ខ្មែរប៉ុស្ដិ៍ Close

ក្តីសង្ឃឹម, ភាពព្រងើយកន្តើយ, ការមិនសប្បាយចិត្ត ៖ តើយុវជនម៉ាឡេស៊ីនឹងបោះឆ្នោតយ៉ាងដូចម្តេចនៅក្នុងការបោះឆ្នោតខាងមុខ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 320
ក្តីសង្ឃឹម, ភាពព្រងើយកន្តើយ, ការមិនសប្បាយចិត្ត ៖ តើយុវជនម៉ាឡេស៊ីនឹងបោះឆ្នោតយ៉ាងដូចម្តេចនៅក្នុងការបោះឆ្នោតខាងមុខ? ក្តីសង្ឃឹម, ភាពព្រងើយកន្តើយ, ការមិនសប្បាយចិត្ត ៖ តើយុវជនម៉ាឡេស៊ីនឹងបោះឆ្នោតយ៉ាងដូចម្តេចនៅក្នុងការបោះឆ្នោតខាងមុខ?

នៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៨ នៅប្រទេសម៉ាឡេស៊ី តន្ត្រីករ Johor Azizan Afi បានបោះឆ្នោតឱ្យក្រុមចម្រុះ Pakatan Harapan ដែលជាគណបក្សប្រឆាំង។ ថ្វីបើបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Mara ដែលផ្តល់មូលនិធិដោយរដ្ឋក៏ដោយ ក៏លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះគោលនយោបាយដោយផ្អែកលើបញ្ហាពូជសាសន៍របស់រដ្ឋាភិបាល ដែលលោកមានអារម្មណ៍ថា «វាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនម៉ាឡេដែលមានវណ្ណៈខ្ពស់តែប៉ុណ្ណោះ»។

Mara សំដៅទៅ លើទីភ្នាក់ងាររដ្ឋាភិបាល «Majlis Amanah Rakyat» ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ដែលបណ្តុះបណ្តាលជនជាតិម៉ាឡេ និងសហគមន៍ជនជាតិដើមភាគតិច។ ជាមួយនិងការបំផុសគំនិតឆ្ពោះទៅរកការផ្លាស់ប្តូរ លោក Azizan ក៏ចង់ឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលផងដែរ ដោយមិនចាំបាច់ធ្វើឱ្យប្រទេសឈានទៅរកការដួលរលំ។ បុរសវ័យ ៣១ ឆ្នាំរូបនេះបានកត់សម្គាល់ថា «ការផ្សព្វផ្សាយរឿងរ៉ាវទាំងមូលនៅពេលនោះគឺ យើងមិនអាចអនុញ្ញាតឱ្យគណបក្សប្រឆាំងឡើងកាន់អំណាចបានទេ»។

ប៉ុន្តែវាគឺជារដ្ឋាភិបាល Pakatan Harapan ដែលបានដួលរលំក្នុងរយៈពេល ២ ឆ្នាំ។ នៅក្នុងការបោះឆ្នោតសកលលើកទី ១៥ របស់ប្រទេសម៉ាឡេស៊ីដែលនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ ២០២៣ យុវជនវ័យក្មេងអាចនឹងក្លាយជាអ្នកសម្រេចចិត្តដ៏សំខាន់។ ប្រទេសម៉ាឡេស៊ី បានផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួន នៅឆ្នាំ ២០១៩ ដើម្បីបន្ថយអាយុអ្នកបោះឆ្នោតពី ២១ មកនៅត្រឹម ១៨ ឆ្នាំ ហើយនឹងចុះឈ្មោះអ្នកបោះឆ្នោតដោយ ស្វ័យប្រវត្តិ។

ការកែសម្រួលនេះបានបន្ថែមអ្នកបោះឆ្នោតថ្មីចំនួន ៥,៨ លាននាក់ ដែលក្នុងនោះ ១,២ លាននាក់មានអាយុពី ១៨ ទៅ ២០ ឆ្នាំ ដែលបានពង្រីកចំនួនអ្នកបោះឆ្នោតរហូតដល់ប្រហែល ២១ លាននាក់។ ពួកគេ​គឺជា​កម្លាំង​ដ៏ខ្លាំងក្លាមួយ​ ក៏ «ប៉ុន្តែ​តើ​គណបក្ស​នយោបាយ​អាចបញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​វ័យក្មេងបាន​ដោយ​របៀបណា?» សម្រាប់អ្នកខ្លះ ចម្លើយអាចអាស្រ័យលើការព្យាយាមអំពាវនាវទៅកាន់យុវជន ដែលមិនពេញចិត្តនឹងគោលនយោបាយដែលមានលក្ខណៈរើសអើងពូជសាសន៍។

