ខ្មែរប៉ុស្ដិ៍ Close

    ហេតុអ្វីបានជាប្រទេសចិនជាប្រទេសដែលល្អបំផុតដែលអាចជួយចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 966
    ហេតុអ្វីបានជាប្រទេសចិនជាប្រទេសដែលល្អបំផុតដែលអាចជួយចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន?ហេតុអ្វីបានជាប្រទេសចិនជាប្រទេសដែលល្អបំផុតដែលអាចជួយចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន?

    កាលពីសប្តាហ៍មុន មនុស្សជាច្រើនបានបង្ហាញការយល់ឃើញខុសៗពីគ្នាចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ខណៈបញ្ហាប្រឈមជាសាកល និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយកំពុងតែកើនឡើង កិច្ចប្រជុំកំពូលនេះពិតជាបានបង្ហាញអំពីសារៈសំខាន់របស់អង្គការ SCO និងតួនាទីរបស់ចិនក្នុងការលើកកម្ពស់ពហុភាគីនិយម, ការតភ្ជាប់, ការអភិវឌ្ឍនៅតំបន់អាស៊ីកណ្តាល និងចំណុចផ្សេងៗជាច្រើនទៀត ។

    នៅក្នុងទីក្រុង Samarkand សមាជិកអង្គការ SCO បានអនុម័តឯកសារជាង ៤០ ច្បាប់ដែលបានគ្របដណ្តប់ទៅលើវិស័យជាច្រើន និងបានចេញសេចក្តីថ្លែងការណ៍ ស្តីអំពីបញ្ហាសំខាន់ៗមួយចំនួន រួមមានបញ្ហាសន្តិសុខស្បៀង សន្តិសុខថាមពល ការប្រែប្រួលអាកាសធាតុ និងសន្តិសុខខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

    គេក៏បានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗមួយចំនួនដែលរួមមានគម្រោងបំពង់បង្ហូរឧស្ម័នរុស្ស៊ី-ចិនថ្មី ដែលត្រូវជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសម៉ុងហ្គោលី និងកិច្ចព្រមព្រៀងរួមគ្នារវាងប្រទេសចិន Kyrgyzstan និង Uzbekistan ដើម្បីសាងសង់ផ្លូវដែកឆ្លងប្រទេស។

    នៅពេលដែលគម្រោងផ្លូវដែកខាងលើត្រូវបានបញ្ចប់ វានឹងជួយកាត់បន្ថយចំងាយនៃការធ្វើដំណើរតាមផ្លូវដែកពីប្រទេសចិនទៅកាន់អឺរ៉ុបដែលបច្ចុប្បន្នត្រូវឆ្លងកាត់ប្រទេសរុស្ស៊ីដែលមានរយៈចំងាយ ៩០០ គីឡូម៉ែត្រ។ ផ្លូវថ្មីសម្រាប់ឆ្លងកាត់តំបន់អាស៊ីកណ្តាលនេះត្រូវបានគេពិចារណាជាយូរមកហើយ ប៉ុន្តែមិនអាចចាប់ផ្តើមដំណើរការបាន ដោយសារតែវាផ្ទុយទៅនឹងផលប្រយោជន៍យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់រុស្ស៊ី។

    ការចាប់ផ្តើមដំណើរការទៅមុខសម្រាប់ការសាងសង់គម្រោងផ្លូវដែក នេះគឺពិតជាបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរអំណាចដ៏ធំនៅក្នុងតំបន់ និងការវិវត្តនៃទំនាក់ទំនងរវាងចិន-រុស្ស៊ី។ ការផ្លាស់ប្តូរទាំងអស់នេះក៏ត្រូវបានគេមើលឃើញផងដែរនៅក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ។

    ម៉្យាងវិញទៀត ប្រទេសចិននិងរុស្ស៊ីក៏បានគូសបញ្ជាក់អំពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី និងបានសន្យាផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកនៅលើបញ្ហាមួយចំនួនទាក់ទងនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួនរបស់ពួកគេ។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានពិពណ៌នាភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ីថា «រឹងមាំដូចជាភ្នំ»

    នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានព្រឹត្តិការណ៍ជាច្រើនដែលបានទាក់ទាញប្រទេសចិន និងរុស្ស៊ីឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។

    ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ហើយប្រទេសចិននឹងកាន់តែមានសារៈសំខាន់ខាងផ្នែកសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ទីក្រុងម៉ូស្គូនៅចំពេលដែលមានការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទំនិញសរុបរវាងចិននិងរុស្ស៊ី បានកើនឡើង ៣១,៤% និងមានទំហំរហូតដល់ ១១៧,២ ពាន់លានដុល្លារ។

    នៅក្នុងទីក្រុង Samarkand លោក Putin បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសចិន និងបានឈានទៅដល់ការថ្កោលទោសចំពោះ «សកម្មភាពបង្កហេតុរបស់ប្រទេសមួយចំនួនលើបញ្ហានានា ទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន»។ ការវិវត្តនៃព្រឹត្តិការណ៍ដែលកំពុងបន្តមួយចំនួន ដូចជាដំណើរការជាបន្តបន្ទាប់នៃច្បាប់គោលនយោបាយកោះតៃវ៉ាន់នៅក្នុងសភារបស់អាមេរិកនឹងក្លាយជាកត្តាដែលជួយពង្រឹងសម្ព័ន្ធភាពរវាងចិន និងរុស្ស៊ីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

    ក្រៅពីជំហររួមគ្នាចំពោះបញ្ហាកោះតៃវ៉ាន់ លទ្ធផលដែលគួរឱ្យកត់សម្គាល់បំផុតនៃកិច្ចប្រជុំនេះគឺទស្សនៈផ្ទុយគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ លោក Putin បានទទួលស្គាល់នូវ «ជំហរក្នុងការរក្សាតុល្យភាព»និង «បញ្ហានិងកង្វល់» របស់ប្រទេសចិនចំពោះវិបត្តិនៅអ៊ុយក្រែន ហើយលោកបាននិយាយថា «លោកនឹងពន្យល់អំពីជំហររបស់ប្រទេសរុស្ស៊ី»។

    ក្នុងនាមជាមេដឹកនាំម្នាក់ដែលមិនខ្វល់ខ្វាយអំពីការពន្យល់អ្វីមួយទៅដល់នរណាម្នាក់ ការដែលលោក Putin ព្រមទទួលយកភាពអល់ឯករបស់ទីក្រុងប៉េកាំង គឺពិតជាបានបង្ហាញថា ប្រទេសចិនមិនបានប្រកាន់ជំហរពេញលេញជាមួយលោក Putin លើបញ្ហានៅអ៊ុយក្រែននោះទេ ហើយប្រទេសចិនក៏មិនបានឃុបឃិតគាំទ្រចំពោះការឈ្លានពាននេះដែរ។

    បើសិនជាយើងពិនិត្យមើលទៅលើសេចក្តីថ្លែងការណ៍ទាំងនេះ យើងឃើញថា ខណៈពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងរុស្ស៊ីនៅតែរឹងមាំ តែប្រទេសចិនបានរក្សាគម្លាតខ្លះពីរុស្ស៊ីចំពោះបញ្ហានៅអ៊ុយក្រែន។

    តាំងពីសង្គ្រាមចាប់ផ្តើមមក ប្រទេសចិនបានព្យាយាមកែតម្រូវសកម្មភាពរបស់ខ្លួនមិនឱ្យចូលទៅពាក់ព័ន្ធដោយផ្ទាល់ជាមួយជម្លោះនោះទេ។ ប្រទេសចិនមិនបានថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីទេ តែក៏បានចៀសវាងពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ីផងដែរ។ ប្រទេសចិននៅតែបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន ខណៈកាលពីខែសីហា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានជំរុញទីក្រុងប៉េកាំងម្តងទៀតឲ្យជួយបញ្ចប់ជម្លោះនេះទៀតផង។

    ទង្វើក្នុងការរក្សាតុល្យភាពរបស់ប្រទេសចិនពិតជាបានធ្វើឱ្យពួកគេមានឥទ្ធិពលដើម្បីជួយស្វែងរកវិធីដើម្បីបញ្ចប់វិបត្តិនេះ។ ប្រទេសចិននិងអង្គការសហប្រជាជាតិ អាចដើរតួនាទីសម្របសម្រួល ដើម្បីរៀបចំកិច្ចចរចា ៧ ភាគី រវាងសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, អ៊ុយក្រែន និងសហភាពអឺរ៉ុប ដើម្បីសម្របសម្រួលបទឈប់បាញ់ និងចាប់ផ្តើមដំណើរការសន្តិភាពដើម្បីបញ្ចប់សង្រ្គាម។

