន នៅក្នុងតំបន់ដើម្បីរួមបញ្ចូលវិស័យយុទ្ធសាស្ត្រ-សន្តិសុខ-យោធា»។ កិច្ចសហប្រតិបត្តិការរួមបែបនេះ ត្រូវបានជំរុញដោយការរក្សាតុល្យភាពអំណាចរវាងចិន និងរុស្ស៊ីនៅក្នុងតំបន់។

មនុស្សមួយចំនួនបានលើកឡើងថា «ប្រទេសចិនចង់ផ្តាច់ខ្លួនចេញពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល នៅចំពេលកើតមានការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ»។ ក៏ប៉ុន្តែ ការលើកឡើងបែបនេះបានបង្ហាញអំពីរឿងខុសឆ្គងចំនួន ២ ដែលទី១៖ រឿងរ៉ាវនេះត្រូវបានបំផ្លើសដោយសាជីវកម្មយក្ខ និងរដ្ឋាភិបាលលោកខាងលិច ក្នុងគោលបំណងប្រមូលដំណើរការផលិតកម្មឱ្យត្រឡប់ទៅក្នុងស្រុកវិញ ឬទៅកាន់បណ្តាប្រទេសជាមិត្តដែលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលដៅគោលនយោបាយការបរទេសរបស់ពួកគេ។

កំហុសទី២៖ គឺវាបានមើលស្រាលអំពីវិសាលភាពដែលប្រទេសចិនកំពុងរៀបចំឡើងវិញ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យបានកាន់តែស៊ីជម្រៅ បន្ទាប់ពីវិបត្តិកូវីដ-១៩។ វាអាចជាការពិតដែលថា «ប្រទេសចិនកំពុងព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួននៅគ្រប់វិស័យ ដោយរាប់ចាប់ពីបន្ទះអេឡិកត្រូនិក និងបន្ទះឈីប រហូតដល់វិស័យថាមពល» ប៉ុន្តែចិនក៏បាននិងកំពុងចូលរួមនៅក្នុងទំនាក់ទំនងដ៏ទូលំទូលាយជាមួយបណ្តារដ្ឋជាមិត្តផងដែរ។

ឧទាហរណ៍ដ៏សំខាន់មួយគឺមានពាក់ព័ន្ធនឹងបណ្តារដ្ឋនៅតំបន់អាស៊ីកណ្តាល ជាពិសេសកាហ្សាក់ស្ថានដែលមានមហិច្ឆតាកាន់តែធំ និងមានបំណងចង់ពង្រីកការផ្សព្វផ្សាយអំពីភូមិសាស្ត្រនយោបាយរបស់ខ្លួន នៅក្រោមលោក Tokayev ។ ការសន្យាអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចបានបង្ខំឱ្យរដ្ឋបាលបច្ចុប្បន្នដាក់កំហិតកាន់តែខ្លាំងលើការកែលម្អច្បាប់ការពារអ្នកវិនិយោគ និងយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលត្រូវបានជំរុញដោយកំណើន ជាមួយនឹងការចាត់ទុកប្រទេសចិនជាទីផ្សារដ៏សំខាន់ និងជាប្រភពនៃដើមទុនអភិវឌ្ឍ។

ប្រទេសអ៊ូសបេគីស្ថាន ដែលដើរតួជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ SCO នៅទីក្រុង Samarkand បានក្លាយជាទីតាំងនៃការដឹកជញ្ជូន និងការវិនិយោគដ៏ច្រើនពីសហគ្រាសរដ្ឋរបស់ចិន និងអ្នកផ្តល់ប្រាក់កម្ចីចិន។ នៅពេលថ្មីៗនេះ លោក Xi Jinping បានសន្យាថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអ៊ូសបេគីស្ថាន ឱ្យដល់ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