កម្មវិធីទប់ស្កាត់ការរើសអើងពូជសាសន៍ (Affirmative Action Programmes) បានកើតមាននៅក្នុងប្រទេសម៉ាឡេស៊ីចាប់តាំងពីការទទួលបានឯករាជ្យភាព ហើយវាត្រូវបានបន្តពង្រីកជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចថ្មីសម្រាប់ការរីកចម្រើនរបស់ប្រជាជនម៉ាឡេ ចាប់តាំងពីឆ្នាំ ១៩៧១ មក។ គោលនយោបាយទាំងនោះរួមមានសិទ្ធិក្នុងការទទួលបានការអប់រំកម្រិតឧត្តមសិក្សា, សិទ្ធិក្នុងការកាន់មុខតំណែងវិជ្ជាជីវៈ និងតួនាទីជាអ្នកគ្រប់គ្រង និងភាពជាម្ចាស់នៃសមធម៌និងទ្រព្យសម្បត្តិ។

សវនករ Yuvern Sundram ដែលមានអាយុ ២៤ ឆ្នាំ បាននិយាយថា «គោលនយោបាយដោយផ្អែកលើពូជសាសន៍មានបង្កប់នូវភាពអយុត្តិធម៌ជាច្រើន។ ឥឡូវ​នេះ​ សេដ្ឋកិច្ច​បាន​អភិវឌ្ឍ ហើយ​ភាពលម្អៀងមួយចំនួនក៏​ត្រូវ​បាន​កែ​សម្រួល។ ហេតុ​អ្វី​បាន​ជា​យើង​មិន​ព្រមកែប្រែ​ច្បាប់? មនុស្ស​គួរ​តែ​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ផ្អែកលើបញ្ញា​និង​សមត្ថភាព​ដឹកនាំ​របស់​ពួកគេ​ មិន​មែន​ដោយ​ផ្អែកលើពូជសាសន៍​របស់​ពួកគេ​នោះទេ»។​

ការមិនពេញចិត្តចំពោះគោលនយោបាយដោយផ្អែកលើពូជសាសន៍ត្រូវបានលើកឡើងថា ជាហេតុផលនៅពីក្រោយការកើនឡើងនៃចំនួនអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៨ ហើយការស្រាវជ្រាវបានបង្ហាញថា «សន្លឹកឆ្នោតភាគច្រើនរបស់យុវជនបានបោះទៅឱ្យ Pakatan Harapan»។

លោក Ibrahim Suffian ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនស្រាវជ្រាវ «Merdeka Centre» បាននិយាយថា «ប្រជាជនវ័យក្មេងម៉ាឡេស៊ីមានគំនិតឯករាជ្យជាងមុន ហើយពួកគេអាចគិតបានស៊ីជម្រៅ និងមិនពឹងផ្អែកលើប្រភពនៃព័ត៌មាន ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលនោះទេ»។ ប៉ុន្តែ​អ្វីៗ​នៅមិនទាន់​ច្បាស់​លាស់នៅឡើយនោះទេ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃការបែកបាក់រដ្ឋាភិបាល Pakatan Harapan នៅឆ្នាំ ២០២០។

អ្នកសង្កេតការណ៍នយោបាយ Norshahril Saat ដែលជាបុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរីបាននិយាយថា «ខ្ញុំមានអារម្មណ៍ថា វាមានការព្រងើយកន្តើយផ្នែកនយោបាយ ឬការមិនសប្បាយចិត្តដោយសារតែអ្វីដែលពួកគេបានឃើញនៅក្រោយឆ្នាំ ២០១៨។ មនុស្ស​ ៣ នាក់​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​រយៈ​ពេល​ ៤ ​ឆ្នាំ​កន្លង​មក​នេះ និងមិនបាននាំ​មកនូវ​ទម្រង់​នៃ​ស្ថិរភាព​នយោបាយនិង​ការ​ផ្លាស់​ប្តូរ​ដែលប្រជាជន​ម៉ាឡេស៊ីបានរំពឹង​ទុកនោះទេ»។

លោក Azizan បាននិយាយថា «នៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ បូករួមនឹងបញ្ហាការងារនិងបញ្ហាសេដ្ឋកិច្ច វាគឺជាការខកចិត្តក្នុងការក្រោកពីដំណេកជារៀងរាល់ថ្ងៃ ហើយអានព័ត៌មានពាក់ព័ន្ធនឹងអ្នកដែលឡើងមកកាន់អំណាចថ្មីជំនួសឱ្យអ្នកមុន ខណៈដែលពួកយើងកំពុងត្រូវការនូវការជួយនៅក្នុងគ្រាដ៏លំបាក។ មនុស្ស​ជា​ច្រើន​យល់​ថា វាគ្រាន់​តែ​ជាល្បែងរបស់​អ្នក​នយោបាយប៉ុណ្ណោះ»។

