ខ្មែរប៉ុស្ដិ៍ Close

វិបត្តិអ៊ុយក្រែន ៖ ប្រេងរុស្ស៊ីត្រូវបានបង្វែរមកកាន់តំបន់អាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1315
វិបត្តិអ៊ុយក្រែន ៖ ប្រេងរុស្ស៊ីត្រូវបានបង្វែរមកកាន់តំបន់អាស៊ីវិបត្តិអ៊ុយក្រែន ៖ ប្រេងរុស្ស៊ីត្រូវបានបង្វែរមកកាន់តំបន់អាស៊ី

ប្រទេសឥណ្ឌានិងចិន បាននិងកំពុងទិញប្រេងភាគច្រើនពីរុស្ស៊ី (នេះបើយោងតាមទិន្នន័យដឹកជញ្ជូន)។ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសអ៊ូសបេគីស្ថាន ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងបាននិយាយថា «ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើង»។

បើទោះបីជាការនាំចេញទៅកាន់សហភាពអឺរ៉ុប (EU) បានធ្លាក់ចុះចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនក៏ដោយ ក៏ប្លុកនេះនៅតែបន្តទិញប្រេងក្នុងបរិមាណដ៏ច្រើនដដែល គឺជាងមួយលានបារ៉ែលក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋជាសមាជិក EU បាននិយាយថា «ពួកគេនឹងហាមឃាត់ការនាំចូលតាមផ្លូវសមុទ្រទាំងស្រុងចាប់ពីខែធ្នូខាងមុខនេះតទៅ» (ប្រេងរុស្ស៊ីភាគច្រើនត្រូវបានដឹកមកតាមផ្លូវសមុទ្រជាជាងតាមបំពង់)។

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌានិងចិន បានក្លាយជាអ្នកទិញប្រេងដ៏ធំ ដោយឥឡូវនេះមានចំណែកជាងពាក់កណ្តាលនៃការនាំចេញប្រេងតាមផ្លូវសមុទ្រទាំងអស់របស់រុស្ស៊ី។ លោក Sean Cronin ដែលជាប្រធានផ្នែកវិភាគប្រេងនៅក្រុមហ៊ុន «Argus Media» បាននិយាយថា «ប្រទេសឥណ្ឌាមានចំនួនលំហូរប្រេងឆៅភាគច្រើនរបស់រុស្ស៊ីដែលត្រូវបានបង្វែរមកកាន់តំបន់អាស៊ី»។

នៅក្នុងខែមីនាឆ្នាំនេះ ការនាំចូលប្រេងរួមគ្នាដោយចិននិងឥណ្ឌាពីរុស្ស៊ី បានវ៉ាដាច់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧។ ការ​ទិញ​ប្រេង​របស់​ប្រទេស​ឥណ្ឌា​ដែល​មានឈ្មោះ​​ថា​ «Urals» (ជា​ប្រេង​ឆៅ​ដែល​ជា​ធម្មតា​នាំ​ចេញ​ទៅ​អឺរ៉ុប) បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ​នេះ។ ការនាំចូលរបស់ឥណ្ឌានៃប្រេងឆៅរុស្ស៊ីផ្សេងទៀត ដែលមានឈ្មោះថា «East Siberia Pacific Ocean»(ESPO) ក៏មានការកើនឡើងផងដែរ។

ប្រទេសចិនបាននិងកំពុងទិញក្នុងបរិមាណកាន់តែច្រើននៃប្រេង Urals និង ESPO បើគិតចាប់តាំងពីខែមីនា ហើយនៅដើមខែកក្កដា បើយោងតាមការរាយការណ៍ ប្រទេសចិនបានទិញប្រេងក្នុងចំនួនដ៏ច្រើនសម្រាប់រយៈពេល ២ ខែជាប់ៗគ្នា។ ផ្ទុយទៅវិញ ជប៉ុនបានបញ្ជាក់យ៉ាងច្បាស់ថា «ខ្លួននឹងលុបចោលការនាំចូលប្រេងពីរុស្ស៊ី» ខណៈការនាំចូលប្រេងឆៅរបស់កូរ៉េខាងត្បូងក៏បាននិងកំពុងធ្លាក់ចុះដែរ។

នៅពេលថ្មីៗនេះ របបយោធាមីយ៉ាន់ម៉ាបាននិយាយថា «ខ្លួនក៏នឹងចាប់ផ្តើមនាំចូលពីរុស្ស៊ីផងដែរ» ខណៈស្រីលង្កាដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក៏កំពុងទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃប្រេងរបស់រុស្ស៊ី ជាមួយនឹងការដឹកជញ្ជូនចំនួន ៣ លើក។

បន្ទាប់ពីការលុកលុយនៅអ៊ុយក្រែនក្នុងខែកុម្ភៈ រុស្ស៊ីមានអ្នកទិញតិចជាងមុនសម្រាប់ប្រេងឆៅ Ural របស់ខ្លួន ដោយក្នុងនោះរដ្ឋាភិបាល និងក្រុមហ៊ុនបរទេសមួយចំនួនបានសម្រេចចិត្តបញ្ឈប់ការនាំចេញថាមពល ហើយតម្លៃប្រេងរបស់រុស្ស៊ីក៏បានចាប់ផ្តើមធ្លាក់ចុះ។ នៅចំណុចមួយកាលពីដើមឆ្នាំនេះ ប្រេងឆៅរបស់រុស្ស៊ីមានតម្លៃជាង ៣០ ដុល្លារក្នុងមួយបារ៉ែល ពោលគឺថោកជាងប្រេងឆៅ Brent ទៅទៀត។

