ខ្មែរប៉ុស្ដិ៍ Close

    ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ មិនបានរងនូវការខូចខាតទេ ហើយយ៉ាងហោចណាស់ក៏នឹងមិនកើតឡើងនៅក្នុងតំបន់អាស៊ីនោះដែរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1169
    ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ មិនបានរងនូវការខូចខាតទេ ហើយយ៉ាងហោចណាស់ក៏នឹងមិនកើតឡើងនៅក្នុងតំបន់អាស៊ីនោះដែរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ មិនបានរងនូវការខូចខាតទេ ហើយយ៉ាងហោចណាស់ក៏នឹងមិនកើតឡើងនៅក្នុងតំបន់អាស៊ីនោះដែរ

    ពិភពលោកកំពុងមានការព្រួយបារម្ភចំពោះការដួលរលំនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងការគំរាមកំហែងនៃការដើរថយក្រោយនៃសកលភាវូបនីយកម្ម ខណៈដែលសហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមទាក់ទាញសកម្មភាពផលិតកម្មឱ្យវិលត្រឡប់ទៅកាន់ប្រទេសដើមវិញ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់បានវិវឌ្ឍទៅរកភាពល្អប្រសើរនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ី បើទោះបីជាវាបានរងនូវបញ្ហាប្រឈមជាច្រើនចាប់តាំងពីឆ្នាំ ២០២០ មកក៏ដោយ។

    ស្ថានភាពនេះមិនមែនបណ្តាលមកពីប្រតិបត្តិការជាសកលដ៏យូរអង្វែងរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗបានរងនូវការធ្លាក់ចុះ ឬដោយសារការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ឬដោយសារតែប្រទេសចិនកំពុងបង្កើនការប្រុងប្រយ័ត្ននោះទេ។ ប៉ុន្តែ វាគឺបណ្តាលមកពីបណ្តាអាជីវកម្មនានានៅក្នុងតំបន់អាស៊ី អាចអនុវត្តបានល្អជាងមុនក្នុងការការពារប្រឆាំងនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងបានផ្តោតលើការកសាងសារពើភណ្ឌដែលចាំបាច់ បូករួមនឹងការធ្វើពិពិធកម្មផលិតផលរបស់ពួកគេ ទន្ទឹមនឹងការរក្សាទំនាក់ទំនងពាណិជ្ជកម្មឱ្យនៅរលូន។

    ស្ថានភាពដ៏គួរឱ្យសង្វេគនៃផលិតកម្មរបស់សហរដ្ឋអាមេរិក រួមផ្សំជាមួយនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏រឹងមាំនៅក្នុងតំបន់អាស៊ី បាននាំមកនូវការចាប់អារម្មណ៍ជាពិសេសលើតួនាទីជាសកលដ៏សំខាន់នៃឧស្សាហកម្មខ្នាតយក្ខមួយចំនួន ដូចជាកូរ៉េខាងត្បូង, ចិន និងជប៉ុន។ លំហូរនៃផលិតផលបច្ចេកវិទ្យាខ្ពស់ៗ, ឧស្សាហកម្មគ្រឿងចក្រ និងទំនិញមូលធនរវាងកូរ៉េខាងត្បូង និងចិន បានកើនឡើងដល់ ៣០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដែលជាចំនួនដ៏ច្រើនបំផុត បើគិតចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នាកាលពីឆ្នាំ ១៩៩២ មក (យោងតាមធនាគារ Bank of America Corp)។

    សម្រាប់ក្រុមហ៊ុនអាមេរិក វាមិនមែនជារឿងងាយស្រួលនោះទេ។ ចាប់តាំងពីចុងឆ្នាំ ២០២០ មក ក្រុមហ៊ុន S&P 500 មួយចំនួនបានបន្តត្អូញត្អែរអំពីសម្ពាធមកលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ជាក់ស្តែង នៅក្នុងខែនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាមេរិក «Dover Corp» បាននិយាយថា «អតិថិជនរបស់ពួកគេត្រូវជួបប្រទះនឹងការពន្យារពេលក្នុងការចែកចាយទំនិញ ដោយសារបញ្ហាខ្សែច្រវ៉ាក់ផ្គត់ផ្គង់»។

    ក្រុមហ៊ុន Hitachi Ltd ដែលជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងដែលមានអាជីវកម្មដ៏ធំនៅក្នុងប្រទេសចិនបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ខ្លួននៅក្នុងខែកក្កដានេះថា «ការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ មិនបានកើតមាននោះទេនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ»។ ក្រុមហ៊ុនធំៗផ្សេងទៀតបានលើកឡើងអំពីវិធីធ្វើកំណែទម្រង់ ឬការរៀបចំឡើងវិញនូវលំហូរពាណិជ្ជកម្ម។

    នៅពេលដែលទំហំពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីមានការកើនឡើង ការពឹងពាក់គ្នាទៅវិញទៅមកក៏នឹងមានការកើនឡើងដូចគ្នា។ វត្ថុធាតុដើម និងទំនិញនានាកំពុងហូរចូលមកដោយសេរី និងក្នុងបរិមាណដ៏ច្រើនរវាងប្រទេសនានា។ នៅពេលដែលតម្រូវការរបស់ចិនសម្រាប់ផលិតផលដែលមានតម្លៃខ្ពស់មានការកើនឡើង ដៃគូពាណិជ្ជកម្មរបស់ចិននឹងចាប់ផ្តើមផ្លាស់ប្តូរមុខទំនិញនាំចេញ។

    សន្ទស្សន៍ «Herfindahl-Hirschman» ដែលជារង្វាស់នៃការប្រមូលផ្តុំទីផ្សារ បានបង្ហាញថា «ប្រទេសកូរ៉េខាងត្បូងបាននិងកំពុងបញ្ជូនទំនិញឯកទេសកាន់តែច្រើនទៅកាន់បណ្តាប្រទេសលោកខាងលិចធំៗ»។ គ្រឿងបរិក្ខារឧស្សាហ៍កម្ម គ្រឿងម៉ាស៊ីនស្តង់ដា និងគ្រឿងអេឡិចត្រូនិក មានចំណែកជិត ៤០% នៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។ ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់ជប៉ុនទៅកាន់ប្រទេសចិន ក៏មានការកើនឡើងផងដែរ។

    ជាក់ស្តែង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់មិនបានដួលរលំនោះទេ ក៏ប៉ុន្តែវាបានពង្រីក និងពង្រឹងខ្លួន និងបានដំណើរការយ៉ាងល្អបំផុតនៅពេលដែលទំហំសេដ្ឋកិច្ចចាប់ផ្តើមមានការកើនឡើង ដោយសារតែក្រុមហ៊ុនអាចផលិត ទំនិញបានកាន់តែច្រើន និងកាន់តែមានគុណភាពល្អ ដូចដែលបានកើតឡើងនៅក្នុងប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង។

    នៅទីបំផុត អ្នកជំនួញនៅតែចង់ធ្វើជំនួញ ហើយពួកគេមិនចង់ចូលរួមនៅក្នុងភូមិសាស្ត្រនយោបាយនោះទេ។ វោហាសាស្ត្រនយោបាយដែលជំរុញឱ្យមានការផ្លាស់ប្តូរដំណើរការផលិតកម្ម និងការផ្លាស់ប្តូររោងចក្រ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់។ បណ្តាក្រុមហ៊ុននានាក៏មិនបានធ្វើការផ្លាស់ប្តូរដ៏ធំរយៈពេលវែងណាមួយ ដោយផ្អែកលើការជំរុញផ្នែកនយោបាយនោះដែរ។

    ជាជំនួសវិញ ក្រុមហ៊ុននានា ជាពិសេសនៅក្នុងតំបន់អាស៊ីកំពុងព្យាយាមសម្របខ្លួនតាមរយៈការបង្កើនដំណើរការផលិតកម្ម និងការកាត់បន្ថយហានិភ័យផ្សេងៗ។ មានក្រុមហ៊ុនតិចណាស់ដែលកំពុងតែផ្លាស់ប្តូរដំណើរការផលិតកម្មទៅកាន់ប្រទេសដើមវិញ ដោយសារតែវាមិនអាចជួយដោះស្រាយបញ្ហាបាននោះទេ។ ភាពរឹងមាំនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ គឺពឹងផ្អែកលើសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរម៉ាក្រូសេដ្ឋកិច្ច។

    សម្រាប់សហរដ្ឋអាមេរិក ការសង្ឃឹមថា «នៅថ្ងៃណាមួយខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់អាមេរិកដ៏អស្ចារ្យនឹងលេចរូបរាងឡើង» គឺជារឿងដ៏ខុសឆ្គង។ ច្បាប់កាត់បន្ថយអតិផរណា (Inflation Reduction Act) របស់រដ្ឋបាលលោក Biden និងច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រ (Chips and Science Act) មានគោលបំណងផ្តល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផលិតក្នុងស្រុក។

    ប៉ុន្តែ សហរដ្ឋអាមេរិកអាចត្រូវប្រឈមមុខនឹងការផ្តាច់ខ្លួនចេញពីអ្នកផ្គត់ផ្គង់សកលជាច្រើន ហើយអាចបង្កើតឱ្យមានការពឹងផ្អែកកាន់តែខ្លាំងលើបណ្តាដៃគូពាណិជ្ជកម្មអាមេរិកខាងជើង និងខាងត្បូង។ វាអាចជារឿងល្អក្នុងការព្យាយាមបញ្ចុះបញ្ចូលបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់អាស៊ីដើម្បីអាចឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេបន្តពង្រីកខ្លួនបន្ថែមទៀត៕

    Channel News Asia

    អត្ថបទទាក់ទង