ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សការងារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 840
    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សការងារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michelសម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សការងារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel

    នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីទទួលទានអាហារការងាពេលព្រឹកជាមួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសដែលសម្ដេចតេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។

    នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប និងគណៈប្រតិភូ ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចបានជួបរូបលោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយ ដែលបានជួបរូបលោក ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា។ សម្ដេចបានអញ្ជើញលោក Charles Michel ទៅធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេសកិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយសម្ដេចក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាមការអញ្ជើញរបស់អឺរ៉ុបនេះផងដែរ។

    លោក Charles Michel បានមានប្រសាសន៍ថា លោកពិតជារីករាយចំពោះកិច្ចសហប្រតិបត្តិការរបស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ លោកក៏បានសុំពិគ្រោះយោបល់ផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, កិច្ចការងារសន្តិភាពនៅមីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។

    ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ាន់ម៉ាជូនទៅលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយមីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។

    ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានីភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើងខិតខំជំរុញការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។

    សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយលោក Charles Michel ក៏បានបញ្ជាក់ដែរពីការផ្លាស់ប្ដូរយោបល់ដោយមានការស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។

    លោក Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញរូបលោក ទៅចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយលោកក៏បានអរគុណចំពោះសម្ដេចតេជោ ដែលនឹងទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តមអរគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេសចំពោះបញ្ហាសមុទ្រចិនខាងត្បូង, ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។

    លោក Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈសំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែយើងមានទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយយើងខិតខំរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបានចែករំលែកនូវទស្សនៈអំពីភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕

    អត្ថបទទាក់ទង