កាលពីខែកក្កដា ការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី បានធ្លាក់ចុះបន្តិចដោយសារតម្លៃមិនសូវទាក់ទាញ បើធៀបនឹងប្រេងឆៅពីប្រទេសអារ៉ាប៊ីសាអូឌីត។ រដ្ឋាភិបាល​ឥណ្ឌា​បាន​ការពារ​ការ​បញ្ជាទិញ​ប្រេងរបស់​រុស្ស៊ី ជាមួយនិងការលើកឡើង​ថា «​ខ្លួន​ត្រូវស្វែង​រក​ប្រភព​ប្រេង​ពី​កន្លែង​ដែល​មានតម្លៃ​ថោក​បំផុត»។ យើង​មិន​បានដឹង​ពីតម្លៃ​ពិតប្រាកដ​ ដែល​ឥណ្ឌា​បាន​ចំណាយ​លើ​ប្រេង​រុស្ស៊ីនោះទេ។

រដ្ឋាភិបាលអាមេរិកបានទទួលស្គាល់ថា «ខ្លួនពិតជាមិនអាចបញ្ឈប់ការទិញទាំងនេះបានទេ ដោយសារតែវាមិនមានការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសដែលបន្តធ្វើអាជីវកម្មជាមួយរុស្ស៊ី»។ វាក៏មិនច្បាស់ដែរថា «តើឥណ្ឌា ឬចិន ដែលនឹងធ្វើតាមផែនការរបស់បណ្តាប្រទេស G7 (ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងជប៉ុន) ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញថាមពលដែរឬទេ»។

កាលពីពេលថ្មីៗ នេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បាននិយាយថា «រាល់ធុងប្រេងឆៅរបស់រុស្ស៊ីដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា គឺរួមមានចំណែកនៃឈាមរបស់អ៊ុយក្រែន»។ បើទោះបីជាតម្លៃមានភាពទាក់ទាញក៏ដោយ ក៏ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ឥណ្ឌាកំពុងប្រឈមមុខនឹងបញ្ហាជុំវិញការផ្តល់ហិរញ្ញប្បទានដល់ការបញ្ជាទិញទាំងនេះ ដោយសារតែការដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ី។

ជម្រើសមួយក្នុងចំណោមជម្រើសដែលឥណ្ឌាកំពុងសម្លឹងមើលគឺ «ប្រព័ន្ធប្រតិបត្តិការទូទាត់ដោយផ្អែកលើរូបិយបណ្ណក្នុងស្រុក ដោយក្នុងនោះ អ្នកនាំចេញទំនិញពីឥណ្ឌាទៅកាន់រុស្ស៊ីនឹងទទួលបានប្រាក់ Rouble ជំនួសឱ្យប្រាក់ដុល្លារ ឬអឺរ៉ូ ហើយការនាំចូលនឹងត្រូវបង់ជាប្រាក់រូពីរបស់ឥណ្ឌា»។ សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា «ការធ្វើ បែបនេះនឹងធ្វើឱ្យប្រាក់ Rouble មាន ភាពរឹងមាំកាន់តែខ្លាំង ហើយនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្អែកលើប្រាក់ដុល្លារអាមេរិក»។

ប្រទេសរុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថាកំពុងស្នើសុំការទូទាត់ពីប្រទេសឥណ្ឌាជារូបិយបណ្ណ របស់ UAE ផងដែរ។ សហគ្រាសប្រេងរបស់រដ្ឋចិនកំពុងប្រើប្រាស់ប្រាក់យ័នចិនកាន់តែច្រើនជាងប្រាក់ដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានដល់ការទិញប្រេងពីបរទេស។

ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ ២០២១ និងនៅដើមឆ្នាំនេះ ប៉ុន្តែបន្ទាប់មកក៏បានធ្លាក់ចុះមុនពេលកើនឡើងបន្តិចវិញ។ ទោះបីជាការនាំចូលរបស់ឥណ្ឌាពីរុស្ស៊ីមានការកើនឡើងក៏ដោយ ក៏ប្រទេសនេះនៅតែបញ្ជាទិញប្រេងយ៉ាងច្រើនពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ជាពិសេសពីអ៊ីរ៉ាក់និងអារ៉ាប៊ីសាអូឌីត។

ប្រទេសចិន​ក៏​បន្ត​ទិញ​ប្រេង​ពី​មជ្ឈិមបូព៌ា​ផងដែរ បូករួមទាំងពីអង់ហ្គោឡា និង​ប្រេស៊ីល បើ​ទោះ​បី​ជា​ក្នុង​ខែ​កក្កដា រុស្ស៊ី​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​កំពូល​របស់​ចិន​សម្រាប់​ខែ​ទី​៣ ជាប់​គ្នាៗក៏ដោយ៕

BBC