លោក Ibrahim បានកត់សម្គាល់ថា «នៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋនៅពេលថ្មីៗនេះ ចំនួនអ្នកបោះឆ្នោតវ័យក្មេងគឺមានចំនួនទាបជាងអ្នកបោះឆ្នោតវ័យចំណាស់ដែលករណីនេះមិនធ្លាប់កើតមានទេនៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ»។ ចំនួនអ្នកចេញទៅបោះឆ្នោតសរុបនៅ រដ្ឋ Johor ក្នុងខែមីនាគឺមានចំនួន ៥៥% បើធៀបនឹង ៨៣% នៅក្នុងការ បោះឆ្នោតរដ្ឋឆ្នាំ ២០១៨។

លោក Ibrahim បានបន្តថា «នៅទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១៨ (នៅពេលដែលអ្នកបោះឆ្នោតដែលមានអាយុចន្លោះពី ២១ ទៅ ៤០ ឆ្នាំមាន ប្រហែល ៤១% នៃអ្នកបោះឆ្នោត) អត្រាអ្នកបោះឆ្នោតវ័យក្មេងមានចំនួនច្រើនជាងអ្នកបោះឆ្នោតវ័យចំណាស់។ ប៉ុន្តែខ្ញុំគិតថា នៅក្នុងការ បោះឆ្នោតសកលដ៏ពិសេសនេះ ប្រសិនបើមិនមានការលើកឡើងអំពីការផ្លាស់ប្តូរឱ្យបានខ្លាំងក្លាទេ មនុស្សវ័យក្មេងអាចនឹងមិនសូវមានទំនោរចេញទៅបោះឆ្នោតនោះទេ»។

ខណៈពេលដែលរឿងអាស្រូវពុករលួយ «1MDB» បានរួមរឹតអតីតនាយករដ្ឋមន្ត្រី Najib Razak នៅក្នុងឆ្នាំ ២០១៨ សម្ព័ន្ធ Barisan Nasional បានឈ្នះការបោះឆ្នោតនៅរដ្ឋ Melaka កាលពីខែវិច្ឆិកាឆ្នាំមុននិងការបោះឆ្នោតនៅរដ្ឋ Johor ក្នុងខែមីនាដោយទទួលបានសំឡេងភាគច្រើន ២/៣ ឬ ច្រើនជាងនេះ។ នៅក្នុងការបោះឆ្នោតនៅរដ្ឋ Sarawak កាលពីខែធ្នូឆ្នាំមុន សម្ព័ន្ធ Gabungan Parti Sarawak (GPS) បានទទួលជ័យជំនះភ្លូកទឹកភ្លូកដី។

លោក James Chin ដែលជាសាស្ត្រាចារ្យផ្នែកកិច្ចការអាស៊ីនៅសាកលវិទ្យាល័យ Tasmania របស់ប្រទេសអូស្ត្រាលី បាននិយាយថា «លទ្ធផលទាំងនេះបានបង្ហាញថា ប្រជាជនកំពុងស្វែងរកស្ថិរភាពនយោបាយ។ ផលិតផលតែមួយគត់ UMNO អាចយកមកប្រើបានគឺ ប្រសិនបើអ្នកបោះឆ្នោតឲ្យយើងអ្នកនឹងទទួលបានប្រទេសម៉ាឡេស៊ីមួយប្រកបដោយស្ថិរភាព។ សាធារណជនកាន់តែច្រើននៅតែត្រូវបានជំរុញ ដោយនយោបាយកំណត់អត្តសញ្ញាណ បូករួម​ទាំងក្មេង​ៗជំនាន់​ក្រោយ»។

លោក Chin បានធ្វើការទស្សន៍ទាយថា «ប្រសិនបើការ បោះឆ្នោតនឹងធ្វើឡើងនៅឆ្នាំនេះ BN/UMNO នឹងអាចដណ្តើមបានជ័យជំនះយ៉ាងងាយស្រួល។ វាមិនអាចទៅរួចទេក្នុងការផ្លាស់ប្តូរចំណុចសំខាន់ៗមួយចំនួន ដូចជាគោលនយោបាយទប់ស្កាត់ការរើសអើងពូជសាសន៍នៅក្នុងប្រទេសម៉ាឡេស៊ី ពីព្រោះវានឹងមានន័យស្មើនឹងការកម្ចាត់គណបក្សនយោបាយម៉ាឡេទាំងអស់»។