តំបន់អាស៊ីកណ្តាលតែមួយនឹងមានសារៈសំខាន់ បើទោះបីជាមិនខ្លាំងក្លាពេកក៏ដោយក្នុងការបំពេញតម្រូវការថាមពល, ធនធាន និងទីផ្សារដ៏ធំរបស់ចិន។ នៅពេលដែលប្រទេសចិនព្យាយាមផ្លាស់ប្តូរចេញពី «សង្គមដែលមានវិបុលភាពកម្រិតមធ្យម» ឆ្ពោះទៅរក «ការស្តារប្រទេសជាតិឡើងវិញ» ដែលពោរពេញទៅដោយវិបុលភាព សេដ្ឋកិច្ច, កម្លាំង និងសមត្ថភាពគ្រប់គ្រាន់ បណ្តារដ្ឋអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ាក៏អាចនឹងងាកមកចូលរួមនៅក្នុងដំណើរនេះផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់តំបន់អាស៊ីកណ្តាលបានបង្ហាញអំពីការពង្រឹងសាច់ដុំ ប៉ុន្តែវាក៏មានបង្កប់នូវគោលនយោបាយការបរទេសដ៏រឹងមាំប្រកបដោយការការពាររបស់ចិនផងដែរ ហើយប្រទេសចិនពិតជាអាចទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសអាស៊ីកណ្តាលដែលមានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ និងយោធារបស់រុស្ស៊ី អាចនឹងមិនងាកទៅរកប្រទេសចិនភ្លាមៗនោះទេ។

ទី១៖ «បណ្តារដ្ឋអាស៊ីកណ្តាលបានព្យាយាមបង្កើនការរួបរួមនៅក្នុងចំណោមប្រទេសក្នុងតំបន់ ក៏ប៉ុន្តែវាមិនមែនជាកិច្ចការងាយស្រួលនោះឡើយ ដោយសារភាពតានតឹងជាប្រវត្តិសាស្ត្រ និងការខ្វែងគំនិតគ្នាលើបញ្ហាទឹកដី»។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាការចាប់ផ្តើមដ៏មានតម្លៃមួយសម្រាប់ដំណើរការប្រមូលផ្តុំអំណាចចរចាជាមួយរុស្ស៊ី, ចិន និងសហរដ្ឋអាមេរិក។

បើទោះបីជាការរួបរួមនៅក្នុងតំបន់នៅមិនទាន់មានភាពច្បាស់លាស់ក៏ដោយ ក៏រឿងដ៏ច្បាស់បំផុតមួយគឺ «បណ្តារដ្ឋបាលនីមួយៗបាននិងកំពុងពិចារណាយ៉ាងសកម្មអំពីរបៀបដែលពួកគេអាចបង្កើនសារៈសំខាន់របស់តំបន់អាស៊ីកណ្តាលនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផ្លូវពាណិជ្ជកម្ម ដើម្បីអាចទាញយកលក្ខខណ្ឌអំណោយផល និងសម្បទានកាន់តែច្រើនពីមហាអំណាច»។

ទី២៖ «បណ្តារដ្ឋអាស៊ីកណ្តាលមានថាមពលជាយុទ្ធសាស្ត្រ»។ រដ្ឋាភិបាលអាស៊ីកណ្តាលទាំង ៥ បានប្រកាន់យកនូវយុទ្ធសាស្រ្តខុសៗគ្នាស្តីអំពីការរក្សាតុល្យភាព និងការចូលរួម ដើម្បីការពារប្រឆាំងនឹងហានិភ័យ ដែលអាចកើតមាន។ ថាមពលបែបនេះអាចឱ្យមេដឹកនាំនយោបាយបន្តរក្សាបាននូវស្វ័យភាពដ៏គួរឱ្យភ្ញាក់ផ្អើលលើកិច្ចការក្នុងស្រុករបស់ពួកគេ។

ប្រទេសចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏មិនបាននៅស្ងៀមនោះដែរ នៅពេលនិយាយដល់ការចូលរួមជាមួយបណ្តារដ្ឋអាស៊ីកណ្តាល។ តំបន់នេះទទួលបានការយកចិត្តទុកដាក់ជាសំខាន់ បន្ទាប់ពីមានសកម្មភាពយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី។ គេនឹងនៅបន្តរង់ចាំមើលអំពីរបៀបដែលប្រទេសចិននឹងអនុវត្តនូវមហិច្ឆតាពង្រីកខ្លួននៅក្នុងតំបន់ ជាមួយនឹងអាកប្បកិរិយាដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងការចូលរួមផ្នែកគោលនយោបាយ៕

The Diplomat

អត្ថបទទាក់ទង