ខ្មែរប៉ុស្ដិ៍ Close

ភាពទន់ខ្សោយរបស់ចិនកំពុងបង្កឱ្យមានការព្រួយបារម្ភជាលក្ខណៈសកល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1141
ភាពទន់ខ្សោយរបស់ចិនកំពុងបង្កឱ្យមានការព្រួយបារម្ភជាលក្ខណៈសកលភាពទន់ខ្សោយរបស់ចិនកំពុងបង្កឱ្យមានការព្រួយបារម្ភជាលក្ខណៈសកល

«តើប្រទេសមហាអំណាចមួយណាក្នុងចំណោមប្រទេសមហាអំណាចពិភពលោកមួយចំនួន ដែលបានឆ្លងផុតវិបត្តិនៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយរាប់ចាប់ពីវីរុសរាតត្បាត រហូតដល់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន?»

ចម្លើយទី១ គឺ «គ្មានប្រទេសណាមួយធ្វើបាននោះទេ»។ ទោះជាយ៉ាងណាក៏ដោយ ចម្លើយទី២ គឺ «ខណៈពេលដែលភាពទន់ខ្សោយ និងភាពងាយរងគ្រោះរបស់មហាអំណាចទាំងអស់ គឺសុទ្ធតែជារឿងសំខាន់ បញ្ហានៅពេលអនាគតកាន់តែសំខាន់អាចមានជាប់ទាក់ទងនឹងភាពទន់ខ្សោយរបស់ប្រទេសចិន»។

សហរដ្ឋអាមេរិកពិតជាបានជួបប្រទះនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងឆ្នាំដំបូងនៃការកើតមានវីរុសរាតត្បាត ដោយក្នុងនោះ ប្រព័ន្ធរដ្ឋាភិបាលរបស់អាមេរិកបានបង្ហាញយ៉ាងច្បាស់អំពីអសមត្ថភាពក្នុងការដោះស្រាយកិច្ចការនេះ។ ជាងនេះទៅទៀត ឥទ្ធិពលរបស់លោក Donald Trump ទៅលើភាពខ្លាំង និងកេរ្តិ៍ឈ្មោះជាសាកលរបស់ស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានបង្ហាញនូវភាពអវិជ្ជមានយ៉ាងខ្លាំង។

ប៉ុន្តែ ការឆ្លើយតបរបស់ក្រុមហ៊ុនឱសថអាមេរិកនិងអឺរ៉ុបចំពោះវីរុសរាតត្បាត បានបង្ហាញអំពីឧត្តមភាពនៃបច្ចេកវិទ្យារបស់លោកខាងលិច ដោយក្នុងនោះ វ៉ាក់សាំងនិងការព្យាបាលកាន់តែប្រសើរជាច្រើនត្រូវបានផលិត និងចែកចាយបានទាន់ពេលវេលា និងក្នុងបរិមាណយ៉ាងច្រើន។ ទាំងនេះបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនិងអឺរ៉ុប អាចវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនូវសេដ្ឋកិច្ចនិងសង្គម លឿនជាងបណ្តាសង្គមផ្តាច់ការ។

ភាពរឹងមាំរបស់លោកខាងលិចត្រូវបានបង្ហាញតាមរយៈវិធានការសារពើពន្ធដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលអឺរ៉ុបនិងអាមេរិក ដែលជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ បូករួមនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏មានឥទ្ធិពលរបស់ពួកគេ ដែលបានដាក់ចេញនៅឆ្នាំនេះលើប្រទេសរុស្ស៊ី។ ប្រទេសទាំងនេះក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិកក៏បានបង្ហាញអំពីភាពខ្លាំង និងបច្ចេកវិទ្យាទំនើបៗរបស់ពួកគេផងដែរ តាមរយៈការផ្គត់ផ្គង់សម្ភារៈយោធាដល់ប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ដែនកំណត់របស់លោកខាងលិចក៏ត្រូវបានលាតត្រដាងឱ្យគ្រប់គ្នាបានឃើញផងដែរ។ ទាំងនៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត និងទាំងក្នុងអំឡុងពេលកើតមានវិបត្តិនៅឆ្នាំនេះ ដែលបង្កឡើងដោយសង្រ្គាម លោកខាងលិចបានបង្ហាញឆន្ទៈ និងអាចផ្តល់វ៉ាក់សាំង ឬធនធានគ្រប់គ្រាន់ដើម្បីគាំទ្រដល់ប្រទេសដែលមានចំណូលទាប ឬមធ្យម។