សូម្បីតែសម្ព័ន្ធ Malaysian United Democratic Alliance (Muda) ដែលផ្តោតលើយុវជនដែលជាគណបក្សដែលត្រូវបានសហការបង្កើតឡើងដោយលោក Syed Saddiq Syed Abdul Rahman ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡា ក៏បានទទួលស្គាល់ដែរថា «ពូជសាសន៍គឺជាកត្តាដ៏សំខាន់មួយនៅក្នុងនយោបាយម៉ាឡេស៊ី»។ លោក Ibrahim បាននិយាយថា «គណបក្សដូចជា Muda ប្រហែលជាអាចបង្កើនការគាំទ្រនៅក្នុងទីក្រុង ក៏ប៉ុន្តែវានៅតែពិបាកខ្លាំងណាស់ក្នុងការចូលទៅកាន់តំបន់ជនបទ ដែលជាបេះដូងរបស់ប្រជាជនម៉ាឡេ»។

សម្ព័ន្ធ BN មានបំណងចង់បង្ហាញថា «វាអាចនាំមកនូវការផ្លាស់ប្តូរ និងពិតជាបានផ្លាស់ប្តូរ»។ មនុស្សជើងចាស់របស់គណបក្ស Umno និងជាអតីតរដ្ឋមន្ត្រីខុទ្ទកាល័យ គឺ Shahrir Abdul Samad បាននិយាយថា «បេក្ខជនវ័យក្មេងរបស់គណបក្សគឺជាមូលហេតុនៅពីក្រោយលទ្ធផលដ៏ល្អនៅពេលថ្មីៗនេះ»។

ប្រធានយុវជនរបស់គណបក្ស UMNO គឺ Asyraf Wajdi Dusuki បាននិយាយថា «នៅ Melaka, ៨៧% នៃបេក្ខជន របស់ BN គឺជាមុខមាត់ថ្មី ខណៈពេលដែលនៅ Johor មុខមាត់ថ្មីមានចំនួន ៧៩%។​ យើង​ពិតជាបាន​ផ្លាស់​ប្ដូរ​ខ្លាំង»។ សម្ព័ន្ធ BN ក៏បានលើកឡើងផងដែរនូវការឧបត្ថម្ភធនគោលដៅមួយចំនួនដូចជា «1Malaysia People’s Aid» ដែលផ្អែកលើតម្រូវការជាជាងការផ្អែកលើពូជសាសន៍ ហើយកម្ចីសិស្សរបស់សាជីវកម្មមូលនិធិឧត្តមសិក្សាជាតិ ក៏នឹងផ្តល់ជូនដោយផ្អែកលើតម្រូវការផងដែរ។

លោក Shahrir បានកត់សម្គាល់ថា «ការ​ផ្លាស់​ប្តូ​រ​មិន​មែនមាន​ន័យ​ថា​ អ្នក​ត្រូវ​តែ​លុបចោលអ្វី​ៗគ្រប់​យ៉ាង​នោះទេ។ វាអាចធ្វើឡើងជាបណ្តើរៗ ប៉ុន្តែក្នុងទិសដៅតែមួយ»។ Norshahril បាននិយាយថា «ការសម្រេចចិត្តរបស់តុលាការកំពូលកាលពីខែមុនក្នុងការបន្តការផ្តន្ទាទោសលោក Najib និងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំលើ ការចោទប្រកាន់អំពីបទពុករលួយគឺជាឱកាសមួយផ្សេងទៀតសម្រាប់គណបក្ស UMNO និងជាការផ្ញើរសារប្រាប់ប្រជាជនថា បក្សមិនបានជ្រៀតជ្រែកទៅក្នុងដំណើរការតុលាការនោះទេ»។

«តើ​បញ្ហា​នេះអាចនៅតែបង្កនូវការរំជើបរំជួល​ផ្នែក​នយោបាយនៅ​ក្នុង​ចំណោម​យុវជន​ដែរ​ឬ​ទេ?» លោក Ibrahim បាននិយាយថា «វានៅមានរឿងមិនច្បាស់លាស់ជាច្រើនអំពីរបៀបដែលយុវជននឹងបោះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ។ យើង​ទើប​តែ​មាន​អ្នក​បោះ​ឆ្នោត​ថ្មី​ៗដែល​នឹង​មកចូល​រួម​នៅក្នុង​ការ​បោះ​ឆ្នោតលើកនេះ ប៉ុន្តែបញ្ហាដំបូងបង្អស់និងសំខាន់ជាងគេគឺថាតើពួកគេនឹងចេញ​ទៅបោះឆ្នោត​ដែរឬទេ?»

Channel News Asia

អត្ថបទទាក់ទង