ខ្មែរប៉ុស្ដិ៍ Close

ការស្វែងយល់អំពីបាតុកម្មប្រេងនៅក្នុងប្រទេសឥណ្ឌូណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 301
ការស្វែងយល់អំពីបាតុកម្មប្រេងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ការស្វែងយល់អំពីបាតុកម្មប្រេងនៅក្នុងប្រទេសឥណ្ឌូណេស៊ី

នៅក្នុងរយៈពេលតិចជាង ២ ខែ មុនការមកដល់នៃកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីបានដាក់ចេញនូវការរឹតត្បិតលើសន្តិសុខសាធារណៈ។ រដ្ឋាភិបាលកំពុងប្រឈមមុខនឹងប្រតិកម្មជាសាធារណៈដ៏ធំ បន្ទាប់ពីប្រធានាធិបតី Joko Widodo បានប្រកាសអំពីការកាត់បន្ថយការឧបត្ថម្ភធនលើប្រេងដែលបានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃ ៣០%។

ការផ្លាស់ប្តូរដែលមិនមានប្រជាប្រិយភាពនេះ និងដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃថាមពលនៅក្នុងពិភពលោក បានកើតឡើងបើទោះបីជាការចំណាយរបស់រដ្ឋាភិបាលលើថាមពលបានកើនឡើង ៣ ដង ដល់ចំនួន ៥០ ពាន់លានដុល្លារអូស្រ្តាលីនៅឆ្នាំនេះក៏ដោយ។ អស់រយៈពេលជាង ១ សប្តាហ៍មកនេះ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅជុំវិញវិមានប្រធានាធិបតីនៅក្នុងទីក្រុងហ្សាកាតា ខណៈដែលនិស្សិតនៅទីក្រុង Bengkulu, Yogyakarta, Makassar និង Surabaya បានដើរដង្ហែទៅកាន់ការិយាល័យរដ្ឋាភិបាលនៅក្នុងតំបន់។

បាតុករជាច្រើននាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយបុគ្គលិកសន្តិសុខ ដែលឈរជើងយាមនៅស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងទីក្រុងជាច្រើន។ ក្រុមនិស្សិតនិងសហជីពកម្មករបាន ប្តេជ្ញាថានឹងបន្តធ្វើបាតុកម្មបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលនៅតែមិនព្រមបញ្ចុះតម្លៃនៅក្នុងពេលឆាប់ៗខាងមុខ។

គោលនយោបាយមួយចំនួនអាចបង្កឱ្យមានការមិនសប្បាយចិត្តជាសាធារណៈនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នៅពេលដែលថ្លៃដឹកជញ្ជូនកើនឡើងតម្លៃទំនិញសំខាន់ៗផ្សេងទៀតក៏បានកើនឡើង ដែលជាហេតុបង្កនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ ១៩៩៨ ការឡើងថ្លៃ ៧១% នៃប្រេងសាំងដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុអាស៊ី បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជំហររបស់ប្រធានាធិបតី ស៊ូ ហាតូ ដែលនៅទីបំផុតបានឈានដល់ការលាលែងពីតំណែង។

ដោយបានរៀនសូត្រពីមេរៀននេះ បណ្តាប្រធានាធិបតីក្រោយៗលោក ស៊ូ ហាតូ បូករួមទាំងលោក ស៊ូស៊ីឡូ បាំបាំង យូដូយ៉ូណូ បានបន្តរង់ចាំរហូតដល់អាណត្តិទី២ ដើម្បីកាត់បន្ថយការឧបត្ថម្ភធនលើប្រេង ហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលលោក Jokowi ក៏បានអនុវត្តតាមគំរូនេះដូចគ្នាដែរនោះ។ ជាធម្មតា នៅពេលដែលតម្លៃប្រេងឥន្ធនៈឈានដល់ចំណុចកំពូលដែលហួសពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឧបត្ថម្ភធន ការប្រែប្រួលតម្លៃក្នុងស្រុកនឹងមានទំហំធំធេងដែលអាចបង្កអោយមានការមិនសប្បាយចិត្ត និងភាពចលាចល។

នៅចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៨ ប្រទេសចំនួន ៤១ បានជួបប្រទះនូវបាតុកម្មទាក់ទងនឹងតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី។ ប្រទេសទាំងនេះភាគច្រើនមានទីតាំងនៅតំបន់ «Global South» ដែលកង្វះវិធីសាស្រ្ត ប្រកបដោយប្រសិទ្ធិភាពក្នុងការចែកចាយអត្ថប្រយោជន៍ដល់បណ្តាគ្រួសារក្រីក្រ និងគ្រួសារដែលមានប្រាក់ចំណូលទាប។

ការឧបត្ថម្ភធនលើប្រេងឥន្ធនៈមានទំនោរផ្តល់នូវផលប្រយោជន៍ដល់មនុស្សវណ្ណៈកណ្តាល និងវណ្ណៈខ្ពស់ប៉ុណ្ណោះ។ របាយការណ៍ឆ្នាំ ២០១៥ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា «គ្រួសារដែលមានប្រាក់ចំណូលខ្ពស់បានប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងគ្រួសារដែលមានប្រាក់ចំណូលទាប»។

យន្តការរដ្ឋដែលមិនមានតុល្យភាពបែបនេះ គឺជាប្រភេទនយោបាយប្រកបដោយភាពចម្រូងចម្រាស ហើយនៅទីបំផុតវានឹងនាំមកនូវអស្ថិរភាពនយោបាយ។ នៅចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៨ ប្រទេសឥណ្ឌូណេស៊ីបានជួបប្រទះបាតុកម្មប្រេងឥន្ធនៈចំនួន ៥ ដង ខណៈដែលការតវ៉ាដូចគ្នានេះបានកើតឡើងចំនួន ៧ ដងនៅក្នុងប្រទេសឥណ្ឌា នៅក្នុងរយៈពេលដូចគ្នានេះ។

ប្រទេសឥណ្ឌូណេស៊ីចាំបាច់ត្រូវតែស្វែងរកច្រកចេញពីបញ្ហានេះ ហើយវាបានចាប់ផ្តើមជាមួយនឹងការដាក់ចេញនូវយន្តការសុវត្ថិភាពសង្គមដ៏រឹងមាំជាងមុន។ ក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ ឥណ្ឌូណេស៊ីបានកែសម្រួលវិធីសាស្ត្រដើម្បីកំណត់គោលដៅឱ្យបានកាន់តែល្អជាងមុនលើគ្រួសារក្រីក្រ តាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធីមួយចំនួនដូចជា «Keluarga Harapan»(PKH) ដើម្បីកំណត់ផ្នែកនៃប្រជាជនដែលត្រូវការជំនួយសង្គមបំផុត។

បច្ចុប្បន្ន កញ្ចប់ទិន្នន័យទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិតាមរយៈការផ្ទេរសាច់ប្រាក់ដោយផ្ទាល់ (DCTs) ដែលមានតម្លៃ ១២៤,១ លានដុល្លារអូស្ត្រាលីទៅកាន់អ្នកទទួលផលជាង ២០ លាននាក់ រួមជា មួយនិងការឧបត្ថម្ភធនប្រាក់ឈ្នួលដែលមានទំហំ ៩៦ លានដុល្លារអូស្ត្រាលី ដល់មនុស្សដែលមានប្រាក់ចំណូលតិចជាង ៣៥០ ដុល្លារអូស្ត្រាលីក្នុងមួយខែ។

ទាំងនេះគឺជាជំហាននៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ ឯកសារដ៏មានឥទ្ធិពលមួយរបស់វិទ្យាស្ថានស្រាវជ្រាវ SMERU បានលើកឡើងថា «ការផ្ទេរសាច់ប្រាក់ទៅកាន់គ្រួសារក្រីក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារក្រុមមនុស្សដែលងាយរងគ្រោះនឹងការជាប់គាំងនៅក្នុងទីផ្សារ។ ការផ្ទេរសាច់ប្រាក់មិនបានបង្កឱ្យមានផលអវិជ្ជមានដូចការកាត់បន្ថយកម្លាំងពលកម្ម, ការកាត់បន្ថយការប្រើប្រាស់ ឬការលើកទឹកចិត្តមនុស្សឱ្យចំណាយប្រាក់លើបារី ឬគ្រឿងស្រវឹងនោះទេ»។