ប្រទេសឥណ្ឌា ដែលបានចាត់ទុកខ្លួនឯងជាមហាអំណាចផលិតវ៉ាក់សាំង បានរំពឹងថា «ខ្លួននឹងអាចទទួលបានភាពរុងរឿងនៅក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩»។ ប៉ុន្តែក្រោយមក វិបត្តិសុខភាព កូវីដ-១៩ របស់ឥណ្ឌានៅឆ្នា ២០២១ បានបង្ខំឱ្យប្រទេសនេះហាមឃាត់ការនាំចេញវ៉ាក់សាំងដែលផលិតនៅក្នុងប្រទេស ដែលជាហេតុធ្វើឱ្យឥណ្ឌាត្រូវបាត់បង់មិត្តភក្តិជាច្រើន ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ពេលមកដល់ទីក្រុង Samarkand នៃប្រទេសអ៊ូបឺគីស្ថាន ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ កាលពីសប្តាហ៍មុន។ រូបថត : Connexionblog
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ពេលមកដល់ទីក្រុង Samarkand នៃប្រទេសអ៊ូបឺគីស្ថាន ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ កាលពីសប្តាហ៍មុន។ រូបថត : Connexionblog

ប្រទេសរុស្ស៊ីបានជួបប្រទះនឹងវីរុសរាតត្បាតដ៏អាក្រក់ ជាមួយនិងអត្រាមរណភាពផ្លូវការស្រដៀងគ្នានឹងបណ្តាប្រទេសនៅអឺរ៉ុបខាងលិច (អត្រាមរណភាពពិតរបស់រុស្ស៊ីអាចមានចំនួនខ្ពស់ជាងតួលេខផ្លូវការទៅទៀត)។ វ៉ាក់សាំង Sputnik របស់រុស្ស៊ីបានជួបប្រទះនឹងការលំបាកក្នុងការផលិត និងមិនទទួលបានការពេញនិយមក្នុងចំណោមពលរដ្ឋរុស្ស៊ីនោះទេ។ សេដ្ឋកិច្ចរុស្ស៊ីបានរងទុក្ខយ៉ាងធ្ងន់ធ្ងរពីការធ្លាក់ចុះនៃតម្លៃថាមពលនិងទំនិញ នៅក្នុងឆ្នាំ ២០២០ និង ២០២១ បូករួមនឹងបញ្ហាតម្លៃថាមពល ដែលបានកើនឡើងបន្ទាប់ពីការឈ្លានពានចូលអ៊ុយក្រែន។

ជាក់ស្តែង វាអាចជារឿងសមហេតុផលក្នុងការនិយាយថា «ផលប៉ះពាល់អវិជ្ជមាននៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាតមកលើសេដ្ឋកិច្ចរបស់រុស្ស៊ី ជាមួយនឹងភាពតានតឹងផ្នែកសង្គមមួយចំនួន អាចជាកត្តាជំរុញឱ្យប្រធានាធិបតី Vladimir Putin បើកការឈ្លានពានលើប្រទេសជិតខាង ដើម្បីកេងចំណេញលើមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនរុស្ស៊ី»។