    មនុស្សមួយចំនួនយល់ឃើញថា ការផ្តល់ឱ្យលោក Putin នូវច្រកចេញមួយតាមរយៈការចរចាគឺពិតជាមិនអាចទទួលយកបាននោះទេ ជាពិសេសបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានលើកឡើងអំពីការរំពឹងទុកដែលថាអ៊ុយក្រែនអាចយកឈ្នះទៅលើរុស្ស៊ីបាន។ ប៉ុន្តែអ្វីដែលជាការពិតនោះ គឺលទ្ធផលនៃសង្រ្គាមអាចនាំមកនូវរឿង ៤ យ៉ាង ដូចខាងក្រោមនេះ៖

    ទី១ ៖ ប្រទេសរុស្ស៊ីអាចនឹងចាញ់ហើយត្រូវបង្ខំចិត្តដកខ្លួនចេញទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ ការដាក់សម្ពាធទៅលើលោក Putin កាន់តែខ្លាំង អាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែគ្រោះថ្នាក់ ខណៈដែលមេដឹកនាំរុស្ស៊ីកំពុងតែជំរុញឱ្យចាត់វិធានការកាន់តែខ្លាំងបន្ថែមទៀត ដូចអ្វីដែលយើងបានឃើញតាមរយៈការកើនឡើងនៃការវាយប្រហារនៅពេលថ្មីៗនេះមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន និងការព្រមានរបស់លោក Putin កាលពីថ្ងៃសុក្រថា «សង្រ្គាមអាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត»

    ទី២ ៖ កងកម្លាំងរុស្ស៊ីអាចប្រមូលផ្តុំគ្នាឡើងវិញ ហើយទីបំផុតអាចកម្ចាត់អ៊ុយក្រែនបាន ហើយទីក្រុង Kyiv ត្រូវព្រមទទួលយកលក្ខខណ្ឌទាំងអស់របស់ទីក្រុងម៉ូស្គូ។

    ទី៣ ៖ ជម្លោះនឹងត្រូវអូសបន្លាយកាន់តែយូរ ហើយភាគីទាំងសងខាងមិនអាចយកឈ្នះបាន។ ប្រទេសទាំង ២ នឹងត្រូវទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកនៅតែបន្តទទួលរងផលនូវប៉ះពាល់ពីអស្ថិរភាពសេដ្ឋកិច្ច និងកង្វះខាតស្បៀងអាហារ និងថាមពល។

    ទី៤ ៖ គឺជាអ្វីដែលអាចកើតឡើង ហើយក៏ជាមធ្យោបាយពិតតែមួយគត់ដើម្បីបញ្ឈប់ការបង្ហូរឈាម នោះគឺការចរចា។ ជម្រើសនេះហាក់ ដូចជាស្ថិតនៅឆ្ងាយដោយសារតែអរិភាពនៅពេលបច្ចុប្បន្ន និងជំហររឹងទទឹងរបស់ភាគីទាំងពីរ។

    ប៉ុន្តែកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលឈ្មួញកណ្តាលរុស្ស៊ី អ៊ុយក្រែន ទួកគី និងអង្គការសហប្រជាជាតិ បានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២២ ខែកក្កដា ពិតជាបានបង្ហាញថា អន្តរការីអាចដើរតួនាទីក្នុងន័យស្ថាបនាដើម្បីដោះស្រាយជម្លោះនេះបាន។

    ដូចគ្នានឹងប្រទេសទួកគីដែរ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានបណ្តាញសន្ទនាបើកចំហទាំងជាមួយទីក្រុង Kyiv និងទីក្រុងម៉ូស្គូ ហើយប្រទេសចិនក៏មានឥទ្ធិពលជាច្រើនផ្សេងទៀតផងដែរ។ ការសម្រេចបាននូវដំណោះស្រាយពហុភាគីចំពោះជម្លោះដែលកំពុងបន្ត នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ប៉ុន្តែកិច្ចប្រជុំកំពូលរបស់អង្គការ SCO បានគូសបញ្ជាក់អំពីការពិតដែលថា គ្មានប្រទេសណាដែលអាចជួយសម្រេចកិច្ចការនេះបានល្អជាងប្រទេសចិននោះទេ៕

    South China Morning Post