ទោះជាយ៉ាងណាក៏ដោយ កំណែទម្រង់ទាំងនេះបានបរាជ័យក្នុងការទប់ស្កាត់ការមិនពេញចិត្តជាសាធារណៈ ហើយការតវ៉ាហាក់ដូចជាត្រូវបានបញ្ឆេះដោយវោហាសាស្ត្រកាលពីអតីតកាល ដែលថា «រដ្ឋាភិបាលកំពុងនាំប្រជាជនរបស់ខ្លួនឈានឆ្ពោះទៅរកភាពបរាជ័យ»។ សតិអារម្មណ៍នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលបានកើតឡើងកាលពីមុន បន្ទាប់ពីមានការលុបចោលការឧបត្ថម្ភធនលើប្រេង។

គេនៅតែមិនទាន់ច្បាស់ទេថា «តើរលកថ្មីនៃការផ្ទេរសាច់ប្រាក់នឹងអាចជួយកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះបានដែរឬទេ»។ អ្វីដែលនៅពីក្រោយការតវ៉ាទាំងនេះគឺជា «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅចំពោះគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាល» ដោយរាប់ចាប់ពីការធ្លាក់ចុះនូវប្រសិទ្ធិភាពរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ (KPK) របស់ប្រទេសឥណ្ឌូណេស៊ី បូករួមនឹងច្បាប់គាំទ្រទីផ្សារ «Omnibus» ដ៏ចម្រូងចម្រាសនៅឆ្នាំ ២០២០។

សាធារណជន ក៏បានដឹងដែរអំពីរបៀបដែលជំនួយសង្គមបានក្លាយជាមូលដ្ឋាននៃអំពើពុករលួយនៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាតកូវីដ-១៩។ រដ្ឋមន្ត្រីសង្គមកិច្ច Juliari Batubara ត្រូវបានចាប់ខ្លួនដាក់ ពន្ធនាគារពីបទកិបកេងប្រាក់ជាង ២ លានដុល្លារអូស្ត្រាលីពីកញ្ចប់ជំនួយសង្គ្រោះកូវីដ-១៩។ បើទោះបីជាការផ្ទេរសាច់ប្រាក់អាចជាមធ្យោបាយដែលមានសុវត្ថិភាជាងប្រភេទផ្សេងៗទៀតនៃជំនួយរបស់រដ្ឋាភិបាលក៏ដោយ ក៏វានៅតែងាយរងគ្រោះ ដោយសារការអនុវត្តមិនត្រឹមត្រូវរបស់បណ្តាអ្នកដឹកនាំសហគមន៍ និងអន្តរការី។

កំណែទម្រង់ធំៗដទៃទៀតក៏មិនបានកើតឡើងតាមការរំពឹងទុកនោះដែរ។ បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីកំពុងមានការយឺតយ៉ាវក្នុងការសម្រេចបាននូវមហិច្ឆតាបរិស្ថានរបស់ខ្លួនស្តីពីការបំភាយកាបូនសូន្យនៅត្រឹមឆ្នាំ ២០៦០។ ការងាកចេញពីការឧបត្ថម្ភធនលើប្រេងឥន្ធនៈគឺជាផ្នែកដ៏សំខាន់នៃបញ្ហា។ ក៏ប៉ុន្តែ ប្រតិកម្មជាសាធារណៈនៅពេលបច្ចុប្បន្នក៏បានបង្ហាញឱ្យឃើញផងដែរថា «គោលនយោបាយមិនអាចញែកចេញពីរឿងនយោបាយបានទេ»៕

Lowy Institute

អត្ថបទទាក់ទង