ពាក់ព័ន្ធនឹងប្រទេសចិន នៅក្នុងពេលកើតមានវីរុសកូវីដ-១៩ ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួន។ បញ្ហាប្រឈមដែលសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបកំពុងជួបប្រទះ ពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឧត្តមភាពនៃប្រព័ន្ធរបស់ចិន និងការធ្លាក់ចុះរបស់លោកខាងលិច។

ប្រទេសចិនធ្វើបានយ៉ាងល្អនៅក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំងដោយក្រុមហ៊ុនចិនចំនួន ២ ដែលបានផលិតវ៉ាក់សាំងកូវីដ-១៩ ក្នុងចំនួនជិតពាក់កណ្តាលនៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោកនៅក្នុងឆ្នាំ ២០២១។ ប្រទេសចិនបានចូលរួមនៅក្នុង «ការទូតវ៉ាក់សាំង» តាមរយៈការបញ្ជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសក្រីក្រ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះប្រទេសចិនក៏បានក្លាយជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់បណ្តាប្រទេសទាំងនេះផងដែរ។

ជាចុងក្រោយ នៅថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំនេះ ប្រទេសចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយប្រទេសរុស្ស៊ី ដែលបានប្រកាសអំពីគោលបំណងរួមនៃការបញ្ចប់ការគ្រប់គ្រងរបស់លោកខាងលិចលើច្បាប់និងស្ថាប័នពិភពលោក។

ទាំងអស់នេះអាចធ្វើឱ្យចិនមើលទៅមានភាពល្អអស្ចារ្យ ក៏ប៉ុន្តែវាអាចនឹងមិនដូច្នោះទេ។ គោលនយោបាយប្រឆាំងនឹងវីរុសកូវីដ-១៩ របស់ប្រទេសចិនមានភាពខុសឆ្គង ខណៈដែលវ៉ាក់សាំងរបស់ចិនក៏មិនមានប្រសិទ្ធភាពខ្លាំងនោះដែរ។ ខណៈពេលដែលនៅលោកខាងលិច និងនៅក្នុងប្រទេសជប៉ុន ហានិភ័យនៃការវិវឌ្ឍទៅរករោគសញ្ញាធ្ងន់ធ្ងរ ឬការស្លាប់ដោយសារការឆ្លងវីរុសកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ស្ថានភាពគឺនៅតែមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ។

ជាងនេះទៅទៀត សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងរងនូវការខាតបង់ខ្លាំងដោយសារការបិទខ្ទប់ជាបន្តបន្ទាប់ ជាពិសេសដោយសារការបន្តព្យាយាមអនុវត្តគោលនយោបាយ «Zero COVID»។ ការទូតវ៉ាក់សាំង របស់ចិនបានបរាជ័យ ហើយឥឡូវនេះប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាវិបត្តិបំណុលនៅក្នុងចំណោមប្រទេសអធិបតេយ្យមួយចំនួនដែលខ្លួនបានឱ្យប្រាក់ខ្ចី។

លើសពីនេះទៅទៀត សេដ្ឋកិច្ចរបស់ប្រទេសចិនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបត្តិ ២ ផ្សេងទៀត ដែល ទី១ ៖ គឺ «វិស័យអចលនទ្រព្យ និងសំណង់ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានរួមចំណែកយ៉ាងធំនៅក្នុង GDP របស់ចិន (អាចដល់ទៅ ៣០%) ក៏ប៉ុន្តែឥឡូវនេះ អាជីវកម្មអចលនទ្រព្យកំពុងដួលរលំនៅក្នុងទីក្រុងធំៗជាច្រើន»។ បញ្ហាអស្ថិរភាពផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ប្រហែលជាអាចចៀសវាងបាន ដោយសារការគ្រប់គ្រងដោយរដ្ឋចិនលើវិស័យធនាគារ ក៏ប៉ុន្តែការរួមចំណែកដ៏ធំពីវិស័យអចលនទ្រព្យដល់កំណើនសេដ្ឋកិច្ចបានរលាយបាត់ហើយនៅពេលឥឡូវនេះ។

បញ្ហាទី២ ៖ គឺ «នៅរដូវក្តៅនេះ ប្រទេសចិនបានជួបប្រទះនឹងរលកកម្ដៅ និងគ្រោះរាំងស្ងួតយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្សជាច្រើនរងទុក្ខវេទនា និងបាននាំមកនូវការកាត់បន្ថយការផ្គត់ផ្គង់ថាមពលវារីអគ្គិសនី យ៉ាងខ្លាំង»។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឈប់និយាយអំពីគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ៥,៥% សម្រាប់ឆ្នាំ ២០២២ ខណៈដែលតួលេខជាក់ស្តែងអាចមានចំនួនពាក់កណ្តាលនៃតួលេខនេះ ឬអាចទាបជាងនេះ។

ទន្ទឹមនឹងនេះដែរ ដៃគូយុទ្ធសាស្ត្ររបស់ចិនគឺរុស្សី កំពុងតែរងនូវការបរាជ័យក្នុងការកម្ចាត់អ៊ុយក្រែន និងបានបង្កើនផលប៉ះពាល់កាន់តែខ្លាំងដល់ការនាំចូលថាមពល និងអាហាររបស់ចិន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងគ្នារវាងមហាអំណាចបានបន្តវិវឌ្ឍទៅកាន់តែតានតឹងខ្លាំង ហើយគ្មានប្រទេសមហាអំណាចណាមួយមានអំណាចខ្លាំងក្លាលើសគេ ឬគួរឱ្យទុកចិត្តបាន ឬអាចឱ្យយើងពឹងផ្អែកបានឡើយ។

លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Wikimedia Commons
លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Wikimedia Commons

នៅក្នុងប្រទេសចិន ភាពទន់ខ្សោយនៅពេលបច្ចុប្បន្នអាចមានលក្ខណៈបណ្តោះអាសន្ន ដោយសារការងើបឡើងវិញនៅតែអាចសម្រេចបាន។ ប៉ុន្តែ យើងក៏បានដឹងដែរថា «ដោយសារសង្គមវ័យចំណាស់របស់ចិន យុគសម័យនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ ទំនងជាបានឈានចូលដល់ទីបញ្ចប់ហើយ»។

ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា បើទោះបីជាមានការវិវឌ្ឍទៅមុខនៅក្នុងផ្នែកបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធឃ្លាំមើលរបស់រដ្ឋក៏ដោយ ក៏ប្រទេសចិននៅតែស្ថិតនៅពីក្រោយលោកខាងលិច ជាពិសេសនៅក្នុងវិស័យបន្ទះអេឡិកត្រូនិក Semiconductor។ មនុស្សជាច្រើនបានបន្តជឿថា «ការធ្វើអន្តរាគមន៍យោធារបស់ចិននៅកោះតៃវ៉ាន់ នឹងមិនកើតមាននៅក្នុងពេលឆាប់ៗនោះទេ ពីព្រោះចិនមានភាគរយខ្ពស់ក្នុងការទទួលបានជ័យជម្នះ ដូច្នេះចិនមិនចាំបាច់ប្រញាប់ប្រញាល់បើកការឈ្លានពានឡើយ»។

ប៉ុន្តែ ភាពទន់ខ្សោយនៅពេលបច្ចុប្បន្ន, ភាពយឺតយ៉ាវនៃការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងសង្គមវ័យចំណាស់ អាចផ្លាស់ប្តូរសភាពការណ៍ ដោយក្នុងនោះ ការបន្តរង់ចាំអាចធ្វើឱ្យកិច្ចការមានលក្ខណៈកាន់តែលំបាក។ «ភាពទន់ខ្សោយរបស់មហាអំណាចចិន គួរតែជាក្តីកង្វល់សម្រាប់យើងទាំងអស់គ្នា»៕

Asia Times

អត្ថបទទាក់ទង